Sunday, January 26, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ចាប់ត្រីបានកុំឱ្យល្អក់ទឹក

បរិយាយថ្ងៃនេះ ៖ ចាប់ត្រីបានកុំឱ្យល្អក់ទឹក

ប្រមាណជិត១ខែកន្លងមកនេះ ករណី “ល្ខោនខោល” បានបង្ហាញឥទ្ធិពលខ្លាំងក្នុងមជ្ឈដ្ឋានប្រជាពលខ្មែរ តាមរយៈសំណេរក្នុងហ្វេសប៊ុក បញ្ជាក់ថា ពលរដ្ឋកម្ពុជា “រួមគ្នាការពារមរតកសិល្បៈដូនតា” មិនឱ្យបាត់បង់។ ទោះយ៉ាងណា សុភាសិតថា “អូសទូកកុំឱ្យល្អាន ចាប់ត្រីបានកុំឱ្យល្អក់ទឹក” មានន័យថា យើងធ្វើអ្វីដែលជារឿង “ជាតិ” ត្រូវធ្វើដោយប្រុងប្រយ័ត្ន ក្រែងប៉ះពាល់ដល់មិត្តភាពជាមួយប្រទេសជិតខាង ដែល “នគរធំ” សូមលើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ខណៈដែលអង្គការយូណេស្កូ (UNESCO) កំពុងពិចារណាដាក់ “ល្ខោនខោល” ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជា “កេរមរតកខ្មែរ” ស្របពេលដែលប្រទេសថៃ ទាមទារថាជារបស់គេដែរនោះ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ រាប់មិនអស់ បានបញ្ចោញមតិយោបល់តាមបណ្តាញសង្គមហ្វេសប៊ុករួមគ្នា ការពារមរតកសិល្បៈវប្បធម៌ជាតិឱ្យនៅគង់វង្ស។ គ្មានខ្មែរណាម្នាក់ថា មិនគាំទ្រការទាមទារនេះទេ ទោះជាពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេស ក៏ព្រួយបារម្ភខ្លាចតែអង្គការយូណេស្កូ ពិចារណាមិនដល់ ដាក់ “ល្ខោនខោល“ ជាសម្បត្តិវប្បធម៌របស់ថៃ នោះចាត់ទុកជា “សោកនាដកម្មសម្រាប់កម្ពុជា”។

តាមពិត “ល្ខោនខោល” កកើតឡើងតាំងពីសតវត្សទី៩ មានចារទុកក្នុងសិលាចារឹកច្បាស់ណាស់ គឺកើតមុន “រាជាណាចក្រសុខោទ័យ”ទៅទៀត។ កាលនោះ ទឹកដីខ្មែរ លាតសន្ធឹងធំល្វឹងល្វីយទៅជើង ដល់នគរណានឆាវ ទៅត្បូង ដល់នគរស្រីធម្មរាជ ទៅកើតដល់សមុទ្រចិន ទៅលិច ដល់នគរមន។ សៀម បានបង្កើតរាជាណាចក្រសុខោទ័យ នៅសតវត្សទី១៣ ក្នុងរជ្ជកាល “ព្រះបាទជយវរ្ម័នទី៨” រួចបានក្លាយជាប្រទេសខ្លាំងមួយនៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារមេដឹកនាំសៀម ឆ្លាតវាងវៃ បានទាំងបណ្តេញខ្មែរជាម្ចាស់ស្រុកឱ្យរត់ចេញពីភូមិកំណើត ដូចអ្វីដែលប្រវត្តិសាស្ត្រចារទុក។

