Monday, November 18, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា សង្សារចាស់ថ្លែងសារខូចចិត្ត

ឱក សុគន្ធកញ្ញា សង្សារចាស់ថ្លែងសារខូចចិត្ត

អតីតសង្សារឱក សុគន្ធកញ្ញា តន្ត្រីកររ៉េតធី ដូណា ដែលមុននេះអះអាងថា ការភ្ជាប់ពាក្យ ឬរៀបការរបស់សុគន្ធកញ្ញា ជាមួយសង្សារថ្មី លោកអ៊ឹង សុខលី គ្មានអ្វីធ្វើឱ្យលោកភ្ញាក់ផ្អើលបន្តិចនោះ ស្រាប់តែពេលនេះបែរជាច្រៀង និងថ្លាថ្លែងសារបែបខូចចិត្ត ព្រោះស្តាយបណ្តូលចិត្តបានទៅគេវិញ។ ការរៀបរាប់សារខូចចិត្តរបស់លោករ៉េតធី ដូណា ដែលថា លោកមិនមែនជាបុរសអស្ចារ្យ និងខ្លាំងដូចឆ្នាំងអ៊ុតទេ គ្រាន់តែជាបុរសធាត់ម្នាក់ ដែលខូចចិត្តជារៀងរាល់ថ្ងៃនោះ បានធ្វើឱ្យតារាសិល្បៈរួមអាជីពជាច្រើន បានចូលទៅឱ្យយោបល់ថា សូមឱ្យលោករឹងប៉ឹងឡើង កុំខូចចិត្តដោយសាររឿងស្នេហាធ្វើអី ធ្វើម៉េចយើងមិនដល់គេឱ្យគេទៅឱ្យបានសុខចុះ យើងរកអ្នកថ្មីទៀត។

លោករ៉េតធី ដូណា ច្រៀងនិងថ្លែងសារស្នេហាយ៉ាងក្តុកក្តួលបែបជាអ្នកខូចចិត្តខ្លាំងថា “បងមិនមែនជា Super Man បងមិនខ្លាំងដូច Iron Man បងត្រឹមជាប្រុស Fat Man ខូចចិត្តរៀងរាល់ថ្ងៃ”។

ចំណងស្នេហាឱក សុគន្ធកញ្ញា និងតន្ត្រីកររ៉េតធី ដូណា បានរលត់ត្រឹមឆ្នាំ២០១១ ក្រោយពេលដែលអ្នកទាំង២ បានសាងអនុស្សារីយ៍ជាមួយគ្នាអស់ជាង៧ឆ្នាំមកហើយ មានព័ត៌មានថា ម្តាយសុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច មិនពេញចិត្តលោកដូណា ទើបមិនអាចបន្តទៅមុខបានទៀត។

យ៉ាងណា សុគន្ធកញ្ញា ធ្លាប់ធ្វើការច្រានចោល ដោយអះអាងថា ម្តាយរបស់នាងមិនស្អប់លោកដូណា នោះទេ ហើយទំនាក់ទំនងរវាងនាង និងលោកដូណា កន្លងមក គ្រាន់តែពេលខ្លះនាងមានការលោកដូណា ជួយធ្វើបទភ្លេង និងចាក់បទចម្រៀងឱ្យនាងច្រៀងតាមឆាក នាពេលកន្លងមកប៉ុណ្ណោះ។ ប៉ុន្តែ ការអះអាងរបស់សុគន្ធកញ្ញា មិនត្រូវបានគេជឿជាក់ឡើយ ព្រោះធ្លាប់លេចថា នាងនិងលោកដូណា មានស្នេហាជាមួយគ្នាតាំងពីឆ្នាំ២០០៤ អំឡុងពេលដែលអ្នកទាំង២ ធ្វើការជាមួយគ្នានៅផលិតកម្ម U2 ម៉្លេះ។

