ពិតជាមិននឹកស្មានសោះថា ក្រៅពីជាតារាចម្រៀង Pop ចូលចិត្តច្រៀងបទចង្វាក់ Rock ហើយមានក្បាច់រាំយ៉ាងសាហាវនៅលើឆាកតន្ត្រីទាំងឡាយ ទៅដល់ណា រាំចង់បាក់ឆាកនោះ តារាចម្រៀងល្បីល្បាញក្នុងស្រទាប់យុវវ័យ ឱក សុគន្ធកញ្ញា ក៏ជាអ្នកដែលចូលចិត្តស្តាប់ព្រះសង្ឃសូត្រធម៌ដែរ ហើយអ្វីដែលសឹងតែមិនគួរឱ្យជឿនោះ សុគន្ធកញ្ញា ក៏បានណែនាំឱ្យតារាផ្សេងៗទៀត ស្តាប់ព្រះធម៌ដូចនាងទៀតផង នេះបើតាមសង្ឃដីការបស់ព្រះតេជគុណ គូ សុភាព គង់នៅវត្តនិគ្រោធវ័នគល់ទទឹង បានមានសង្ឃដីកាកាលពីពេលថ្មីៗនេះ។
ព្រះតេជគុណ គូ សុភាព បានបង្ហាញរូបថតដែលព្រះអង្គបានថតជាមួយតារាចម្រៀងហង្សមាស ឱក សុគន្ធកញ្ញា ១សន្លឹក ហើយព្រះអង្គមានសង្ឃដីកានៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា “តារាចម្រៀងល្បីល្បាញ ឱក សុគន្ធកញ្ញា ចូលចិត្តស្តាប់ធម៌។ គាត់ក៏ជួយណែនាំមិត្តភក្តិរបស់គាត់ឱ្យស្តាប់ដែរ”។
ការមានសង្ឃដីកាបែបនេះរបស់ព្រះតេជគុណ គូ សុភាព បញ្ជាក់ឱ្យដឹងថា សុគន្ធកញ្ញា កំពុងតែបញ្ចុះបញ្ចូលនិងពន្យល់តារារួមអាជីពមួយចំនួនទៀត ឱ្យងាកមកស្តាប់ព្រះធម៌ជាមួយនាងដែរ ប៉ុន្តែនៅពេលអ្នកយកព័ត៌មានយើង បានតេទូស័ព្ទទៅព្រះអង្គ កាលពីថ្ងៃទី១១ ខែ សីហា ដើម្បីសុំការបញ្ជាក់លម្អិតបន្ថែមថា តើមានតារាណាខ្លះទៀតដែលសុគន្ធកញ្ញា កំពុងណែនាំឱ្យទៅស្តាប់ព្រះធម៌នោះ ទូរស័ព្ទរបស់ព្រះតេជគុណ គូ សុភាព តេចូល តែគ្មានអ្នកលើកឡើយ។
មជ្ឈដ្ឋាមហាជនមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលពួកគេទើបតែដឹងថា តារាចម្រៀងក្នុងស្រទាប់យុវវ័យ ឱក សុគន្ធកញ្ញា ដែលចូលចិត្តតែច្រៀងរាំសប្បាយៗនោះ តែតាមពិត នាងក៏យកពេលវេលាច្រើនផ្តោតទៅការស្តាប់ធម៌ ដើម្បីធ្វើឱ្យអារម្មណ៍នាងបានស្ងប់ចិត្ត និងស្រស់ថ្លាក្នុងអារម្មណ៍ផងដែរ។ ប៉ុន្តែយ៉ាងណា គេមិនដឹងថា ឱក សុគន្ធកញ្ញា មានជំនឿទៅលើព្រះសង្ឃ ស្រោចទឹកលើករាសី ដូចតារាមួយចំនួនទៀត ឬយ៉ាងណានោះទេ ព្រោះគេមិនដែលឃើញនាងបង្ហាញ ខណៈដែលមានការបង្ហើបឱ្យដឹងថា មានតារាល្បីៗច្រើនណាស់ បានទៅរកលោកសង្ឃដាក់ស្នេហ៍ ចារលើមុខ និងពាក់ខ្សែចង្កេះ ជាដើម ដើម្បីឱ្យមហាជនកាន់តែស្រលាញ់ និងគាំទ្រច្រើនថែមទៀត។