ក្រៅពីយកអក្សរខ្មែរ ទៅកែច្នៃ សៀមបានទាំងយកសិល្បៈបុរាណរបស់ខ្មែរ មានល្ខោនខោល ជាដើម ទៅច្នៃតាមរបៀបគេ សូម្បីតែក្បាច់គុនប្រដាល់បុរាណខ្មែរ ក៏គេថាជា “គុនមួយថៃ” ដែរ។ ឥឡូវបន្ទាប់ពីកម្ពុជា ពិសេសក្រសួងវប្បធម៌ បានបញ្ជូនឯកសារផ្សេងៗ ទៅអង្គការយូណេស្គូ សុំដាក់បញ្ចូលល្ខោនខោល កេរមរតកវប្បធម៌ដូនតាខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្រាប់តែថៃ ទាមទារដែរ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ បញ្ចោញប្រតិកម្មឡើងរង្គើហ្វេសប៊ុក។

យ៉ាងណាក៏ដោយចុះ សុភាសិតថា “អូសទូកកុំឱ្យល្អាន ចាប់ត្រីបានកុំឱ្យល្អក់ទឹក” មានន័យថា បើយើងធ្វើខ្លាំងពេក នាំឱ្យមានអរិភាពជាមួយប្រជាជនថៃ ជាប់ភូមិផងរបងជាមួយ។ ថ្មីៗនេះ ក៏មានហ្វេសប៊ុកប្រជាពលរដ្ឋខ្មែរខ្លះ សរសេរហួសហេតុពេក ដោយហ៊ានជេរប្រមាថជនជាតិថៃ ថាជា “ចោរគ្មានការអៀនខ្មាស” ក៏ដូចសំណេរ និងសំឡេងអសុរោះមិនគួរគប្បី ឬថា “ចាប់ត្រីបែកភក់តែម្តង មិនត្រឹមតែល្អក់ទឹក” នោះទេ។ ដឹងអី!ស្រាប់តែមានហ្វេសប៊ុកពលរដ្ឋថៃ សម្តែងប្រតិកម្ម “ដុតទង់ ជាតិកម្ពុជា” ជាការសងសឹក និងមានសំណេរខ្លះសរសេរបកប្រែជាភាសាខ្មែរថា “ខ្មែរក្រជាងគេបំផុតនៅអាស៊ាន” បានន័យថា ពលរដ្ឋខ្មែរជេរថៃ ថាជា “ចោរគ្មានការអៀនខ្មាស” លុះគេតបវិញ ក៏ដុតទង់ជាតិ និងបន្ថោកខ្មែរថា ក្របំផុតនៅអាស៊ាន គួរឱ្យឈឺចាប់បំផុត។

