Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ចង់ឈ្នះ ឱ្យចាញ់

បរិយាយថ្ងៃនេះ ៖ ចង់ឈ្នះ ឱ្យចាញ់

ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទ្រង់ត្រាស់សម្តែងថា “ចង់ឈ្នះ ឱ្យចាញ់” ត្រូវបានកវីបណ្ឌិតបុរាណាចារ្យខ្មែរ បន្ថែមឱ្យច្បាស់ជាងនេះ ទៅជា “ចាញ់ជាព្រះ ឈ្នះជាមារ” សំដៅអប់រំមនុស្សដែលមានវិវាទជាមួយគ្នា បើភាគីម្ខាងចេះសន្តោស ឬហ៊ានលះបង់ នឹងអាចយកឈ្នះភាគីម្ខាងទៀត ដែលប្រើកំហឹងទល់កំហល់។ ករណីលោកសម រង្ស៊ី ដាក់ភ្នាល់ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្អើលពេញពិភពលោកនោះ កំពុងប្រទាញប្រតោងគ្នាយកឈ្នះចាញ់ ដែល “នគរធំ” សូមលើកព្រះពុទ្ធដីកាខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

អ្នកនយោបាយគ្រប់ប្រទេស កម្រមានចិត្តសន្តោស ទន់ភ្លន់ យល់ព្រមលះបង់អំណាចឱ្យទៅភាគីម្ខាងទៀតណាស់ ពោលគឺ បើភាគីប្រឆាំង ហ៊ានដណ្តើមអំណាច ឬបង្កភាពចលាចលណាមួយ ច្បាស់ជាមានការបង្ក្រាបមិនខាន។ ផ្ទុយទៅវិញ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទ្រង់ត្រាស់សម្តែងថា “ចង់ឈ្នះ ឱ្យចាញ់” ឬថា តម្រូវឱ្យ “អ្នកខ្លាំងធ្វើចាញ់សិន” ដើម្បីរក្សាស្ថិរភាពសង្គម បញ្ចៀសជម្លោះនយោបាយ ឬក្លាយជាសង្គ្រាមឈាមដាបធរណី។ ករណីលោកសម រង្ស៊ី នៅសុខៗ ស្រាប់តែបបួលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់គ្នាពីរឿង “ដោះលែង ឬមិនដោះលែងលោកកឹម សុខា” នោះ កំពុងដើរស្របពុទ្ធភាសិតខាងលើនេះហើយ បើ CPP ឆ្លាត បន្ធូរដៃតែបន្តិច នឹងឈ្នះមេចលនាប្រឆាំងនោះមិនខាន ប៉ុន្តែបើប្រឹងទាញតោងយកឈ្នះ អាចនឹងរងគ្រោះដល់កម្មករ-កម្មការិនី និងកសិកររាប់លា់ននាក់ នៅពេលសហភាពអឺរ៉ុប កាត់ផ្តាច់ការអនុគ្រោះពន្ធ EBA។

បានជាហ៊ានថាបែបនេះ យើងមានទឡ្ហីករណ៍មកបង្ហាញពាក់ព័ន្ធដល់ “ចង់ឈ្នះ ឱ្យចាញ់” បើ CPP អាចធ្វើតាមបាន នឹងឈ្នះជារៀងរហូត ប៉ុន្តែបើមិនអាចធ្វើតាមបាននោះ គ្រោះថ្នាក់ដល់កម្មករ-កម្មការិនី អាចកើតមានឡើងជាយថាហេតុ។

