ព្រះតេជគុណ សុង ស៊ីវ ព្រះសង្ឃបញ្ញវន្តខ្មែរ សម័យសង្គមរាស្ត្រនិយម បានទុកព្រះមរតកសាសន៍ថា “វែងផុតត្រឹមពាក្យសម្តី ខ្លីផុតត្រឹមមិននិយាយ” មានខ្លឹមសារពាក់ព័ន្ធនយោបាយសុទ្ធសាធ ខណៈដែលជំនាន់នោះ មានជម្លោះនយោបាយកើតឡើងជាហូរហែ ពន្យារពេលវេលាឱ្យវែង លុះបញ្ចប់ត្រឹម “ការចរចា សម្របសម្រួល” និងពេលវេលាបង្រួញឱ្យខ្លីត្រឹម “មិនខ្ចីតបត”។ បច្ចុប្បន្នស្ថានភាព “វែងនិងខ្លី” វិលមកវិញហើយ ដែល “នគរធំ” ក្តាប់បាន ក៏លើកព្រះមរតកសាសន៍អតីតបញ្ញវន្តព្រះសង្ឃអង្គនេះ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“វែងផុតត្រឹមពាក្យសម្តី” ឃ្លានេះ មានន័យថា ជម្លោះនយោបាយវែងទៅៗ យឺតដូចកៅស៊ូ ប៉ុន្តែបើអ្នកនយោបាយចង់ឱ្យឆាប់ចប់ លុះត្រាតែ “ប្រើពាក្យសម្តី” ពោលគឺ “ការចរចា សម្របសម្រួល”។ ជម្លោះនយោបាយ យើងឃើញមានជាហូរហែនៅកម្ពុជា ពិសេសក្រោយឆ្នាំ១៩៧៩ ក៏មានជម្លោះកើតឡើងរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងចលនាត្រីភាគី។ ជម្លោះនោះ មានទាំងការផ្ទុះអាវុធវាយប្រហារគ្នាផង បានអូសបន្លាយជាង១០ឆ្នាំ ប៉ុន្តែត្រូវបញ្ចប់ត្រឹម “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ស្របនឹង “វែងផុតត្រឹមពាក្យសម្តី” នេះឯង។ ការចរចាសម្របសម្រួលដោយប្រើពាក្យសម្តីអត់ឱនយោគយល់ដល់ខ្មែរដូចគ្នា បានបញ្ចប់ជម្លោះរ៉ាំរ៉ៃ ប្តូរយកសុខសន្តិភាព ប្រជាធិបតេយ្យ សេរីពហុបក្ស រហូតដល់សព្វថ្ងៃ ដែលខ្មែរគ្រប់រូបមិនអាចបំភ្លេចបានឡើយ។
“ខ្លីផុតត្រឹមមិននិយាយ” ក្នុងករណីមានជម្លោះនយោបាយកើតឡើង បើចង់ឱ្យឆាប់ចប់ តម្រូវឱ្យភាគីដែលមានកម្លាំងខ្លាំង ជាងសំងំស្ងៀមស្ងាត់មិនរវល់ឆ្លើយតបជាមួយភាគីទន់ខ្សោយ។ ឧបមាដូចសិង្ហតោ ដេកសម្រាកក្រោមម្លប់ឈើ បើមានហ្វូងចចក ទៅព្រុសរំខាន បើសិង្ហតោនៅតែស្ងៀមមិនរវល់គ្រហឹមតប ធ្វើឱ្យហ្វូងចចកដើរចេញអស់ ប៉ុន្តែបើស្តេចសត្វនោះ ក្រោកទៅតតាំង បានត្រឹមហ្វូងចចកព្រួតខាំ ពិបាកងាកឆ្វេងងាកស្តាំមិនខាន។
បើយកខ្លឹមសារ “វែងផុតត្រឹមពាក្យសម្តី” មកថ្លឹងថ្លែងពាក់ព័ន្ធស្ថានភាពនយោបាយសព្វថ្ងៃ យើងឃើញថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវរំលាយចោលមក ទោះបីជាបក្សកាន់អំណាច (CPP) លើកឡើងថា នៅកម្ពុជា គ្មានជម្លោះនយោបាយ ក៏មជ្ឈដ្ឋានជាតិ និងអន្តរជាតិ មើលឃើញថា ការឆ្លើយឆ្លងម៉ាំងទៅម៉ាំងមករវាង CPP និងពួកប្រឆាំង គឺបណ្តាលមកពីនយោបាយ។ ជម្លោះតាមហ្វេសប៊ុក យូធូប កាន់តែពន្យារពេលវែងទៅៗ ស្រាប់តែពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បង្ហាញគោលជំហររៀងខ្លួនថា “មិនចរចាជាដាច់ខាត”។ ដូច្នេះខ្លឹមសារថា “វែងផុតត្រឹមពាក្យសម្តី” ឬថា ជម្លោះគ្រប់យ៉ាងនឹងបញ្ចប់ត្រឹមការចរចា ហើយបើថ្នាក់ដឹកនាំ CPP និង CNRP បង្ហាញគោលជំហរមិនចរចា គឺមានន័យថា “ជម្លោះនេះគ្មានថ្ងៃបញ្ចប់ទេ”។
