ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ ត្រូវបានគេសង្ស័យថា មានវិបត្តិផ្លូវចិត្តរឿងស្នេហាមិនសមបំណង ក៏ដាច់ចិត្តគិតខ្លី ចងកបញ្ចប់ជីវិត បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នោចំណុចភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ស្ត្រីដែលចងកធ្វើអត្តឃាត មានឈ្មោះដឿន ហូរ អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារបន្ទប់របស់ស្ត្រីរងគ្រោះបើកភ្លើងភ្លឺចិញ្ចាចទាំងព្រឹកព្រលឹម ចំណែកទ្វារបន្ទប់ក៏មិនបានចាក់សោ ទើបអ្នកជិតខាងនឹកសង្ស័យ ដើរទៅអើតមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានប្រទះឃើញថា ស្ត្រីរងគ្រោះ បានចងកសម្លាប់ខ្លួន នៅជាប់នឹងទ្វាបន្ទប់ទឹក ដែលមានកម្ពស់១,៩០ម៉ែត្រ ដោយប្រើកន្សែងពណ៌ក្រហម និងខ្សែកាបូប ចំណែកសក់របស់ស្ត្រីរងគ្រោះ ចងដោយខ្សែឆ្នាំងសាកទូរស័ព្ទទៀតផង។
ប្រភពដដែលបន្តថា បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ឃើញថា នៅលើបំពង់ករបស់ស្ត្រីរងគ្រោះ មានស្នាមជាំកកឈាម ក្រៅពីនេះពុំមានស្លាកស្នាមអ្វី សង្ស័យពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ស្ត្រីរងគ្រោះពិតជាស្លាប់ ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ ចំណែកមូលហេតុ ដែលនាំឱ្យស្ត្រីរងគ្រោះ មានគំនិតខ្លីបែបនេះ សមត្ថកិច្ចនៅមិនទាន់អាចអះអាងបាននៅឡើយ៕