ក្មេងៗជំនាន់ដើម ទាំងស្រីទាំងប្រុស ដែលសព្វថ្ងៃក្លាយជាតាយាយអស់ទៅហើយនោះ បើស្រុកភូមិគាត់ធ្លាក់ភ្លៀងមិនដាច់គ្រាប់ ពីរបីថ្ងៃជាប់គ្នាៗ ឬក៏មេឃស្រទំអួអាប់ គ្មានថ្ងៃហាលស្រូវនោះ តែងនាំគ្នាអង្គុយលើកាំជណ្តើរ រួចស្រែកព្រមៗគ្នាថា “វាយអាគាំង រាំងភ្លៀង វាយអាគក បើកថ្ងៃ” ដែលការស្រែកបែបនេះ ជួនកាល “រាំងភ្លៀង ឬបើកថ្ងៃ” យ៉ាងទាន់ ចិត្ត។ បើយកអតីតកាលនេះ មកប្រៀបធៀបនឹងរឿងនយោបាយ ខណៈដែលអាមេរិក អឺរ៉ុប គាបសង្កត់រដ្ឋាភិបាល ករណីបង្កកទ្រព្យសម្បត្តិ ផ្អាកទិដ្ឋាការ ព្រមានផ្តាច់ EBA ក៏មិនខុសពីស្រុកភូមិមានភ្លៀងធ្លាក់ និងមេឃស្រទំ មើលមិនឃើញថ្ងៃ លុះត្រាតែបក្សកាន់អំណាច (CPP) “ដេញវាយអាគាំង អាគក” ទើបបានធូរស្រាល ដែល “នរគធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលពីសម័យសង្គមរាស្ត្រនិយមនៅឃុំមួយនោះ មានភ្លៀងធ្លាក់មិនដាច់គ្រាប់សោះ អស់ពីឮសូរប្រាវ!ៗ វូ!ៗ ក៏ឮស្រិច!ៗ ប្រិប!ៗ ៣យប់ ៣ថ្ងៃ ធ្វើឱ្យអ្នកភូមិមានក្តីរំខានជាពន់ពេក ព្រោះទឹកស្រែ ត្រពាំង បឹងបួ ពេញព្រៀបទៅហើយ មិនចង់បានភ្លៀងទៀតទេ នាំតែចេញទៅណាឆ្ងាយពិបាក។ លុះអស់ពីភ្លៀងរលឹម ផ្ទៃមេឃក៏ស្រទំស្រទន់ អួអាប់ រកថ្ងៃហាលស្រូវ មិនបាន ដោយហេតុថា ជំនាន់នោះ គ្មានឡសម្ងួតស្រូវដូចសព្វថ្ងៃ និងប្រើប្រាស់អង្ករបុក បើអត់ថ្ងៃហាលស្រូវ ច្បាស់ជាយកស្រូវឆៅទៅកិនដោយត្បាល់កិន រួចបុកស្ទៃរែងបានអង្ករខ្ទេច យកទៅដាំបាយហូបមិនឆ្ងាញ់។ ក្នុងករណីស្រុកភូមិជួប គ្រោះធម្មជាតិបែបនេះ ក្មេងក្មាងជំនាន់នោះ ទាំងស្រីទាំងប្រុស តែងនាំគ្នាអង្គុយលើកាំជណ្តើរមុខផ្ទះ រួចស្រែកព្រមៗគ្នា ដោយកាន់ដំបង រំពាត់ គ្រប់ដៃថា “វាយអាគាំង រាំងភ្លៀង វាយអាគក បើកថ្ងៃ”។ ការស្រែកដោយធ្វើកាយវិការកាន់រំពាត់ វាយខ្យល់នោះ ជួនកាលភ្លៀងរលឹមមិនឈប់នោះ ក៏ដាច់គ្រាប់ទៅ រីឯផ្ទៃមេឃអួអាប់នោះ ក៏បើកថ្ងៃក្តៅក្រឡែត ធ្វើឱ្យអ្នកផ្ទះត្រេកអរ កាយស្រូវពីជង្រុក យកទៅហាលទុកកិនស៊ី។
