តារាកំប្លែង CTN នាយគ្រឿន បានជួយជ្រោមជ្រែងតារាសម្តែងជើងចាស់ លោកទេព រិនដារ៉ូ ជាច្រើន ក្នុងការសម្តែងរឿង “វិញ្ញាណទីងមោង” ដែលធ្វើឱ្យលោកដារ៉ូ សរសើរមិនដាច់ពីមាត់ថា អ្នកកំប្លែងដែលមានដើមកំណើតមកពីខេត្តស្វាយរៀង និងជាអតីតកម្មករសំណង់រូបនេះ ពិតជាមានទេពកោសល្យល្អខាងកំប្លែងមែន ហើយបើគ្មាននាយគ្រឿន ជួយទេ លោកមិនអាចលេងរឿងនោះ បានឡើយ។
មិនត្រឹមតែជួយលោកទេព រិនដារ៉ូ ឱ្យបន្ថែមអាជីពថ្មី ដែលអាចនិយាយកំប្លែងបាននោះទេ តែនាយគ្រឿន ក៏ជួយតារាផ្សេងៗទៀត ដែលថតសម្តែងជាមួយគ្នាផងដែរ ពីរបៀបនិយាយកំប្លែង ទើបធ្វើឱ្យអ្នកដឹកនាំសម្តែងរឿងនិយាយថា រឿងណាដែលមាននាយគ្រឿន ទោះជាហត់នឿយយ៉ាងណា ក៏អាចទ្រាំទ្របានដែរ ព្រោះថា បានសប្បាយពេលនាយគ្រឿន និយាយកំប្លែងឱ្យក្រុមការងារបានសើច។
បើទោះជាត្រូវគេចាត់ទុកថា នាយគ្រឿន ជាអ្នកកំប្លែងស្ងួតម្នាក់ ដែលធ្វើឱ្យទស្សនិកជនជាច្រើនចូលចិត្តក្តី តែនាយគ្រឿន មិនច្បាស់លាស់ក្នុងការបណ្តុះបណ្តាលកូនៗរបស់ខ្លួនឱ្យឈានចូលអាជីពសិល្បៈកំប្លែង ឬសម្តែងដូចបងប្រុសរបស់គេនាយពែកមី ដែលយកកូនប្រុសស្រីចូលថតភាពយន្តនោះឡើយ។
នាយគ្រឿន ធ្លាប់អះអាងថា ទាល់តែកូនៗលោកមានទេពកោសល្យដែរ ទើបអាចជំរុញទៅបាន តែពេលនេះ នាយផ្តោតឱ្យពួកគេចូលរៀននៅសាលាសិន។
ក្រៅពីអាជីពកំប្លែង នាយគ្រឿន ដែលជាតារាចម្រៀងរបស់ផលិតកម្មថោន ហាក់ស្ងប់ស្ងាត់គ្មានបទល្បីដូចមុនទៀតឡើយ បន្ទាប់ពីល្បីបទ “សង្ស័យតែឆេះអ៊ីសេ” ដែលឆ្លងឆ្លើយជាមួយនាងអេនីហ្សាម នោះ។
នាយគ្រឿន ធ្លាប់អះអាងថា អាជីពកំប្លែងនិងចម្រៀង រូបគេស្រលាញ់ដូចគ្នា តែនៅរដូវធ្លាក់ភ្លៀងនេះ ប្រាក់ចំណូលការការងារសិល្បៈរបស់គេចុះខ្សោយ ហេតុនេះហើយបានជាមានការប្រុងប្រយ័ត្នក្នុងការចាយលុយ ដើម្បីកុំឱ្យជួបវិបត្តិសេដ្ឋកិច្ច។
នាយគ្រឿន មានតម្លៃខ្លួនថតភាពយន្ត១រឿង ស៊ីថ្លៃ៥ពាន់ដុល្លារ តែនាយបានឱ្យដឹងថា តម្លៃនោះមិនជាទូទៅទេ ព្រោះពេលខ្លះមានការស្គាល់រាប់អានគ្នាជាមួយថៅកែផលិតកម្ម ក៏មានការចុះថ្លៃទៅតាមការយោគយល់នោះដែរ៕