នៅក្នុងប្រជុំរឿងព្រេងខ្មែរ រឿង “ស្រី២នាក់ ដណ្តើមកូនគ្នា” បានតំណាលថា កាលនោះ មានស្ត្រី២នាក់ មានកូនខ្ចីដូចគ្នា ប៉ុន្តែនាងមួយ កូននៅរស់ ឯនាងមួយទៀត កូនស្លាប់ចោលថ្មីៗ។ បន្ទប្ទា់ពីកូនស្លាប់ចោលមក ស្ត្រីម្នាក់នោះខូចចិត្ត ចេះតែដើរតាមផ្លូវ ស្រាប់តែឃើញស្ត្រីម្នាក់ទៀត ពកូនទៅផ្ងូតទឹកត្រពាំង។ ស្ត្រីស្លាប់កូននោះ ក៏និយាយថា “កូននាងដូចកូនខ្ញុំ ខ្ញុំសុំថើបបន្តិចមក!” ស្រីជាម្តាយនោះក៏ឱ្យទារកទៅគេថើប និងបំបៅផង ព្រោះនាងស្លាប់កូនទើបបានប៉ុន្មានថ្ងៃនោះ ដោះឡើងតឹងង៉ាង ព្រោះគ្មានកូនជញ្ជក់ទឹកដោះ។ នៅពេលបានកូនគេដល់ដៃស្ត្រីស្លាប់កូននោះ ក៏ពទៅផ្ទះធ្វើព្រងើយ ទោះជាស្ត្រីជាម្តាយនោះ សុំវិញយ៉ាងណាក៏មិនឱ្យ ព្រោះតែស្ត្រីស្លាប់កូនប្រាប់អ្នកស្រុកថា ជាកូនរបស់ខ្លួន។ ស្ត្រីជាម្តាយកើតទុក្ខមិនសុខចិត្ត ក៏ទៅប្តឹងចៅក្រម ឯចៅក្រមកាត់ក្តីមិនចេញ ក៏នាំទៅថ្វាយព្រះមហាក្សត្រ ជាចៅក្រមកំពូល។ ព្រះមហាក្សត្រ ទ្រង់ពិចារណាដោយព្រះបញ្ញាញាណ ដោយត្រាស់បង្គាប់ឱ្យដាក់កូនខ្ចីនោះ ពីលើខ្សែគំនូស រួចឱ្យស្រីទាំងពីរដណ្តើមគ្នា។ ពេលនោះ ស្ត្រីកូនស្លាប់ ក៏ចាប់យួរជើងកូននោះ ទាញយកឈ្នះ ចំណែកស្ត្រីជាម្តាយពិត មានចិត្តអាណិតកូន ខ្លាចកូនបាក់ដៃ បាក់ជើង ក៏បន្ធូរដៃ លុះភាគីលួចកូនគេនោះ ទាញខ្លាំងពេក ក៏លែងដៃ របូតកូនទាំងទឹកភ្នែក។ ព្រះមហាក្សត្រ ក៏ត្រាស់សួរមហាជនថា “តើស្ត្រីជាម្តាយមានចិត្តសន្តោសដល់កូន ឬស្រីលួចកូនគេ មានចិត្តសន្តោស?” មហាជនដែលឈរមើលការកាត់ក្តី ក៏ឆ្លើយព្រមៗគ្នាថា “ចិត្តម្តាយសន្តោសដល់កូន ខ្លាចកូនបាក់ដៃ បាក់ជើង ឯស្ត្រីចោរទាញយកពីឈ្នះ”។ ទីបំផុត ព្រះមហាក្សត្រ ក៏កាត់ក្តីឱ្យកូននោះទៅស្ត្រីជាម្តាយ និងធ្វើទោសស្ត្រីលួចកូនគេនោះតាមច្បាប់ បន្ទាប់ពីនាងនោះសារភាពថា មកពីខ្លួនស្លាប់កូន ក៏ចង់បានកូនគេទៅចិញ្ចឹម…។

រឿងព្រេងខាងលើនេះ យើងអាចទាញ “ឧបមានវិធី” ប្រៀបធៀបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹង “ស្ត្រីមានកូន” ដោយហេតុថា សម្តេចគ្រប់គ្រងប្រជាពលរដ្ឋមួយប្រទេស ជាពិសេស ជាម៉ែឪរបស់កម្មករ-កម្មការិនី ប្រមាណ២លាននាក់ កំពុងបម្រើការងាររោងចក្រ។ ចំណែកលោកសម រង្ស៊ី អាចប្រៀបបានទៅនឹង “ស្ត្រីស្លាប់កូន” ដោយហេតុថា គណបក្សសង្គ្រោះជាតិ (CNRP) រលាយបាត់ទៅហើយ សូម្បីសហការីគាត់ ក៏នៅបែកខ្ញែកគ្នារប៉ាត់រប៉ាយ។ ការដាក់ភ្នាល់គ្នារវាងអ្នកនយោបាយជើងចាស់ទាំងពីរនោះ ប្រៀបបាននឹង “ទាញដណ្តើមកូនគ្នា” ខណៈដែលកម្មករ-កម្មការិនី ជា “កូនខ្ចីនៅបៅដោះ”។

