នៅក្នុងជន្មាយុ៨៥ឆ្នាំ លោកម៉ម ប៊ុនណារាយ ជាតន្ត្រីករជើងចាស់មួយរូប មានឈ្មោះបោះសំឡេងក្នុងអំឡុងទសវត្សរ៍ ៦០-៧០ បានទទួលមរណភាពនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ។
លោកម៉ម ប៊ុនណារា ដែលត្រូវជាកូនបង្កើតកវីនិពន្ធ ម៉ម ប៊ុនណារាយ បានបង្ហោះសារទាំងក្រៀមក្រំថា “ក្រុមគ្រួសាររបស់យើងខ្ញុំមានទុក្ខជាទំងន់ដោយលោក ម៉ម ប៊ុណ្ណារាយ ដែលត្រូវជាឪពុក នឹង ជីតា បានទទួលអនិច្ចកម្មនៅជន្មាយុ ៨៥ វស្សា នាវេលាថ្ងៃ ០៣ កញ្ញា ២០១៨ ម៉ោង៩.០០ព្រឹក។ សពត្រូវតំកល់ធ្វើបុណ្យនៅព្រះវិហារកាតូលិកផ្សាតូច ផ្លូវជាតិលេខ៥ ក្បែរសាលាបែលធី។ ពត៌មាននេះជាការជូនដំណឹង នឹង ជាសេចក្តីអញ្ញើញសំរាប់បងប្អូន ញ្ញាត្តិមិត្ត ជិតឆ្ងាយ មកចូលរួមពិធីតាមការគួរ”។
គួរបញ្ជាក់ថា លោកម៉ម ប៊ុនណារាយ ធ្លាប់ដឹកនាំភ្លេងប្រគំ (សម្រួលតន្រ្តី) រួមមានបទល្បីៗដូចជា “កម្មប្រចាំកាយ”, “មេត្តារៀមផង” , “កំពង់ធំជំរុំចិត្ត” , “ស្ទឹងកែវ” , “បិសាចក្រមុំ” , “ជើងមេឃពណ៌ខ្មៅ” ជាដើម។ លោកគឺជាតន្រ្តីករ និងជាអ្នកនិពន្ធជើងចាស់ ជំនាន់លោកស៊ីន ស៊ីសាមុត, អ្នកស្រី រស់ សេរីសុទ្ធា, ប៉ែន រ៉ន, ហួយ មាស៕