សព្វថ្ងៃមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ មើលឃើញថា ទោះបីជាគ្មានឈ្មោះជាផ្លូវការក្នុងបញ្ជីគណបក្សនយោបាយ ស្របច្បាប់ក្តី ក៏លោកសម រង្ស៊ី បានក្លាយជាគូបដិបក្ខ “ស្មើឋានានុក្រម” ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រោះបើក្រៅពីនាយករដ្ឋមន្ត្រី មេប្រឆាំងធំជាងគេនោះ មិនឆ្លើយឆ្លងជាមួយឡើយ។ មិនត្រឹមតែដាក់ភ្នាល់គ្នា រឿងដោះលែង ឬមិនដោះលែងលោកកឹម សុខា នោះទេ ប៉ុន្តែយើងឃ្លាំមើលឃើញថា បើសម្តេចហ៊ុន សែន “វាយកូនគោល” លោកសម រង្ស៊ី “វាយកូនបាល់” សម្ញែងសុខភាព និងកម្លាំង ដែល “នគរធំ” សូមលើក “បញ្ហាសុខភាព” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
មនុស្សគ្រប់ជាតិសាសន៍ មានកំណត់ “វយវឌ្ឍនាការ” ឬលំដាប់អាយុត្រឹម១០០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើលើសពី១០០ឆ្នាំ គ្មាននៅក្នុងបញ្ជី។ លំដាប់អាយុ ឬវយវឌ្ឍនាការ មាន១០ថ្នាក់ គឺទី១-“វ័យស្រួល” ពី១ឆ្នាំ ដល់១០ឆ្នាំ។ ទី២-“វ័យល្បែង” ពី១០ឆ្នាំ ទៅ២០ឆ្នាំ។ ទី៣-“វ័យរៀន” ពី២០ឆ្នាំ ទៅ៣០ឆ្នាំ។ ទី៤-“វ័យខ្លាំង” ពី៣០ឆ្នាំ ទៅ៤០ឆ្នាំ។ ទី៥-“វ័យពិចារណា” ពី៤០ឆ្នាំ ទៅ៥០ឆ្នាំ។ ទី៦-“វ័យទន់” ពី៥០ឆ្នាំ ទៅ៦០ឆ្នាំ។ ទី៧-“វ័យសម្រាក” ពី៦០ឆ្នាំ ទៅ៧០ឆ្នាំ។ ទី៨-“វ័យភ្លេច” ពី៧០ឆ្នាំ ទៅ៨០ឆ្នាំ។ ទី៩-“វ័យកោង” ពី៨០ឆ្នាំ ទៅ៩០ឆ្នាំ។ ទី១០-“វ័យដេក” ពី៩០ឆ្នាំ ទៅ១០០ឆ្នាំ។ បើហួសពី១០០ឆ្នាំ ឡើងទៅ មិនដឹងហៅវ័យអីទេ ព្រោះបើហៅ “វ័យស្លាប់” ឬ “វ័យមរណៈ” មានន័យប្រមាថដល់ “សក្ការបុគ្គល” ព្រោះវ័យនេះ គេគោរពដូចព្រះ ទោះជាគាត់សម្រាន្តស្តូកស្តឹង ឬពិកល្យពិការយ៉ាងណា ក៏មិនអាចប៉ះពាល់ដល់វ័យវឌ្ឍនាការរបស់គាត់បានឡើយ។
សព្វថ្ងៃ អ្នកនយោបាយខ្មែរ មានវ័យហួសពី៦០ឆ្នាំទៅហើយ ឬថាចូលដល់ “វ័យសម្រាក វ័យភ្លេច និងវ័យកោង” ប៉ុន្តែមិនទាន់ឃើញអ្នកនយោបាយណាត្អូញត្អែរពីសុខភាព ឬចង់លាឈប់ពីមុខតំណែងនោះឡើយ។ ដើម្បីបិទបាំងពី “វយវឌ្ឍនាការ” តាមលក្ខណៈធម្មជាតិតាក់តែងនោះ អ្នកនយោបាយតែងតែ “លេងកីឡា” រួចថតបង្ហាញសាធារណជនឱ្យឃើញថា ទោះជាឈានដល់ “វ័យសម្រាក ឬវ័យភ្លេច” ក៏គ្មានបញ្ហា ព្រោះអាចនៅលេងកីឡាបាន។ ជាក់ស្តែង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានវ័យ៦៧ឆ្នាំ ឱ្យតែប៉ះថ្ងៃអាទិត្យ ឬទំនេរពីការងារមមាញឹក សម្តេចតែងចេញទៅ “វាយកូនគោល” បង្ហូរញើសជោកអាវ រួចបង្ហោះតាមហ្វេសប៊ុក ឱ្យប្រជាពលរដ្ឋបានឃើញថា សម្តេចមានសុខភាពល្អណាស់ ទោះជា១០ឆ្នាំទៀត ក៏នៅតែអាចធ្វើនាយករដ្ឋមន្ត្រីបាន។
