Friday, April 26, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនបុរសចិនរូបនេះទៅស្រុកវិញ

សមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនបុរសចិនរូបនេះទៅស្រុកវិញ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋានខណ្ឌជ្រោយចង្វា ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្បែរគល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា តាមសំណើរបស់ភាគីចិន។

បុរសជនជាតិចិន ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ SUO KANG អាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB3908325។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរៈសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌជ្រោយចង្វា ព្រមទាំងមានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកលឹម ស៊ាងហៃ ក្រឡាបញ្ជីបានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនខាងលើ តាមរយៈការស្នើសុំចាប់ខ្លួនរបស់សមត្ថកិច្ចប្រទេសចិន។

 

ក្រោយចាប់ឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត មុននឹងប្រគល់ទៅភាគីសមត្ថកិច្ចចិន៕

RELATED ARTICLES