Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ទឹកចូលត្រចៀក យកទឹកចាក់

បរិយាយថ្ងៃនេះ ៖ ទឹកចូលត្រចៀក យកទឹកចាក់

លុះត្រាតែមនុស្សធ្លាប់មុជទឹកបឹង ត្រពាំង ព្រែក ស្ទឹង ទន្លេ ដេញប្រលែងសាចទឹកដាក់គ្នា ទើបដឹងថា “ទឹកចូលត្រចៀក” ធ្វើយ៉ាងណាក៏មិនចេញដែរ ទាល់តែក្បង់ទឹកចាក់ចូលត្រចៀក រួចឡើងគោក លោតទន្ទ្រាំ ផ្អៀងក្បាល ទះផ្លប្លា់ៗ ទើបទឹកនោះ វាហូរចេញពីត្រចៀកក្តៅឧណ្ហៗ។ ដោយហេតុនេះហើយ ទើបបុរាណាចារ្យ ចងក្រងសុភាសិតថា “ទឹកចូលត្រចៀក យកទឹកចាក់” សំដៅដល់កិច្ចការអ្វី បើមានសម្ពាធមកលើខ្លួន ត្រូវបង្កើតសម្ពាធដូចគ្នាទប់ទល់ ឬថា បើមានបាតុកម្ម ត្រូវបង្កើតបាតុកម្មតទល់វិញ ប៉ុន្តែកុំធ្វើដដែលៗ នាំឱ្យមានផលវិបាក ដែល “នគរធំ” សូមលើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ក្មេងឃ្វាលគោនៅស្រុកស្រែ ឱ្យតែកៀងគោទៅដល់វាលស្មៅ ក៏លែងសត្វឱ្យស៊ីតាមចំណង់ រួចពួកគេក៏នាំគ្នាស្រាតខោ ចុះប្រឡូកប្រលែងគ្នាក្នុងទឹកត្រពាំង ជួនកាលលេងល្បែងមុជទឹកដេញចាប់គ្នាយ៉ាងសប្បាយ។ ពេលសាចទឹកដាក់គ្នា ឬមុជ ទឹករាវគ្នា ចៀសមិនផុតពីទឹកចូលត្រចៀកនោះទេ ប៉ុន្តែក្មេងគង្វាលចេះរបៀបធ្វើឱ្យទឹកចេញពីត្រចៀក ក៏ឡើងគោក ក្បង់ទឹកចាក់ចូលត្រចៀកដែលទឹកចូលនោះ រួចផ្អៀងក្បាល លោតទន្ទ្រាំដី ទះក្បាលផ្លាប់ៗ តែមួយសន្ទុះ ទឹកចូលត្រចៀកនោះ ក៏ហូរចេញមកវិញក្តៅឧណ្ហៗ។ បើទុកទឹកឱ្យដក់នៅក្នុងត្រចៀក វាទៅជាហ៊ឹង ឮងូងៗ រំខានខ្លាំងណាស់ ហើយបើទឹកចូលត្រចៀករាល់ថ្ងៃ ញឹកញាប់ពេក បង្កទៅជាជំងឺ “អំបៅអំបែក” ស្អុយត្រចៀកដូចប្រហុក។ ចាស់ពីដើម តែងស្តីបន្ទោសកូន ដែលពូកែលេងទឹកបណ្តាលឱ្យកើតអំបៅអំបែក លុះគាត់ស្តីបន្ទោសអស់ចិត្ត ក៏រកថ្នាំព្យាបាលត្រចៀកកូន។ ថ្នាំដែលកសិករ តែងយកមកប្រើផ្សះដំបៅត្រចៀក គឺត្រូវយកថ្នាំខ្លាំង មូរនឹងស្លឹកចេកគ្រាប់ងាប់ រួចអុជជក់មួយភ្លែត ទើបគាត់បង្វិលគល់បារី ដាក់ខាងឆេះចូលទៅក្នុងមាត់ ខ្ជឹបឱ្យជាប់ លៃយ៉ាងណាកុំឱ្យភ្លើងប៉ះអណ្តាត រួចចាប់ក្បាលកូនមកផ្លុំផ្សែងបារីនោះ ចូលត្រចៀកកើតដំបៅ។ ការផ្លុំផ្សែងបារីថ្នាំខ្លាំង ចូលត្រចៀក តែពីរបីដង ជំងឺអំបៅអំបែកនោះ ក៏ជាសះស្បើយទៅ តែឪពុកតែងគំរាមវាយកូន បើនៅតែចុះប្រលែងគ្នាក្នុងទឹកទៀត។