ឱក សុគន្ធកញ្ញា ជោគជ័យទាំងអាជីពចម្រៀង និងស្នេហាព្រមគ្នា នៅឆ្នាំ២០១៨ដែល ធ្វើឱ្យនាងមានប្រៀបជាងតារាផ្សេងៗទៀតនៅហង្សមាស ព្រោះពេលនេះនាងជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ទៅហើយ ក្រោយពីនាងបានភ្ជាប់ពាក្យកាលពីថ្ងៃទី១៨ ខែមិថុនា ជាមួយលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ដែលធ្វើឱ្យតារាស្រីល្បីឈ្មោះរូបនេះ កាន់តែមានខ្នងបង្អែក និងគ្រឹះដ៏រឹងមាំសម្រាប់ឈរជើងនៅក្នុងអាជីពចម្រៀង ដែលអាចល្បីល្បាញឈ្មោះបានជាយូរឆ្នាំតទៅទៀត ក្រោយពេលក្លាយជាភរិយាស្របច្បាប់របស់លោកសុខលី នៅពេលខាងមុខនេះ។

ដោយឡែក សង្សារចាស់សុគន្ធកញ្ញា លោកដូណា វិញ ក្រោយពេលដែលសុគន្ធកញ្ញា ផ្តាច់ស្នេហ៍នោះ ក៏ងាកទៅស្អំរបួសបេះដូង ដោយភ្ជាប់ស្នេហ៍ជាមួយស្រីស្អាតសាច់សខ្ចី នាងពេជ្រ អាវីហ្សា តែភ្លើងស្នេហានេះឆាបឆេះបានតែមួយប្រាវក៏រលត់បាត់ទៅវិញ ហើយចុងក្រោយ លោកដូណា មានតែដេកស្តាយក្រោយ ដោយច្រៀងថា ខូចចិត្តជារៀងរាល់ថ្ងៃ បន្ទាប់ពីសុគន្ធកញ្ញា ភ្ជាប់ពាក្យចោលទាំងមិននឹកស្មាននេះ។

ឱក សុគន្ធកញ្ញា ត្រូវបានលោកថៅកែហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន ពេញចិត្តនូវសមត្ថភាពទេពកោសល្យចម្រៀងរបស់នាងជាខ្លាំង ព្រោះនាងច្រៀងបានគ្រប់ទម្រង់ទាំងអស់ ទើបប្រគល់តំណែងឱ្យកាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោករបស់ទូរទស្សន៍ហង្សមាស ដែលមានអនាគតស្វាមីនាង លោកសុខលី ជាអ្នកគ្រប់គ្រង មានដូចជា The Voice Cambodia ,The Voice kids Cambodia និង Cambodian Idol ជាដើម។ ការលេចមុខធ្វើជាគ្រូបង្វឹក (Coach) របស់សុគន្ធកញ្ញា ក្នុងកម្មវិធីធំៗដែលតារាផ្សេងៗទៀតគ្មានឱកាសនេះ ត្រូវបានមជ្ឈដ្ឋានមហាជនយល់ថា ទោះជានាងចូលរោងការ និងមិនសូវឱ្យមានបទចម្រៀងច្រៀងដូចមុន ក៏តារាជិតក្លាយជាប្អូនថ្លៃលោកថៅកែហង្សមាស នេះ អាចទប់លំនឹងមិនឱ្យធ្លាក់ចុះបានដែរ តាមរយៈការចេញមុខតាកម្មវិធីទាំងនោះ។

យ៉ាងណា អ្នកជំនាញសិល្បៈបានព្រមានឱក សុគន្ធកញ្ញា ថា នៅពេលដែលនាងជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នោះ ប្រសិនបើនាងអាងមានខ្នងក្រាស់ ហើយប្រែប្រួល ចរិតពីមុនជិះសេះលែងដៃ លែងសូវមានបទថ្មីៗដូចមុននោះ ទីផ្សារចម្រៀងនាងអាចប្រែប្រួលគ្រប់ពេលជាមិនខាន ព្រោះមហាជនជាអ្នកកំណត់មិនមែនអនាគតប្តីជួយបានគ្រប់យ៉ាងទេ៕

RELATED ARTICLES