ខេត្តពោធិ៍សាត់ ៖ បុរស២នាក់ ឪពុកក្មេក និងកូនប្រសា បានទិញស្រាមកអង្គុយផឹកស៊ីជាមួយគ្នា ដោយផឹកបណ្តើរជជែកគ្នាលេងពីនេះ ពីនោះបណ្តើរយ៉ាងសប្បាយក្អាកក្អាយ លុះផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានទំនាស់ពាក្យសម្តី រហូតដល់ឪពុកក្មេកស្ទុះទាញពូថៅសំពងក្បាលកូនប្រសា តែមិនបណ្តាលឱ្យរងរបួសធ្ងន់នោះទេ ស្រាប់តែកូនប្រសាផ្ទុះកំហឹង ក៏ទាញកាំបិតកាប់សងទៅឪក្មេកវិញ១កាំបិត ចំឆ្អឹងជំនីបោះដៃផុត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលកូនប្រសាដៃឆៅ បានរត់គេចខ្លួនបាត់ទាំងយប់។
ករណីឪក្មេក និងកូនប្រសាផឹកស្រវឹង ផ្ទុះជំលោះកាប់គ្នាបណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំបឹងកន្ទត្ទួ ស្រុកក្រគរ។
ជនដៃដល់ជាកូនប្រសា ដែលកាប់ឪក្មេក១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយពីផឹកស៊ីជុំគ្នាផ្ទុះជំលោះ មានឈ្មោះហោ ហា ហៅង៉ុយ អាយុ៣៨ឆ្នាំ មុខរបរកសិករ។ ចំណែកបុរសរងគ្រោះជាឪពុកក្មេក មានឈ្មោះលឹម ឈុន អាយុ៦០ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ឪពុកក្មេក និងកូនប្រសា ស្នាក់នៅជុំគ្នាក្រោមដំបូលតែមួយ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ៕