នេះជា “សង្គ្រាមចិត្តសាស្ត្រ” ផ្តើមចេញពី “និន្នាការនយោបាយ និងជាតិនិយម” ពោលគឺ ប្រជាពលរដ្ឋខ្មែរ ដែលគាំទ្របក្សកាន់អំណាច លុះដឹងថា រដ្ឋាភិបាលដាក់ពាក្យស្នើសុំបញ្ចូលល្ខោនខោល ជាមរតកខ្មែរ ក៏ “ជួយចូកជួយចែវ” ឬថាអ្នកខ្លះចង់ យកគាប់គួរក្រែងបានការសរសើរ។ លុះចង់គាប់គួរពេក មិនប្រយ័ត្នសំណេរ និងសម្តីចោទសៀម ថាជា “ចោរ” បានត្រឹមរងប្រតិកម្មតបវិញ “ដូចរឿងប្រាសាទព្រះវិហារ”។ គួរកុំភ្លេចថា ប្រាសាទព្រះវិហារ ត្រូវបានតុលាការអន្តរជាតិ ក្រុងឡាអេ កាត់ឱ្យខ្មែរ ឈ្នះសៀម តាំងពីឆ្នាំ១៩៦២ ម៉្លេះ ប៉ុន្តែរដ្ឋាភិបាលសម័យនេះ បានស្នើឱ្យតុលាការបញ្ជាក់សាជាថ្មី អំពីសាលក្រមឆ្នាំ១៩៦២នោះ ខណៈដែលប្រទេសថៃ នៅតែមិនលះបង់មហិច្ឆតាចង់បានប្រាសាទព្រះវិហារ ដូចជា បញ្ជូនទាហានចូលមកហាមឃាត់ព្រះសង្ឃ មិនឱ្យគង់ក្នុងវត្ត “កែវសិក្ខាគិរីស្វារៈ” ដែលតាំងនៅក្នុងទឹកដីកម្ពុជា។ កាលនោះ ប្រជាពលរដ្ឋខ្មែរ គាំទ្ររដ្ឋាភិបាល ក៏នាំគ្នាជេរនាយកមន្ត្រីថៃ លោកអាប់ភីស៊ីត វេឆាឈីវ៉ៈ ថា “វែកឆា” និងបង្អាប់រហូតដល់លោកអាប់ភីស៊ីត ទ្រាំមិនបាន បណ្តាលឱ្យមានការផ្ទុះអាវុធនៅប្រាសាទព្រះវិហារ និងមានគ្រាប់កាំភ្លើងផ្លោងជាច្រើនគ្រាប់ ធ្លាក់ដល់ភូមិស្រអែម ដែលនៅឆ្ងាយពីប្រាសាទព្រះវិហារ ជាង២០គីឡូម៉ែត្រ។ លុះរកមូលហេតុនៃជម្លោះនោះ គឺមកពីអ្នកមាត់ដាចខ្លះ រហូតដល់អ្នកកាសែត ជេរមេដឹកនាំថៃ “វែកឆា” ទើបអ្វីៗវាអ៊ីចឹងទៅ។ ក្រោយមកទៀត អាជ្ញាធរថៃ បានចាប់ពលករខ្មែរ រាប់ម៉ឺននាក់ ញាត់ឡានទ្រុងយកមកទម្លាក់ចោលនៅតាមព្រំដែន ដូចសត្វធាតុ ដោយមើលងាយខ្មែរ ទាំងនគរថា “ក្រជាងគេនៅអាស៊ាន” ខណៈដែលពលរដ្ឋខ្មែរខ្លះជេរថៃ ថាជាចោរ។

ករណីចង់គាប់គួរផ្គាប់ផ្គុន បើខ្វះការប្រុងប្រយ័ត្នផ្តល់គ្រោះថ្នាក់ណាស់ សូម្បីតែជាតិសាសន៍ខ្មែរដូចគ្នា ក៏មានបញ្ហាដែរ។ ឧទាហរណ៍ នៅក្នុងចម្បាំងរវាងស្តេចកន និងព្រះចន្ទរាជា នៅឆ្នាំមួយនោះ ប៉ះរដូវវស្សា ភាគីជម្លោះបានចុះកតិកាសញ្ញា មិនច្បាំងគ្នា ៣ខែ ដើម្បីទុកពេលឱ្យរាស្ត្រធ្វើស្រែ។ ពេលនោះ “ឧកញ៉ាយមរាជ សួស” ជាមន្ត្រីខាងព្រះចន្ទរាជា ចង់ផ្គាប់ផ្គុនស្តេចពេក ក៏នាំពលសេនា ទៅពួនស្ទាក់បាញ់ស្តេចកន តែបាញ់មិនត្រូវ។ ពេលនោះ ស្តេចកន ទ្រង់ព្រះពិរោធខ្លាំងណាស់ បានចោទព្រះចន្ទរាជា ថា “ជាស្តេចមិនប្រកាន់ពាក្យសច្ចៈ” បណ្តាលឱ្យព្រះចន្ទរាជា បាត់បង់កិត្តិយស។ ដើម្បីស្តារព្រះកិត្តិយសមកវិញ ព្រះចន្ទរាជា ក៏ត្រាស់បង្គាប់ពេជ្ឈឃាត ឱ្យចាប់យមរាជសួសទៅប្រហារជីវិត ដែលជាលទ្ធផល “ចង់គាប់គួរ” នេះឯង។

