ភ្នំពេញ ៖ ជារឿងដ៏កក្រើក និងមិនធ្លាប់មានពីមុនមកសោះ ខណៈដែលជនសង្ស័យចិត្តស្លុយមួយក្រុម មានគ្នាប្រមាណ៥-៦នាក់ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ បានធ្វើសកម្មភាពសម្រុកចូលប្លន់ធនាគារមួយកន្លែងយ៉ាងគគ្លើនទាំងកណ្តាលថ្ងៃនៅកណ្តាលរាជធានីភ្នំពេញ និងបានប្រមូលយកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារ (ព័ត៌មានបឋម) រួចនាំគ្នារត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព។
ករណីប្លន់ដ៏កក្រើកខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ធនាគារ អ អេច ប៊ី ឥណ្ឌូឆាយណា (RHB Indochina Bank) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ចំណុចផ្នែកខាងក្រោម អគារវិទ្យាស្ថានវ៉ាន់ដា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ ៥-៦នាក់ ស្លៀកពាក់ស៊ីវិល បានជិះម៉ូតូ២គ្រឿង មកឈប់នៅលើចិញ្ចើមផ្លូវម៉ៅសេទុង មុខធនាគារ អ អេច ប៊ី ឥណ្ឌូឆាយណា ខាងលើ បន្ទាប់មក ក្រុមជនសង្ស័យទាំងនោះ ក៏បាននាំគ្នាដើរចុះពីលើម៉ូតូ សំដៅទៅរកសន្តិសុខឯកជនដែលកំពុងអង្គុយយាមប្រចាំការនៅខាងមុខធនាគារ រួចក៏ដកកាំភ្លើងភ្ជង់គំរាម បន្ទាប់មកជនសង្ស័យ២នាក់ បាននៅឈរចាំយាមផ្លូវនៅខាងក្រៅ ចំណែកបក្ខពួកផ្សេងទៀត បានចាប់អូសបុរសជាសន្តិសុខចូលទៅខាងក្នុងធនាគារ រួចក៏ធ្វើ សកម្មភាព ភ្ជង់គំរាមឱ្យបុគ្គលិកធនាគារប្រមូលលុយយកមកឱ្យពួកគេបានប្រមាណជាង១០ម៉ឺនដុល្លារ។ ក្រោយពីបានលុយដល់ដៃហើយ ក្រុមជនដៃដល់ក៏ប្រញាប់ប្រញាល់ចាកចេញពីធនគារវិញ រួចនាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់ភ្លាមៗ ដោយមិនបានបង្កឱ្យមានការផ្ទុះអាវុធ ឬធ្វើឱ្យបុគ្គលិកធនាគារ ឬមនុស្សណាម្នាក់ទទួលរងរបួសឡើយ គ្រាន់តែបង្កឱ្យទាំងបុគ្គលិក រួមទាំងភ្ញៀវដែលមានវត្តមាននៅក្នុងធនាគារ មានការភ័យស្លន់ស្លោ ភ្នែកនៅកញ្ចឹងកគ្រប់គ្នា និងមិននឹកស្មានដល់សោះថា ក្រុមចោរថ្លើមធំ ហ៊ានធ្វើសកម្មភាពប្លន់ធនគារទាំងកណ្តាលថ្ងៃ និងកណ្តាលរាជធានីភ្នំពេញបែបនេះសោះ។
យោងតាមវីដអូឃ្លីបដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពខាងក្នុងធនាគារ អ អេច ប៊ី ឥណ្ឌូឆាយណា ដែលត្រូវបានទម្លាយចេញ គេឃើញជនសង្ស័យ២នាក់ ស្ថិតក្នុងសំលៀកបំពាក់ស៊ីវិល ពាក់អាវសំណាញ់មានចំណាំផ្លាតពីក្រៅ (ដូចអាវក្រុមអ្នកបច្ចេកទេសសំណង់) ពាក់មួក ការពារសុវត្ថិភាព និងពាក់ម៉ាសក៍បិទមុខជិត ព្រមទាំងមានស្ពាយសាក់កាដូពីមុខ ដែលមើលទៅហាក់មានគំរោង និងជំនាញច្បាស់លាស់ បានរូត ចំហសាក់កាដូរបស់ខ្លួនរួចជាស្រេច បន្ទាប់មកក៏ប្រមូលលុយដាក់សាក់កាដូយ៉ាងប្រញាប់ប្រញាល់ និងរហ័សបំផុត។
ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន មានតាំងពីថ្នាក់ប៉ុស្តិ៍ អធិការដ្ឋានខណ្ឌ អគ្គស្នងការនគរបាលជាតិ រួមនាងមន្ត្រី ជំនាញមកពីក្រសួងមហាផ្ទៃ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងក្តៅគគុក តាមរយៈ ការសាកសួរព័ត៌មានពីសាក្សី ពិនិត្យទីតាំងកើតហេតុ ពិសេសពិនិត្យសកម្មភាពទាំងអស់តាមរយៈកាមេរ៉ាសុវត្ថិភាព ក្នុងបំណងកំណត់មុខសញ្ញាក្រុមជនសង្ស័យ ដើម្បីឈានដល់ការឃាត់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕
វីដេអូ ក្រុមចោរប្លន់ធនាគារ RHB Indochina កាលពីវេលាថ្ងៃត្រង់ នៅផ្លូវម៉ៅសេទុង ខាងក្រោយសាលាវ៉ានដារគណនេយ្យ
Posted by Nokor Thom Daily on Thursday, 23 August 2018