បើយកករណី “ទឹកចូលត្រចៀក យកទឹកចាក់” មកប្រៀបធៀបនឹងរឿងនយោបាយ យើងឃើញថា បក្សកាន់អំណាច កំពុងប្រើយុទ្ធសាស្ត្រនេះ ពោលគឺ ខណៈដែលអាមេរិក សហភាពអឺរ៉ុប ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេស ពួកប្រឆាំងនៅក្រៅប្រទេស តែងលើកគ្នាទៅធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រៅប្រទេស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ កាលសម្តេចអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ក៏ដូចទស្សនកិច្ចនៅជប៉ុន ឥឡូវទៅដល់បែលហ្ស៊ិក ឃើញថា ពួកប្រឆាំងបានកៀរករគ្នាធ្វើបាតុកម្ម មិនទទួលស្គាល់រាជរដ្ឋាភិបាល។ ដើម្បីទប់ទល់សកម្មភាពនេះ ក៏មានអ្នកគាំទ្រ CPP ទៅចាំទទួលស្វាគមន៍សម្តេចនាយករដ្ឋមន្ត្រី ដូចគ្នា ដែលចាត់ទុកថា ជាយុទ្ធសាស្ត្រ “ទឹកចូលត្រចៀក យកទឹកចាក់” នេះឯង។

យុទ្ធសាស្ត្រនេះ មិនមែនចេះតែកើតឯងៗនោះទេ គឺលុះត្រាតែអ្នកនយោបាយបង្កើតវា ទើបចេញជារូបរាងមិនខុសពីក្មេងលេងទឹក បើមិនប្រឡូកប្រលែងសាចទឹកដាក់គ្នា ក៏ទឹកមិនចូលត្រចៀកដែរ។ យ៉ាងណាមិញ ពួកប្រឆាំងដំណើរទស្សនកិច្ច បើអ្នកនយោបាយប្រឆាំងមិនកៀរគរ ក៏គ្មានអ្នកណាទៅប្រឆាំងនោះដែរ។ ដូចគ្នានេះដែរ ពួកគាំទ្ររដ្ឋាភិបាល បើគ្មានការកៀរគរ ហាហៅ ក៏គ្មានអ្នកណាទៅចោលផ្ទះ ដោយបើករថយន្តរាប់រយគីឡូម៉ែត្រ ឬជិះយន្តហោះទៅនោះដែរ។

យុទ្ធសាស្ត្រ “បាតុកម្ម យកបាតុកម្មទប់” ឬ “ទឹកចូលត្រចៀក យកទឹកចាក់” មានប្រសិទ្ធភាពណាស់ ប៉ុន្តែគេធ្វើបានតែមួយដង ឬពីរដងប៉ុណ្ណោះ បើធ្វើញឹកពេក នាំឱ្យមានគុណវិបត្តិទៅវិញទេ។ ជួនកាលបើធ្វើញឹកពេក ដូចរុញបាតុករទៅវាយគ្នា ឬជេរប្រទេចគ្នា ផ្អើលអន្តរជាតិ ដែលមិនខុសពី “ទឹកចូលត្រចៀកញឹកពេក កើតអំបៅអំបែក”។ ដូចដឹងស្រាប់ហើយ ដំបៅត្រចៀកនេះស្អុយណាស់ ប៉ុន្តែបើខ្មែរពូជសាងអង្គរដូចគ្នា ទៅឈ្លោះគ្នានៅផ្ទះគេ នឹងស្អុយកេរ្តិ៍ឈ្មោះកម្ពុជា ធ្ងន់ជាងដំបៅត្រចៀកទៅទៀត។