ឱក សុគន្ធកញ្ញា នៅឆ្នាំ២០១៨នេះ នាងមានទាំងយីអ៊ុនឡើងខ្ពស់ ទាំងអាជីពចម្រៀង និងស្នេហាព្រមគ្នាតែម្តង ដែលធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ទាំងបទចម្រៀង និងជីវិតឯកជននាងដូចគ្នា។
សុគន្ធកញ្ញា ឈរក្នុងតំណែងជាតារាឈានមុខគេនៅហង្សមាស រយៈពេលជាង៧ឆ្នាំមកហើយ ដែលមិនទាន់មានតារាស្រីណាអាចផ្តួលបាន ហើយនៅឆ្នាំ២០១៨នេះ នាងកាន់តែមានគ្រឹះរឹងមាំនៅផលិតកម្មធំនេះថែមទៀត ព្រោះសុគន្ធកញ្ញា ជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ទៅហើយ ក្រោយពេលដែលនាង និងលោកសុខលី បានភ្ជាប់ពាក្យជាមួយគ្នាជាចំហ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
តារាចម្រៀងដែលជ្រកកោននៅផលិតកម្មរស្មីហង្សមាស បានបង្ហើបឱ្យដឹងថា សុគន្ធកញ្ញា នឹងត្រូវហង្សមាស លើកឱ្យនាងល្បីជាច្រើនឆ្នាំទៅទៀត តាមរយៈសមត្ថភាពផ្ទាល់របស់នាងផង និងការជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ផង។ គ្រឹះរឹងមាំដែលធ្វើឱ្យសុគន្ធកញ្ញា មិនងាយធ្លាក់ចុះនោះ គឺមានដូចជាការដាក់បទឱ្យច្រៀងដោយសម្រិតសម្រាំងជាងតារាផ្សេងៗទៀតរបស់ហង្សមាស និងការផ្តល់តំណែងធំ៣ព្រមគ្នា ជាគ្រូបង្វឹក និងគណៈកម្មការក្នុងកម្មវិធី The Voice Cambodia , Cambodian Idol និង The Voice Kids Cambodia ដែលមិនមានតារាស្រីណាផ្សេងទៀតរបស់ហង្សមាស ត្រូវបានថៅកែផលិតកម្ម ផ្តល់ទំនុកចិត្ត និងលើកស្ទួយយ៉ាងនេះ ឡើយ។ យ៉ាងណា ក្រៅពីមានការសរសើរពីតារារួមក្រុមថា ឱក សុគន្ធកញ្ញា នៅតែមិនប្រែប្រួលចរិត គឺនាងនៅតែរួសរាយរាក់ទាក់ចំពោះមិត្តរួមអាជីពដូចមុន មិនតាំងខ្លួនថា ជាប្អូនថ្លៃថៅកែហង្សមាស នោះ សុគន្ធកញ្ញា ក៏ត្រូវបានមជ្ឈដ្ឋានមួយចំនួនរិះគន់ផងដែរថា នាងចង់ល្បីជាងគេនៅហង្សមាស ទើបពេលបានល្បីបោះបង់ចោលសង្សារចាស់ ដែលកម្សត់កម្រជាមួយគ្នា៧ឆ្នាំ គឺតន្ត្រីកររ៉េតធី ដូណា ហើយទៅភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងប៉ុស្តិ៍ហង្សមាស និងជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន។
ប្រភពបានឱ្យដឹងថា ការស្តាប់ព្រះធម៌ និងតាំងសមាធិ របស់ឱក សុគន្ធកញ្ញា អាចជាការបំភ្លេចរឿងស្នេហ៍ចាស់ចោលឱ្យអស់ ហើយចាប់ពីពេលនេះតទៅ នាងផ្តោតតែម៉្យាងគត់ គឺការត្រៀមធ្វើជាកូនក្រមុំរបស់លោកសុខលី ក្នុងពេលឆាប់ៗនេះហើយ៕