រួចមកហើយ យើងឃើញថា លោកសម រង្ស៊ី ដែលបាត់បង់អ្វីៗទាំងអស់នោះ បានទៅពឹងពាក់អាមេរិក អឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត ឱ្យដាក់ទណ្ឌកម្មលើរាជរដ្ឋាភិបាល ជាពិសេស ជំរុញសហភាពអន្តរសភា IPU ឱ្យគាបសង្កត់រដ្ឋាភិបាល រឿង “សិទ្ធិមនុស្ស” និង “ស្តារប្រជាធិបតេយ្យ”។ មេចលនាប្រឆាំង តែម្នាក់ឯងនោះ ក៏បានជំរុញសហភាពអឺរ៉ុប ឱ្យផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមានទឹកប្រាក់ទំហំ៧០០លានដុល្លារ ក្នុង១ឆ្នាំ។ ឥឡូវស្រាប់តែលោកសម រង្ស៊ី បបួលនាយករដ្ឋមន្ត្រី ភ្នាល់គ្នាផ្អើលពិភពលោក គឺមិនខុសពី “ស្ត្រី២នាក់ ដណ្តើមកូន”។

“នគរធំ” មានទស្សនៈថា ស្ត្រីកូនស្លាប់ដែលប្រឹងដណ្តើមកូនគេ ឬប្រឹងទាញយកឈ្នះនោះ មិនខ្វល់ពីកូនបាក់ដៃបាក់ជើងអ្វីទេ យ៉ាងណាមិញ លោកសម រង្ស៊ី ដែលបាត់បង់អ្វីៗទាំងអស់នោះ ពេលនេះ គាត់ដឹងតែធ្វើយ៉ាងណាទាញយកឈ្នះ ឬថា រុញសហភាពអឺរ៉ុប ឱ្យផ្តាច់ EBA។ ការប្រឹងទាញរបស់លោកសម រង្ស៊ី គឺដើម្បីចង់បានកម្មករ-កម្មការិនី ឱ្យដើរតាមនយោបាយ ឬគាំទ្រគាត់ ពុំមែនចង់សម្លាប់នោះទេ ដូចស្រីកូនស្លាប់ ប្រឹងដណ្តើមកូនគេយកទៅចិញ្ចឹម។

ដោយឡែក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រៀបបាននឹង “ស្ត្រីមានកូនខ្ចី” តែងតែខ្វល់ខ្វាយពីជីវភាពកម្មករ កម្មការិនី តែងចុះសួរសុខទុក្ខក្មួយៗដល់រោងចក្រ ស្ទើរតែរាល់ថ្ងៃពុធ។ អ៊ីចឹងបើលោកសម រង្ស៊ី ទាញខ្លាំង ដោយមានអាមេរិក អឺរ៉ុប ជួយទាញពីក្រោយផងនោះ ទោះជា CPP មានជំនួយពីមហាមិត្តចិន ក៏ពិបាកទប់ដែរ ព្រោះអឺរ៉ុប ២៨ប្រទេសនោះ ខ្លាំងជាងចិន ទៅទៀត។ បើប្រឹងទាញខ្លាំងពេក អាចធ្វើឱ្យកូនដាច់ដៃដាប់ជើង ឬថាកម្មករ-កម្មការិនី ប្រមាណ២លាននាក់ ត្រូវប្រឈមបាត់បង់ការងារធ្លាក់នៅក្នុងភាពក្រីក្រវិញដដែល។

