Monday, November 25, 2024
Homeនយោបាយអតីតតំណាងរាស្ត្របក្សប្រឆាំងថា នឹងមានការដោះលែងលោកកឹម សុខា ឆាប់ៗនេះ

អតីតតំណាងរាស្ត្របក្សប្រឆាំងថា នឹងមានការដោះលែងលោកកឹម សុខា ឆាប់ៗនេះ

ភ្នំពេញ ៖ លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ អាចនឹងត្រូវបានដោះលែងនៅក្នុងអំឡុងពេលមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

លោកព្រាប កុល

លោកព្រាប កុល បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ថា “វិភាគនយោបាយឱ្យខុសមួយលេង ប្រចាំឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី?

១-ច្បាប់វិសោធនកម្ម មាត្រា៤៥ស្ទួន នៃច្បាប់គណបក្សនយោបាយ និងត្រូវអនុម័ត ក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយឱ្យអតីតថ្នាក់ដឹកនាំ CNRP។ ប៉ុន្តែមិនមែនទាំង១១៨នាក់ នឹងទទួលបានសិទ្ធិវិញក្នុងពេលព្រមគ្នាតែមួយនោះទេ។ ភាគច្រើននៃអ្នកដែលទទួលបានសិទ្ធិនយោបាយមកវិញមុនគេ គឺនៅខ្សែខាងលោកកឹម សុខា។

២-លោកកឹម សុខា ប្រហែលជាអាចនឹងត្រូវបានដោះលែង នៅក្នុងអំឡុងពេលមុនចូលឆ្នាំខ្មែរ (ខែមេសា) ក្រោយខែមីនា។

៣-ក្រុមគាំទ្រលោកសម រង្ស៊ី និងក្រុមគាំទ្រលោកកឹម សុខា នឹងបន្តធ្វើសង្គ្រាមពាក្យសម្តីដាក់គ្នា ហើយនៅទីបំផុត អរិភាពនេះ កាន់តែរីករាលដាលឡើង រហូតឈានទៅរកការមានទំនោរសុំចែកផ្លូវគ្នាដើរ។

៤-ប្រជាប្រិយភាពលោកសម រង្ស៊ី មិនបានធ្លាក់ចុះទេ ហើយគាត់នៅតែមានអ្នកគាំទ្រច្រើន ទាំងនៅក្នុង និងនៅក្រៅប្រទេស ដូច្នេះ បើក្រុមលោកកឹម សុខា សម្រេចចូលប្រឡូកនយោបាយវិញ ដោយទុកលោកសម រង្ស៊ី ឱ្យនៅក្រៅឆាក ដោយមិនមានការពាក់ព័ន្ធគ្នាទេនោះ លទ្ធផលបោះឆ្នោតលើកក្រោយ គឺច្បាស់ជាចាញ់បក្សកាន់អំណាចបច្ចុប្បន្ន។ ការវិភាគ និងព្យាករណ៍នេះ គឺជាមតិផ្ទាល់ខ្លួន ក្នុងនាមជាពលរដ្ឋខ្មែរ ដែលតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា។ (នេះជាការវិភាគ កំដរការធ្វើដំណើរតាមផ្លូវ)”។

ជាមួយគ្នានេះ អតីតតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រាះជាតិ) លោកអ៊ុំ សំអាន ដែលក្រោយពេលត្រូវបានដោះលែងចេញពីពន្ធនាគារ បានបន្តទៅរស់នៅជួបជុំប្រពន្ធកូននៅសហរដ្ឋអាមេរិក និងបន្តធ្វើសកម្មភាពនយោបាយនៅទីនោះ ក៏បានលើកឡើងដែរថា នឹងមានការដោះលែងលោកកឹម សុខា នៅពេលឆាប់ៗខាងមុខនេះ។

លោកអ៊ុំ សំអាន

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ថា “លោកកឹម សុខា “គ្មានការប្រថុយ គ្មានការផ្លាស់ប្តូរ”។ គាត់លះបង់ដើម្បីជាតិច្រើនណាស់ ហើយការប្រថុយរបស់លោកកឹម សុខា រហូតដល់ជាប់ពន្ធនាគារពីរដង ដើម្បីឱ្យមានការផ្លាស់ប្តូរនៅកម្ពុជា។ សង្ឃឹមថា នឹងមានការដោះលែងលោកកឹម សុខា ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរដ្ឋសភា នឹងធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលនឹងបើកផ្លូវឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១១៨ មានសិទ្ធិធ្វើនយោបាយឡើវិញ។ ខ្ញុំធ្លាប់ជាប់ពន្ធនាគារដូចគាត់ ខ្ញុំដឹងពីទុក្ខលំបាក និងអារម្មណ៍របស់គាត់យ៉ាងម៉េច។ ការលះបង់របស់លោកកឹម សុខា សង្ឃឹមថា នឹងមានការផ្លាស់ប្តូរដូចបំណងរបស់គាត់ នាពេលអនាគតដ៏ខ្លីខាងមុខនេះ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” ពីសហរដ្ឋអាមេរិក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ថា បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីច្បាប់គណបក្សនយោបាយ ដែលបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ១១៨រូប មានសិទ្ធិបានធ្វើនយោបាយវិញនោះ លោកកឹម សុខា ពិតជានឹងអាចត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដោះលែងឱ្យមានសេរីភាពឡើងវិញ ឬទម្លាក់ចោលបទចោទ ដើម្បីបន្ធូរស្ថានការណ៍នយោបាយតានតឹងនៅកម្ពុជា កុំឱ្យមានគំនាបពីអន្តរជាតិ ជាពិសេស ដើម្បីកុំឱ្យសហភាពអឺរ៉ុប ផ្តាច់កូតានាំចេញសម្លៀកបំពាក់ដែលផ្តល់ឱ្យកម្ពុជា។

