សុភាសិតខ្មែរថា “ចេះឱ្យគេកោត ឆោតឱ្យគេអាណិត” មានខ្លឹមសារអប់រំមនុស្សគ្រប់ជាតិសាសន៍ បើចេះឱ្យចំចេះ ល្ងង់ឱ្យចំល្ងង់ ឆោតឱ្យចំឆោត។ ខណៈដែលយុទ្ធនាការបោះឆ្នោត កំពុងប្រព្រឹត្តទៅនេះ បក្សកាន់អំណាច (CPP) បង្ហាញពីភាពជា “អ្នកចេះ” រីឯអតីតមន្ត្រី CNRP បង្ហាញពីភាព “ឆោត” ដោយមិននិយាយពីបក្សតូចៗទើបង្កើតថ្មីនោះទេ។ រឿងចេះ និងឆោតនេះ គួរលៃយ៉ាងណាឱ្យស្របតាមសុភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
យុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះ មន្ត្រីបក្សកាន់អំណាច (CPP)បានចែកផ្លូវគ្នាចុះមូលដ្ឋាន បង្ហាញ “ភាពចេះដឹង” ដោយឃោសនាថា “CPP សម្បូរធនធានមនុស្ស មានបណ្ឌិតបញ្ញវន្តច្រើន” ជាដើម។ ក្រសួងមហាផ្ទៃ បានចេញបម្រាមរួចហើយ គឺដាច់ខាតមិនឱ្យយករថយន្ត ឬទ្រព្យសម្បត្តិរដ្ឋ ជាមធ្យោបាយរកសំឡេងឆ្នោត ដើម្បីឱ្យមានភាពស្មើគ្នាជាមួយគណបក្សតូចៗ ដែលគ្មានសម្បត្តិរដ្ឋគ្រប់គ្រង ប៉ុន្តែឆ្លងតាមការឃ្លាំមើលកន្លងមកឃើញថា មន្ត្រី CPP តាមបណ្តាខេត្តខ្លះ បានយករថយន្តនគរបាល ឬយោធា ចងបដា ឡូហ្គោ និមិត្តសញ្ញាបក្ស ហែក្បួនគគ្រឹកគគ្រេង។ ជាងនេះទៀត ក៏មានពួកប្រឆាំងខ្លះ រិះគន់ប្រធានសមាគមសិល្បៈ អ្នកនាងចន ច័ន្ទលក្ខិណា ថា បានយករថយន្តសមាគម ទៅហែក្បួនបក្ស រំលោភលើបម្រាមក្រសួងមហាផ្ទៃ។ ទោះយ៉ាងណា អ្នកនាំពាក្យ CPP បានការពារគ្នីគ្នាថា មិនខុសអ្វីទេ ព្រោះរថយន្តនោះ មានពាក់ “ស្លាកសមាគម” ឯណា ជាស្លាកលេខធម្មតាហ្នឹង។ លុះមានការបកស្រាយយ៉ាងនេះទៅ ម្នាក់ៗដែលធ្លាប់រិះគន់នោះ “កប់យោបល់” ដោយហេតុថា រថយន្តនោះពិតជាមិនពាក់ “ស្លាកលេខសមាគម” ប្រាកដមែន។
ចំណុចនេះ បង្ហាញថា “ចេះដែរ តែគ្មានអ្នកកោត គឺមានតែអ្នករិះគន់” ប៉ុន្តែបើបានជាចេះ ត្រូវលៃយ៉ាងណាឱ្យគេកោត ដូចជាករណីលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បបួលកូនចៅជិះកង់ហែបក្សជាដើម ដោយមិនហ៊ានប៉ះពាល់រថយន្តរដ្ឋ ទោះជាស្លាកលេខអ្វីក៏ដោយ។ សកម្មភាពបែបនេះ អាចធ្វើឱ្យគេកោត ប៉ុន្តែ បើយកឡាននគរបាល ខេមរភូមិន្ទ ឬសមាគម មកប្រើហែក្បួន ដោយដោះស្លាកចេញបន្លំដាក់ស្លាកឯកជននោះ មានន័យថា “ចេះដែរ តែគ្មានគេកោត” ព្រោះថាសកម្មភាពអ្វី គង់តែមាន “មាត់ក្អែកមាត់ព្រាប” ប្រាប់តៗគ្នាឱ្យបានដឹងនូវអ្វីដែលពិត។
