ដោយទតឃើញអ្នកនយោបាយជំនាន់មុន ទាល់គំនិតក្នុងការផ្សះផ្សាជាតិ ទើបសម្តេចព្រះសង្ឃរាជ ជួន ណាត ជួយក្រើនរំព្ញកដាស់តឿនថា “៩ទាល់ ១០ទាល់ កុំតែទាល់គំនិត” ដែលព្រះមរតកសាសន៍នេះត្រូវបានសម្តេចឪ ព្រះបរមរតនកោដ្ឋ យកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។ ឥឡូវអ្នកនយោបាយខ្មែរ បែកបាក់គ្នាទៀតហើយ បើអាចយកព្រះបណ្តាំនេះ មកអនុវត្ត ទើបផ្សះផ្សាបង្រួបបង្រួមជាតិបាន ដែល “នគរធំ” សូមលើកព្រះមរតកសាសន៍ដ៏មានតម្លៃខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
តាមពិត គ្មានអ្នកនយោបាយខ្មែរណាចង់ឱ្យជាតិបែកបាក់ ប្រេះស្រាំ បាត់បង់សាមគ្គីផ្ទៃក្នុងនោះទេ ដោយចង់តែម៉្យាង គឺ “បង្រួបបង្រួមជាតិ ឱ្យនៅក្រោមការដឹកនាំរបស់ខ្លួន”។ ប៉ុន្តែភាគីម្ខាងទៀត ក៏ចង់ដឹកនាំដែរ ជាហេតុនាំឱ្យមានជម្លោះនយោបាយកើតឡើង ដណ្តើមអំណាចគ្នា។ កាលពីសម័យសង្គមរាស្ត្រនិយម ក៏មានការបែកបាក់ជាតិ ចែកជាខ្មែរខៀវ ខ្មែរក្រហម បង្កចលនាតស៊ូតាមជាយដែន និងក្នុងព្រៃ ធ្វើឱ្យសម្តេចព្រះសង្ឃរាជ ជួន ណាត គង់មិនស្រណុក ក៏ដាស់តឿន ក្រើនរំព្ញកអ្នកនយោបាយថា “ប្រាំបួនទាល់ ដប់ទាល់ កុំតែទាល់គំនិត”។
ពាក្យថា “៩ទាល់ ១០ទាល់” មានន័យថា ការចរចាដែលបញ្ជូនមនុស្សមិនបានការទៅតទល់គ្នា ៩ដង ១០ដង គ្មានបានផលអ្វីទេ ព្រោះតែអ្នកចរចាទាំងនោះ “គ្មានសិទ្ធិសម្រេច” បានត្រឹមទៅឈ្លោះគ្នា ឱ្យអន្តរជាតិសើចចំអក។ រីឯពាក្យថា “កុំតែទាល់គំនិត” សំដៅដល់ការយកគំនិតមកដោះស្រាយបញ្ហា ឬថា លុះត្រាតែ “អ្នកនយោបាយកំពូល” ជួបតទល់គ្នា ទើបបញ្ហា ឬចំណងចាក់ស្រែះ ត្រូវស្រាយរួច ព្រោះអ្នកនយោបាយកំពូល “មានសិទ្ធិសម្រេច” ដោយមិនចាំបាច់សួរថ្នាក់ក្រោម ផ្ទុយពីថ្នាក់ក្រោម ចាំតែស្តាប់បង្គាប់ថ្នាក់លើ។ អ៊ីចឹងបើបញ្ជូនថ្នាក់ក្រោមទៅចរចា ៩ដង ១០ដង ច្បាស់ជាទាល់រហូត ប៉ុន្តែ បើថ្នាក់កំពូលជួបគ្នាតែ១ដង ក៏អាចដោះចំណងអន្ទាក់បានរួចខ្លះមិនខានឡើយ ប៉ុន្តែបើបានជួបគ្នាពីរបីដង ចំណងនោះ ត្រូវដោះខ្ទេច។
