ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃអាទិត្យ ខែសីហា ឆ្នាំ២០១៨ ពិធីករនិងជាតារាសម្តែអដែលទើបភ្ញាប់ពាក្យកាលពីពេលថ្មីៗ គឺលោកញ៉ែម សុគន្ធ បានជួបគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុករះរបាំងថ្មកណ្ដាលទ្រូងផ្លូវ លើផ្លូវម៉ៅសេទុង បណ្ដាលឲ្យបាក់ និងខ្ទាតរបាំងថ្មរបាត់រប៉ាយពេញផ្លូវ ហេតុការណ៍នេះកើតឡើងនៅចំណុចនៅចំណុចផ្លូវបំបែកជាបួនលើមហាវិថីម៉ៅសេទុង កែងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាក Toyota Highlander មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AK-5321 ដែលគេស្គាល់យ៉ាងច្បាស់ថា គឺលោកញ៉ែម សុគន្ធ ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ពេលធ្វើដំណើរមកដល់កើតហេតុ មិនដឹងមានមូលហេតុអ្វី ស្រាប់តែគេឃើញរថយន្តបានរេចង្កូតទៅបុករះក្បាលនាគ កណ្ដាលទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យលោកញ៉ែម សុគន្ធ រងរបួសធ្ងន់ ដោយបានហោះប្លោងទៅបុកផ្ទប់នឹងកញ្ចក់រថយន្ត។
ភ្លាមក្រោយកើតហេតុ គេបានឃើញក្រុមជួយសង្គ្រោះបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តវិញ បានផ្ទុះពោងសុវត្ថិភាពទាំងអស់ និងខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្ដង ចំណែករបាំងថ្មបានបាក់ជាច្រើនកង់ ខ្ទាតចេញរបាត់រប៉ាយពេញផ្លូវ។
តាមសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះដល់កន្លែងកើតហេតុ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា អ្នកបើកបររថយន្តបង្ក មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ឡើយ ព្រោះក្រោយពេលកើតហេតុ អ្នកបើកបរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាត់ហើយ មុនពេលសមត្ថកិច្ចចុះមកដល់។
សមត្ថកិច្ចបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍រាជធានី ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយសំណងខូចខាតទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធី។
យ៉ាងណា ចំពោះការបញ្ជាក់ពីប្រភពនៅកន្លែងកើតហេតុ និងសមត្ថកិច្ច យើងមិនទាន់ដឹងច្បាស់នៅឡើយថា លោកញ៉ែម សុគន្ធ យ៉ាងណាហើយនៅពេលនេះ ខណៈអ្នកសារព័ត៌មានយើងមិនទាន់អាចទាក់ទងលោកញ៉ែម សុគន្ធ បាននៅឡើយ៕