ដោយឡែក ពួកប្រឆាំង ទាំងក្នុងនិងក្រៅប្រទេស គួរលៃយ៉ាងណា “ឆោតឱ្យគេអាណិត” កុំឆោតស្ទើរភ្លើង នាំឱ្យថយតម្លៃ។ កន្លងមក លោកសម រង្ស៊ី ក៏ដូចជាមន្ត្រីអតីតបក្សប្រឆាំងឯទៀត សុទ្ធតែបានអំពាវនាវឱ្យប្រជាពលរដ្ឋ “ធ្វើពហិការ” ប៉ុន្តែលុះឃើញគេបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត បែរជាលូកដៃរិះគន់ ឬឱ្យយោបល់យ៉ាងនេះ យ៉ាងនោះ ភ្លេចពីរឿងខ្លួនឯង “ប្រាប់រាស្ត្រកុំទៅបោះឆ្នោត”។ ជាក់ស្តែង លោកម្នាក់នោះបានចោទប្រកាន់អ្នកនាងចន ច័ន្ទលក្ខិណា ថា បានយករថយន្តសមាគមសិល្បៈ ទៅហែក្បួនបក្ស។ លោកខ្លះទៀតជួយឈឺឆ្អាលពីរឿងជនពិការម្នាក់ ជាអ្នកគាំទ្របក្សលោក ខឹម វាសនា វ៉ៃជនពិការម្នាក់ទៀត ជាអ្នកគាំទ្រ CPP។ លោកនោះ និយាយថា ជារឿងអយុត្តិធម៌ ព្រោះខាង CPP យកមីក្រូទៅចាក់ជះសំឡេងលើគេអត់អី ដល់គេចាក់សំឡេងជះទៅវិញ បែរជារករឿង។ លោកខ្លះទៀត ទៅក្តៅស្អុះ កាន់ជើងលោកសាម អ៊ីន ខាងបក្សលេខ៧ ដែលត្អូញត្អែរថា បក្សគាត់មានការរំខានបន្ទច់បង្អាក់ពីអ្នកគាំទ្របក្សកាន់អំណាច ដោយព្រមានដកខ្លួនថយពីការបោះឆ្នោត៘
តាមពិត នេះជារឿងរបស់គេសោះ បែរជាអតីតមន្ត្រី CNRP ឈឺឆ្អាលទាមទារយុត្តិធម៌ឱ្យគេទៅវិញ ភ្លេចពីរឿងចោទគេថាជា “បក្សអំពិលអំពែក បក្សស៊ីពែ បក្សកំដរ”។ បានន័យថា គាត់ “ឆោតមែនទែន” ព្រោះបើអ្នកមិនឆោតនោះ គេមិនរវល់ជួយឈឺឆ្អាលស្អីទេ គឺ “ឈរបាំងដៃមើល” វិញល្អជាង ទោះជាអ្នកណាវ៉ៃកាប់ចាក់គ្នា ព្រោះរឿងដណ្តើមសំឡេងឆ្នោត ក៏ស្រេចតែគេទៅ។
ត្រង់ហ្នឹងហើយ ដែលហៅថា “ឆោតគ្មានអ្នកអាណិត” នោះ ដូច្នេះបើបានជាជ្រុលឆោត គួរឆោតដូចរឿង “អាជ័យ មីគ្រត” ទើបធ្វើឱ្យគេអាណិត។ រឿងបែបកំប្លែងនោះ មានឈុតមួយ តំណាលពីអាជ័យ នៅផ្ទះយោលអង្រឹងកូនខ្ចី ដោយកូននោះ វាយំពេក ឪជ័យ ក៏ពិនិត្យ តើកូនវាឈឺអី? លុះឃើញបង្ហើយក្បាលកូនលោតផឺតផតៗ ឪជ័យ ស្មានថា កូនកើតបូស ក៏យកកាំបិតបន្ទោះ មកជោះបង្ហើយកូន ធ្លាយខួរក្សិណក្ស័យទៅ។ ចំណុចនេះ ធ្វើឱ្យគេអាណិតកូនខ្ចីនោះផង អាណិតអាជ័យ ផង ដែលមិនគួរព្រហ្មលិខិតកំហិតវាសនាឱ្យគ្នាឆោតដល់ថ្នាក់នេះ។
ដោយឡែក មន្ត្រី CPP ដែលសម្បូរអ្នកចេះនោះ “ត្រូវចេះឱ្យគេកោត” កុំចេះក្បួនឡប់ឡែ យករថយន្តរដ្ឋ ឬសមាគម មកប្រើខុសច្បាប់ រួចអះអាងថា “មិនពាក់ស្លាកលេខសមាគម”។ ចេះអ៊ីចឹង គ្មានគេកោតទេ គួរយកគំរូតាម “ធនញ្ជ័យ” ដែលប្រើបញ្ញាញាណ យកឈ្នះអ្នកប្រាជ្ញស្រុកចិន ដើម្បីរំដោះមាតុភូមិ ឱ្យផុតពីភាពចំណុះគេ។ “ធនញ្ជ័យ” មានចំណុច “ឆោតផង ចេះផង” គឺឆោតនៅត្រង់ “សម្គាល់អំបុកដាក់ចង្អេរ ថាច្រើនជាងដាក់កញ្ជើ” ធ្វើឱ្យគេអាណិត ប៉ុន្តែចេះនៅត្រង់ស្តេចបំបរបង់ទៅដល់ស្រុកចិន ទៅហើយ បែរជាធនញ្ជ័យ អាចវិលត្រឡប់មកស្រុកខ្មែរវិញបាន មានទាំងខ្ញុំប្រុស ខ្ញុំស្រី រាប់រយនាក់ហែហមមកផង។