ចំពោះខ្លឹមសារ “ខ្លីផុតត្រឹមមិននិយាយ” សំដៅដល់ភា់គីបក្សកាន់អំណាច ដែលមានកម្លាំងខ្លាំង បើកាន់ឥរិយាបថម៉ឺងម៉ាត់ “មិនរវល់ឆ្លើយឆ្លងជាមួយខ្មោច” នឹងជំរុញស្ថានការណ៍ឱ្យឆាប់ចប់។ នៅក្នុងរឿងជាតក ដែល “ព្រះតេមិយកុមារ” ចង់ទៅបួស ក៏ពុតធ្វើគថ្លង់ ខ្វិនខ្វង់ មិនខ្ចីនិយាយស្តី១៦ឆ្នាំ បានបញ្ចប់ការពិសោធរបស់ព្រះបិតា រហូតព្រះរាជកុមារនេះ បានទៅបួសដូចបំណង។ ករណី CPP នៅតែព្យាយាមឆ្លើយឆ្លងជាមួយអ្នកចាញ់ គ្មានកម្លាំងយោធាអ្វីសោះនោះ មិនងាយចប់ទេ បានត្រឹមទាញកៅស៊ូឱ្យយឺតវែងទៅៗ។
អ្វីដែលគួរពិចារណានៅត្រង់អ្នកនយោបាយកំពូលទាំងពីរភាគី ប្រកាសជំហរមិនចរចា ប៉ុន្តែសព្វថ្ងៃយើងឃើញអ្នកគាំទ្រម្ខាងៗ វាយប្រហារពាក្យសម្តីឆ្លងឆ្លើយគ្នាតាមហ្វេសប៊ុក យូធូប យ៉ាងចាស់ដៃ។ អ្នកនាំពាក្យ CPP និងរាជរដ្ឋាភិបាល ក៏ដូចជាវាគ្មិន ពីរបីនាក់ទៀត ប្រឹងប្រែងអស់ដៃក្នុងការវាយបកទៅពួកប្រឆាំង ជួនកាលក៏ជេរប្រទេចពួកក្រៅស្រុកថា “អាចង្រៃ!! អាឆ្កែវង្វេងជាតិ…” ជាដើម មិនបានរួមចំណែកក្នុងការបញ្ចប់ជម្លោះនោះទេ ខណៈដែលពួកប្រឆាំង ជេរតទល់វិញថា “ខ្ញុំយួន ខ្ញុំចិន…” ជាដើម។ គូជម្លោះតាមហ្វេសប៊ុក យូធូប សុទ្ធតែប្រកាន់ឋានានុក្រម ឬឋានៈ ដូចលោកសម រង្ស៊ី គាត់វាយប្រហារតែលើសម្តេចហ៊ុន សែន ម្នាក់ មិនដែលឆ្លងឆ្លើយជាមួយលោកសុខ ឥសាន លោកផៃ ស៊ីផាន លោកឈឹម ផលវរុណ នោះទេ ទោះជាអស់លោកជាអ្នកនាំពាក្យទាំង៣រូបនេះ វាយបកយ៉ាងណា ក៏មេចលនាសង្គ្រោះជាតិ នោះ មិនរវល់ឆ្លើយ ព្រោះប្រកាន់ឋានានុក្រម។ ចំណែកលោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ CNRP ក៏ដូចជាអតីតមន្ត្រីបក្សប្រឆាំង មួយចំនួន នៅក្រៅប្រទេស ដែលដៀមដាមឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សម្តេចមិនតបតដែរ ព្រោះខុសឋានានុក្រម។ និយាយរួម អាណត្តិទី៦នេះ ទំនងជាមិនអាចធ្វើតាមខ្លឹមសារ “វែងផុតត្រឹមពាក្យសម្តី ខ្លីផុតត្រឹមមិននិយាយ” នេះបានឡើយ។
សព្វថ្ងៃ ភាគីជម្លោះ ប្រកាសបិទផ្លូវចរចារៀងខ្លួន ដោយប្រឹងប្រែងស្វែងរកការគាំទ្រពីអន្តរជាតិម្តងវិញ ភ្លេចគិតថា “ជំនឿទៅលើជំនួយពីខាងក្រៅ នឹងនាំទៅដល់សេចក្តីទុក្ខព្រួយ មានតែជំនឿលើខ្លួនឯងទេ ទើបមានកម្លាំង និងការសប្បាយរីករាយ” ជាទស្សនវិជ្ជាបារាំង បន្សល់ទុកមក។ ភាគីប្រឆាំង អំពាវនាវឱ្យសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បានទាំងអូសទាញសហភាពអន្តរសភា TPU ឱ្យគាំទ្រខ្លួនទៀត ខណៈដែលភាគីរាជរដ្ឋាភិបាល ព្យាយាមបញ្ចុះបញ្ចូល បង្ហាញហេតុផលទាក់ទាញអន្តរជាតិ កុំឱ្យជឿពួកប្រឆាំង។
