Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ជំនួយពីក្រៅ នាំទុក្ខព្រួយ

បរិយាយថ្ងៃនេះ ៖ ជំនួយពីក្រៅ នាំទុក្ខព្រួយ

អ្នកនិពន្ធបារាំងម្នាក់ បានសរសេរថា “ជំនឿទៅលើជំនួយពីខាងក្រៅ នឹងនាំទៅដល់សេចក្តីទុក្ខព្រួយ” (La confiance en un secours extérieur apporte la détresse) អាចយកជាគតិអប់រំមនុស្សគ្រប់ជាតិសាសន៍ ឱ្យព្យាយាម “ខ្លួនទីពឹងខ្លួន” ជាជាងពឹងជំនួយពីព្រះអាទិទេព ឬប្រទេសក្រៅ។ សព្វថ្ងៃ យើងឃើញអ្នកនយោបាយខ្មែរគ្រប់និន្នាការ សុទ្ធតែពឹងជំនួយពីក្រៅដូចគ្នា ជាហេតុនាំឱ្យមានជម្លោះនយោបាយកើតឡើងមិនចេះចប់ ដែល “នគរធំ” ក្តាប់បាន ក៏សូមលើកសំណេរខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ក្រាំងប្រវត្តិសាស្ត្របានចោរទុកយ៉ាងច្បាស់ពីករណីអ្នកនយោបាយខ្មែរជំនាន់ដើម កើតជម្លោះដណ្តើមអំណាចគ្នា ដោយភាគីម្ខាងរត់ទៅពឹងយួន ភាគីម្ខាងទៀតរត់ទៅពឹងសៀម។ លុះពឹងចុះពឹងឡើង អ្នកជួយនោះទារគុណបំណាច់ ហើយអ្នកពឹងគ្មានអីសង ក៏កាត់ទឹកដីឱ្យគេ រួមទាំងត្រូវគេរំលោភយកផង បណ្តាលឱ្យទឹកដី “ចក្រភពអង្គរ” រួញតូចទៅៗ នៅសល់មួយក្រវេច មើលស្ទើរមិនឃើញក្នុងផែនទីពិភពលោក។ ក្រោយមក ព្រះបាទអង្គឌួង ទ្រង់ឈ្វេងយល់ថា ឥទ្ធិពលសៀម និងយួនខ្លាំងក្លាណាស់ បើមិនប្រញាប់រកមហាអំណាចឱ្យជួយច្បាស់ជាអ្នកទាំងពីរនេះ ពុះដីខ្មែរចែកគ្នាមិនខាន ទើបព្រះអង្គងាកទៅចាប់ដៃបារាំង ឱ្យមកជួយការពារ ប៉ុន្តែ បារាំង ជួយយូរៗទៅ ក៏មិនចំណេញដល់ខ្មែរប៉ុន្មានដែរ ដោយពន្ធដារត្រាភាស៊ីសន្ធឹកសន្ធាប់ ត្រូវបារាំង ប្រមូលយកទៅធ្វើសង្គ្រាមប្រឆាំងអាល្លឺម៉ង់ ក្នុងសង្គ្រោមលោកលើកទី២។

ឥឡូវយើងឃើញអ្នកនយោបាយជាន់ដានប្រវត្តិសាស្ត្រទៀតហើយ ខណៈដែលពួកប្រឆាំងនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) រត់ទៅពឹងអាមេរិក អឺរ៉ុប ឱ្យជួយ។ ទន្ទឹមនោះ បក្សកាន់អំណាច (CPP) ក៏ងាកទៅពឹងចិន រុស្ស៊ី ដែលជាមហាអំណាចកុម្មុយនីស្ត បណ្តាលឱ្យជម្លោះនយោបាយកើតឡើងមិនដឹងថ្ងៃណាបញ្ចប់។ ធម្មតា អ្នកទៅពឹងគេ ច្បាស់ជាគេទារគុណបំណាច់ ចៀសមិនរួចទេ ពោលគឺបើពឹងប្រទេសជិតខាងជាប់ព្រំប្រទល់គ្នា គេកេងចំណេញយកស្រែចម្ការតាមទល់ដែន តែបើពឹងមហាអំណាច គេកៀរយកសេដ្ឋកិច្ច ឬអូសទាញអ្នកពឹងគេនោះ ឱ្យដើរតាមបន្ទាត់នយោបាយរបស់គេ។

