សុភាសិតសកល ១ឃ្លាថា “បើចេញដំណើរទាន់ពេល មិនចាំបាច់រត់” (It is useless to run one must in time) មានខ្លឹមសារអប់រំមនុស្សទូទៅ ឬអ្នកជំនួញ អ្នកនយោបាយ មិនចាំបាច់បង្កើនល្បឿនពេកទេ នៅពេលដឹងថា ជ័យជម្នះ ឬ លទ្ធផលល្អនឹងត្រូវទទួលបាន។ ករណីបក្សកាន់អំណាច ត្រូវមជ្ឈដ្ឋានមហាជនមើលឃើញយ៉ាងច្បាស់ថា នឹង “ឈ្នះឆ្នោតអាណត្តិទី៦” នេះ ដោយសារគូប្រកួតជាមួយ មិនខុសពី “ចាស់វ៉ៃជាមួយក្មេង” នោះ បើ CPP (គណបក្សប្រជាជនកម្ពុជា) បង្ខំល្បឿនខ្លាំងពេក មិនសូវល្អទេ គួរធ្វើសន្សឹមៗ ទុកឱកាសឱ្យបក្សតូចៗរត់តាមផង ដែល “នគរធំ” ក្តាប់សភាពការណ៍បាន ក៏លើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“បើចេញដំណើរទាន់ពេល មិនចាំបាច់រត់” បើពោលតាមន័យត្រង់ សំដៅដល់បុរសម្នាក់បានទៅទិញសំបុត្ររថយន្តក្រុង ចេញដំណើរពីភ្នំពេញ ទៅបាត់ដំបង។ ក្នុងប័ណ្ណជិះរថយន្តនោះ កំណត់ចេញដំណើរម៉ោង១រសៀល ឯអ្នកទិញនោះ ក៏ដឹងពេលវេលាយ៉ាងច្បាស់ ដោយគាត់ទិញសំបុត្រទុកមុនមួយថ្ងៃ ក៏មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំអីវ៉ាន់ សម្រាប់ដាក់ទៅតាមខ្លួន។ ផ្ទះគាត់នៅក្បែរចំណតរថយន្តស្រាប់ អាចបង្អែបង្អង់ដល់ម៉ោង១២ថ្ងៃត្រង់ សឹមលើកអីវ៉ាន់ដាក់ស៊ីក្លូ ឬអូសវ៉ាលីសដើរសន្សឹមៗ មិនចាំបាច់រត់នោះទេ ព្រោះរថយន្តក្រុង ចេញដំណើរទៀងពេល មិនទៅចោលអ្នកជិះនោះឡើយ។ បើសិនជាបុរសអ្នកដំណើរនោះ រត់ទាំងត្រហេបត្រហប ខ្លាចឡានទៅចោល ខណៈដែលម៉ោងទើប១២នោះ បានត្រឹមនឿយហត់ អត់ប្រយោជន៍តែប៉ុណ្ណោះ។
ផ្ទុយទៅវិញ អ្នកដំណើរដែលមិនទាន់បានទិញសំបុត្ររថយន្តក្រុង ហើយចង់ចេញពីភ្នំពេញ ទៅបាត់ដំបង នៅវេលាម៉ោង១រសៀលនោះ លុះត្រាតែរត់ ឬបោះជំហានវែងៗ ប្រញាប់ទៅឱ្យដល់បញ្ជរ ក្រែងទិញសំបុត្រមិនទាន់គេ។
យ៉ាងណាមិញ បើបរិយាយតាមន័យធៀប សំដៅដល់បក្សកាន់អំណាច (CPP) ដែលជាបក្សធំជាងគេ ជាអ្នកកំណត់កាលបរិច្ឆេទបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺ CPP ដឹងពេលវេលាចេញដំណើរច្បាស់ណាស់។ បើ CPP ដឹងច្បាស់យ៉ាងនេះ ពិតណាស់ថា នឹង “មានឱកាសរៀបចំកម្លាំង” ឬ “ត្រៀមយកជ័យជម្នះភ្លូកទឹកភ្លូកដី” មិនខាន ប៉ុន្តែ បើអ្នកវិភាគ ក៏ដូចជាគ្រូទាយ បង្ហាញហេតុផលពីរឿងឈ្នះ ហើយបែរជា “CPP ប្រឹងរត់” នោះ បានត្រឹមខាតបង់កម្លាំងតែប៉ុណ្ណោះ គួរទុកឱកាសឱ្យគណបក្សតូចៗដេញតាមផង។
