Saturday, April 20, 2024
Homeព័ត៌មានជាតិផ្ទុះជម្លោះពេលលេងបាល់ ជនដៃដល់ទាញកាំបិតបុ័ងតោកាប់

ផ្ទុះជម្លោះពេលលេងបាល់ ជនដៃដល់ទាញកាំបិតបុ័ងតោកាប់

ខេត្តប៉ៃលិន ៖ បុរស២ក្រុម បាននាំគ្នាលេងបាល់ទាត់ជាមួយគ្នា លុះក្រោយមក ស្រាប់តែកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញកាំបិតប៉័ងតោ មកកាប់ប្រហារទៅលើជនរងគ្រោះចំដៃខាងឆ្វេង បណ្តាលឱ្យរយះហូរឈាម រងរបួសធ្ងន់តែម្តង ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់ស្រមោល។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចតារាងបាល់ចំណានប៉ៃលិន។

ជនដៃដល់ ដែលកាប់គូទំនាស់រយះដៃក្នុងជម្លោះរឿងលេងបាល់ទាត់នេះ មានឈ្មោះឡុង ម៉េងហាវ អាយ១៩ឆ្នាំ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ចំណែកជនរងគ្រោះ មានឈ្មោះស៊ឹម សារ៉ី អាយុ៣២ឆ្នាំ មានលំនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (រងរបួសធ្ងន់ត្រង់ដៃខាងឆ្វេង)។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភក្តិជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីធ្វើការព្យាបាល។ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។

ជុំវិញករណីហិង្សាខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ខាងលើ ដើម្បីនាំយកមកសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES