តារាសម្ដែងម៉ាក សែនសូនីតា ហៅតូតា បានព្យាយាមហាត់តាមស្ទីលអបអរតាមខ្សែបម្រើជម្រើសជាតិអង់គ្លេស កីឡាករDele Alii ដែលកំពុងលេងឲ្យក្លឹប Tottenham ហើយទីបំផុត ស្រីស្អាតរូបនេះអាចធ្វើបានសម្រេចដូចក្ដីរំពឹង។
តូតា សប្បាយចិត្ត និងស្រលាញ់ស្ទីលអបអររបស់ Alli ហេតុនេះហើយបានធ្វើត្រាប់តាមទាល់តែត្រូវ បើទោះជាមិនដូចទាំងស្រុងក៏ដោយ ខណៈដែលតារាបង្ហាញម៉ូដ នាងរ៉ានូ ក៏ព្យាយាមហាត់ស្ទីលតាម Alli ផងដែរ ស្របពេលដែលតារាផ្សេងៗទៀត ក៏ចូលចិត្តស្ទីលរបស់កីឡាករខ្សែបម្រើរលំដាប់ថ្នាក់អន្ដរជាតិនេះដែរ ដោយពួកគេយល់ថា ស្ទីលនេះប្លែកជាងកីឡាករផ្សេងៗទៀត បើទោះជាមានការពិបាកក្នុងការធ្វើត្រាប់តាមក្ដី។
បើទោះជាតូតា អាចធ្វើបានតាមស្ទីលរបស់ Alli ក្ដី តែគេមិនដឹងថា នៅពេលដែលនាងបង្ហាញខ្លួនតាមបណ្ដាកម្មវិធីផ្សេងៗរបស់អ្នកសិល្បៈនោះ នាងនឹងឈរឲ្យអ្នកកាសែតថតស្ទីលដែរឬទេ? នេះគ្រាន់តែជាការថតរូបបែប Cute Cute ផ្ទាល់ខ្លួននោះទេ ។ ប៉ុន្ដែមានព័ត៌មានថា គូស្នេហ៍របស់តូតា លោកប៉ុល វិបូរ ហៅនីត កាន់តែស្រលាញ់តូតា ខ្លាំងថែមទៀត នៅពេលដែលនាងត្រាប់តាមស្ទីល Alli នេះ ព្រោះថា តូតា មើលទៅកាន់តែគួរឲ្យក្នាញ់ឡើងៗ ដែលធ្វើឲ្យលោកថៅកែផលិតកម្ម Angkor Picture ប៉ុល វិបូរ មិនអាចមើលឃើញស្រីណាផ្សេង ក្រៅពីតូតាបណ្ដូលចិត្តក្នុងបេះដូងរបស់លោកឡើយ។
ម៉ាក សែនសូនីតា បានភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយ លោកប៉ុល វិបូរ ហៅនីត ក្រោយពេលដែលនាងផ្ដាច់ស្នេហ៍ប្រុសក្មេង ទឹម នីដា ហើយពេលនេះ តូតា រួមរស់ក្រោមដំបូលតែមួយជាមួយលោកនីត ដូចប្ដីប្រពន្ធ។ ប៉ុន្ដែគូស្នេហ៍ខុសវ័យនេះ មិនទាន់មានគម្រោងរៀបការឡើយ ដោយពេលនេះសម្រុករកស៊ីបើហាង “ផែសមុទ្រ” ឲ្យបាន១២សាខា នៅរាជធានីភ្នំពេញ និងវិនិយោគធំនៅខេត្តកំពត ទំហំប្រាក់៤លានដុល្លារ លើផ្ទៃដី៣ហិកតារ សរុបទៅ តូតា និងលោកនីត ដាក់ទុនរកស៊ីរួមគ្នាមុនរៀបការនេះ មិនក្រោម៥លានដុល្លាឡើយ៕