ថ្នាំគ្រាប់ពន្យារកំណើតមាន2ប្រភេទ គឺថ្នាំប្រភេទអ័រម៉ូនរួម (Combined Pills) ដែលមានទាំងអ័រម៉ូនអេស្ត្រូចេន (Estrogen) និងប្រូចេស្ទីន (Progestin) និងថ្នាំគ្រាប់ពន្យារកំណើតមួយប្រភេទទៀត គឺមានអ័រម៉ូនប្រូចេស្ទីន តែម៉្យាង (Minipill) ដែលអ្នកត្រូវជ្រើសប្រើឱ្យបានសមស្របនឹងខ្លួនអ្នក និងប្រើឱ្យបានត្រឹមត្រូវ ដើម្បីទទួនបាននូវប្រសិទ្ធភាពខ្ពស់ និងមិនមានផលរំខាន ដែលប៉ះពាល់ដល់សុខភាព…។
ជាទូទៅ អ្នកត្រូវលេបថ្នាំគ្រាប់ពន្យារកំណើតគ្រាប់ដំបូង នៅថ្ងៃដំបូងនៃការមករដូវ ឬមិនលើសពី5ថ្ងៃ នៃការមករដូវក្នុងខែនោះ។ ឧទាហរណ៍ថា អ្នកមករដូវនៅថ្ងៃចន្ទ ត្រូវចាប់ផ្តើមលេបថ្នាំពន្យារកំណើតគ្រាប់ដំបូង ដែលមានអក្សរថា “ថ្ងៃចន្ទ” (ភាគច្រើនមានអក្សរកាត់ថា “MON” តែបើនៅលើបន្ទះថ្នាំ មិនមានអក្សរសម្គាល់ថ្ងៃទេ ត្រូវចាប់ផ្តើមលេបគ្រាប់ដំបូង ចាប់ពីចំណុចដែលមានសញ្ញាព្រួញ ឬមានអក្សរសរសេរថា “ចាប់ផ្តើម” (Start)។ បន្ទាប់ពីលេបថ្នាំពន្យារកំណើតគ្រាប់ដំបូង ហើយអ្នកត្រូវលេបគ្រាប់បន្តបន្ទាប់ទៀត រៀងរាល់ថ្ងៃ 1ថ្ងៃ 1គ្រាប់ តាមលំដាប់របស់សញ្ញាព្រួញ ឬតាមលំដាប់ថ្ងៃ រហូតអស់គ្រាប់ថ្នាំពីបន្ទះ។
សម្រាប់ថ្នាំគ្រាប់ពន្យារកំណើត ប្រភេទ 1បន្ទះ មាន21គ្រាប់ នៅពេលលេបថ្នាំអស់ពីបន្ទះ ហើយត្រូវផ្អាកលេបថ្នាំ7ថ្ងៃ រួចហើយទើបចាប់ផ្តើមលេបបន្ទះថ្មី នៅថ្ងៃទី8 ដោយមិនបាច់ខ្វល់ថា រដូវអស់ហើយឬនៅនោះទេ។
ចំណែកថ្នាំពន្យារកំណើតប្រភេទ 1បន្ទះ មាន28គ្រាប់ នៅពេលលេបអស់ថ្នាំពីបន្ទះ ទាំង28គ្រាប់ហើយ ត្រូវចាប់ផ្តើមលេបថ្នាំបន្ទះថ្មីនៅថ្ងៃបន្ទាប់តែម្តង ដោយមិនត្រូវផ្អាកលេប 7ថ្ងៃ ដូចការប្រើថ្នាំពន្យារកំណើតប្រភេទដែលមាន 21គ្រាប់នោះទេ។
ការប្រើប្រាស់បានត្រឹមត្រូវ ដោយលេបឱ្យបានជាប់លាប់ជាប្រចាំ និងទៀងពេល ជួយឱ្យការពន្យារកំណើតដោយការលេបថ្នាំគ្រាប់ពន្យារកំណើតរបស់អ្នកមានប្រសិទ្ធភាពខ្ពស់ មិនមានការថ្លោះធ្លោយដោយប្រការណាមួយ។
បច្ចុប្បន្ន មានថ្នាំគ្រាប់ពន្យារកំណើតច្រើនប្រភេទច្រើនយីហោ ប៉ុន្តែប្រការសំខាន់ គឺអ្នកគួរជ្រើសប្រើថ្នាំគ្រាប់ពន្យារកំណើតណាដែលសមស្របនឹងអ្នក ជាពិសេស គឺថ្នាំគ្រាប់ពន្យារកំណើតដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការពន្យារកំណើត មានផលរំខានតិច និងមិនប៉ះពាល់ដល់សុខភាព៕