ចំណងស្នេហ៍តារាចម្រៀងយុវវ័យ១គូ ជ្រកកោនក្រោមដំបូលហង្សមាស តែមួយ នាងទេព បូព្រឹក្ស និងងួន ចាន់ដេវីត កាន់តែបើកជាចំហរ ហើយតាមរយៈការដាក់ទុនរកស៊ីរួមគ្នា នូវទឹកប្រាក់ម៉ឺនដុល្លារ បើកហាង XTBP នោះ ជាសញ្ញាមួយបញ្ជាក់ថា ពួកគេប្រឹងសន្សប្រាក់ឱ្យបានច្រើនសិន ទើបគិតគូរៀបការតាមក្រោយ។
មិនត្រឹមតែចិត្តមួយថ្លើមមួយក្នុងការរកស៊ីចូលគ្នាប៉ុណ្ណោះទេ តែទេព បូព្រឹក្ស ក៏ហ៊ានបង្ហាញភាពស្និទ្ធស្នាលគ្នា ជាមួយដេវីត ដោយផ្អែមល្ហែមដូចប្តីប្រពន្ធ ទើបរៀបការហើយថ្មោងថ្មីអ៊ីចឹង។ ខណៈដែលអាជីពចម្រៀងមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងនោះ ទេព បូព្រឹក្ស មិនអាចខ្វះដេវីត ឡើយ ព្រោះម្ចាស់បទ “រាំញីកែងជើង” នេះ ជាខ្នងបង្អែករបស់តារាចម្រៀងរូបនេះ ដោយនិពន្ធបទចម្រៀងឱ្យបណ្តូលចិត្តច្រៀងទាំងយប់ថ្ងៃ ដើម្បីឱ្យនឹមនួនកាន់តែល្បីថែមទៀត។
តារាដែលជ្រកក្រោមដំបូលហង្សមាស បានឱ្យដឹងថា បូព្រឹក្ស ហៅស្រីនិច្ច ពេញចិត្តដេវីត ខ្លាំងណាស់ ក្នុងការធ្វើបទភ្លេង និងនិពន្ធចម្រៀងឱ្យនាងច្រៀង ហេតុនេះហើយពួកគេមិនអាចអត់គ្នាបាននោះទេ។
ទោះជាទេព បូព្រឹក្ស ប្រឹងបង្ហាញភាពផ្អែមល្ហែមជាមួយងួន ចាន់ដេវីត ដូចស្ករតាំងម៉ែយ៉ាងណាក៏ដោយ តែដំណឹងថា តារាលេងក្បាច់រាំនេះកំពុងតែបង្កាត់ស្នេហ៍ក្លែងក្លាយជាមួយម្ចាស់បទ “រាំញីកែងជើង” ក៏កាន់តែល្បីល្បាញ ពេញក្នុងចង្កោមអ្នកសិល្បៈដែរ ដោយពួកគេចាត់ទុកថា នោះជាការសម្តែងដើម្បីឱ្យទាំងសងខាងកាន់តែល្បីល្បាញថែមទៀតទៅវិញ។
ការអះអាងបែបនេះ ដោយសារតែមានតារាដែលជិតស្និទ្ធនាងទេព បូព្រឹក្ស បានបង្ហើបឱ្យអ្នកកាសែតដឹងថា គូស្នេហ៍ពិតរបស់បូព្រឹក្ស គឺជាលោកធំផ្កាយ៤ម្នាក់ ដែលតារាស្រីៗជាច្រើនមកហើយបានស្គាល់រូបលោក ព្រោះតែបុរសចាយលុយដូចក្រដាសនោះ ស្រលាញ់តែស្រីស្អាតជាតារាល្បីៗជាច្រើននាក់មកហើយ មុនប៉ះជាមួយនាងបូព្រឹក្ស នោះ។