កាលពីពេលថ្មីៗនេះ ពួកប្រឆាំង CNRP បានស្នើអង្គការសហប្រជាជាតិ ឱ្យព្យួរអាសនៈកម្ពុជា ឱ្យនៅទំនេរសិន និងស្នើឱ្យដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។ សំណើនេះត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាច លើកឡើងថា “មិនអាចធ្វើទៅរួចទេ បើសិនជាចិន និងរុស្ស៊ី វេតូ” ឬថា បើគ្មានការយល់ព្រមពីមហាអំណាចកុម្មយនីស្តទាំងពីរនេះ អ.ស.ប មិនអាចព្យួរអាសនៈកម្ពុជា ប្រចាំ អ.ស.ប បានឡើយ។ សកម្មភាពនេះបង្ហាញថា ពួកប្រឆាំង បានទៅពឹងអាមេរិក និងសហភាពអឺរ៉ុប ឱ្យជួយ ដែលក្នុងនោះមានមហាអំណាចលោកសេរី៣ គឺអាមេរិក បារាំង អង់គ្លេស។ ចំណែក CPP ត្រូវពឹងពាក់មហាអំណាចកុម្មុយនីស្ត ចិន រុស្ស៊ី ព្រមទាំងបណ្តាប្រទេសនៅអាស៊ាន ជាពិសេស វៀតណាម និងឡាវ ឱ្យជួយការពារ។ ករណីអ្នកនយោបាយខ្មែរ ពឹងជំនួយពីក្រៅបែបនេះ មិនប្លែកពីអតីតកាលនោះទេ ហើយបើសិនជាទទួលបានជ័យជម្នះពីការពឹងគេនោះ “ត្រូវសងគុណគេ” ចៀសមិនរួច។

នៅក្នុងរឿង “រាមកេរ្តិ៍” បានតំណាលពី “ស្វាសុគ្រីព” បានទៅពឹង “ព្រះរាម វិស្ណុអវតារ” ឱ្យជួយខ្លួន ខណៈដែល “ស្វាពាលី” ជាបងប្រុសតាមសម្លាប់។ ដោយមានការពឹងពាក់ ទើបព្រះរាមផ្លែងសរ ឱ្យរត់ទៅទម្លុះទ្រូងពាលី ក្សិណក្ស័យទៅ រួចលើកសុគ្រីព ឱ្យឡើងសោយរាជ្យនៅនគរ “ខាស់ខិនបុរី”។ តាំងពីពេលនោះមក ស្តេចស្វាសុគ្រីព ក៏ក្លាយជាអាយ៉ងព្រះរាម តែងកេណ្ឌពលពានរ ទៅជួយច្បាំងព្រះរាម ដើម្បីដណ្តើមយក “នាងសិតា” ដែល “យក្សក្រុងរាពណ៍” ចាប់ទៅ។ ដោយឡែក “ពិភេកហោរា” ដែលអាម៉ាស់មុខព្រោះរឿងខ្លួនទាយឆុត តម្រូវឱ្យក្រុងរាពណ៍ជាបងយកនាងសិតា ទៅថ្វាយព្រះរាម វិញ បណ្តាលឱ្យក្រុងរាពណ៍ ខឹងសម្បា ដោះស្បែកជើងវាយក្បាលប្អូននោះ ធ្វើឱ្យពិភេក ខ្មាសគេពេក ក៏រត់ទៅចុះចូលនឹងព្រះរាម។ បន្ទាប់ពីវាយកម្ទេច “នគរលង្កា” និងសម្លាប់ក្រុងរាពណ៍ បានមក ព្រះរាម ក៏លើកបន្តុបពិភេក ឱ្យឡើងសោយរាជ្យ ហើយតាំងពីពេលនោះមក ពិភេក ក៏ក្លាយជាអាយ៉ងព្រះរាម…។

