ពិតជាមិនធ្លាប់ឃើញក្នុងយុទ្ធសាស្ត្រនយោបាយ ខណៈដែលអ្នកដឹកនាំប្រទេស និងមេចលនាប្រឆាំង នាំគ្នាំដាក់ភ្នាល់កក្រើកទឹកដី ផ្អើលដល់ពិភពលោក វិលៗតែរឿងដដែល គឺ “ចង់ឈ្នះគ្នា” គ្មានអ្វីឱ្យហួសពីនេះទេ។ នៅពេលលោកសម រង្ស៊ី បបួលភ្នាល់ ឯសម្តេចហ៊ុន សែន ក៏យល់ព្រមភ្លាម បណ្តាលឱ្យមាន “ប្រតិកម្ម និងទស្សនៈ” ខុសៗគ្នា រង្គើហ្វេសប៊ុកនោះ ហាក់ដើរស្របនឹងសុភាសិតថា “កំប្រុកស៊ីផ្លែល្វា ជំពាក់កទា ទៅផ្សាឯក្តិតឈ្លូស” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
មានសេចក្តីតំណាលថា កាលពីព្រេងនាយ មានកវីបណ្ឌិតម្នាក់ តែងទៅអង្គុយនៅមាត់ស្ទឹងដែលហូរក្បែរជើងភ្នំ គយគន់ទេសភាពព្រៃព្រឹក្សា ដើម្បីយកទិដ្ឋភាពនេះទៅចារជាកំណាព្យកាព្យឃ្លោងអក្សរសិល្ប៍។ ថ្ងៃមួយ លោកកវីនោះ អង្គុយនៅត្រើយម្ខាងស្ទឹង ក៏បានឃើញសត្វកំប្រុក ១ក្បាល ស៊ីផ្លែល្វា រួចវាកកេរផ្លែល្វា ១ចង្កោម ទម្លាក់ទៅក្រោម។ ឯចដន្យ មានទា ១ហ្វូង ដែលអ្នកស្រុកនៅជើងភ្នំ លែងឱ្យហែលរកចំណីតាមដងស្ទឹង ត្រូវផ្លែល្វា ១ចង្កោមនោះ ធ្លាក់ទៅជាប់កទាឈ្មោលជាមេហ្វូង ក៏ស្រែកកេបកាប!ៗ ផ្អើលដល់សត្វឈ្លូស ១ក្បាល ដែលកំពុងស៊ីស្មៅក្បែរនោះ លោតថយក្រោយមិនបានប្រយ័ត្ន ក៏ជង់គូទនឹងគល់ឈើ ហៀរឈាមកក្លាក់ ពើតផ្សារត់ទៅបាត់។ លោកកវីបណ្ឌិត បានឃើញទិដ្ឋភាពជាក់ស្តែងបែបនេះ ក៏យកទៅចងក្រងជាសុភាសិតថា “កំប្រុកស៊ីផ្លែល្វា ជំពាក់កទា ទៅផ្សាឯក្តិតឈ្លូស” ដែលមានខ្លឹមសារថា បុគ្គលពុករលួយ ស៊ីសំណូកសូកប៉ាន់ ក៏ឆ្លើយទម្លាក់កំហុសទៅលើសហការី ឯសហការីនោះ លាបពណ៌ថ្នាក់ក្រោម ឱ្យរញ៉េរញ៉ៃ។ ម៉្យាងទៀត អាចប្រៀបធៀបនឹង “យុទ្ធសាស្ត្ររបស់អ្នកនយោបាយ” បើដាក់គន្លឹះអ្វីចេញទៅ ក៏ជំពាក់ជំពិន ប្រតោងប្រទាញ រយោងរយាន ជាប់គ្នាពីម្នាក់ទៅម្នាក់។
យ៉ាងណាមិញ បន្ទាប់ពីលោកសមរង្ស៊ី មេចលនាប្រឆាំង បបួលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់ថា “លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវដោះលែងនៅពេលឆាប់ៗខាងមុខនេះ គឺនៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរបំផុតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩” ដោយលោកសម រង្ស៊ី បញ្ជាក់ថា “លោកសុខចិត្តដើរចូលឱ្យចាប់ខ្លួនទៅដាក់គុកទន្ទឹមលោកកឹម សុខា”។ ភ្លាមៗនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ឆ្លើយប្រាវៗថា “ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់សម រង្ស៊ី ប៉ុន្តែបើលោកកឹម សុខា មិនត្រូវបានដោះលែងវិញនោះ…លោកសម រង្ស៊ី ត្រូវចូលមកឱ្យចាប់ខ្លួនភ្លាមៗ…”។
