Thursday, July 17, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង នឹងធ្វើមាតុភូមិនិវត្តន៍ឆ្អឹងទាហានអាមេរិក

កូរ៉េខាងជើង នឹងធ្វើមាតុភូមិនិវត្តន៍ឆ្អឹងទាហានអាមេរិក

យោងតាមមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក មួយរូប បានប្រាប់សារព័ត៌មានស៊ី-អិន-អិន ចេញផ្សាយកាលពីថ្ងៃពុធ ទី20 ខែមិថុនា ឆ្នាំ2018 បានឱ្យដឹងថា កូរ៉េខាងជើង នឹងបញ្ជូនអដ្ឋិធាតុសពទាហានអាមេរិក ចំនួន200នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមនៅឧបទ្វីបកូរ៉េ វិលត្រឡប់ទៅមាតុភូមិវិញ។

មន្ត្រីដដែលនោះបានឱ្យដឹងទៀតថា គម្រោងបញ្ជូនអដ្ឋិធាតុ (ឆ្អឹង) ទាហានអាមេរិក គឺកំពុងស្ថិតក្នុងដំណើរ បើទោះជាកាលបរិច្ឆេទ និងទីតាំងពិតប្រាកដ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយក៏ដោយ។

សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាំទទួលអដ្ឋិធាតុទាហានអាមរិក នៅក្នុងសប្តាហ៍នេះ ប្រសិនបើកូរ៉េខាងជើង រៀបចំបានឆាប់រហ័សនោះ។

កិច្ចព្រមព្រៀងបញ្ជូនអដ្ឋិធាតុទាហានអាមេរិក បានកើតឡើងក្រោយជំនួបប្រជុំកំពូលត្រាំ និងគីម នៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី12 ខែមិថុនា ឆ្នាំ2018 នៅសិង្ហបុរី។ កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យពលរដ្ឋអាមេរិក សប្បាយចិត្តយ៉ាងខ្លាំង។

ក្រសួងការពារជាតិអាមេរិក បានប៉ាន់ប្រមាណថា មានអដ្ឋិធាតុទាហានអាមេរិក 5300នាក់ ដែលមិនទាន់បានបញ្ជូនមក ។

សង្គ្រាមកូរ៉េ បានចាប់ផ្តើមពីឆ្នាំ1950 ដល់1953 នៅពេលដែលកូរ៉េខាងជើង គាំទ្រដោយចិន និងសហភាពសូវៀត បានឈ្លានពានកូរ៉េខាងត្បូងគាំទ្រ ដោយសហរដ្ឋអាមេរិក បណ្តាលឱ្យទាហានអាមេរិក ស្លាប់ជាច្រើន៕

RELATED ARTICLES