កាលពីសម័យសង្គ្រាមរវាងកងកម្លាំងរដ្ឋាភិបាលក្រុងភ្នំពេញ និងកងកម្លាំងត្រីភាគី ធ្លាប់មានការបញ្ជូននាយទាហាន ឬមន្ត្រីទាំងសងខាង ជួបចរចាគ្នា ទម្លុះភាពទាល់ច្រកដែរ ប៉ុន្តែ “៩ទាល់ ១០ទាល់” ដោះស្រាយមិនចេញទេ បណ្តាលឱ្យភ្លើងសង្គ្រោមឆាបឆេះមិនរលត់ គ្រាន់តែគ្រាប់មីនកប់ក្នុងដីរាប់ម៉ឺនគ្រាប់ បង្កគ្រោះថ្នាក់ដាច់ដៃជើងដល់ប្រជាពលរដ្ឋស្លូតត្រង់។ លុះសម្តេចព្រះនរោត្តម សីហនុ ព្រះប្រធានចលនាត្រីភាគី និងសមមិត្តហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលរដ្ឋកម្ពុជា ជួបចរចា ហ្ស៊ីម១ ហ្ស៊ីម២ ឆ្លាស់គ្នារវាងប្រទេសបារាំង និងឥណ្ឌូនេស៊ី ក៏ឈានដល់ “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ដែលមិនអាចបំភ្លេចបាន។ មានន័យថា លុះត្រាតែអ្នកនយោបាយកំពូលជួបគ្នា “ទើបមិនទាល់គំនិត” ប៉ុន្តែបើចាត់តែថ្នាក់ក្រោមទៅនិយាយគ្នា ជួនកាលដូចរុញឱ្យទៅបំបាក់មុខមាត់ប្រទេសជាតិ លើឆាកអន្តរជាតិ។ ករណីរាជរដ្ឋាភិបាល កំពុងពិភាក្សាជាមួយសហភាពអឺរ៉ុប ទាក់ទងនឹងប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញ លើកលែងតែគ្រឿងអាវុធ (EBA) ចាត់ទុកថា ជាសញ្ញាល្អមួយ ប៉ុន្តែអ្នកវិភាគមើលឃើញថា “នៅតែទាល់” ព្រោះតែអ្នកទៅចរចាទាំងសងខាងនោះ “គ្មានសិទ្ធិសម្រេច”។ ភាគីសហភាពអឺរ៉ុប បានទាមទារឱ្យបក្សកាន់អំណាច (CPP) “ស្តារប្រជាធិបតេយ្យឡើងវិញ” ប៉ុន្តែភាគីរដ្ឋាភិបាលថា “សហភាពអឺរ៉ុប ជឿរបាយការណ៍ពួកប្រឆាំង ដែលមិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា”។ ការចរចារបៀបចោទប្រកាន់គ្នានេះ នឹងចៀសមិនផុតពី “៩ទាល់ ១០ទាល់” ឬថា ដោះស្រាយអ្វីក៏មិនចេញដែរ បើខ្វះការយោគយល់គ្នា។
រឿងមួយទៀត ករណីគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលត្រូវចូលប្រជុំសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស តាមការអញ្ជើញរបស់ប្រធានអន្តរសភានោះ ត្រូវជួបឧបសគ្គដោយសារតែប្រធានស្ថាប័នអន្តរជាតិនេះ បានអញ្ចើញលោកសម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ឱ្យចូលរួមដែរ។ តាមព័ត៌មានថា គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយលោកស្រីឃួន សុដារី