យ៉ាងណាមិញ រឿងប្រាសាទព្រះវិហារ ក៏មានអ្នកចង់គាប់គួររដ្ឋាភិបាលពេក ហ៊ានបង្អាប់លោកអាប់ភីស៊ីត វេឆាឈីវ៉ៈ ថា “វែកឆា” បណ្តាលឱ្យផ្ទុះអាវុធនៅប្រាសាទព្រះវិហារ មានស្លាប់ទាហានទាំងសងខាង។ ឥឡូវរឿងល្ខោនខោល ក៏មានអ្នកផ្គាប់ផ្គុនរដ្ឋាភិបាល បញ្ចោញសំណេរក្នុងហ្វេសប៊ុកថា សៀម ជាចោរគ្មានការអៀនខ្មាស ក៏ស្រាប់តែសៀម បញ្ចោញប្រតិកម្មដុតទង់ជាតិខ្មែរ ឆេះទ្រលោម។ រឿងនេះមិនស្រួលទេ បើសិនជាបណ្តែតបណ្តោយឱ្យពលរដ្ឋខ្មែរ ដុតទង់ជាតិថៃ សងសឹក វិញនោះ ច្បាស់ជាវាសនាពលករខ្មែរ ប្រមាណ១លាននាក់ កំពុងធ្វើការនៅថៃ បាត់បង់ការងារ ឬត្រូវកងទ័ពថៃ ធ្វើទុក្ខបុកម្នេញ ដោយប្រការណាមួយមិនខានឡើយ។

សព្វថ្ងៃ រវាងកម្ពុជា និងថៃ ភ្ជាប់មិត្តភាពល្អណាស់ សូម្បីលោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ក៏បានផ្ញើសារលិខិតអបអរសាទរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនេះដែរ។ អ៊ីចឹងបើរាជរដ្ឋាភិបាលធ្វេសប្រហែស មិនបានហាមឃាត់ប្រជាពលរដ្ឋ កុំឱ្យជេរគេប៉ាតណាប៉ាតណី អាចនឹងមានអរិភាពមិនខាន។ និយាយនេះ ពុំមែនខ្លាចថៃ ឬ រណបថៃ នោះទេ ប៉ុន្តែ “អូសទូកកុំល្អាន ចាប់ត្រីបានកុំឱ្យល្អក់ទឹក” ដែលជាបរិបទសម្រាប់ពិចារណា។ បញ្ហាល្ខោនខោល គង់តែអង្គការយូណេស្កូ ទទួលស្គាល់ថា ជារបស់ខ្មែរ ចៀសមិនរួចទេ ព្រោះយើងមានឯកសារសិលាចារឹក ជាភ័ស្តុតាង ទោះជាថៃ តវ៉ាក៏អត់ភ័ស្តុតាងច្បាស់លាស់។

សរុបទៅ “អូសទូកកុំឱ្យល្អាន ចាប់ត្រីបានកុំឱ្យល្អក់ទឹក” សំដៅដល់រាជរដ្ឋាភិបាល ជាពិសេស ក្រសួងវប្បធម៌ កំពុងត្រៀមខ្លួនទទួលជ័យជម្នះលើភាគីថៃ រឿងល្ខោនខោល គួរយើងរក្សាភាពស្ងៀមស្ងាត់ ទុកឱកាសឱ្យអង្គការយូណេស្កូ ពិចារណាពីគតិយុត្ត។ ផ្ទុយទៅវិញ ពេលអន្តរជាតិកំពុងពិចារណា បែរជាមានពលរដ្ឋខ្មែរ ប្រឹងជេរសៀម រហូតដល់គេដុតទង់ជាតិខ្មែរ ហើយបើសិនជាយើង “យកកំហឹងទល់កំហល់” ដុតទង់ជាតិថៃ វិញនោះ តើផលវិបាកធ្លាក់ទៅលើអ្នកណា? ពុំមែនយើងខ្លាចថៃ នោះទេ ប៉ុន្តែសន្តិភាពជាមួយប្រទេសជិតខាង ជាកត្តាធំបំផុត ឆ្ពោះទៅរកការអភិវឌ្ឍ ដែលជាបរិបទសម្រាប់ប្រជាពលរដ្ឋចូលចិត្តគាប់គួរ ពិចារណា…៕

RELATED ARTICLES