ដូច្នេះយើងឃើញថា ជម្លោះនេះមិនដឹងជាឆ្នាំណាត្រូវបញ្ចប់ទេ ជួនកាលអាចដើរស្របសុភាសិតខ្មែរ ១ទៀតថា “អំបិលជារសសម្ល ស្រឡៃប៉ីអជារសតន្ត្រី” ដែលមានន័យថា ភ្លេងពិណពាទ្យ ១វង់ហ្នឹង មិនអាចអត់ស្រឡៃប៉ីអ កំដរបរិយាកាសបានឡើយ ឬថា អាណត្តិទី៦ នេះ អាចនឹងមានសំឡេងប្រឆាំង រម៉ាំងរម៉ោក “កំដរសន្តិភាព” ចៀសមិនផុត។
ដោយឡែក ប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលធ្លាប់ឆ្លងកាត់សឹកសង្គ្រាម និងជម្លោះនយោបាយពីអតីតកាល មិនចង់ឃើញ ចង់ឮអ្នកនយោបាយខ្មែរ ប្រទូសរ៉ាយគ្នាទេ ដោយពួកគាត់ចង់ឱ្យបញ្ចប់ជម្លោះ រួមគ្នាអភិវឌ្ឍជាតិ មាតុភូមិ ប៉ុន្តែមិនអាចបន្ទន់ចិត្តអ្នកនយោបាយបានឡើយ។ អ្នកខ្លះចង់ឱ្យអ្នកនយោបាយកំពូល បើកការចរចា សម្របសម្រួល លុះឮថាអ្នកនយោបាយ “បិទផ្លូវចរចា” ក៏មានក្តីបារម្ភពីជោគវាសនាកូនចៅដែលកំពុងធ្វើការរោងចក្រ។ អ្នកខ្លះប្រកាន់ជំហរដែកថែប មិនត្រូវការចរចាជាមួយពួកប្រឆាំងជាដាច់ខាត ដោយចាត់ទុកជាជនក្បត់ជាតិ ត្រូវនាំខ្លួនមកកាត់ទោស។
បើអ៊ីចឹងនោះ មិនខុសពីឧទាហរណ៍ខាងលើ រឿង “សិង្ហតោ និងហ្វូងចចក” ទោះបីជាសិង្ហតោ មានអានុភាពយ៉ាងណា ក៏មិនអាចដេកពួនបាន បើហ្វូងចចកចេះតែព្រុសរំខានបែបនេះ។ បើវិភាគឱ្យស៊ីជម្រៅ CPP មានប្រៀបជាងពួកប្រឆាំង នៅត្រង់ “កិច្ចការផ្ទៃក្នុងបរទេសមិនអាចជ្រៀតជ្រែកបាន” ប៉ុន្តែបើមានទណ្ឌកម្មសេដ្ឋកិច្ចកើតឡើង ក៏មិនស្រួលដែរ។
ពេលនេះអ្វីៗកំពុងដើរផ្ទុយនឹងខ្លឹមសារ “វែងផុតត្រឹមពាក្យសម្តី” ពោលគឺគ្មានរឿងចរចា សម្របសម្រួលអ្វីឡើយ អាចធ្វើឱ្យជម្លោះគ្មានថ្ងៃបញ្ចប់។ ចំណែក “ខ្លីផុតត្រឹមមិននិយាយ” ស្ថានការណ៍កាន់តែបញ្ច្រាសទិសមែនទែន ពោលគឺខ្លឹមសារមរតកសាសន៍ តម្រូវឱ្យអ្នកខ្លាំងកុំរវល់តទល់ជាមួយអ្នកខ្សោយ ប៉ុន្តែអ្នកគាំទ្ររដ្ឋាភិបាល មិនសំចៃមាត់ទេ បាននាំគ្នាជេរពួកប្រឆាំង ឡើងរង្គើប្រព័ន្ធអេឡិចត្រូនិក ខ្លះទៀត “ជេរយកឈ្មោះល្បី” តែម្តង។
សរុបទៅ ព្រះបណ្តាំព្រះសង្ឃបញ្ញវន្តខ្មែរថា “វែងផុតត្រឹមពាក្យសម្តី ខ្លីផុតត្រឹមមិននិយាយ” កំពុងដើរបញ្ច្រាសទិសទាំងស្រុង។ បើភាគីជម្លោះមិនបន្ទន់ឥរិយាបថដើរស្របទិសទេនោះ ជម្លោះរវាងខ្មែរនិងខ្មែរ មិនដឹងជាថ្ងៃណាបញ្ចប់ទេ ធ្វើឱ្យអ្នកតាមដាននយោបាយ ធុញទ្រាន់ តប់ប្រមល់ដូចកើតរោគស្ត្រេស…៕