អ្នកនយោបាយដែលចង់ឈ្នះគ្នា ព្យាយាមកៀងគរអ្នកគាំទ្រឱ្យជួយបែបនេះ មិនអាចធ្វើដដែលៗបានឡើយ ចាំបាច់ត្រូវតែប្តូរយុទ្ធសាស្ត្រថ្មី ឬថា បើអាចធ្វើដូចព្រះពុទ្ធ បានជាការប្រសើរបំផុត។

ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ក្នុងពេលយាងទៅក្រុងកបិលពស្តុ ក្រោយពីព្រះអង្គបានត្រាស់ដឹងនោះ ក៏មានព្រះរាជវង្សានុវង្ស ភាគច្រើនមិនចង់ស្វាគមន៍ព្រះអង្គ ដោយមើលស្រាលថា ព្រះពុទ្ធ ត្រូវជាប្អូន ជាក្មួយ ជាចៅ របស់ព្រះញាតិវង្សចាស់ៗ។ ពេលទ្រង់ជ្រាបថា គេមិនស្វាគមន៍ មិនគោរព មិនទទួលស្គាល់ជាព្រះពុទ្ធ បែបនេះ ទើបព្រះសមណគោតម សម្តែងបាដិហារ្យ ឱ្យឃើញជាក់ស្តែង ដូចឃ្លោងឃ្លាក្នុងសេចក្តីផ្តើមរឿង “មហាវេស្សន្តរជាតក” ថា “រីព្រះដ៏មានបុណ្យ ព្រះអង្គដឹងអធ្យាស្រ័យនៃចិត្តរបស់ព្រះញាតិផងទាំងឡាយ មិនថ្វាយបង្គំប្រណម្យព្រះអង្គ ដូច្នោះហើយ… ទើបស្តេចចូលចតុត្ថជ្ឈាន អភិញ្ញា សមាបត្តិ ហោះផ្លោះឡើងទៅនាកណ្តាលអាកាស ដ៏ឱភាសនូវពន្លឺរស្មីនោះរុងរឿងភ្លឺព្រោងព្រាយពណ្ណរាយឆាឆាយ កួចគ្រលួច ឡើងចេញពីព្រះបាទទាំងពីរ…” ការធ្វើបាដិហារ្យដ៏អស្ចារ្យនោះ បានកាច់បំបាក់អស្មិមានះញាតិវង្ស ឱ្យឱនកាយថ្វាយបង្គំព្រះអង្គគ្រប់គ្នា។

