Monday, November 18, 2024
Homeតារាខ្មែរទេព រិនដារ៉ូ លេងកំប្លែងលើកដំបូង ប៉ះជាមួយសាឡាត់ ស្រីឡាង ក្នុងរឿង ”វិញ្ញាណទីងមោង”

ទេព រិនដារ៉ូ លេងកំប្លែងលើកដំបូង ប៉ះជាមួយសាឡាត់ ស្រីឡាង ក្នុងរឿង ”វិញ្ញាណទីងមោង”

តារាជើងចាស់ លោកទេព រិនដារ៉ូ បាននាំស្រីក្មេង នាងសាឡាត់ ស្រីឡាង ហែទីងមោងផ្អើលអស់អ្នកដំណើរនៅអេដិនហ្គាឌិន ដែលជារោងភាពយន្ដ Legend បឹងកក់ ក្នុងកម្មវិធីសម្ពោធខ្សែភាពយន្ដខ្នាតធំ រឿង ”វិញ្ញាណទីងមោង” របស់ផលិតកម្ម LD Picture។

នេះជាលើកទី១ហើយ ដែលលោកទេព រិនដារ៉ូ បានសម្ដែងជារឿងកំប្លែង ហើយប៉ះជាមួយស្រីក្មេង នាងសាឡាត់ ស្រីឡាង ទើបធ្វើឲ្យមានឈុតស្នេហារវាងតារាសម្ដែងខុសវ័យទាំង២ ហាក់ពិបាកបន្ដិច ព្រោះតែនៅក្រៅឆាក នាងសាឡាត់ ស្រីឡាង តែងតែហៅលោកទេព រិនដារ៉ូ ថា ”ប៉ារ៉ូៗ” តែពេលចាប់ដៃគ្នាលេង ”វិញ្ញាណទីងមោង” នេះ ស្រាប់តែលោកដារ៉ូ ហៅស្រីឡាង ថា ”អូនៗ” ហើយស្រីឡាង ហៅលោកដារ៉ូ ថា ”បងៗ” ទៅវិញដែរ ដើម្បីឲ្យស៊ីចង្វាក់គ្នាពេលដែលត្រូវលេងឈុតស្នេហាឱបថើបនោះ។

តារាសម្ដែងវ័យក្មេង នាងសាឡាត់ ស្រីឡាង វាចាថា ”ដំបូងពិបាកដែរ ពេលដែលលេងជាពូរ៉ូ ព្រោះជាទម្លាប់ នៅក្រៅឆាកខ្ញុំហៅគាត់ថា ”ប៉ារ៉ូៗ” ហើយដល់ពេលលេងឈុតស្នេហាជាមួយរៀមច្បងអ៊ីចឹង មិនស្រួលទេ ពិបាកដែរហ្នឹង តែយើងសម្របខ្លួនតាមហ្នឹងទៅ។ ឈុតដែលខ្ញុំពិបាកជាងគេបំផុតក្នុងរឿងនេះ ត្រង់ពេលខ្លះខ្ញុំប្រើសំដីធ្ងន់ៗដាក់គាត់ទៅតាមប៉ារ៉ូលគេឲ្យ តែលេងចប់ ខ្ញុំសូមទោសគាត់ ហើយប្រាប់ថា ប៉ារ៉ូ កុំប្រកាន់កូនអី ធ្វើម៉េចបើគេឲ្យប៉ារ៉ូលមកឲ្យកូននិយាយអ៊ីចឹង។ ខ្ញុំមានជំនឿចិត្ត ៥០% សម្រាប់រឿងនេះ និងទុកឲ្យមហាជនវាយតម្លៃ៥០%ទៀត ពេលដែលពួកគាត់មកទស្សនាហើយ”។

ក្រៅពីលេងឈុតស្នេហ៍ខុសវ័យនោះ រឿង ”វិញ្ញាណទីងមោង” នេះ ក៏ធ្វើឲ្យគេចាប់អារម្មណ៍ថែមទៀត តាមរយៈថ្ងៃបើកសម្ពោធ  មានទីងមោងឡើងរាំលើឆាក ហើយលោក BIG ដែលជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនេះដែរ បានឲ្យដឹងថា រឿងនេះមានការអប់រំច្រើនពីអបិយជំនឿ ទៅលើទីងមោង ព្រោះកន្លងមក គេច្រើនតែឃើញទីងមោងនៅតាមខេត្ត ឬកម្មវិធីបុណ្យទានផ្សេងៗ តែពេលនេះយើងបានយកមកផលិតជាខ្សែភាពយន្ដហើយ និងអ្វីជាពិសេសនោះ គឺមានលោកទេព រិនដារ៉ូ លេងកំប្លែងលើកដំបូងក្នុងរឿងនេះតែម្ដង អ៊ីចឹងទស្សនិកជននឹងបានប្លែកអារម្មណ៍ជាមិនខាន។

លោកទេព រិនដារ៉ូ បានឲ្យដឹងថា ”រឿងនេះមានឈុតកំប្លែងច្រើន អ៊ីចឹងពិបាកដែរ ដែលខ្ញុំសម្ដែងភាពយន្ដយូរមកហើយ តែយើងគ្មានទេពកោសល្យខាងកំប្លែងហ្នឹងទេ បាននាយគ្រឿន ជួយច្រើន។ វាជាជំហានថ្មីរបស់ខ្ញុំក្នុងការលេងកំប្លែងក្នុងរឿងនេះ ព្រោះកន្លងមក ខ្ញុំធ្លាប់តែលេងជាតួស្លូត កម្សត់អី តែលើកនេះ មានប៉ារ៉ូលកំប្លែងច្រើនដែលជាបែបផែនផ្សេងទៀតសម្រាប់ខ្ញុំ។ ខ្ញុំឃើញកន្លងមក LD គាត់ធ្វើរឿងយកគុណភាព អ៊ីចឹងរឿងនេះ ខ្ញុំជឿជាក់លើក្រុមការងាររបស់គាត់ដែរថា នឹងមានទស្សនិកជនចាប់អារម្មណ៍ច្រើន”។

ក្រៅពីលោកទេព រិនដារ៉ូ និងស្រីស្អាតសាឡាត់ ស្រីឡាង នោះ រឿង ”វិញ្ញាណទីងមោង” មានការចូលរួមសម្ដែងដោយលោក BIG, ងួន សុបិន្ទ, Dj កាកា និងតារាប្រុសស្រីជាច្រើនដួងទៀត។

ចំណែកលោកលៀក លីដា ថៅកែផលិតកម្ម LD Picture បានឲ្យដឹងដែរថា “រឿង ”វិញ្ញាណទីងមោង” ផលិតអស់ថវិកាច្រើនម៉ឺនដុល្លារ ព្រោះមានតារាល្បីៗចូលរួមសម្ដែង ហើយរឿងនេះចាប់ដាក់បញ្ចាំងគ្រប់រោងភាពយន្ដទំនើបៗទាំងអស់នៅភ្នំពេញ និងសៀមរាប ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នេះតទៅ”។

លោកលីដា ក៏បានអំពាវនាវឲ្យប្រជាជនខ្មែរចូលរួមគាំទ្រភាពយន្ដខ្មែរ ដើម្បីឲ្យផលិតករទាំងអស់មានកម្លាំងចិត្តផលិតរឿងថ្មីៗជាបន្ដរទៀត៕

RELATED ARTICLES