តាមព័ត៌មានថា បក្សកាន់អំណាច នឹង “បើកយុទ្ធនាការឃោសនាថ្ងៃចុងក្រោយ” នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមហែបក្ស ជាង២០ម៉ឺននាក់។ បានន័យថា CPP បង្ហាញសាច់ដុំធំទៅៗ បណ្តាលឱ្យគណបក្ស១៩ទៀត រួញក្រញង់ គ្មានសាច់ដុំបង្ហាញនឹងគេ។ “នគរធំ” ទទួលស្គាល់ថា ការដែលបក្សកាន់អំណាច ដឹងខ្លួនថា ឈ្នះហើយ ក៏នៅតែប្រឹងបញ្ចោញប្ញទ្ធិនេះ គឺចង់បង្ហាញថា “កម្ពុជា គោរពគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ពេញលេញ” ព្រោះបើមិនប្រឹងប្រែងឃោសនា ឬហែបក្សគគ្រឹកគគ្រេង មិនចំប្លង់ប្រជាធិបតេយ្យ។
ទោះជាមានហេតុផលយ៉ាងនេះក្តី បើ CPP ប្រឹងរត់ខ្លាំងពេក អាចដើរផ្ទុយនឹងសុភាសិត “បើចេញដំណើរទាន់ពេល មិនចាំបាច់រត់” នេះឯង ពោលគឺ ធ្វើសន្សឹមៗល្អជាង។ CPP គួរអាណិតអាសូរកូនបក្សតូចៗ ដែលខំដាក់ពាក្យចូលប្រកួតផង ដូចគណបក្សខ្លះប្រើប្រាស់ម៉ូតូ រ៉ឺម៉កចងមីក្រូ បដា ស្លាកសញ្ញាបក្ស បើកតាមផ្លូវតូចៗ ឃោសនាពីគោលនយោបាយបក្ស ខណៈដែល CPP ចេញឃោសនា មានក្បួនរថយន្តទំនើបរាប់រយ និងអ្នកជិះម៉ូតូរាប់ម៉ឺននាក់។ បក្សកាន់អំណាច ជាប្រភេទ “ទន្សាយឆ្លាត ឬសុភាទន្សាយ” មិនមែនល្ងង់ដូច “ទន្សាយស៊ីត្រសក់ ពេលរត់ប្រណាំងជាមួយអណ្តើក” នោះទេ។
នៅក្នុងរឿងនោះ បានតំណាលពីសត្វអណ្តើក ស្គាល់ចរិតទន្សាយល្មោភស៊ី ក៏បបួលគ្នារត់ប្រណាំង ដោយដាក់លក្ខខណ្ឌថា បើភាគីណាចាញ់គេ ត្រូវផឹកទឹកសន្សើមមួយជីវិត។ ពេលរត់ប្រណាំងដំបូង ទន្សាយបោលលឿនខ្មឺត លុះក្រឡេកទៅក្រោយ ឃើញអណ្តើកវារខ្វើកៗ ក៏មើលងាយអណ្តើកថា “ជើងខ្លីមួយសុញ គង់តែចាញ់អញទេ”។ ពេលរត់ទៅដល់ចម្ការត្រសក់មួយ ទន្សាយ គិតថា “គង់តែឈ្នះ” អ៊ីចឹងរកត្រសក់ស៊ីសិន ឱ្យអាអណ្តើកទៅមុនបន្តិចចុះ គង់តែដេញទាន់។ ទន្សាយល្ងង់នោះ ក៏ចូលលួចបេះត្រសក់ស៊ី ភ្លេចៗខ្លួន អណ្តើកវារទៅដល់ជិតគោលដៅ ទើបទន្សាយស្ទុះបោលតាមពីក្រោយ ប៉ុន្តែ ទម្រាំទៅដល់ទី អណ្តើកវារដល់មុនជាស្រេច ទើបទន្សាយយល់ព្រមចុះចាញ់ ផឹកតែទឹកសន្សើមរហូត។ ចំណែករឿង “សុភាទន្សាយ” មិនល្ងង់ដូចទន្សាយស៊ីត្រសក់នោះទេ ដោយចេះកាត់ក្តី ជួយសង្គ្រោះជនស្លូតត្រង់ឱ្យផុតពីភាពអយុត្តិធម៌។