ដូច្នេះយើងឃើញថា ប្រវត្តិសាស្ត្រក្តី អក្សរសិល្ប៍ក្តី គឺជាកញ្ចក់ឆ្លុះមើលតថភាពសង្គម ប្រៀបធៀបអតីតកាល និងបច្ចុប្បន្នកាល មិនខុសគ្នាទេ ហើយអនាគត ក៏ចៀសមិនផុតពីការជាន់ដានបច្ចុប្បន្នកាល។

នៅសម័យសាធារណរដ្ឋខ្មែរ គ្រប់គ្រងដោយលោកសេនាប្រមុខលន់ នល់ យើងឃើញថា អាមេរិក ផ្តល់ជំនួយទាំងសេដ្ឋកិច្ច និងយោធា ដល់របបនេះ រហូតដល់ជំពាក់បំណុលអាមេរិក ជាង៥០០លានដុល្លារ ទុកឱ្យប្រជាពលរដ្ឋខ្មែរ សម័យនេះ ជាអ្នកសង តាមរយៈការ​បង់​​ពន្ធ។ ចំណែកភាគី “រណសិរ្សរួបរួមជាតិកម្ពុជា” បានទទួលជំនួយពីចិន យកមកច្បាំងជាមួយទាហាន លន់ នល់ លុះបញ្ចប់សង្គ្រាមឆ្នាំ១៩៧៥ របបប៉ុល ពត ត្រូវសងបំណុលចិន ដោយដឹកស្រូវទាំងកប៉ាល់ៗ ចេញទៅចិន បណ្តាលឱ្យប្រជាទាសករ ហុតបបររាវកក្លូក។

បើត្រឹមតែសងបំណុលគេ មិនសូវអីទេ តែកុំឱ្យគេកាត់យកទឹកដីបានដូចប្រទេស “ម៉ូណាកូ” ត្រូវបារាំង កាត់តម្រឹម ដែលសព្វថ្ងៃ ប្រទេសនេះមានព្រំប្រទល់ជុំវិញហ៊ុមព័ទ្ធដោយប្រទេសបារាំង។ រីឯប្រទេស “ស្វាហ្ស៊ីឡង់” ឋិតនៅកណ្តាលប្រទេសអាហ្វ្រិកខាងត្បូង ប្រហាក់ប្រហែលនឹងទីក្រុងមួយ ដែលតាមពិត ម៉ូណាកូ និងស្វាហ្ស៊ីឡង់ ជាព្រះរាជាណាចក្រ មានព្រះមហាក្សត្រ សោយរាជសម្បត្តិ និងមានឈ្មោះក្នុងផែនទីពិភពលោក។

បើរកដើមហេតុ ដែលនាំឱ្យទឹកដីរួមតូច គឺមកពី “ពឹងជំនួយពីក្រៅ” នេះឯង ពោលគឺបើពឹងប្រទេសជាប់របងគ្នា “គេបង្ខិតរបង” ប៉ុន្តែបើពឹងប្រទេសឆ្ងាយៗ “គេគាបយកសេដ្ឋកិច្ច”។ ករណីពួកប្រឆាំង CNRP ដែលទៅពឹងអាមេរិក អឺរ៉ុប មកពីបណ្តាប្រទេសអ្នកមានៗទាំងនោះ “សម្លឹងឃើញផលប្រយោជន៍” ទើបគេជួយ មិនខុសពីថៅកែក្បាលខូចម្នាក់ សម្លឹងឃើញកូនក្រមុំគ្រួសារក្រីក្រមួយ ក៏ជួយលុយកាក់ជាហូរហែ រហូតទាក់បាននាងក្រមុំរូបស្អាតនោះធ្វើប្រពន្ធចុង។ រីឯបក្សកាន់អំណាច ដែលពឹងវៀតណាម ចិន រុស្ស៊ី ក៏មានន័យដូចគ្នា ឬថាមកពីកម្ពុជា មានសម្បត្តិធម្មជាតិ មិនទាន់ទាញយកផល ដូចជា ប្រេងកាត រ៉ែមាស ជាដើម ទើបគេជួយ។