នឹងធ្វើការតវ៉ាទៅប្រធានសហភាពអន្តរសភា ឱ្យបណ្តេញលោកសម រង្ស៊ី ចេញពីអង្គប្រជុំ ដែលកន្លងមក លោកឈាង វុន ក៏ធ្លាប់ដេញលោកស្រីមួរ សុខហួរ អតីតតំណាងរាស្ត្រនៃអតីតបក្សប្រឆាំង (CNRP) ឱ្យចេញពីសាលប្រជុំកម្រិតអន្តរជាតិដែរ។ រឿងបណ្តេញយ៉ាងណានោះ នឹងចៀសមិនផុតពី “ម៉ាំងទៅ ម៉ាំងមក” ផ្អើលអន្តរជាតិមិនខាន ព្រោះខ្មែរទៅឈ្លោះគ្នានៅផ្ទះគេ បានត្រឹមអាម៉ាស់មុខខ្មែរទាំងនគរ។
ចំណុចនេះហើយ ជាខ្លឹមសារ “៩ទាល់ ១០ទាល់” ព្រោះថ្នាក់ក្រោមគ្មានសិទ្ធិសម្រេចបានឡើយ បើសិនជាអ្នកដឹកនាំកំពូល មិនលោតចូលសង្វៀនដោយផ្ទាល់។ គប្បីយល់ថា អ៊ីស្រាអែល និងប៉ាឡេស្ទីន ច្បាំងគ្នាជាងកន្លះសតវត្សរ៍មកហើយ មិនដឹងជាឆ្នាំណាចប់សង្គ្រាមនោះទេ ព្រោះតែរឿង “៩ទាល់ ១០ទាល់” នេះឯង។ ការចរចារវាងប្រទេសទាំងពីរនេះ គ្មានបានការអ្វីទាំងអស់ ដែលជួនកាល គេស្រុះស្រួលផ្អាកបាញ់គ្នាមួយរយៈ ប៉ុន្តែទឹកប៊ិកនៃការចុះហត្ថលេខានោះ មិនទាន់ស្ងួតផង ក៏បាញ់ប្រាវ ព្រោះតែប៉ាឡេស្ទីន ទាមទារទឹកដីមកវិញ ចំណែកអ៊ីស្រាអែល សំអាងថា ទឹកដីនោះ អង្គការសហប្រជាជាតិ បានកាត់ឱ្យខ្លួន តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២។ បានន័យថា អ៊ីស្រាអែល-ប៉ាឡេស្ទីន ទាល់គំនិត គិតរកផ្លូវទៅសន្តិភាពមិនឃើញ ដោយប្រកាន់ទ្រឹស្តីជាតិនិយមរៀងខ្លួន បានត្រឹមពលទាហាន និងពលរដ្ឋទាំងសងខាងស្លាប់បន្តកន្ទុយគ្នា។
ចំពោះកម្ពុជា អ្នកនយោបាយណាក៏ “ជាតិនិយម” ដូចគ្នា ដោយព្យាយាមប្រកួតប្រជែងយកអំណាច និងបង្រួមបង្រួម ដើម្បីគ្រប់គ្រង។ លុះភាគីម្ខាងចង់គ្រប់គ្រងដែរ ក៏ឈានដល់ដំណាក់កាលបែកបាក់ បាត់បង់ឯកភាពជាតិ។ នៅវៀតណាម ក៏មានអ្នកប្រឆាំងដែរ ប៉ុន្តែគេចេះយោគយល់គ្នា ដោយសារអ្នកនយោបាយវៀតណាម ទោះជាភាគីណាក៏មិនរណបចិន និងបង្កលក្ខណៈងាយស្រួលឱ្យជនជាតិគេ ធ្វើចំណាកស្រុក ហើយទោះជាគេឈ្លោះគ្នា ក៏ទឹកដីគេមិនរៀវរួញ គឺមានតែរីក ជាហេតុនាំឱ្យអត្រាប្រឆាំងទាបបំផុត។ ចំណុចនេះ អាចថាមកពីវៀតណាម មិនទាល់គំនិតដូចអ៊ីស្រាអែល-ប៉ាឡេស្ទីន ទើបគេឯកភាពជាតិបានរឹងមាំ ក្លាយជាបងធំនៅឥណ្ឌូចិន។ សម្រាប់កម្ពុជា បើអ្នកនយោបាយសំខាន់ៗកុំទាល់គំនិត