មូលហេតុដែលក្មេងក្មាងជំនាន់នោះ ដែលសព្វថ្ងៃក្លាយជាតាយាយ ឬស្លាប់អស់ទៅហើយ នាំគ្នា “ស្រែកឧបកិច្ច” បែបនេះ មកពីរឿងមួយួតំណាលថា កាលនោះ មានបុរសម្នាក់មានប្រាជ្ញាអន់ ទៅរៀនប៉ុន្មានឆ្នាំ គាត់ចេះតែអក្សរ ២តួ គឺ “ឥ ឦ”។ បុរសនោះ រើសបានស្បង់ចីវរដែលព្រះសង្ឃបោះចោល ក៏យកទៅស្លៀកដណ្តប់ កោរសក់បួស ដោយគ្មានឧបជ្ឈាយ៍ និងរកបានកូនសេក្ខ ២នាក់ ទៅបម្រើ ដោយតាំងអាស្រមក្បែរទ្វារព្រៃមួយ ក៏ជាប់ឈ្មោះថា “លោកគ្រូ ឥ ឦ” ចំណែកកូនសេក្ខទាំងពីរ ឈ្មោះ “អាគាំង និងអាគក”។ លោកឪនោះ តាំងខ្លួនជាចៅអធិការ ចេះទស្សន៍ទាយ ដោយប្រើល្បិចបោកបញ្ឆោត និងអាចព្យាបាលព្រះរោគបុត្រីស្តេច ឱ្យជាសះស្បើយ មានឈ្មោះល្បីតាំងពីពេលនោះមក។ ថ្ងៃមួយ ស្រុកភូមិមានភ្លៀងធ្លាក់ជាប់ៗគ្នា ១អាទិត្យ ទើបអ្នកស្រុកបបួលគ្នាទៅពឹងលោកគ្រូ ឥ ឦ ឱ្យជួយរាយមន្តអាគមធ្វើឱ្យរាំងភ្លៀង។ កាលនោះ លោកគ្រូភ័យណាស់ ព្រោះខ្លួនគ្មានចេះអីសោះ លុះមានញាតិញោមមកពឹងពរបែបនេះ ក៏ប្រាប់ទៅកូនសេក្ខទាំងពីរថា “បើអ្នកភូមិមករក អញឱ្យជួយ អញនឹងដេញវាយពួកឯង ដើម្បីគេចវេះ កុំឱ្យគេពឹងបាន”។ លុះអ្នកស្រុកដើរសំដៅអាស្រម លោកគ្រូ ឥ ឦ ក៏ទាញរំពាត់ផ្តៅដេញវាយអាគាំង រត់ទៅក្រៅអាស្រម គាប់ជួនភ្លៀងក៏រាំងទៅ។ លុះមេឃមិនព្រមបើកថ្ងៃ អ្នកស្រុកទៅពឹងទៀត លោកគ្រូក៏ដេញវាយអាគក ស្រាប់តែមេឃបើកថ្ងៃក្រឡែត។ ដោយហេតុនោះហើយ អ្នកស្រុកក៏ជឿថា លោកគ្រូ ឥឦ ខ្លាំងពូកែណាស់ ក៏កើតជាពាក្យថា “វាយអាគាំង រាំងភ្លៀង វាយអាគក បើកថ្ងៃ” តាំងពីពេលនោះមក ដែលរឿងនេះ កើតឡើងនៅអាស្រមលោកគ្រូ ដែលមានទីតាំងនៅឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្សល់ទុកទួលអាស្រមឈ្មោះ “ទួលឥ ឦ” មកដល់សព្វថ្ងៃ។
