Monday, November 18, 2024
Homeតារាខ្មែរសុខ ពិសី មិនព្រមសារភាពស្នេហ៍

សុខ ពិសី មិនព្រមសារភាពស្នេហ៍

តារាចម្រៀងស្រីជួរមុខគេរបស់ហង្សមាស ឱក សុគន្ធកញ្ញា និងអ្នកចម្រៀងជើងខ្លាំងរបស់ផលិតកម្មថោន នាងមាស សុខសោភា សុទ្ធតែមានគូស្នេហ៍រៀងៗខ្លួនអស់ហើយ និងលែងមានការលាក់លៀមទៀតហើយ សម្រាប់ឆ្នាំ2018 នេះ ហើយពេលនេះ តារាចម្រៀងល្បីល្បាញ1គូនេះ កំពុងរួមរស់ជាមួយគូស្នេហ៍យ៉ាងមានសេចក្តីសុខ ក្រោមដំបូលវីឡាទ្រនំស្នេហ៍យ៉ាងប្រណីតដូចគ្នា ​គឺសុគន្ធកញ្ញា ផ្ញើប្រាណឱ្យប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី ចំណែកសោភា ផ្ញើខ្លួនឱ្យលោកគ្រូពេទ្យអ៊ឹត រ៉ាដា អាណិកជនខ្មែរ មកពីកាណាដា។

ដោយឡែក តារាដែលមានស្បែកសាច់រលើបរលោងម៉ដ្ឋខៃ នាងសុខ ពិសី របស់ផលិតកម្មសាន់ដេ វិញ បានប៉ះរឿងស្នេហ៍ដ៏រសើបជាមួយថៅកែក្មេងផលិតកម្មសាន់ដេ ជាច្រើនឆ្នាំដែរ ហើយតែរហូតមកដល់ពេលនេះ ទាំងពិសី និងលោកចំរើន នៅតែមិនហ៊ានសារភាពស្នេហ៍នោះទេ ដោយព្យាយាមមិនចង់និយាយរឿងនេះដូចគ្នា និងពេលខ្លះមិនពេញចិត្តឱ្យអ្នកកាសែតសួរនាំរឿងនេះទៀតផង។

មហាជនចង់ឃើញសុខ ពិសី បង្ហាញភក្តីភាពរឿងស្នេហាដូចឱក សុគន្ធកញ្ញា និងមាស សុខសោភា នៅពេលនេះដែរ ព្រោះថា បើនាងភ្ជាប់ស្នេហ៍ជាមួយលោកថៅកែក្មេងសាន់ដេ មែន គឺជារឿងល្អមួយ ដែលធ្វើឱ្យអ្នកគាំរតរបស់នាងសប្បាយចិត្តជាមិនខាន ព្រោះលោកឡាយ សុខចំរើន មិនទាន់មានប្រពន្ធកូនហើយ ជាមនុស្សដែលមានទំនាក់ទំនងល្អក្នុងសិល្បៈ ជាមួយតារាទូទៅផងដែរ។ ប៉ុន្តែគេអាចសន្និដ្ឋានបានថា បើពិសី នៅតែមិនហ៊ានសារភាពស្នេហ៍ដូចសុគន្ធកញ្ញា និងសុខសោភា នោះ ច្បាស់ណាស់ថា គ្មានហេតុផលណាក្រៅពីនាងខ្លាចប៉ះពាល់ដល់អាជីពសិល្បៈនោះឡើយ ព្រោះថា ពេលនេះកំពុងត្រូវប៉ាន់ទាំងអាជីពចម្រៀង និងការថតស្ពតពាណិជ្ជកម្ម។ ប៉ុន្តែការលាក់ស្នេហារបស់សុខ ពិសី នេះដែរ ត្រូវបានអតីតតារាភាពយន្តជើងចាស់ អ្នកស្រីឌី សាវ៉េត  បានអះអាងថា មិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះតារាល្បី ទោះជាមានប្តីកូនទៅហើយ ក៏នៅតែល្បីដដែល ព្រោះសម្អាងថា ទស្សនិកជននៅតែត្រូវការស្តាប់បទចម្រៀង និងមើលការសម្តែងរបស់ពួកគេអ៊ីចឹង។

