ស្រីស្អាតសម្រស់លេចធ្លោជាងគេនៅផលិតកម្មថោន នាងរ៉ាប៊ី ដែលល្បីល្បាញបទ “មាន់ស្រែ”បានក្លាយជាទូតសុឆន្ទៈ របស់ក្រុមហ៊ុនទូរស័ព្ទ Camfone ដោយតាមព័ត៌មានថា តារាដែលពូកែរាំនេះបានចុះកុងត្រារយៈពេល១ឆ្នាំ ហើយនាងទទួលបានតម្លៃខ្លួន១ម៉ឺនដុល្លារ។
ប្រភពបានឱ្យដឹងថា រ៉ាប៊ី ក្នុងនាមជា Ambassador របស់ Camfone នោះ រាល់ការច្រៀងតាមកម្មវិធីផ្សេងៗ នាងក៏ត្រូវបានក្រុមហ៊ុនគិតលុយឱ្យដូចច្រៀងកម្មវិធីផ្សេងៗផងដែរ។
ក្នុងជំនួបផ្ទាល់កាលពីថ្ងៃអាទិត្យ រ៉ាប៊ី បានឱ្យដឹងថា នាងពិតជាចុះកុងត្រាជាមួយ Camfone មែន ហើយសប្បាយចិត្តដែលបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនល្បីមួយនេះ ហើយការងារដែលនាងត្រូវធ្វើ គឺមានការផ្សព្វផ្សាយតាមរយៈស្ពត៣លើក ទាំងរូបហ្វិក និងវីដេអូ។ ដោយឡែក សម្រាប់ការច្រៀងកម្មវិធីរបស់ក្រុមហ៊ុន គឺត្រូវក្រុមហ៊ុនទូទាត់ឱ្យលុយមែន។ ចំពោះតម្លៃខ្លួនដែលនាងទទួលបានពីការចុះកុងត្រា រយៈពេល១ឆ្នាំនេះ គឺមានតម្លៃជិត១ម៉ឺនដុល្លារ។
តារាចម្រៀងផលិតកម្មថោន នាងរ៉ាប៊ី បានឱ្យដឹងដែរថា ក៏មានបណ្តាក្រុមហ៊ុនរក្សាសម្រស់ ផ្នែក Cosmetic មួយចំនួនទៀត បានទាក់ទងឱ្យនាងនាងថតស្ពតដែរ ប៉ុន្តែ ស្ថិតក្នុងដំណាក់កាលចរចាគ្នានៅឡើយ ហេតុនេះហើយបានជានាងមិនទាន់ហ៊ាននិយាយឱ្យច្បាស់លាស់។
ផាន វីរ៉ាទី ហៅរ៉ាប៊ី ជាអតីតពិធីការិនីទូរទស្សន៍ហង្សមាស ដែលបានលោតចូលផលិតកម្មថោន ហើយមានរាសីឡើងខ្ពស់ តាមរយបទចម្រៀងផ្ទុះអំឡុងពេលចូលឆ្នាំខ្មែរ គឺបទ “មាន់ស្រែ” នាំឱ្យទីផ្សារចម្រៀងនាងហក់លោតឡើងស្ថិតក្នុងតំណែងលេខ២ នៅថោន បន្ទាប់ពីនាងមាស សុខសោភា។ ក្រោយល្បីបទ “មាន់ស្រែ” នោះ ពេលនេះ រ៉ាប៊ី បានចេញបទថ្មីមួយទៀត ដែលសង្ឃឹមមានការគាំទ្រច្រើនពីមហាជន គឺបទ “លុយ លុយ លុយ” ហើយនាងសង្ឃឹមថា បទនេះនឹងធ្វើឱ្យនាងមានទីផ្សារកាន់តែទូលាយ ក្រោយចេញជា Full MV នាពេលខាងមុខ ដែលមានការសម្រិតសម្រាំងយ៉ាងពិសេសផងដែរ។ មូលហេតុដែលរ៉ាប៊ី ចេញបទ “លុយ លុយ លុយ” នេះ ត្រូវបានតារាថោន អះអាងថា ដោយសារសម័យនេះ ធ្វើអីក៏លុយដែរ អ៊ីចឹងត្រូវតែចេញបទនេះ។ តែស្រីស្អាតរ៉ាប៊ី បែរជាអះអាងថា បើសិនជានៅសុខៗ មានគេយកលុយមកឱ្យ តែជាថ្នូរស្នេហាលួចលាក់នោះ នាងមិនយកកទៅលអន្ទាក់នោះទេ ព្រោះខ្លាចជាប់ទ្រុង រើខ្លួនមិនរួច៕