កន្លងមក អ្នកវិភាគមួយចំនួនបានលើកយកគំនូវជីវចល រឿង “ឆ្មា និងកណ្តុរ” ដែលដាក់អន្ទាក់គ្នានោះ មកប្រៀបធៀបរវាងបក្សកាន់អំណាច និងអតីតបក្សប្រឆាំង សូម្បីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ថ្លែងថា មកពីអាជែររី (កណ្តុរ) វាខូចដែរ បានជាអាថម (ឆ្មា) វាខឹង។ បានសេចក្តីថា រឿង “Tom & Jerry” ត្រូវបានអ្នកនយោបាយខ្មែរ យកល្បិចតាម ប៉ុន្តែនៅពេលនេះ យើងសូមលើកពីរឿង “ហ្វូងកណ្តុរ និងឆ្មា” ម្តងវិញ បន្ទាប់ពីពួកប្រឆាំង បានបើកសន្និសីទតំណាងអតីតគណបក្សសង្គ្រោះជាតិ (CNRP) ពីគ្រប់ប្រទេស សម្រេចជ្រើសតាំងលោកសម រង្ស៊ី ជា “ប្រធានស្តីទី CNRP” ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលពីថ្ងៃទី០១-០២ ធ្នូ ឆ្នាំ២០១៨ នេះ ពួកប្រឆាំងនៅក្រៅប្រទេស ក្រោមការដឹកនាំរបស់លោកសម រង្ស៊ី បានណាត់ជួបគ្នានៅទីក្រុងអាត្លង់តា រដ្ឋចចជា សហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយយ៉ាងណាឱ្យអតីតគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ ឱ្យមានការដោះលែងលោកកឹម សុខា ហើយទីបំផុត ពួកប្រឆាំង បានជ្រើសតាំងលោកសម រង្ស៊ី ជា “ប្រធានស្តីទី” គណបក្សសង្គ្រោះជាតិ ដោយទុកលោកកឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ ជា “ប្រធាន CNRP” ដដែល។ ការជួបជុំគ្នានោះ ពុំដឹងថា តើពួកប្រឆាំងបានសម្រេចគោលបំណង ឬយ៉ាងណាឡើយ បើពួកគេ “ធ្វើសកម្មភាពប្រយោល” ដោយ “ខ្វះសេចក្តីក្លាហាន” បែបនេះ ដែលស្រដៀងនឹងរឿងព្រេង “ហ្វូងកណ្តុរ និងមេឆ្មា” ដែលយើងសូមលើកមកបង្ហាញដោយត្រួសៗនៅពេលនេះ។
រឿងនេះបានតំណាលថា នៅក្នុងគេហដ្ឋានដង្ខៅម្នាក់ដែលសម្បូរស្រូវអង្ករ ពោត សណ្តែក ដាក់ក្នុងជង្រុក មានហ្វូងកណ្តុរ រាប់រយក្បាលរស់នៅ និងមានមេឆ្មា ១ក្បាល តែងតែចាប់កូនចៅកណ្តុរស៊ីរាល់យប់។ ដោយសារតែមើលឃើញពីគ្រោះថ្នាក់នេះ កណ្តុរចាស់ជាងគេ ជាមេហ្វូង បានកោះហៅកូនចៅកណ្តុរ ទៅប្រជុំនៅកន្លែងងងឹតក្នុងរូងដី ដោយមេហ្វូង ចាប់ផ្តើម និយាយថា “សព្វថ្ងៃពូជកណ្តុរយើង ប្រឈមការវិនាសម្តងមួយៗ ដោយសារមេឆ្មាកំណាច” តើពួកយើងត្រូវធ្វើយ៉ាងណា កម្ចាត់មេឆ្មានោះឱ្យបាន? បន្ទាប់មក ក៏មានកណ្តុរជំនិតមេហ្វូង ឱ្យយោបល់ថា “ត្រូវព្រួតគ្នាខាំមេឆ្មានេះ” ប៉ុន្តែយោបល់នេះ ក៏មានអ្នកជំទាស់ថា “ទោះកណ្តុរ១ហ្វូង ក៏ខាំមិនឈ្នះឆ្មាដែរ”។ កាលនោះ កណ្តុរខ្លះថាអ៊ីចេះ ខ្លះថាអ៊ីចុះ ហើយទីបំផុត ក៏ឯកភាពគ្នាថា “ត្រូវយកចង្ក្រង់ទៅបំពាក់កមេឆ្មា” ក្នុងពេលវាដេកលក់ ព្រោះបើមានចង្ក្រង់ជាប់ក ពេលមេឆ្មាដើរ នឹងឮសូរដល់កណ្តរ្តុ ស្រណុកគេចខ្លួន។ ទោះជាយោបល់ឯកភាពក្តី ក៏គ្មានកណ្តុរណាបញ្ចោញសេចក្តីក្លាហាន ហ៊ានយកចង្ក្រង់ទៅបំពាក់កមេឆ្មានោះសោះ ធ្វើឱ្យឆ្មាកាន់តែមានឱកាសចាប់កណ្តុរស៊ី ទាំងយប់ទាំងថ្ងៃ រហូតដល់ឆ្មានោះចាស់ងាប់ទៅ ទើបហ្វូងកណ្តុរ រួចផុតពីគ្រោះថ្នាក់ ប៉ុន្តែដង្ខៅជាម្ចាស់ផ្ទះ បានរកឆ្មាថ្មីទៀត មកចិញ្ចឹមទុកឱ្យចាប់កណ្តុរ បន្តទៀត…។
បើយករឿង “ហ្វូងកណ្តុរ និងមេឆ្មា” មកប្រៀបធៀបនឹងរឿងនយោបាយ យើងឃើញថា ករណីលោកសម រង្ស៊ី កោះហៅសហការីសំខាន់ៗ ក៏ដូចអ្នកគាំទ្រគាត់ ទៅជួបជុំគ្នាទៅលើទឹកអាមេរិក ដើម្បីរកដំណោះស្រាយឱ្យ CNRP រស់វិញ ក៏ដូចទាមទារឱ្យដោះលែងលោកកឹម សុខា នោះ ជាលទ្ធផល គ្មានអ្នកក្លាហានហ៊ានចូលប្រទេស ដើម្បី “បង្កើតបាតុកម្ម” ដូចមុន។ អ្នកទៅជួបជុំទាំងនោះ បានសម្តែងឆន្ទៈរបស់ខ្លួនម៉ឺងម៉ាត់ណាស់ គឺជាដាច់ខាតប្រឆាំងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនខុសពី “ហ្វូងកណ្តុរ ស្អប់មេឆ្មា” ប៉ុន្តែគ្មានកណ្តុរណាហ៊ានចូលបំពាក់ចង្ក្រង់ឱ្យមេឆ្មា។ កន្លងមក CPP បានប្រកាសរួចហើយថា “ទាល់តែសេះដុះស្នែង ទើបដោះលែងលោកកឹម សុខា” ហើយថា “ខ្មោច CNRP” មិនរស់វិញទេ។ ឥឡូវពួកប្រឆាំង ដែលជួបជុំគ្នានោះ បានសម្រេចជ្រើសតាំងលោកសម រង្ស៊ី ជា “ប្រធានស្តីទី CNRP” បន្ទាប់ពីអ្នកគាំទ្រលោកកឹម សុខា ក៏ដូចជាអ្នកគាំទ្របក្សកាន់អំណាចខ្លះថា ជា “បក្សប្រហារ”។
សកម្មភាពប្រឆាំង ពិតជារញ៉េរញ៉ៃប្រាកដមែន ប៉ុន្តែទោះជាម្ខាងជាបក្ខពួកលោកសម រង្ស៊ី ម្ខាងទៀតជាបក្ខពួកលោកកឹម សុខា ក៏ទាំងពីរពួកនេះ “ជាកណ្តុរ” ដូចគ្នា។ ពួក “កណ្តុរល្មែះ” គាំទ្រលោកកឹម សុខា មិនបានទៅចូលប្រជុំទេ ដោយរិះគន់ពួក “កណ្តុរប្រែង” ថា ចង់ធ្វើបក្សប្រហារ ខណៈដែលមេកណ្តុរល្មែះ នៅក្នុងក្រញាំជើងមេឆ្មា។ បើសិនជាពួកកណ្តុរល្មែះ ហ៊ានចូលប្រជុំ ច្បាស់ជាមេកណ្តុរ កឹម សុខា អាចគ្រោះថ្នាក់មិនខាន ម៉្លោះហើយកូនកណ្តុរកឹម មនោវិទ្យា កឹម សម្មាធីតា មុត ចន្ថា៘ ត្រូវបង្ខំចិត្តរិះគន់ពួកកណ្តុរប្រែង ដើម្បីយកចិត្តថ្លើមមេឆ្មា កុំឱ្យឧក្រញេចឪកណ្តុរ។ ដោយឡែក “មេកណ្តុរប្រែង សម រង្ស៊ី” មាឌធំជាងគេ ដែលឆ្មាមិនងាយចាប់បាននោះ ពេលឃើញ “មេកណ្តុរល្មែះ កឹម សុខា” ជាប់ក្នុងក្រញាំជើងឆ្មា ក៏រកល្បិចកលផ្សេងៗធ្វើឱ្យមេឆ្មាក្រពុលមុខ។