ការរៀបរាប់ខាងលើនេះ ជាចំណុចតូចមួយ ក្នុងចំណោមបញ្ហាយ៉ាងច្រើនរាប់មិនអស់ ដែល CPP សម្បូរធនធានមនុស្ស និងបណ្ឌិតបញ្ញវន្ត មិនបានបង្ហាញលក្ខណៈ “ចេះឱ្យគេកោត” ពោលគឺគ្រាន់តែរឿងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ គេមើលឃើញលើគោក តែចេះបកស្រាយ មិនចំបញ្ហា ឬ “អេះមិនចំរមាស់”។ ចំណែកពួកប្រឆាំង CNRP សម្បូរអ្នកឆោត ត្រង់ខ្លួនឯង អំពាវនាវឱ្យពលរដ្ឋ “កុំទៅបោះឆ្នោត” និងចោទបក្ស ១៩នោះថា ជា “បក្សអំពិលអំពែក បក្សស៊ីពែ បក្សកំដរ” ប៉ុន្តែបែរជាឈឺឆ្អាល កើតទុក្ខមិនសុខចិត្ត រឿងតុលាការចាប់អ្នកគាំទ្រ LDP ទៅដាក់គុក។ ចំណុចនេះ បើសិនជាខ្លួនចោទ LDP ថា “បក្សអំពិលអំពែក” ទៅហើយនោះ ទោះជា “តុលាការចាប់ដាក់គុកអី ចាប់ទៅ!” កុំរវល់ឈឺក្បាលហាលកន្ទុយ ឬឈរបាំង ដៃមើលវិញមិនស្រួល?
ដូច្នេះយើងឃើញថា “ចេះឱ្យគេកោត ឆោតឱ្យគេអាណិត” មិនងាយអនុវត្តបាននោះទេ ព្រោះធម្មតា “អ្នកចេះ” តែងមានមធ្យោបាយដោះសារហូត។ ដូចការបកស្រាយថា “កុំតែពាក់ស្លាក ន.ប ខ.ម សមាគម” ទើបវាខុសច្បាប់ តែបើ “ស្លាកឯកជន” អត់ខុសទេ ដែលការបកស្រាយនេះ បង្ហាញថា “ចេះគ្មានអ្នកកោត”។ រីឯអ្នកឆោត គួរតែឆោតឱ្យគេអាណិត ទើបល្អ ដូចរឿងអាជ័យ ជោះបង្ហើយក្បាលកូន និងរឿងធនញ្ជ័យ យកអំបុកដាក់ចង្អេរ ធ្វើឱ្យគេអាណិត ដែលមិនគួរឆោតដល់ថ្នាក់នេះ។ ឆោតម៉្យាងទៀត ក៏ធ្វើឱ្យគេអាណិតដែរ ដូចក្មេងៗ១៣នាក់ ក្នុងក្រុមកីឡាករបាល់ទាត់ថៃ ដែលឆោតទៅចូលរូងភ្នំ ជាប់កុន១៨ថ្ងៃនោះ បន្ទោសពួកគេមិនកើតទេ មានតែជួយបន់ស្រន់ឱ្យគ្នារួចទុក្ខភ័យល្អជាង។ ចំណែកអ្នកជំនាញមុជទឹកអង់គ្លេស ដែលតាមរកក្មេងជាប់រូងភ្នំឃើញ ចាត់ទុកជា “ចេះឱ្យគេកោត” ពោលគឺគាត់ចេះស្ទាត់ខាងមុជទឹកមែន អ្នកណាក៏កោតសរសើរដែរ។
សរុបទៅ “ចេះឱ្យគេកោត ឆោតឱ្យគេអាណិត” គ្រាន់តែជាការពញ្ញាក់ស្មារតីមន្ត្រី CPP ដែលបន្លំយកទ្រព្យសម្បត្តិរដ្ឋ ទៅប្រើហែក្បួនបក្ស បណ្តាលឱ្យមានការរិះគន់នោះ គួរតែមានការកែលម្អ។ ចំណែកពួកប្រឆាំង CNRP គួរកុំរវល់ក្តៅស្អុះពីរឿងគេហែបក្ស ព្រោះពួកគាត់អំពាវនាវ “ពហិការម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯង”។ ហេតុនេះគួរតែមន្ត្រី CPP និងពួកប្រឆាំង CNRP យកសុភាសិតបុរាណនេះ ជាបរិបទសម្រាប់ពិចារណាផងចុះ ដើម្បីបញ្ចៀសការរិះគន់ពីមជ្ឈដ្ឋានមហាជន៕