តារាកូនកាត់ចិន នាងប៉ាច គីមមួយ ដែលមានសាច់រលើបរលោងម៉ដ្ឋខៃនោះ បន្ថែមការចាប់អារម្មណ៍បន្ថែមទៀតដល់អ្នកគាំទ្រនាង តាមរយៈការលេងខ្លួនកាន់តែប្លែកជាងមុននោះ គឺស្លៀកឈុតពណ៌ទឹកក្រូច ហើយខោនាងមានចោះរហែកៗ តាំងពីគល់ភ្លៅដល់ជើង ដែលធ្វើឱ្យលេចចេញសាច់ដូចបណ្តូលចេកនោះ នាំឱ្យប្រុសៗកាន់តែគ្រឺតក្នាញ់ស្រីស្អាតថែមទៀត។
អ្នកចម្រៀងច្រៀងបានទាំងបទខ្មែរ, ចិន និងអង់គ្លេសនេះ មានក្បាច់រាំកាន់តែសាហាវជាងមុនផងដែរ តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីប្រគំតន្ត្រី “Carabao Spark Concert 2018” នៅថ្ងៃអាទិត្យ ទី១២ ខែសីហា នោះ តាមរយៈការលើកយកបទថ្មីៗ ៤បទ មកបង្ហើរសំនៀង ដូចជាបទ “ចង់កាត់ភ្លៀងជាមួយបង”, “ពូដាក់ឱ្យអែម”, “Dope Girl” និងបទ “Fack” ហើយមានអ្នកគាំទ្រទៅហែហមស្រីស្អាតតូចច្រឡឹងរូបនេះដល់ឆាកតន្ត្រីផងដែរ។
ប៉ាច គីមមួយ បានឱ្យដឹងថា នេះជាលើកទី២ សម្រាប់នាងដែលបានឡើងច្រៀងលើឆាកតន្ត្រី “Carabao Spark Concert 2018” ហើយនាងរីករាយ ព្រោះមាន Fan មកគាំទ្រដល់បន្ទប់ផ្លាស់សម្លៀកបំពាក់។
ស្រីស្រស់រូបនេះបន្ថែមថា សម្រាប់អាជីពចម្រៀងនាងនៅរដូវស្សានេះ នៅតែមានភាពរវល់ហូរហែរដែរ តាមរយៈការច្រៀងកម្មវិធីផ្សេង ហើយនាងគ្មានគម្រោងចេញទៅច្រៀងនៅបរទេសឡើយ ព្រោះថា គេហៅចំតែពេលនាងជាប់ការងារនៅក្នុងស្រុកដែរ។
តាមព័ត៌មានថា ក្រោយពីថតបញ្ចប់រឿង “បិសាចគួរឱ្យស្រលាញ់” មកពេលនេះ នាងគីមមួយ ត្រូវបានហង្សមាស ជំរុញឱ្យនាងថតរឿងភាគថ្មីមួយទៀត ដែលជាតួអង្គសំខាន់ម្នាក់ មិនមែនជាតួឯកឡើយ។ ប៉ុន្តែ នៅពេលសាកសួររឿងថ្មីនោះ នាងគីមមួយ បែរជាមិនហ៊ាននិយាយ មិនដំណើរការថតនោះទេ ព្រោះខ្លាចត្រូវក្រុមហ៊ុនហង្សមាស ស្តីបន្ទោស។
អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ តែមិនបានកាន់ពាន ព្រោះមិនអាចយកឈ្នះប៊ុត សីហា រូបនេះ បញ្ជាក់ថា ភាពយន្តថ្មីនោះ នាងនឹងចេញថតនៅចុងខែសីហា នេះហើយ តែការលេងតួយ៉ាងម៉េចនោះ នាងពិតជាមិនអាចនិយាយបានមែន មុនពេលដែលថតរឿងនោះ ព្រោះជាលក្ខខណ្ឌក្រុមហ៊ុនតម្រូវ តែនាងយល់ថា សម្រាប់តារាចម្រៀង បើសម្តែងភាពយន្ត ហើយលេងបានល្អនោះ វាអាចបង្កើនកេរ្តិ៍ឈ្មោះ បានមួយកម្រិតថែមទៀតជាមិនខាន។
ក្រៅពីប៉ាច គីមមួយ តារាចម្រៀងដែលអង្រួនឆាកតន្ត្រី “Carabao Spark Concert 2018” នៅសប្តាហ៍នេះ មានដូចជា លោកបញ្ញា សិទ្ធ, ក្រុម៤ Nix និង One Top៕