ខេត្តកណ្តាល ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិអ្វីក្នុងចិត្ត ឆ្លៀតពេលប្រពន្ធចេញទៅធ្វើការបាត់ ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួនចោលប្រពន្ធ លុះល្ងាចឡើងប្រពន្ធវិលមកដល់ផ្ទះវិញ ប្រទះឃើញប្តីចងកស្លាប់ក្នុងផ្ទះ ក៏ស្រែកឆោឡោឡើង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។
បុរសជាប្តី ដែលចងកសម្លាប់ខ្លួនចោលប្រពន្ធដោយមិនដឹងមូលហេតុ មានឈ្មោះលុក គីមមឿន អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកកំពង់ផែ ស្វយ័តភ្នំពេញ មានស្រុកកំណើតនៅភូមិបិល ឃុំស្គុះ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះអ៊ុក ទិត្យធារី មុខរបរកម្មការិនីរោងចក្រ។ ប្តីប្រពន្ធអ្នកទាំង២ មានស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ប្តីរបស់នាង បានជូននាងចេញពីផ្ទះ ទៅធ្វើការនៅរោងចក្រក្នុងឃុំដីឥដ្ឋ ដូចសព្វដង លុះជូននាងដាក់រោងចក្រហើយ ប្តីក៏ត្រឡប់ទៅផ្ទះវិញបាត់ទៅ។ ចំណែក នាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ រហូតដល់វេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃដដែល ក្រោយពេលចប់ម៉ោងការងារ នាងក៏បានចេញពីរោង ចក្រត្រឡប់ទៅផ្ទះវិញ៕