Monday, November 18, 2024
Homeតារាខ្មែរវ៉ាន់ នីឡា ដើរចេញពីសាលាឧទ្ធរណ៍ព្រឹកមិញ ទាំងអស់សង្ឃឹម

វ៉ាន់ នីឡា ដើរចេញពីសាលាឧទ្ធរណ៍ព្រឹកមិញ ទាំងអស់សង្ឃឹម

តារាចម្រៀងផលិតកម្មភ្លេងរីខដ នាងសុខ ចិន្ដា ហៅវ៉ាន់ នីឡា បានចូលខ្លួនទៅបំភ្លឺនៅសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ តាមដីកាកោះលេខ១១២១ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ដែលបានបង្គាប់ឲ្យឈ្មោះសុខ ចិន្ដា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខB1 ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងដីការនោះកំណត់ឲ្យនាងសុខ ចិន្ដា ចូលខ្លួនមកសាលាឧទ្ធរណ៍​នៅថ្ងៃទី១៥ ខែសីហា វេលាម៉ោង៨និង០០នាទីព្រឹក​ នៅបន្ទប់សវនការទី២ ជាកំណត់​ ដើម្បីជំនុំជម្រះលើជនជាប់ចោទឈ្មោះគុយ សិទ្ធិស័ក្ក ជាប់ចោទពីបទហិង្សាដោយចេតនា និងចែកចាយរូបអាសអាភាស។ សវនការនេះមានក្រុមប្រឹក្សាជំនុំជម្រះ លោកប៉ាន ច័ន្ទសំបូរ ប្រធាន ,​ លោកយន់ ណារ៉ុង ជាចៅក្រមប្រឹក្សា , លោកស្រីយ៉េត ម៉ូលីន ជាចៅក្រមប្រឹក្សា និងក្រឡាបញ្ជី លោកស្រីវង្ស ច័ន្ទបុប្ផា ។

ក្នុងជំនួបតាមទូរស័ព្ទ​ តារាចម្រៀងវ៉ាន់ នីឡា បានឲ្យដឹងថា នាងបានទៅបង្ហាញខ្លួនតាមពេលកំណត់របស់សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី១៥ ខែសីហា តែអ្វីដែលនាងខកចិត្តនោះ ជនជាប់ចោទ លោកគុយ សិទ្ធិស័ក្ក នោះ មិនបានចូលទៅបង្ហាញខ្លួនឡើយ គឺមានតែមេធាវីជាអ្នកចូលខ្លួនជំនួស ហើយបានសុំលើកពេលចំពោះសវនាការនេះ មិនដឹងជាពេលណាកំណត់ថ្ងៃជំនុំជម្រះលើសំណុំរឿងនេះសារជាថ្មីឡើយ។

សុខ ចិន្ដា ហៅវ៉ាន់ នីឡា និយាយទាំងអួលដើមក និងស្រងាកចិត្តថា ”ជនជាប់ចោទ (គុយ សិទ្ធិស័ក្ក) អត់ទៅបង្ហាញខ្លួនទេ មានតែមេធាវីរបស់គេ។ និយាយទៅ ចូលទៅសាលាឧទ្ធរណ៍ព្រឹកមិញនេះ ដូចជាមិនបានការអីទេ ព្រោះមេធាវីរបស់គេសុំលើកពេលជំនុំជម្រះលើសំណុំរឿងនេះហើយខ្ញុំមិនដឹងថា ពេលណាគេកំណត់ថ្ងៃជំនុំជម្រះសារជាថ្មីឡើងវិញនោះទេ ? តើគេចង់ទុករឿងនេះប៉ុន្មានឆ្នាំទៀត បានដោះស្រាយនោះ ខ្ញុំមិនដឹងទេបង …”។