បើយករឿង “វាយអាគាំង រាំងភ្លៀង វាយអាគក បើកថ្ងៃ” មកប្រៀបធៀបនឹងស្ថានការណ៍នយោបាយ យើងឃើញថា ចាប់តាំងពីមានការប្តឹងផ្តល់រំលាយអតីតគណបក្សសង្គ្រោះជាតិ (CNRP) ជាង១ឆ្នាំកន្លងមក អតីតបក្សប្រឆាំង ដែលមានអាមេរិក ជាខ្នងបង្អែក កើតទុក្ខមិនសុខចិត្ត ក៏តវ៉ាស្នើសុំឱ្យ “អាមេរិកាំង ឬអាគាំង” ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាល ផ្អាកចេញទិដ្ឋាការដល់មន្ត្រីសំខាន់ៗ។ សកម្មភាពនេះ មានន័យស្មើនឹង “ភ្លៀងរលឹមមិនឈប់” សូម្បីតែអ្នកស្រុកធ្វើបុណ្យទាន ឬរៀបមង្គលការកូនចៅ ក៏មានភ្លៀងរំខាន ធ្វើឱ្យផ្លូវបែកភក់ ស្លៀកពាក់ស្អាតៗមិនកើត។ ដោយឡែក សហភាពអឺរ៉ុប ដែលមាន២៨ប្រទេស ក៏ធ្វើតាមការស្នើសុំរបស់ពួកប្រឆាំងដែរ ដោយបានព្រមានរដ្ឋាភិបាលកម្ពុជា ឱ្យស្តារប្រជាធិបតេយ្យឡើងវិញ ជាពិសេសបើកផ្លូវឱ្យ CNRP ដំណើរការ ក៏ដូចដោះលែងលោកកឹម សុខា ឱ្យមានសេរីភាព។ សហភាពអឺរ៉ុប ដែលមានស្បែកស ខ្លះមុខក្រហមងឹល ដូចមាន់គក ក៏មិនខុសពី “អាគក” កូនសេក្ខលោកគ្រូ ឥឦ នោះដែរ បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលមានទំហំទឹកប្រាក់ជាង៧០០លានដុល្លារ ក្នុង១ឆ្នាំ ពីកម្ពុជា បើរដ្ឋាភិបាលមិនធ្វើតាមអ្វីដែលអឺរ៉ុប ទាមទារ។ ដូច្នេះ សកម្មភាពពួកអឺរ៉ុប ក៏មិនខុសពី “មេឃស្រទំ មិនបើកថ្ងៃ” ឬ “រកថ្ងៃហាលស្រូវមិនបាន”។
ដូច្នេះយើងឃើញថា “អាគាំង និងអាគក” ជាដើមហេតុនាំឱ្យមានភ្លៀងរលឹម មិនដាច់គ្រាប់ ឬព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងមេឃស្រទំ ចុះអាប់ ឬអត់ថ្ងៃហាលស្រូវ។ អ៊ីចឹងលុះត្រាតែ “លោកគ្រូ ឥឦ ដេញវាយអាគាំង អាគក” ទើបរាំងភ្លៀង និងបើកថ្ងៃ គឺមានន័យថា លុះត្រាតែ CPP “វាយឱ្យចំបញ្ហា” ដែលពាក់ព័ន្ធជាមួយអាមេរិក អឺរ៉ុប។
រដ្ឋាភិបាលដែលត្រូវវាយឱ្យចំបញ្ហានោះ ពុំមែនកាន់ដំបង ព្រនង់នោះទេ ប៉ុន្តែ “វាយភ្លេងឱ្យពីរោះ” ឬវាយស្គរ វាយព៉្យាណូ ឱ្យឮសូរសព្ទពីរោះជក់ចិត្ត ទើបបាន។ យ៉ាងណាមិញ ការប្រកាស “បើកលម្ហប្រជាធិបតេយ្យ” ជំរុញឱ្យរដ្ឋសភា ធ្វើវិសោធនកម្ម “ច្បាប់ស្តីពីគណបក្សនយោបាយ” ដោយបើកផ្លូវឱ្យពួកប្រឆាំង ១១៨រូប បានចូលប្រឡូកក្នុងឆាកនយោបាយវិញនោះ ចាត់ទុកថាជារបត់នយោបាយ “វាយអាគាំង រាំងភ្លៀង វាយអាគក បើកថ្ងៃ” នេះឯង។