ព័ត៌មានបានឱ្យដឹងថា បុរសកូនកាត់ចិននោះ ជាអ្នកទំនុកបម្រុងឱ្យបូព្រឹក្ស បើកហាងនិងទិញរថយន្ត Land Cruiser V8 ឱ្យនាងជិះដោយហ៊ឺហារហូតដល់ពេលនេះ។ តែដំណឹងទាំងនេះត្រូវបានបូព្រឹក្ស ធ្លាប់ច្រានចោល ដោយនាងលើកឡើងថា អ្នកខ្លះថា នាងមានស្នេហាជាមួយឧកញ៉ា, កូនអ្នកធំ, កូនឧកញ៉ា ជាដើម តែនាងមិនដឹងជាត្រូវធ្វើម៉េចឡើយ ព្រោះថា មិនអាចហាឃាត់គេមិនឱ្យនិយាយរឿងទាំងនោះបានទេ។ បូព្រឹក្ស ថែមទាំងនិយាយការគូស្នេហ៍លោកងួន ចាន់ដេវីត ថា ជាអ្នកមានសមត្ថភាពម្នាក់ ដោយមិនចាំបាច់ច្រៀងខ្លួនឯង ក៏អាចធ្វើបទភ្លេងឱ្យគេច្រៀងរកលុយបានដែរ។
តារាលេងក្បាច់រាំនេះថែមទាំងសរសើរដេវីត ថា គ្រាន់តែថតស្ពតមួយ ស៊ីថ្លៃ៦ទៅ៧ម៉ឺនដុល្លារ អ៊ីចឹងរឿងអីដែលមិនអាចបើកហាងរកស៊ីជាមួយនាងបានទៅ?
ថ្វីត្បិតតែទេព បូព្រឹក្ស នៅតែព្យាយាមថា ចំណងស្នេហានាងជាមួយងួន ចាន់ដេវីត គឺជាស្នេហ៍ពិតមិនក្លែងក្លាយក្តី តែតារាលេងសម្រស់ឆើតឆាយនេះ មិនទាន់កំណត់ថាពេលណា ទើបនាងគ្រោងដឹកដៃម្ចាស់បទ “រាំញីកែងជើង” ចូលរោងការឡើយ ព្រោះនាងសម្អាងថា ត្រូវការពង្រឹងអាជីពចម្រៀងឱ្យបានរឹងមាំជាងនេះថែមទៀត រឿងរៀបការចាំពេលក្រោយ។
ទេព បូព្រឹក្ស មានទឹកដមសំឡេងមធ្យម តែនាងមានការតែងខ្លួនបានល្អ និងលេងក្បាច់រាំគួរឱ្យទាក់ទាញ ទើបធ្វើឱ្យអ្នកចម្រៀងរូបនេះស្ថិតក្នុងចំណោមតារាចម្រៀងដែលអាចរកប្រាក់បានច្រើនប្រចាំឆ្នាំផងដែរ ជាមួយតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារ។
អតីតតារាចម្រៀង TV Production និងរស្មីស្ទឹងសង្កែ រូបនេះ បានឱ្យដឹងថា ក្នុង១ខែៗ ប្រាក់ចំណូលរបស់នាងអាចរកបានយ៉ាងហោចណាស់៥ពាន់ដុល្លារដែរ ក្រោយផាត់ទៅលើការចំណាយលើក្រុមរាំ និងសម្លៀកបំពាក់រួចហើយនោះ។
តារាចម្រៀងដែលមានក្រុមរាំអមច្រើនជាងគេ រហូតដល់ទៅជាង១០នាក់ ឡើងឆាកម្តងៗចង់បាក់ឆាកនេះ បានថ្លែងថា តាមរយៈប្រាក់ចំណូលទាំងនេះ គឺនាងអាចមានលទ្ធភាពទិញផ្ទះវីឡាដោយខ្លួនឯង តម្លៃ១៤ម៉ឺនដុល្លារ និងទិញរថយន្ត Land Cruiser ជិត១០ម៉ឺននោះ ដោយគ្មានប្រុសណាជួយឧបត្ថម្ភឡើយ៕