ការលើករឿងទន្សាយទាំងពីរ មកបង្ហាញនេះ ចង់បញ្ជាក់ថា បក្សកាន់អំណាច ឆ្លាតណាស់ ជាប្រភេទ “សុភាទន្សាយ” ដូច្នេះបើឆ្លាតអ៊ីចឹង ចាំបាច់អីប្រឹងរត់ ប្រឹងហែបក្សគគ្រឹកគគ្រេង ដូចវាយបំបាក់ស្មារតីគណបក្សតូចៗ ដែលកំពុងជួយជំរុញប្រជាធិបតេយ្យ។ ខណៈដែលគ្រោះទឹកជំនន់ កំពុងគំរាមកំហែងអាយុជីវិត ក៏ដូចជា ស្រូវ ពោត សណ្តែក ប្រជាកសិករ នៅខេត្តកំពត កោះកុង កំពង់ស្ពឺ រាជធានីភ្នំពេញ មិនទាន់ស្រកអស់ផង ស្រាប់តែបាក់ទំនប់វារីអគ្គិសនីនៅប្រទេសលាវ (ឡាវ) ចរន្តទឹកហូរបុកមកពន្លិចទឹកដីខេត្តស្ទឹងត្រែង និងបណ្តាខេត្តក្រោមខ្សែទឹកនេះ ជាបន្ទុកយ៉ាងធ្ងន់បំផុត សម្រាប់បក្សកាន់អំណាច ដោះស្រាយ។ បើរវល់តែកៀងគរប្រមូលមនុស្សរាប់ម៉ឺននាក់ ហែបក្សថ្ងៃចុងក្រោយ ដោយមិនដាក់ភារកិច្ច “សង្គ្រោះជីវិតពលរដ្ឋឱ្យខ្លាំងជាងហែបក្ស” អាចនឹងរងការចោទប្រកាន់ពីពួកប្រឆាំង ឬពីពលរដ្ឋរងគ្រោះថា “គិតតែរឿងអំណាច អត់គិតដល់សុខទុក្ខរាស្ត្រ”៘ ចំណុចនេះសំខាន់ណាស់ លុះត្រាតែ CPP បង្វិលមុខព្រួញកាត់បន្ថយ ការហែបក្សរាប់សែននាក់ ឱ្យទៅជា “កម្លាំងស្នូលចុះជួយជនរងគ្រោះ ដោយទឹកជំនន់វិញ” ប្រសើរជាង។
បក្សកាន់អំណាច គួរអាណិតបក្សតូចៗ ជាពិសេស ហ៊្វុនស៊ិនប៉ិច ជាអតីតដៃគូក្នុងរដ្ឋាភិបាលផង ព្រោះសម្តេចក្រុមព្រះ រងទុក្ខបាត់បង់ព្រះជាយាជាទីស្រលាញ់ តែព្រះអង្គមិនលះបង់នយោបាយ។ បើ CPP ហែក្បួនបក្សគគ្រឹកគគ្រេង វាយបំបាក់ស្មារតីព្រះអង្គបែបនេះ អាចធ្វើឱ្យសម្តេចក្រុមព្រះ កាន់តែជួបទុក្ខជាន់លើទុក្ខ។ អ្នកវិភាគមើលឃើញថា CPP ឈ្នះឆ្នោតមិនចាំបាច់ប្រឹង ប៉ុន្តែ CPP អត់បន្ធូរដៃសោះ ប្រឹងតែសង្កត់ ចំណែកបក្សតូចៗជាគូប្រជែង គ្មានលុយកាក់ និងសម្ភារៈដូចគេ បានត្រឹមចេញតែគោលនយោបាយលើក្រដាស ខ្លះទៀតសំងំដូចគេចុក។ ធម្មតាក្មេងធំ និងក្មេងតូចឈ្លោះ វ៉ៃគ្នា គេត្រូវចាប់ទាញក្មេងធំចេញ ព្រោះបើបណ្តោយ ច្បាស់ជាដាល់អាតូចបែកមុខបែកមាត់មិនខាន។ យ៉ាងណាមិញ CPP ជាបក្សធំ គួរបន្ធូរដៃផង កុំឱ្យបក្សតូចបាក់ស្មារតី លែងចង់រួមដំណើរក្នុងរថយន្តក្រុងជាមួយគ្នា។
សរុបទៅ “បើចេញដំណើរទាន់ពេល មិនចាំបាច់រត់” មានន័យយ៉ាងនេះឯង។ ហេតុនេះ CPP ដែលប្រឹងតទល់ជាមួយខ្មោច CNRP (អតីតគណបក្សសង្គ្រោះជាតិ) ផង ប្រឹងហែក្បួនគគ្រឹកគគ្រេងវាយបំបាក់ស្មារតីបក្សតូចៗផងនោះ គួរដើរសន្សឹមៗទៅ គង់តែដល់ចំណតរថយន្តក្រុង ដែលត្រូវចេញដំណើរតាមពេលម៉ោងកំណត់ ហើយអាចទៅដល់គោលដៅដោយសុវត្ថិភាព។ ផ្ទុយទៅវិញ បើ CPP ដឹងពេលវេលាច្បាស់ និងសង្ឃឹមជ័យជម្នះនៅនឹងភ្នែកទៅហើយ បែរជាប្រឹងរត់ខ្លាំងពេក បានត្រឹមនឿយហត់ប៉ុណ្ណោះ គួរបំផុសចលនាអ្នកគាំទ្រ ឱ្យចុះជួយជនរងគ្រោះដោយទឹកជំនន់វិញ ប្រសើរជាង បើគង់តែឈ្នះដដែល៕