អាមេរិកាំង ឬអាគាំង ជាមូលហេតុនាំឱ្យមានការបង្កកទ្រព្យសម្បត្តិ ផ្អាកទិដ្ឋាការមន្ត្រីរាជរដ្ឋាភិបាល ចំណែកអឺរ៉ុប ឬ អាគក ជាដើមចមនាំឱ្យមានការព្រមានដកប្រព័ន្ធ EBA។ អ៊ីចឹងត្រូវវ៉ៃឱ្យចំគន្លឹះ ដោយបន្ទន់ដៃឱ្យស្រាល ដូចវាយព៉្យាណូ ឬវាយកុំព្យូទ័រ មិនអាចលេងដៃធ្ងន់បានឡើយ។ សូម្បីតែលោកគ្រូ ឥឦ ដែលដេញវាយកូនសេក្ខទាំងពីរនេះ ក៏វាយមិនត្រូវដែរ គ្រាន់តែកំញើញឱ្យរត់ប្រសេចប្រសាចតែប៉ុណ្ណោះ ប៉ុន្តែដោយហេតុថា លោកគ្រូ ឥឦ មានបុណ្យវាសនាខ្ពស់ ធ្វើអ្វីក៏ បានសម្រេចដែរ រហូតដល់ព្រះមហាក្សត្រ កោតខ្លាច នឹងតែងតាំងដំឡើងសមណស័ក្តិខ្ពស់។
បើសិនជា CPP ចង់បញ្ចៀសទណ្ឌកម្មពីអាមេរិក អឺរ៉ុប លុះត្រាតែចេញស្នៀតដូច លោកគ្រូ ឥឦ ទើបបានលទ្ធផលល្អ ខណៈដែលអ្នកធុញនឹងភ្លៀងរលឹម អត់បើកថ្ងៃ ក៏ដូចជាកម្មករ-កម្មការិនី ភ័យព្រួយពីការដកប្រព័ន្ធ EBA ឯកសិករ ព្រួយពីតម្លៃស្រូវអង្ករចុះថោក។ CPP ក៏យល់ពីហានិភ័យនេះដែរ ក៏ព្យាយាមកែខៃបញ្ហា តាមរយៈការធ្វើវិសោធនកម្មច្បាប់ “បើកលម្ហប្រជាធិបតេយ្យ” ជាពិសេស អ្វីដែលទាក់ទងជាមួយអាគាំង ដូចជាវិទ្យុអាស៊ីសេរី VOA … ត្រូវតែអនុគ្រោះបើកផ្លូវឱ្យគេ។ ចំពោះអឺរ៉ុប ឬអាគក ដែលទាមទារដោះលែងលោកកឹម សុខា បើកផ្លូវឱ្យមន្ត្រីប្រឆាំង បានធ្វើនយោបាយវិញនោះ ចាត់ទុកថា ជានយោបាយ “វាយអាគាំង រាំងភ្លៀង វាយអាគក បើកថ្ងៃ” នោះហើយ។
សរុបទៅ “វាយអាគាំង រាំងភ្លៀង វាយអាគក បើកថ្ងៃ” ផ្តោតជាសំខាន់ទៅលើទណ្ឌកម្មអាមេរិក អឺរ៉ុប ធ្វើឱ្យភ្លៀងរលឹម អត់ថ្ងៃហាលស្រូវ។ លុះដល់បក្សកាន់អំណាច បញ្ចោញគម្រោងទប់ទល់ ឬវាយព៉្យាណូ វាយស្គរ បំពេអាគាំង អាគក ឱ្យពីរោះត្រចៀកនោះ ស្ថានការណ៍នយោបាយគាបសង្កត់ នឹងបានធូរស្រាលវិញ ដែលជាបរិបទសម្រាប់បក្សកាន់អំណាច ពិចារណា…៕