Thursday, July 17, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក ប្រកាសដកខ្លួនចេញពីក្រុមប្រឹក្ថាសិទ្ធិមនុស្ស

អាមេរិក ប្រកាសដកខ្លួនចេញពីក្រុមប្រឹក្ថាសិទ្ធិមនុស្ស

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លោកស្រី Nikki Haley អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រកាសថា សហរដ្ឋអាមេរិក សម្រេចដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលជាស្ថាប័នកំពូលផ្នែកសិទ្ធិមនុស្សរបស់ពិភពលោក។

ការសម្រេចដើរចេញរបស់អាមេរិក គឺដើម្បីបំពេញចិត្តសម្ព័ន្ធមិត្តចិត្តមួយថ្លើមមួយ អ៊ីស្រាអ៊ែល។ មហាអំណាចអាមេរិក បានចោទក្រុមប្រឹក្សានេះថា ជាស្ថាប័នដែលលម្អៀងប្រឆាំងជាមួយសម្ព័ន្ធមិត្តអាមេរិក គឺប្រទេសអ៊ីស្រាអែល។

លោកស្រី Nikki Haley បាននិយាយការពារខ្លួនថា ការដែលអាមេរិក ធ្វើបែបនេះ មិនមែនជារឿងចៃដន្យនោះទេ គឺទុកពេលឱ្យក្រុមប្រឹក្សានេះមួយឆ្នាំ ដើម្បីកែទម្រង់ និងបណ្តេញសមាជិកដែលជាប់ឈ្មោះបំពានសិទ្ធិមនុស្សចេញផង ប៉ុន្តែទីបំផុត ក្រុមប្រឹក្សាកំពូលមួយនេះ គ្មានការកែទម្រង់អ្វីសោះ។

ការលើកឡើងរបស់អាមេរិក បែបនេះ ទំនងជាសំដៅទៅរកចិន គុយបា និងកុងហ្គោ ជាដើម ដែលជាប្រទេសមានប្រវត្តិសិទ្ធិមនុស្សមិនល្អ តែមានកៅអីអង្គុយនៅក្នុងអង្គការសិទ្ធិមនុស្សមួយនេះ។

ក្រៅពីរឿងកែទម្រង់នេះ អាមេរិក ក៏មិនពេញចិត្តក្រុមប្រឹក្សាសិទ្ធិមនុស្សដែលរករឿងតែអ៊ីស្រាអែល។ ទង្វើរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជាប្រធានបទក្តៅដែលបានលើកឡើងជាហូរហែ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សានេះ។

លោកស្រីបានបន្តទៀតថា ការសម្រេចចិត្តរបស់អាមេរិក ពេលនេះ មិនពាក់ព័ន្ធនឹងការថ្កោលទោសរបស់ក្រុមប្រឹក្សាមួយនេះ ជុំវិញគោលនយោបាយបំបែកគ្រួសារអន្តោប្រវេសន៍ គឺបំបែកកុមារពីឪពុកម្តាយរបស់ពួកគេ។

កាលពីដើមសប្តាហ៍កន្លងទៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានថ្កោលទោសគោលនយោបាយអាមេរិក ដែលបំបែកកូនៗចេញពីឪពុកម្តាយរបស់ពួកគេនៅតំបន់ព្រំដែនអាមេរិក-ម៉ិកស៊ិក។

អាមេរិក បានក្លាយជាសមាជិកក្រុមប្រឹក្សានេះក្នុងរដ្ឋបាលលោកបារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០០៩ ប៉ុន្តែរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនពេញចិត្តស្ថាប័នមួយនេះឡើយ និងបានគំរាមដើរចេញជាច្រើនលើក  បើការទាមទារឱ្យមានការកែទម្រង់ស្ថាប័នអន្តរជាតិ មិនដំណើរការទៅមុខទេនោះ៕

RELATED ARTICLES