ច្បាស់ជាជំរុញអត្រាអ្នកប្រឆាំង ឱ្យចុះទាបទៅៗ ប៉ុន្តែបើគ្មានមធ្យោបាយជំរុញផង ស្រាប់តែប្រកាសថា “អ្នកប្រឆាំងនៅសល់១០០នាក់” ក៏មិនសមដែរ។ ដូចគណនីហ្វេសប៊ុកអ្នកគាំទ្រ CPP ម្នាក់ សរសេរថា “អ្នកប្រឆាំងសល់១០០នាក់ មិនអាចយកប្រៀបលើ១៥លាននាក់បានទេ” ដែលសំណេរនេះ សំដៅដល់បក្ខពួកលោកសម រង្ស៊ី នៅក្រៅប្រទេសនេះឯង ដោយមិននិយាយពីពួកប្រឆាំង ដែលកំពុងសំងំក្នុងប្រទេស។ ទោះជាអ្នកប្រឆាំងនៅ១០០នាក់ ក៏គួរគិតថា ជាពួកប្រឆាំងរឹងត្អឹង និងផ្តល់គ្រោះថ្នាក់បំផុត មិនខុសពី “កន្ទុយបារីដែលព្រានព្រៃបោះចោលក្នុងគុម្ពស្បូវស្ងួត ធ្វើឱ្យភ្លើងឆាបឆេះព្រៃរាប់ពាន់ហិកតារ”។ យ៉ាងណាមិញ ជន្លួញមាត់លោកសម រង្ស៊ី តែម្នាក់ មិនខុសពីភ្លើងបារីដ៏តូចនោះទេ បើត្រូវខ្យល់បោកបក់ខ្លាំង វាឆាបគុម្ពស្បូវ រាលទៅឆេះព្រៃទាំងមូល។
ដូច្នេះយើងឃើញថា បើអាចយកគំរូតាមសម្តេចឪ និងសម្តេចហ៊ុន សែន ដែលជួបចរចាថ្នាក់កំពូល ហ្ស៊ីម១ ហ្ស៊ីម២ ហ្សាការតា-ប៉ារីស ឆ្លាស់គ្នា រហូតទទួលបានសុខសន្តិភាពនោះ គឺជាគន្លឹះស្របតាមព្រះបណ្តាំសម្តេចព្រះសង្ឃរាជ្យ ជួន ណាត មិនខានឡើយ ព្រោះករណី “៩ទាល់ ១០ទាល់” គឺបើបញ្ជូនថ្នាក់ក្រោមទៅចរចា មិនបានផលអ្វីទេ ប៉ុន្តែថ្នាក់កំពូល ជួបគ្នាតែពីរបីដង ឬត្រឹមតែ១ដង ក៏អាចសម្រាលភាពតានតឹងបានមួយកម្រិត។
សរុបទៅ “៩ទាល់ ១០ទាល់ កុំតែទាល់គំនិត” មានន័យយ៉ាងនេះឯង។ ដូចយើងបង្ហាញសក្ខីកម្មពីជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយសារតែទាល់គំនិតបានត្រឹមរុញប្រជាជាតិទាំង២នោះ ជួបតែគ្រោះអាសន្នរហូត។ ចំណែកកម្ពុជា ទោះបីជា CPP ថា គ្មានជម្លោះនយោបាយ ក៏អ្នកវិភាគមើលឃើញថា អ្វីៗទាំងអស់ដែលឈានដល់ការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប បណ្តាលមកពីនយោបាយនេះឯង។ ហេតុនេះ គួរតែអ្នកនយោបាយគ្រប់និន្នាការ ដើរតាមគំរូព្រះសកម្មភាពសម្តេចឪ ព្រះបរមរតនកោដ្ឋ និងសម្តេចហ៊ុន សែន ដែលធ្លាប់ធ្វើមុន ស្របតាមព្រះបណ្តាំសម្តេច ព្រះសង្ឃរាជ ជួន ណាត ទើបកម្ពុជា ទទួលបានឯកភាពជាតិ ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