ការភ្នាល់គ្នានោះ លោកសម រង្ស៊ី មិនថយក្រោយ ឬបន្ធូរដៃទេ ដោយគាត់បានសរសេរបង្ហោះក្នុងហ្វេសប៊ុកថា “ហ៊ុន សែន បានធ្លាក់ក្នុងអន្ទាក់របស់ខ្ញុំ ពីព្រោះគាត់បានបង្ហាញយ៉ាងច្បាស់ដោយខ្លួនគាត់ថា គាត់ជាជនផ្តាច់ការ ដែលប្រើប្រាស់តុលាការ ជាឧបករណ៍នយោបាយ”។ មេចលនាប្រឆាំងធំជាងគេនេះ បានសរសេរទៀតថា “អ្នកដែលទិតៀនខ្ញុំ ពីរឿង ភ្នាល់ជាមួយហ៊ុន សែន នេះ ជាមនុស្សមួយក្តាប់តូចទេ ដែលបានប្រតិកម្មឆាប់ពេក ពីព្រោះពួកគេមិនទាន់យល់ពីការភ្នាល់គ្នានេះ”។ បើលោកសម រង្ស៊ី អះអាងយ៉ាងនេះទៅហើយ គឺមានន័យស្មើនឹង “ស្ត្រីស្លាប់កូន ប្រឹងដណ្តើមកូនគេយកឈ្នះ” ហើយប្រមុខ CPP ប្រឹងទាញដូចគ្នា ច្បាស់ណាស់ថា “វាសនាកម្មករដ៏ក្រីក្រ រងផលប៉ះពាល់ពី EBA ចៀសមិនរួចឡើយ”។

អ៊ីចឹងធ្វើម៉េចកុំឱ្យប៉ះពាល់? លុះត្រាតែ “ចង់ឈ្នះ ឱ្យចាញ់” តាមព្រះពុទ្ធឱស្ឋប្រោសទេសនា ឬថា លុះត្រាតែរាជរដ្ឋាភិបាល បន្ទន់ឥរិយាបថ តាមអ្វីដែលសហភាពអឺរ៉ុប ចង់បានខ្លះៗទៅ ព្រោះលោកសម រង្ស៊ី នៅពីក្រោមឥទ្ធិពលបណ្តាប្រទេសទាំងនោះ។ រាជរដ្ឋាភិបាល ឱបក្តាប់ជោគវាសនាកម្មកររាប់លាននាក់ បើប្រឹងយកឈ្នះអឺរ៉ុប លុះត្រាតែមហាមិត្តចិន អាចជួយបាននៅពេលផ្តាច់ EBA តែបើចិន ជួយមិនបាន នាំឱ្យមានផលវិបាក។ ទោះយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរួចហើយថា មិនឱនក្បាលចុះចាញ់សហភាពអឺរ៉ុប ហើយទោះ១០០០ឆ្នាំទៀត ក៏គ្មានការដោះលែងលោកកឹម សុខា បានន័យថា “ទាញយកឈ្នះ”។

សរុបទៅ “ចង់ឈ្នះ ឱ្យចាញ់” គ្រាន់តែជាការបកស្រាយពុទ្ធភាសិតប៉ុណ្ណោះ ដោយមិនសង្ឃឹមថា អ្នកនយោបាយខ្មែរ អាចយកទៅអនុវត្តបាននោះឡើយ។ បើលោកសម រង្ស៊ី ប្រឹងទាញយកឈ្នះ ដោយជំរុញសហភាពអឺរ៉ុប ឱ្យជួយទប់ពីក្រោយ ខណៈដែលរាជរដ្ឋាភិបាលប្រឹងទាញយកឈ្នះដែរ ដោយមានចិន ជួយពីក្រោយដូចគ្នានោះ អាចនឹងរងគ្រោះដល់កម្មករ ឬកូនខ្ចី ក៏ដូចជាមានការបែកបាក់ បាត់បង់ឯកភាពជាតិ ដែលជាបរិបទសម្រាប់អ្នកនយោបាយគ្រប់រូប ពិចារណា…៕

RELATED ARTICLES