ទោះយ៉ាងណា ធម្មតាប្រទេសតូច បើមិនទីពឹងប្រទេសធំ ក៏ទៅមិនរួចដែរ ទោះជាត្រូវចំណាយ ឬរងទុក្ខយ៉ាងណា ក៏ដោយចុះ។ ធម្មតា “ជំនួយពីក្រៅ តែងមានចំណង” ចងចិត្តអ្នកនយោបាយឱ្យពិបាកដោះស្រាយលើបញ្ហាណាមួយ។ ករណីពួកប្រឆាំង ពឹងអាមេរិក អឺរ៉ុប បើពួកស្បែកស ប្រើឱ្យធ្វើអ្វី ត្រូវតែធ្វើតាមគេ ក៏ដូចបក្សកាន់អំណាច ពឹងចិន បើចិន ស្នើឱ្យជនជាតិគេមករកស៊ីនៅកម្ពុជា ក៏មិនអាចបដិសេធបានដែរ។ ករណីជនជាតិចិន ប្រមាណ២១ម៉ឺននាក់ មកកម្ពុជា និងមានជាង៧ម៉ឺននាក់ កំពុងរស់នៅខេត្តព្រះសីហនុ បង្ហាញពី “មិត្តភាព” នេះឯង ទោះជាមិត្តចិន មួយចំនួនបំពានច្បាប់ក្តី ក៏ពិបាកបំផុតក្នុងការបង្ក្រាប។ និយាយរួម “ជំនឿទៅលើជំនួយពីខាងក្រៅ នឹងនាំទៅដល់សេចក្តីទុក្ខព្រួយ” ពោលគឺទុក្ខព្រួយនៅត្រង់ម្ចាស់ជំនួយនោះ ទារគុណបំណាច់នេះឯង។ អ៊ីចឹងពួកប្រឆាំង CNRP ដែលពឹងជំនួយអាមេរិក អឺរ៉ុប ចៀសទុក្ខសោកមិនរួច រីឯ CPP ជួបទុក្ខបណ្តើរៗហើយ ខណៈដែលជនជាតិចិន មួយចំនួនកំពុងបង្កអនាធិបតេយ្យលើទឹកដីកម្ពុជា។ បើអាចធ្វើដូច “ព្រះចន្ទរាជា” ដែលទៅពឹងសៀម លុះព្រះអង្គបានសោយរាជ្យ មិនព្រមចំណុះសៀម កម្ររកបានណាស់ ឬថា ដូចសម្តេចឪ ព្រះបរមរតនកោដ្ឋ ដែលបារាំង លើកឱ្យសោយរាជ្យ តែទីបំផុត ព្រះអង្គទាមទារឯករាជ្យពីបារាំង ក៏កម្ររកបានដែរ។

សរុបទៅ “ជំនួយពីក្រៅ នាំទុក្ខព្រួយ” មានខ្លឹមសារអប់រំអ្នកនយោបាយ ឱ្យចេះក្រឡាស់ខ្លួន កុំឱ្យមានទុក្ខព្រួយដល់ប្រជាជាតិ ខណៈដែលម្ចាស់ជំនួយទារគុណបំណាច់។ យុទ្ធសាស្ត្រនេះ គេធ្វើដោយប្រុងប្រយ័ត្ន និងប៉ិនប្រសប់បំផុត ពោលគឺមិនឱ្យប៉ះពាល់ដល់មិត្តភាពផង មិនឱ្យមានទុក្ខព្រួយដល់រាស្ត្រផង ដែលជាបរិបទសម្រាប់អ្នកនយោបាយពិចារណា៕

RELATED ARTICLES