Monday, November 18, 2024
Homeតារាខ្មែរភិន សុដាលីស ៖ ”ខ្ញុំចង់! ខ្ញុំពិតជាចង់ក្លាយខ្លួនទៅជាអ្នកដឹកនាំសម្ដែងកុនអាជីពម្នាក់"

ភិន សុដាលីស ៖ ”ខ្ញុំចង់! ខ្ញុំពិតជាចង់ក្លាយខ្លួនទៅជាអ្នកដឹកនាំសម្ដែងកុនអាជីពម្នាក់”

ភិន សុដាលីស ដែលគ្រប់គ្រងតំណែងជាតួឯកស្ទើរគ្រប់រឿងរបស់ផលិតកម្មមហាហង្ស ដែលជាកម្មសិទ្ធរបស់ឪពុកនាង លោកអ៊ិន សុភិន ហើយរូបនាងក៏ជាអ្នកគ្រប់គ្រងផលិតកម្មនេះផ្ទាល់នោះ បានបង្ហើបឲ្យដឹងថា នាងចង់ក្លាយទៅជាអ្នកដឹកនាំសម្ដែងរឿងភាគ និងខ្នាតភាពយន្ដធំ នាពេលអនាគត។ ការថ្លែងរបស់តារាកូន១ សុដាលីស នោះ ក្នុងពិធីដែលនាងបានទៅចូលរួមកម្មវិធីគម្រប់ខួប១ឆ្នាំ របស់ក្រុមហ៊ុន Soyo ដែលជាវេទិកានៃការជួបជុំគ្នារបស់តួសម្ដែង អ្នកនិពន្ធ អ្នកផលិត និងអ្នកដឹកនាំរឿង កាលពីល្ងាចថ្ងៃទី១៧ ខែសីហា នៅក្បែរអគារវឌ្ឍនៈ។

ភិន សុដាលីស បានទៅចូលរួមក្នុងសភាពរាងឡើងគីឡូបន្ដិច ហើយនាងថា ពិតជារីករាយសម្រាប់កម្មវិធីនោះ ព្រោះអាចធ្វើឲ្យអ្នកដែលពាក់ព័ន្ធក្នុងវិស័យភាពយន្ដ បានជួបជុំគ្នា ពិភាក្សាគ្នា ដែលនឹងអាចធ្វើឲ្យភាពយន្ដខ្មែរ មានការរីកចម្រើន។

តារាកូន១រូបនេះ បានឲ្យដឹងថា ”ខ្ញុំពេញចិត្តក្នុងការចូលរួមកម្មវិធីនេះ ព្រោះវាជាឱកាសមួយដែលធ្វើឲ្យខ្ញុំបានជួបបងៗអ្នកដឹកនាំ អ្នកនិពន្ធដោយផ្ទាល់ ហើយវេទិកានេះយើងជជែកគ្នាក្នុងន័យធ្វើយ៉ាងណាដើម្បីឲ្យកុនខ្មែរយើង ឈានទៅមុខ។ ខ្ញុំតាមដានរហូតចំពោះកម្មវិធីរបស់ Soyo នេះ ដែលមានភាពយន្ដល្អសម្រាប់ឲ្យយើងយកចំណុចល្អរបស់គេមកសិក្សា ហើយបន្ថែមនូវសមត្ថភាព និងចំណេះដឹងដល់ខ្លួនឯង”។

ឆ្លើយតបសំណួរថា តើសុដាលីស ចង់ក្លាយខ្លួនទៅជាអ្នកដឹកនាំសម្ដែងកុនដែរឬអត់នោះ?

តារាដែលចែកផ្លូវគ្នាជាមួយអតីតសង្សារ លោកប៉ែន ចំរ៉ុង នោះ បានឲ្យដឹងថា ”ខ្ញុំចង់! ខ្ញុំពិតជាចង់ក្លាយខ្លួនទៅជាអ្នកដឹកនាំសម្ដែងកុនអាជីពម្នាក់នៅពេលអនាគត។ ឥឡូវនេះបានត្រឹមតែចង់ទេ យើងមិនអាចទាន់អាចធ្វើទៅបាន ព្រោះអីមានការរវល់ថតសម្ដែងផ្ទាល់ខ្លួន។ ប៉ុន្ដែខ្ញុំគិតថា បំណងរបស់ខ្ញុំនឹងបានសម្រេចនៅថ្ងៃណាមួយជាមិនខាន ប្រសិនបើយើងមានការតាំងចិត្ត គឺធ្វើអីក៏អាចទៅរួចដែរ គ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ”។

ក្រៅពីភិន សុដាលីស គេក៏ឃើញមានស្រីស្អាតដាឡែន និងអ្នកនិពន្ធដឹកនាំសម្ដែង លោកសុខ ជំនោរ , ហ៊ុយ យ៉ាឡេង , សុខ ចាន់ផល ជាដើម ដែលបានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនចំពោះការវិវឌ្ឍរបស់ភាពយន្ដខ្មែរ និងការដែលលោកធ្លាប់ជួបប្រទះនាពេលកន្លងមក ក្នុងអាជីពនេះ។

លោកជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Soyo  បានឲ្យដឹងថា “លោកបានបោះទុនអស់៥០ម៉ឺនដុល្លាហើយ ទៅលើ Soyo ដែលដំណើរការបាន១ឆ្នាំនេះ ហើយលោកក៏បានប្រកាសទិញ និងវិនិយោគលើកុនជាមួយផលិតករខ្មែរ ដោយបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ លោកនឹងគ្រោងវិនិយោគប្រាក់បន្ថែមទៀត ដោយផ្ដោតទៅលើការទិញភាពយន្ដបែបច្នៃប្រឌិតថ្មីៗ ដោយសហការជាមួយផលិតករ មានដូចជា Web Series, Short Films ឬ Short Feature Film។

ទស្សនិកជនរង់ចាំមើលថា ភិន សុដាលីស នឹងប្រើពេលប៉ុន្មានឆ្នាំទៀត ទើបអាចសម្រចបំណងក្លាយខ្លួនទៅជាអ្នកដឹកនាំសម្ដែងភាពយន្ដនោះ ខណៈពេលនេះ នាងកំពុងថតភាពយន្ដ២រឿងព្រមគ្នា គឺរឿង ”កាំបិតមុខពីរ” របស់PNN និងរឿងដុំ ”ព្រលឹង”៕

RELATED ARTICLES