ដូចគ្នានេះដែរ នៅពេលឃើញសម្តេចហ៊ុន សែន វាយកូនគោល ស្រាប់តែលោកសម រង្ស៊ី “វាយកូនបាល់” បង្ហោះតាមហ្វេសប៊ុក ហាក់ចង់បង្ហាញថា គាត់មានអាយុក្បែរ៧០ឆ្នាំ នៅតែមានកម្លាំងពលំ មិនចាញ់ក្មេង។ បើយោងតាម “វយ វឌ្ឍនាការ” ចាប់ពីអាយុ៦០ទៅ ត្រូវឈប់សម្រាក ឬចូលនិវត្តន៍ហើយ ប៉ុន្តែអ្នកនយោបាយយើង មិនឈប់សម្រាកអ្វីទេ នៅតែបង្ហាញសាច់ដុំ សុខភាពរឹងមាំ មិនតាមធម្មជាតិ។ បើអ្នកនយោបាយដើរកាន់ឈើច្រត់ ឬឧស្សាហ៍ចូលមន្ទីរពេទ្យ ឱ្យគេឃើញនោះ អាចឱ្យប្រជាពលរដ្ឋសន្និដ្ឋានបានថា សុខភាពគាត់ទ្រុឌទ្រោមហើយ ដូច្នេះមានតែការលេងកីឡា បង្ហូរញើស ឬហក់លោតទាំងពាក់វ៉ែនតា ទើបរាស្ត្រជឿថា គាត់ “នៅហំណាស់” អាចបន្តកិច្ចការនយោបាយទៅមុខទៀតបាន។
លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក មានអាយុ៧១ឆ្នាំ បើគិតពីលំដាប់វយវឌ្ឍនាការ គាត់ចូលដល់ដំណាក់កាល “វ័យភ្លេច” ទើបបានជាពាក្យសម្តីគាត់បត់បែនម្តងអ៊ីចេះ ម្តងអ៊ីចុះ រងការរិះគន់ពីអន្តរជាតិ សូម្បីសហការីគាត់ក៏ហ៊ានរិះគន់ដែរ។ ទោះយ៉ាងណា ក៏លោកត្រាំ នៅតែបង្ហាញសុខភាពល្អ ទោះមិនបានទៅវាយកូនគោល ឬវាយកូនបាល់ (Tennis) ដូចអ្នកនយោបាយយើង ក៏លោកប្រធានាធិបតី អាច “រាំស្លូវជាមួយភរិយា” ធ្វើឱ្យអ្នកមើលស្រៀវសាច់ និងយល់ថា លោកប្រធានាធិបតី នៅខ្លាំងណាស់។ លោកមហាធៀរ មហាម៉េដ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានអាយុ៩៣ឆ្នាំ ជា “វ័យដេក” ប៉ុន្តែគាត់មិនដេកទេ នៅតែអាចដឹកនាំប្រទេសបាន ក្រោយផ្តួលរំលំលោកណាជីប រ៉ាហ្សាក់។ ដើម្បីបង្ហាញថា គាត់មានសុខភាពល្អ លោកមហាធៀរ បានចេញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ ដោយអាចដើរត្រួតពល ទន្ទឹមលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូចារ បាន មិនចាំបាច់មានអង្គរក្សតាមគ្រាហ៍។
ផ្ទុយទៅវិញ បើអ្នកនយោបាយពេលចុះពីរថយន្ត មានគេគ្រាហ៍ ពេលឡើងជណ្តើរ មានគេស្ទួយ និងឧស្សាហ៍ចូលពេទ្យនោះ បង្ហាញថា សុខភាពគាត់ទ្រុឌទ្រោមហើយ ទោះជាខំលាក់ស្ងៀមយ៉ាងណា ក៏នៅតែគេដឹង។ ដើម្បីលាក់លៀមពីសុខភាពចុះខ្សោយនេះ អ្នកនយោបាយប្រទេសខ្លះ ដែលមានវ័យជរា ឬ “វ័យកោង” តែងសំងំតែក្នុងវិមាន កម្រចេញទៅក្រៅណាស់ ដូចលោកប្រធានម៉ៅ សេទុង មេដឹកនាំចិន ពេលចូលដល់ “វ័យកោង” លោកនៅតែក្នុងវិមាននាក្រុងប៉េកាំង មិនដែលចេញមុខជាសាធារណៈ តែលោកក៏មិនលាឈប់ពីមុខតំណែងនោះដែរ។
