ស្រីស្អាតសាច់សខ្ចី កញ្ញាប៉ាច គីមមួយ ដែលល្បីពេលបានសម្តែងបទចម្រៀងលោកព្រាប សុវត្ថិ “មាន់ស្រែ បន្លែស្រស់” នោះ បានថ្ងូរដូចព្រាបថា ពេលនេះនាងជាអ្នកទទួលរ៉ាប់រងក្នុងគ្រួសារតែម្នាក់ឯង រួមទាំងការបង់រំលស់ផ្ទះ បង់ថ្លៃសាលារៀនឱ្យប្អូនៗទៀត គ្មានអ្នកណាជួយឧបត្ថម្ភ១សេនឡើយ។
អតីតបេក្ខភាព The Voice Cambodia រូបនេះ បានអះអាងថា “មានអ្នកណាជួយទៅបង? ពីណាគេចិត្តល្អមកជួយយើងស្រួលៗនោះ អត់មានទេ។ ខ្ញុំតែម្នាក់ឯងរត់ខ្វែងដៃខ្វែងជើង បង់រំលស់ផ្ទះផង ថ្លៃសាលាប្អូនៗរៀនទៀត ពេលខ្លះពិបាកដែរ គ្រាន់តែថា ខ្ញុំពេញចិត្តនឹងអ្វីដែលខ្លួនឯងអាចធ្វើបានប៉ុណ្ណោះ ព្រោះបំណងខ្ញុំពីមុន គឺចង់ច្រៀងនៅផលិតកម្មមានបទចម្រៀងខ្លួនឯង ឥឡូវយើងធ្វើបានហើយ”។
ប៉ាច គីមមួយ បានទិញផ្ទះល្វែង១ជុង តម្លៃជាង៧ម៉ឺនដុល្លារ នៅម្តុំចំការដូង ដោយបង់រំលស់ទើបតែបានជិតកន្លះឆ្នាំប៉ុណ្ណោះ តែពេលនេះ នាងបានបើកហាងលក់ផលិតផលរក្សាសម្រស់ ដែលនាំចូលគ្រឿង Cosmetic ពីប្រទេសកូរ៉េ ដាក់លក់នៅផ្ទះផ្ទាល់ខ្លួន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមទៀត។
តារាចម្រៀងដែលអាចច្រៀងបានទាំងភាសាចិន និងអង់គ្លេសនេះ បានឱ្យដឹងថា នាងច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារ ទើបហ៊ានបង់រំលស់ផ្ទះនោះ ដោយមិនមានការបារម្មណ៍ច្រើន ហើយក៏មិនត្រូវការប្រុសណាឧបត្ថម្ភជាថ្នូរអ្វីមួយដែរ ព្រោះខ្លាចរើខ្លួនមិនរួចពីទ្រុងស្នេហ៍។
អ្នកចម្រៀងដែលមានប្រភពមកពីខេត្តបាត់ដំបង រូបនេះ បានឱ្យដឹងថា “គ្រួសារនាងមិនមែនជាកូនអ្នកមានទេ គឺមធ្យម ហើយពេលនេះ នាងមិនទាន់មានគូស្នេហ៍ថ្មីឡើយ បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ដែលជាតារាចម្រៀងម្នាក់ កាលពីឆ្នាំមុន។
ប៉ាច គីមមួយ ដែលត្រូវលោកព្រាប សុវត្ថិ ចាប់ថើបថ្ពាល់ឡើងសឹកនោះ ក្រោយសម្តែងបទ “មាន់ស្រែ បន្លែស្រស់” នោះ បានឱ្យដឹងថា នាងបានសម្តែង MV បទថ្មីមួយទៀតរបស់ព្រាប សុវត្ថិ ហើយមានឈុតឆាកស្នេហាខ្លះ តែមិនមិនមានការព្រួយបារម្ភខ្លាចភរិយាព្រាប សុវត្ថិ អ្នកស្រីឡុង ស្រីមុំ ប្រចណ្ឌឡើយ ព្រោះថា ព្រាប សុវត្ថិ និងភរិយា គាត់បានចាត់ទុកនាងដូចជាប្អូនអ៊ីចឹង៕