តារាភាពយន្តជើងចាស់នេះ បានបញ្ជាក់ដែរថា “លើកលែងតែគូស្នេហ៍ទាំងសងខាង មិនមានភាពស្មោះត្រង់ និងខ្វះទំនុកចិត្តលើគ្នា ដោយមានការពាក់ព័ន្ធជាមួយអ្នកផ្សេងទៀតនោះ ទើបអាចមានរឿង ហើយប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះជាមិនខាន”។

តារាភាពយន្តដែលមានបទពិសោធន៍ជោគជាំអ្នកស្រីឌី សាវ៉េត និយាយសង្កត់ធ្ងន់ដែរថា ចំពោះគូស្នេហ៍មួយចំនួន ពួកគេរួមរស់នៅជាមួយគ្នាមុនរៀបការ ហើយមានក្រុមគ្រួសារទាំងសងខាងដឹងឮនោះ មិនជាបញ្ហាចោទនោះទេ។ តែយ៉ាងណា ពួកគេមិនអាចលាក់លៀម ឬគេចវេះការរៀបការបានរហូតនោះឡើយ ព្រោះថា ធម្មជាតិបង្កើតមនុស្សមក គឺត្រូវតែមានគូ មិនអាចអ្នកណារស់នៅម្នាក់ឯងបានរហូតនោះឡើយ។

សុខ ពិសី បានឈានចូលច្រៀងនៅផលិតកម្មសាន់ដេ ក្រោយពេលដែលនាងបានផ្អាកពីសិល្បៈមួយរយៈធំ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យបាត់បង់ជីវិតអ្នកម្តាយ និងសាច់ញាតិនាងមួយចំនួននោះ។

រយៈពេលជិត10ឆ្នាំ នៅសាន់ដេ នេះ ពិសី ត្រូវបានផលិតកម្មនេះយកចិត្តទុកដាក់ ដោយផ្តល់ទាំងបទចម្រៀងល្អៗ និងតំណែងជាតួឯកជាបន្តបន្ទាប់ ទើបអំឡុងពេល2ឆ្នាំចុងក្រោយនេះ ធ្លាយរឿងថា ពិសី មានស្នេហាជាមួយលោកថៅកែសាន់ដេ ដោយសារគេឃើញសកម្មភាពអ្នកទាំង2 ស្និទ្ធស្នាលគ្នាចម្លែក និងពេលខ្លះបានជិះរថយន្តជាមួយគ្នាដូចក្រុមគ្រួសាតែមួយនោះ។ តែពិសី នៅតែប្រកាន់ជំហរថា នាងនិងលោកចំរើន រាប់អានគ្នាជាមេនិងកូនចៅ មិនមែនជាអូននិងបងទេ។ ការវាចារបស់ពិសី បែបនេះ មិនសូវត្រូវបានអ្នកសិល្បៈរួមអាជីពជឿជាក់ច្រើននោះ ទេ តែផ្ទុយទៅវិញ បែរជាមានតារាខ្លះនិយាយដៀមដាមដាក់នាងទៅវិញថា តើប្រឹងលាក់ដល់ពេលណាទៀតទៅ បើគេដឹងអស់ទៅហើយ? សុខ ពិសី មិនតតបនោះទេ ហើយនាងធ្លាប់ប្រាប់អ្នកកាសែតថា បុរសណាដែលនាងជ្រើសជាគូស្នេហ៍ គឺទាល់តែពេលនាងចែកធៀបការ ទើបដឹងទាំងអស់គ្នា តែពេលនេះនាងសូមផ្តោតលើការច្រៀងសម្តែងឱ្យបានល្អជាងនេះ មិនចាំបាច់បង្ហាញមុខគូស្នេហ៍ឡើយ៕

RELATED ARTICLES