ការភ្នាល់គ្នាដ៏កក្រើកនេះ មិនខុសពី “កំប្រុកស៊ីផ្លែល្វា ជំពាក់កទា” នោះឡើយ លុះលទ្ធផលគឺ “ផ្សាឯក្តិតឈ្លូស” បណ្តាលឱ្យមានប្រតិកម្ម និងទស្សនៈរញ៉េរញ៉ៃសម្បើម ដែលភាគីម្ខាងកាន់ជើងលោកសម រង្ស៊ី ហ៊ានដើរចូលគុកជាមួយ បើសិនជាគាត់ភ្នាល់ចាញ់ ឯភាគីម្ខាងទៀត កាន់ជើងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សម្តេចនឹងឈ្នះភ្នាល់។
“នគរធំ” មិនលូកដៃចូលរឿងភ្នាល់គ្នានេះទេ ទោះខាងណាឈ្នះ ខាងណាចាញ់ ក៏ជាខ្មែរដូចគ្នា និងយល់ថា ការភ្នាល់នោះ “ឈានទៅរកការបែកបាក់ជាតិធ្ងន់ទៅៗ”។ យើងមិនជឿថា លោកសម រង្ស៊ី បើភ្នាល់ចាញ់ សុខចិត្តដើរចូលគុកនោះទេ ហើយក៏មិនជឿថា បើភ្នាល់ចាញ់ សម្តេចហ៊ុន សែន សុខចិត្តចុះចេញពីតំណែងនោះដែរ ព្រោះការភ្នាល់គ្នានេះជា “យុទ្ធសាស្ត្រនយោបាយ” ឬជា “សង្គ្រាមចិត្តសាស្ត្រ” បើពិចារណារាក់ៗមិនយល់ទេ។
ពូជពង្សលោកសម រង្ស៊ី ដែលមានជីតាឈ្មោះសម ញាណ អតីតអ្នកនយោបាយសម័យបារាំង មានឪពុកបង្កើតឈ្មោះ សម សារី អតីតឧបនាយករដ្ឋមន្ត្រី និងមានឪពុកក្មេក គឺសម្តេចចក្រី ញ៉ឹក ជូឡុង ជាពូជនាហ្មឺន មិនដែលជាប់គុកច្រវាក់ និងជាសហការីជំនិតរបស់សម្តេចឪ ព្រះបរមរតនកោដ្ឋ។ ទោះបីលោកសម សារី រងការចោទប្រកាន់ថា “ក្បត់ជាតិ” ក៏អ្វីៗជាអាថ៌កំបាំង ខ្លះថា គាត់ជាចារបុរសសម្តេចឪ ជ្រៀតចូលទៅធ្វើការជាមួយពួកខ្មែរសេរី ហើយត្រូវ CIA បញ្ឆោតយកទៅសម្លាប់នៅព្រំប្រទល់កម្ពុជា-លាវ ខ្លះទៀតថា គាត់ស្លាប់នៅស្រុកយួន។ លុះលោកសម រង្ស៊ី បន្តមរតកនយោបាយពីជីតា ឪពុក ឪពុកក្មេក ឃើញថា “គេចរួចពីគុករហូត” ទោះបីជាតុលាការផ្តន្ទាទោសគាត់អស់មួយករណី ចូលមួយករណី ក៏ចាប់បានតែខ្យល់ប៉ុណ្ណោះ។ លោកសម រង្ស៊ី “ជាកំប្រុកស៊ីផ្លែល្វា” ឬថា គាត់ប្រើយុទ្ធសាស្ត្រនយោបាយ កកេរផ្លែល្វាឱ្យដាច់ទាំងចង្កោមធ្លាក់ទៅជាប់កទា ស្រែកកេបកាប! ផ្អើលដល់ឈ្លូស លោតទៅជង់នឹងគល់ឈើផ្សាក្តិត។
យ៉ាងណាមិញ ដោយខ្លាចមានការរំលាយគណបក្សសង្គ្រោះជាតិ (CNRP) ទើបលោកសម រង្ស៊ី បង្ខំចិត្តលាឈប់ពីតំណែងប្រធានគណបក្ស ហើយលោកកឹម សុខា បានឡើងស្នងតំណែង ក៏នៅតែ CNRP រលាយដដែល។ បានន័យថា លោកកឹម សុខា មិនអាចទល់ទ្រស្ថានការណ៍បាន គឺបានត្រឹមរងការចោទប្រកាន់ពីបទ “ក្បត់ជាតិ” រហូតជាប់ឃុំក្នុងគុកត្រពាំងផ្លុង និងឃុំខ្លួនក្នុងផ្ទះ មិនដឹងជាពេលណាត្រូវដោះលែង។ ដោយមើលឃើញពីគ្រោះថ្នាក់នេះ ទើបលោកសម រង្ស៊ី បញ្ចោញ “សង្គ្រាមចិត្តសាស្ត្រ” បបួលសម្តេចហ៊ុន សែន ភ្នាល់គ្នា ដូចឃើញស្រាប់។