ងាកមកអ្នកនយោបាយខ្មែរវិញ ករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន “វាយកូនគោល” រីឯលោកសម រង្ស៊ី មេចលនាប្រឆាំង “វាយកូនបាល់” គឺចង់បង្ហាញថា ពួកលោកនៅតែមានសុខភាពល្អ អាចបន្តការដឹកនាំប្រទេស និងបន្តការប្រឆាំង ១០ឆ្នាំទៀត ក៏អត់អីដែរ។ សព្វថ្ងៃ ប្រជាពលរដ្ឋមើលឃើញថា បក្សកាន់អំណាច (CPP) គ្មានគូប្រឆាំងនៅក្នុងប្រទេសទៀតទេ ព្រោះគណបក្សចាញ់ឆ្នោត ដែលធ្លាប់ប្រឆាំងនៅពេលទទួលបានកៅអី “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ក៏សំងំស្ងៀមស្ងាត់ បាត់សំឡេងប្រឆាំង។ អ្វីដែល CPP ត្រូវប្រឈម គឺទប់ទល់ជាមួយលោកសម រង្ស៊ី ឯណោះទេ ជាក់ស្តែង រឿងភ្នាល់គ្នារវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី ដែលយកលោកកឹម សុខា ជា “ក្រឡាអុក” នោះ ពិតជាមិនធម្មតា។ យើងមិននិយាយពីរឿងភ្នាល់ ឬចង់ដឹងថា ខាងណាឈ្នះ ខាងណាចាញ់នោះទេ ព្រោះដឹងថា “អ្នកចាញ់ គឺរាស្ត្រខ្មែរ” ខណៈដែលអ្នកនយោបាយទាំងពីរ បង្ហាញសុខភាពល្អ។
បើនាយករដ្ឋមន្ត្រី នៅតែអាចវាយកូនគោលបាន រីឯមេចលនាប្រឆាំង នៅតែអាចវាយកូនបាល់បាននោះ ជម្លោះនយោបាយនៅតែបន្តទៅមុខ មិនដឹងជាពេលណាត្រូវបញ្ចប់។ កន្លងមក អ្នកនាំពាក្យ CPP បានលើកឡើងថា “លោកសម រង្ស៊ី ដល់អាយុ៧០ឆ្នាំហើយ គង់តែថ្ងៃដួលទាំងជំហរ” ប៉ុន្តែមេចលនាប្រឆាំងនោះ មិនឆ្លើយតបទេ បែរជាបង្ហាញរូបភាព “វាយកូនបាល់” រត់ពេញតារាងទៅវិញ។ ចំណែកពួកប្រឆាំង ធ្លាប់បង្អាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “សុខភាពទ្រុឌទ្រោម ល្មមឈប់ទៅ!” បន្ទាប់ពីបានឃើញសម្តេចចូលមន្ទីរពេទ្យនៅសិង្ហបុរី នោះ ស្រាប់តែសម្តេច “វាយកូនគោល” ទើបដឹងថា សុខភាពនៅហំណាស់។
សរុបទៅ “វាយកូនគោល និងវាយកូនបាល់” ដែលអ្នកដឹកនាំប្រទេស និងអ្នកនយោបាយប្រឆាំង បង្ហាញឱ្យឃើញជាសាធារណៈនោះ មានន័យថា “វយវឌ្ឍនាការ ឬវ័យសម្រាក វ័យភ្លេច វ័យកោង” មានតែក្នុងក្បួនតម្រាប៉ុណ្ណោះ មិនអាចយកឈ្នះលើការតាំងចិត្តរបស់មនុស្សបានឡើយ។ បើសម្តេចនាយករដ្ឋមន្ត្រី តាំងចិត្តថា “សុំធ្វើនាយករដ្ឋមន្ត្រី ១០ឆ្នាំទៀត” លុះត្រាតែសុខភាពល្អ និងគួរលាក់លៀមកុំឱ្យគេឃើញ ពេលចូលមន្ទីរពេទ្យ។ ចំណែកមេចលនាប្រឆាំង បើតាំងចិត្តថា នៅតែប្រឆាំងរហូតដល់ដណ្តើមអំណាចបាននោះ លុះត្រាតែឧស្សាហ៍វាយកូនគោល និងកុំចូលមន្ទីរពេទ្យ ឱ្យគេឃើញ។ បើអ្នកនយោបាយខ្មែរ នៅតែបង្ហាញភាពខ្លាំងតាំងចិត្តយកឈ្នះក្បួនតម្រា ដោយមិនបង្ហាញភាពទ្រុឌទ្រោមរបស់សរីរាង្គតាមធម្មជាតិ តាក់តែងមកនោះ “ការបែកបាក់ជាតិ” ច្បាស់ជាមិនងាយផ្សះផ្សាបានឡើយ…៕