ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុនមិត្តហ្វូនបានប្រារព្ធពិធីប្រគល់រង្វាន់លុយសុទ្ធជាច្រើនរង្វាន់ទៅកាន់អតិថិជនរបស់ខ្លួនពីកម្មវិធី «ទិញស៊ីមឈ្នះរថយន្ត TOYOTA Hilux Revo និងលុយសុទ្ធជាច្រើនរង្វាន់» នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួន។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ រាល់អតិថិជនទាំងអស់គ្រាន់តែធ្វើការទិញស៊ីមកាតមិត្តហ្វូនថ្មី និងធ្វើការបញ្ចូលទឹកប្រាក់ចាប់១ដុល្លារឡើងទៅកំលុងពេលនៃកម្មវិធីនេះនឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ៖ រង្វាន់ប្រចាំខែជារៀងរាល់ខែ ទឹកប្រាក់ ៥០០ដុល្លារ ១រង្វាន់, ទឹកប្រាក់ ១,០០០ដុល្លារ ១រង្វាន់, ទឹកប្រាក់ ១,៥០០ដុល្លារ ១រង្វាន់, និងរង្វាន់ធំចុងក្រោយរថយន្តម៉ាក TOYOTA Hilux Revo ដែលមានតម្លៃរហូតដល់ទៅ ៣,៥០០០ដុល្លារ ដែលនឹងធ្វើការស្វែងរកអ្នកឈ្នះនៅក្នុងខែតុលា ឆ្នាំ២០១៨។
កញ្ញា សាន ទីណា អតិថិជនមកពីខេត្តពោធិ័សាត់ ជាអ្នកមានសំណាងឈ្នះរង្វាន់ប្រាក់សុទ្ធ ៥០០ដុល្លារបានមានប្រសាសន៍ថា៖ «ខ្ញុំទើបតែប្រើប្រាស់ស៊ីមថ្មីរយៈពេល១ខែមកនេះ ហើយខ្ញុំមិននឹកស្មានថាឈ្នះរង្វាន់លុយសុទ្ធបែបនេះទេ»។ កញ្ញាបានបន្ថែមថា «ខ្ញុំភ្ញាក់ផ្អើលពេលដែលក្រុមហ៊ុនតេមកប្រាប់ ដំបូងគិតថាមិនជឿដែរ តែដល់ពេលខ្ញុំមើលទំព័រហ្វេសប៊ុករបស់មិត្តហ្វូនឃើញគេបានផ្សាយផ្ទាល់ចាប់រង្វាន់ ខ្ញុំក៏ជឿជាក់មែនទែន»។
អ្នកឈ្នះម្នាក់ទៀតមកពីខេត្តព្រៃវែង លោកឡុង សុខហ៊ុង អ្នកឈ្នះរង្វាន់ ទឹកប្រាក់ ១,០០០ដុល្លារ ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា ៖ «ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនមិត្តហ្វូន ខ្ញុំអត់ជឿទេដំបូង ទាល់តែមើលហ្វេសប៊ុកមិត្តហ្វូន និងពិនិត្យមើលលេខទូរស័ព្ទក្រុមហ៊ុនតេមក ទើបជឿជាក់តែម្តង»។ “ខ្ញុំសូមជូនពរក្រុមហ៊ុនមិត្តហ្វូន ឲ្យមានការគាំទ្រពីអតិថិជនកាន់តែច្រើនថែមទៀត និងរីកចម្រើនទៅមុខរហូត” លោកបានមានប្រសាសន៍បន្ថែម។
ឆ្លើយតបនឹងការជឿទុកចិត្ដលើសេវាទូរស័ព្ទឈានមុខរបស់មិត្ដហ្វូន លោកញ៉ុង ឌិនថនអគ្គនាយករងរបស់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមជាអធិបតីក្នុងពិធីប្រគល់រង្វាន់នោះបានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមចូលរួមអបអរសាទរទៅដល់អតិថិជនដែលមានសំណាងបំផុតពីកម្មវិធីរបស់យើង ហើយក្រុមហ៊ុនក៏សូមអរគុណចំពោះការគាំទ្ររាល់ការប្រើប្រាស់សេវាកម្មរបស់មិត្តហ្វូនទាំងអតិថិជនថ្មី និងអតិថិជនចាស់។ រង្វាន់នៃកម្មវិធីនេះមានជារៀងរាល់ខែ ហើយកុំភ្លេចទិញស៊ីមមិត្តហ្វូនថ្មីទាំងអស់គ្នា ដើម្បីមានឱកាសឈ្នះដ៏ច្រើនសន្ធឹកសន្ធាប់នេះ»។
នៅក្នុងកម្មវិធីប្រគល់រង្វាន់នេះផងដែរអតិថិជនដែលមានសំណាងឈ្នះទឹកប្រាក់ ១,៥០០ដុល្លារ ក្រុមហ៊ុនបានប្រកាសជាផ្លូវការថា ចាត់ទុកជាមោឃៈដោយសារតែមិនអាចទំនាក់ទំនងបាន។
ក្រុមហ៊ុនមិត្តហ្វូនក៏បានជូនដំណឹងផងដែរថា «រាល់អតិថិជនទាំងអស់ ដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធីក្រុមហ៊ុន នឹងធ្វើការទំនាក់ទំនងតាមរយៈខ្សែទូរស័ព្ទរបស់ក្រុមហ៊ុនតែមួយខ្សែគត់តាមរយៈលេខ ០៩៧ ៩ ០៩៧ ០៩៧៕