យុទ្ធសាស្ត្ររបស់លោកសម រង្ស៊ី ធ្វើឱ្យ “ផ្លែល្វា ជំពាក់កទា ទៅផ្សាក្តិតឈ្លូស” ពោលគឺបង្កើតឱ្យមានភាពរញ៉េរញ៉ៃ ផ្អើលពិភពលោកតែម្តង។ អ្នកគាំទ្រ CPP ក៏នាំគ្នាជេរប្រទេច រិះគន់លោកសម រង្ស៊ី សូម្បីតែពួកប្រឆាំង ដែលស្មោះត្រង់នឹងលោកកឹម សុខា ក៏ដៀមដាមឱ្យថា លោកសម រង្ស៊ី ចង់ធ្វើបក្សប្រហារ ដោយយកលោកកឹម សុខា ជាល្បែងនយោបាយ សូម្បីតែមេធាវី ៤រូបនោះ ក៏ថ្កោលទោសលោកសម រង្ស៊ី ដែរ។
ចំណុចនេះ “នគរធំ” មានទស្សនៈថា លោកសម រង្ស៊ី ចង់ធ្វើ “វិស្សុទ្ធកម្ម” រកឱ្យឃើញថា តើមានសហការីប៉ុន្មាននាក់ ស្មោះត្រង់ជាមួយគាត់? យុទ្ធសាស្ត្រលោកសម រង្ស៊ី មកពីគាត់ដឹងច្បាស់ថា លោកកឹម សុខា មិនត្រូវបានដោះលែងភ្លាមៗទេ ដូចអ្វីដែលយើងធ្លាប់បរិយាយពី “ការដោះដូរឈ្លើយសឹក” ពោលគឺនៅពេលសហគមន៍អឺរ៉ុប គាបសង្កត់រាជរដ្ឋាភិបាល ពីបញ្ហាអនុគ្រោះពន្ធ EBA បើអឺរ៉ុប ធ្វើខ្លាំងពេក គ្រោះថ្នាក់ដល់លោកកឹម សុខា ដូច្នេះលោកសម រង្ស៊ី ចេញក្បួនដាក់ភ្នាល់នេះ គ្មានបំណងអ្វី ក្រៅអី “ចាប់រដ្ឋាភិបាល ជល់គ្នាជាមួយអឺរ៉ុប”។
ចំណុចសំខាន់បំផុត គឺលោកសម រង្ស៊ី ចង់តាមដាន “ទស្សនៈតាមហ្វេសប៊ុក” តើមានអ្នកគាំទ្រគាត់ច្រើន ឬតិច? បើរកឃើញថា គាំទ្រច្រើន គាត់នឹងបំផុសចលនាប្រឆាំង ឬទម្លាក់យុទ្ធសាស្ត្រថ្មីបន្ថែមទៀត ឱ្យរញ៉េរញ៉ៃពិបាកគ្រប់គ្រងផ្នែកព័ត៌មាន។ ករណីលោកសម រង្ស៊ី យកលោកកឹម សុខា ដាក់ភ្នាល់នោះ ទោះបីជាហ្វេសប៊ុកលោកកឹម សុខា សរសេរថា “គាត់មិនមានសេរីភាពមែន តែគាត់មានសម្បជញ្ញៈ ដឹងថា អ្នកកំពុងធ្វើអ្វីមកលើរូបគាត់ និងប្រទេសជាតិ” ការប្រើពាក្យ “គាត់” មិនប្រាកដថា ជាសម្តីលោកកឹម សុខា នោះទេ លុះត្រាតែប្រើពាក្យ “ខ្ញុំ” ទើបពិត។
សរុបទៅ “កំប្រុកស៊ីផ្លែល្វា” គឺជាយុទ្ធសាស្ត្រនយោបាយ ឬសង្គ្រាមចិត្តសាស្ត្ររបស់លោកសមរង្ស៊ី ធ្វើឱ្យជំពាក់ជំពិនដល់សម្តេចនាយករដ្ឋមន្ត្រី និងរញ៉េរញ៉ៃដល់ប្រជាពលរដ្ឋ ផ្អើលដល់ពិភពលោកឯណោះទៀត។ លោកសម រង្ស៊ី គ្រាន់តែជាកំប្រុក ឬជាអ្នកនយោបាយប្រឆាំង មានតែវ៉ាលិសមួយ អូសចុះពីយន្តហោះ ស្កាត់ទៅជួបអ្នកគាំទ្រគាត់ តាមបណ្តាប្រទេសមួយចំនួន តែគាត់នៅតែមានសមត្ថភាពធ្វើឱ្យ “ជំពាក់កទា ទៅផ្សាឯក្តិតឈ្លូស” បើ CPP មិនពិចារណាឱ្យស៊ីជម្រៅ អាចចាញ់ល្បិចកំប្រុកនោះក៏ថាបាន ព្រោះ “ធនញ្ជ័យ” មានទោសប្រហារជីវិតទៅហើយ បែរជាអាចបោកពេជ្ឃឃាត ដោយប្រើល្បិច “អាជ័យធ្លាក់ទឹក ហៃអើ!ៗ” ដែលជាបរិបទសម្រាប់ពិចារណាទាំងអស់គ្នា…៕