ជាមួយសំឡេងស្រងូតស្រងាត់ហាក់អស់សង្ឃឹមចំពោះប្រព័ន្ធតុលាការនោះ តារាចម្រៀងវ៉ាន់ នីឡា ហាក់រងការឈឺចាប់ខ្លាំងដោយសារតែសំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បង្គាប់ឲ្យជនជាប់ចោទ គុយ សិទ្ធិស័ក្ក បង់ប្រាក់ជំងឺចិត្តចំនួន២០០លានរៀន និងទទួលទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំនោះ តែពេលនេះមានរយៈពេល១ឆ្នាំគត់ សាលក្រមនោះមិនត្រូវបានអនុវត្តន៍ឡើយ។ ផ្ទុយទៅវិញ ជនជាប់ចោទគុយ សិទ្ធិស័ក្ក ដែលជាកូនមន្រ្ដីធំនេះនៅតែមានសិទ្ធសេរីភាពដើរហើរជាធម្មតា និងថ្មីៗនេះ ថែមទាំងបង្ហាញរូបភាពកៀកកើយជាមួយសង្សារថ្មី ដោយសេចក្ដីសុខ គ្មានកង្វល់រឿងឡើងតុលាការឡើយ។

លោកសុខ ជំនោរ បងប្រុសតារាចម្រៀងវ៉ាន់ នីឡា បានថ្លែងសារទាំងមិនសូវមានជំនឿលើប្រព័ន្ធតុលាការស្រុកខ្មែរ ឡើយ ព្រោះតុលាការមិនបានអនុវត្តសាលក្រមលើសំណុំរឿងប្អូនស្រីរបស់លោក រយៈពេល១ឆ្នាំមកនេះ។

លោកជំនោរ ថ្លែងថា ”ឆ្នាំមុន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ សាលក្រមសាលាដំបូង,​ឆ្នាំនេះ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នាងមកសាលាឧទ្ធរណ៍ តាមការប្ដឹងទាស់ គិតទៅ១ឆ្នាំគត់។ ឱ‌! អ្នកស្រុកខ្មែរអើយ ឱ! អ្នកអត់បក្សស្រុកខ្មែរអើយ ដូចគេថា “រស់បានដល់ពេលណា?” ជនជាប់ចោទមានមុខរបរជាមន្ដ្រីរាជការ (ចម្លែកឬមិនចម្លែក?”។

វ៉ាន់ នីឡា បានបាត់បង់ការងារ និងអាជីពសិល្បៈទាំងស្រុង ក្រោយពេលដែលរូបភាពអាក្រាតកាយរបស់នាង ត្រូវបានបែកធ្លាយ ស្របពេលដែលរឿងស្នេហានាងជាមួយបន្ដ្រីប៉ូលិស លោកគុយ សិទ្ធិស័ក្ក បានដើរដល់ផ្លូវបំបែកទាំងចម្រូងចម្រាស។ តារាចម្រៀងភ្លេងងរីខដ នាងវ៉ាន់ នីឡា ក៏បានដាក់ពាក្យប្ដឹងអតីតសង្សារ លោកគុយ សិទ្ធិស័ក្ក ទៅតុលាការ ពីបទហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ហើយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ សាលាដំបូងបានប្រកាសសាលក្រមលើសំណុំរឿងនេះ ដោយឲ្យជនជាប់ចោទបង់លុយសងជំងឺចិត្តទៅនីឡា ២០០លានរៀល និងផ្ដន្ទាទោស១ឆ្នាំ។ តែពេលនេះ នាងសុខ ចិន្ដា ហៅនីឡា អះអាងថា សូម្បីតែលុយ១សេន ក៏នាងមិនទាន់បានទទួលសងជំងឺចិត្តពីជនជាប់ចោទដែរ ហើយអ្វីដែលធ្វើឲ្យនាងកាន់តែអស់សង្ឃឹម និងមានជំនឿចិត្តលើតុលាការកាន់តែតិចទៅៗនោះ សំណុំរឿងដែលនាងទន្ទឹងចាំរយៈពេល១ឆ្នាំគត់នេះ ត្រូវបានលើកពេលជំនុំជម្រះ និងមិនដឹងកំណត់ការកោះហៅជាថ្មីនៅពេលណាឡើយ។

តារាចម្រៀងរូបនេះ ថ្លែងទាំងតូចចិត្តថា “នាងសូមលើកដៃសំពះអង្វរលោកតុលាការ មេត្តាជួយរកយុត្តិធម៌ឲ្យនាងឲ្យបានឆាប់ៗផង បើមិនអ៊ីចឹងទេ ប្រព័ន្ធតុលាការ នឹងត្រូវពលរដ្ឋសាមញ្ញ រងគ្រោះដូចជារូបនាងអស់ជំនឿទាំងស្រុងជាមិនខាន៕

RELATED ARTICLES