ស្ថានការណ៍ពេលនេះ បើសិនជាពួកកណ្តុរប្រែង ក្លាហានហ៊ានចូលបំពាក់ចង្រង់ឱ្យមេឆ្មា ឬថា ហ៊ានចូលប្រទេស បំផុសបាតុកម្មរញ៉េរញ៉ៃតាមដងផ្លូវដូចមុននោះ ទើបទៅរួច ប៉ុន្តែ “រកអ្នកក្លាហានឯណាបាន?”។ ចំពោះយុទ្ធសាស្ត្រលើកមេកណ្តុរប្រែង ឱ្យឡើងជាប្រធានស្តីទី លើហ្វូងកណ្តុរទាំងពីរពូជនោះ គឺដើម្បីឱ្យលោកសម រង្ស៊ី មានអំណាចជាងមុន ក្នុងការអន្ទងអន្តរជាតិ ជាពិសេស សហភាពអឺរ៉ុប ករណីដកប្រព័ន្ធអនុគ្រោះពន្ធ EBA។ មានន័យថា កណ្តុរមិនហ៊ានជាមួយឆ្មា ប៉ុន្តែ មេហ្វូងកណ្តុរ អាចរត់ទៅពឹងឆ្កែឱ្យដេញខាំឆ្មា។ កណ្តុរវាខ្លាចតែឆ្មាប៉ុណ្ណោះ ឯឆ្កែ វាមិនសូវខ្លាចទេ សូម្បីសិង្ហតោ ក៏កណ្តុរ មិនខ្លាចដែរ ដូចរឿងមួយ មានតំណាលក្នុង “គម្ពីរស្រីហិតោបរទេស” ថា កាលនោះ មានសិង្ហតោ ដ៏កំណាច១ក្បាល តែងដេកក្នុងរូងភ្នំ ជាលំនៅរបស់វា។ នៅពេលតោដេកលក់ ក៏មានកណ្តុរពីរបីក្បាល តែងចូលទៅកកេរកាត់រោមនៅនឹងក្បាលតោ ឱ្យដាច់រេចរឹលមួយថ្ងៃបន្តិចៗ។ តោនោះខឹងកណ្តុរ តែមិនអាចចាប់កណ្តុរបាន ក៏ទៅអង្វរមេឆ្មា ១ក្បាល យកមកនៅជាមួយ ចាំចាប់កណ្តុរ ឯកណ្តុរឃើញឆ្មា ក៏ខ្លាចមិនហ៊ានចូលទៅជិតតោ។ រឿងនេះ មានឧបមាដូចពួកប្រឆាំង មិនខ្លាចមហាអំណាច ដូចពាក្យថា ហ៊ាន “ច្បូតពុកមាត់ខ្លា” ប៉ុន្តែពួកប្រឆាំង មិនសូវហ៊ានជាមួយបក្សកាន់អំណាច តាំងពីមានការបង្ក្រាបធ្ងន់ដៃនៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៤។ ដូច្នេះអ្វីដែលឆ្មាត្រូវប្រឈមនោះ ពុំមែនចាំចាប់កណ្តុរនោះទេ ប៉ុន្តែត្រូវប្រឈមនឹងឆ្កែប៊ែរហ្សេ ខាំទាញដណ្តើមសាច់ មិនឱ្យឆ្មាស៊ីបាន ឬប្រឈមនឹង EBA នេះឯង។
សរុបទៅ “ហ្វូងកណ្តុរ និងមេឆ្មា” ជារឿងនិទាន មានការប្រៀបធៀបល្អណាស់ សម្រាប់ឆ្លុះមើលស្ថានការណ៍នយោបាយបច្ចុប្បន្ន។ ដូចលើកឡើងខាងលើរួចហើយថា “កណ្តុរប្រែង និងកណ្តុរល្មែះ” មានសត្រូវតែមួយ គឺមេឆ្មា ទោះជាខាងកណ្តុរល្មែះ មើលទៅដូចជាទាស់គ្នាជាមួយកណ្តុរប្រែង ក៏បានត្រឹមរញ៉េរញ៉ៃរត់ពេញផ្ទះដង្ខៅ។ ទោះជាខ្សែ សម រង្ស៊ី និងខ្សែកឹម សុខា មិនសូវស្របគ្នា ក៏ជាកណ្តុរដូចគ្នាទេ បានត្រឹមធ្វើឱ្យឆ្មាមួម៉ៅ លោតសង្គ្រប់ចាប់បានមួយ នៅមួយទៀត ជួនកាលបើសិនជាឆ្កែជួយ ធ្វើអន្តរាគមន៍ អាចធ្វើឱ្យឆ្មា រត់ឡើងដើមឈើ ឬដំបូលផ្ទះ ទុកឱ្យកណ្តុរ សើចចំអកក៏ថាបាន ដែលជាបរិបទសម្រាប់អ្នកនយោបាយ ដែលធ្លាប់លើកពីរឿង “កណ្តុរ និងឆ្មា” (Tom&Jerry) ពិចារណា ព្រោះរឿងកណ្តុរ និងឆ្មា មានច្រើនណាស់ មិនដូចគ្នាទេ…៕