ទោះយ៉ាងណា អ្នកនយោបាយបច្ចុប្បន្ន មិនអាចសម្តែងបាដិហារ្យដូចព្រះពុទ្ធ បានឡើយ ប៉ុន្តែអាចបង្កើតសកម្មភាពអ្វីមួយតាមបែប “លោកិយ” ព្រោះថា មនុស្សល្បីមកពី “លោកិយ ៎ អច្ឆរិយ”។ ឧទាហរណ៍ លោកបារ៉ាក់ខ៍ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក ពេលមកចូលប្រជុំសមាគមអាស៊ាន នៅភ្នំពេញ កាលពីចុងឆ្នាំ២០១២ គាត់បង្ហាញភាពអស្ចារ្យ ដោយមានការដឹករថយន្តបាញ់មិនធ្លុះ មកទុកដឹកគាត់ ជាពិសេស មានឆ្កែហិតមីន ដើរហិតគ្រប់រថយន្ត ដើម្បីការពារសុវត្ថិភាពគាត់ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែងកិត្តិយសគាត់ ដែលគ្មានអ្នកដឹកនាំប្រទេសណាធ្វើដូចបាន។ ដោយឡែកលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ពេលស្កាត់ទៅជួបប្រធានាធិបតីកូរ៉េខាងត្បូង នៅព្រំដែននោះ មានអង្គរក្សជាង១០នាក់ រត់ត្រឹកៗ អមការពាររថយន្តគាត់ ដែលបង្ហាញថា លោកគីម ជុងអ៊ុន សម្បើមណាស់ ព្រោះបើមិនសម្បើម គ្មានអ្នកណាប្រឹងរត់ស្ទើរធ្លាក់អណ្តាត តាមការពារសុវត្ថិភាពគាត់ទេ។ ចំណុចនេះ មានន័យថា “ភ្ជាប់លោកិយ និងអច្ឆរិយ” ពោលគឺ បើមិនអាចបង្កើតអច្ឆរិយភាពដូចព្រះពុទ្ធបាន ក៏ត្រឹមបង្កើត “លោកិយឱ្យប្លែកពីគេ” ឈ្មោះថាជា “យុទ្ធសាស្ត្រទប់ទល់នឹងការប្រឆាំង”។

ដូច្នេះយើងឃើញថា ខណៈដែលអ្នកនយោបាយខ្មែរ កំពុងលេងល្បែងជះទឹកដាក់គ្នា បណ្តាលឱ្យទឹកចូលត្រចៀកនោះ បើនៅតែលេងមិនឈប់ ច្បាស់ជាកើតអំបៅអំបែកមិនខាន។ អំបៅអំបែក ធុំក្លិនអាក្រក់ណាស់ ទាល់តែប្រើផ្សែងបារីថ្នាំខ្លាំងផ្សះ ទើបជាសះស្បើយ លុះបន្ទាប់ពីជាត្រូវឈប់សាចទឹកដាក់គ្នាតទៅទៀត។ យុទ្ធសាស្ត្រ “បាតុកម្ម យកបាតុកម្មទប់” ធ្វើបានតែមួយដង មួយយាមប៉ុណ្ណោះ បើចេញក្បួនដដែលៗ នឹងធ្វើឱ្យកិត្តិយសប្រជាជាតិខ្មែរថយតម្លៃ។ ហេតុនេះ គួរតែអ្នកនយោបាយខ្មែរ បោះបង់យុទ្ធសាស្ត្រនេះចេញ ព្រោះយុទ្ធសាស្ត្រសាចទឹកដាក់គ្នា មិនបានផលចំណេញអ្វីដល់ប្រជាជាតិទេ តែចំណេញដល់គណបក្ស ឬបុគ្គល បើប្តូរយុទ្ធសាស្ត្រនេះមិនទាន់ នឹងកើតអំបៅអំបែក ពិបាកព្យាបាល ឬស្អុយឈ្មោះជាតិ និងបែកបាក់ បាត់បង់ឯកភាពជាតិ កាន់តែធ្ងន់។

សរុបទៅ “ទឹកចូលត្រចៀក យកទឹកចាក់” គ្រាន់តែជាការបកស្រាយមរតកសាសន៍របស់កវីបណ្ឌិតខ្មែរតែប៉ុណ្ណោះ ព្រោះលោកចង់បង្ហាញពីផលវិបាកនៃការសាចទឹកដាក់គ្នា នាំឱ្យស្អុយត្រចៀក។ ហេតុនេះបើអ្នកនយោបាយ លេងតែក្បួនដដែលៗ អត់ចំណេញទេ ព្រោះគូជម្លោះទាំងសងខាង សុទ្ធតែជាខ្មែរ ពូជសាងអង្គរដូចគ្នា គួរប្តូរទៅជា “លោកិយភ្ជាប់អច្ឆរិយ” វិញ ទើបចំណេញធំ…៕

RELATED ARTICLES