ភ្ជាប់ជាមួយចំណុចនេះ លោកអ៊ុំ សំអាន ក៏បានរលឹកទៅដល់ពេលថ្មីៗនេះ នៅក្នុងសន្និសីទរៀបចំដោយសាខាគណបក្សសង្គ្រោះជាតិ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដែលលោកបានទទួលប័ណ្ណសរសើរពីគណបក្សសង្គ្រោះជាតិ ប្រគល់ជូនដោយលោកសម រង្ស៊ី ហើយត្រូវបានលោកសម រង្ស៊ី ចាប់ដៃលោកលើកឡើងទៅលើជាមួយគ្នា ជានិមិត្តរូបលោកកឹម សុខា នឹងត្រូវដោះលែងនៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយពេលនោះ លោកបានស្រក់ទឹកភ្នែកផងដែរ ដោយសារតែរំភើបនឹងការបានប័ណ្ណសរសើរពេក ព្រោះការជាប់ពន្ធនាគារ លំបាកណាស់ ទើបលោកសង្ឃឹមថា លោកកឹម សុខា ក៏នឹងត្រូវបានដោះលែងដូចរូបលោកនៅពេលឆាប់ៗខាងមុខដែរ ដើម្បីបានចាប់ដៃជាមួយលោកសម រង្ស៊ី និងបន្តដឹកនាំគណបក្ស សង្គ្រោះជាតិ ទៅមុខទៀត។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ចំពោះប័ណ្ណសរសើរពីគណបក្សសង្គ្រោះជាតិ ដែលតាមរយៈលោកសម រង្ស៊ី ផ្តល់ជូនដល់ខ្ញុំហ្នឹង គឺការលើកទឹកចិត្តដល់ខ្ញុំដែលបានជាប់ពន្ធនាគារកន្លងមក ដោយសារតែយើងធ្វើកិច្ចការព្រំដែន បញ្ហាអន្តោប្រវេសន៍ ដើម្បីជាតិហ្នឹង ប៉ុន្តែត្រូវបានរបបលោកហ៊ុន សែន ចាប់ដាក់ពន្ធនាគារហ្នឹង។ ដូច្នេះជាការលើកទឹកចិត្តដល់ការតស៊ូ ដើម្បីការពារបូរណភាពទឹកដី អ៊ីចឹងបានជាគណបក្សសង្គ្រោះជាតិហ្នឹង ផ្តល់ប័ណ្ណសរសើរហ្នឹងមកដល់ខ្ញុំ ហើយដែលលោកសម រង្ស៊ី គាត់ចាប់ដៃខ្ញុំ ពេលដែលផ្តល់ប័ណ្ណសរសើរហ្នឹង គាត់បានមានប្រសាសន៍ថា ថ្ងៃហ្នឹងគាត់ ចាប់ដៃខ្ញុំអ៊ីចឹង ហើយសង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខ គាត់នឹងបានចាប់ដៃលើកឡើងទៅលើដូចគ្នាអ៊ីចឹង ជាមួយនឹងលោកកឹម សុខា ដើម្បីរួមគ្នាសង្គ្រោះជាតិយើង។ ហ្នឹងគាត់មានប្រសាសន៍អ៊ីចឹង គាត់ជឿថា គាត់នឹងបានចាប់ដៃលោកកឹម សុខា ក្នុងពេលឆាប់ៗ មានន័យថា លោកកឹម សុខា នឹងត្រូវបានគេដោះលែងឆាប់ៗ ដើម្បីគាត់បានចាប់ដៃជាមួយលោកកឹម សុខា ដូចចាប់ដៃខ្ញុំអ៊ីចឹង លើកឡើងលើអ៊ីចឹង ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ ឈានទៅរកការឈ្នះឆ្នោត ក្នុងការបោះឆ្នោតនាពេលខាងមុខ”។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកប៉ុល ហំម ក៏ធ្លាប់បានសម្តែងក្តីសង្ឃឹមដែរថា តុលាការនឹងដោះលែងលោកកឹម សុខា នៅពេលខាងមុខឆាប់ៗខាងមុខនេះ ដោយ លាកបានបញ្ជាក់ថា កូនសោមិនមែននៅដៃលោកទេ ប៉ុន្តែលោកនៅតែសង្ឃឹមថា អ្វីៗត្រូវតែមានទីបញ្ចប់របស់វា អ្នកជាប់ឃុំឃាំង ក៏អ៊ីចឹងដែរ។ ការលំបាកវេទនាយ៉ាងណាក៏ដោយ ក៏ត្រូវមានទីបញ្ចប់នេះ ជាច្បាប់របស់ធម្មជាតិ។ ដូច្នេះលោកមិនជឿថា លោកកឹម សុខា នៅតែជាប់ឃុំរហូតនោះទេ អ្វីៗនឹងមានដំណោះស្រាយ។

លោកអ៊ូ ច័ន្ទរ័ត្ន

អតីតតំណាងអនុប្រធានក្រុមសមាជិកសភា នៃអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានមានបញ្ជាក់ថា បើសិនជាមិនមានបញ្ហាបោះពាក្យសម្តីដាក់គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូលៗទេ ការដោះលែងលោកកឹម សុខា នឹងអាចធ្វើឡើងនៅពេលឆាប់ជាងហ្នឹង តែបើសិនជាធ្វើឱ្យមានកម្តៅនយោបាយឡើងវិញ ដោយសារពាក្យពេចន៍សម្តីផ្លែផ្កាទៅវិញទៅមក ចង់ចាញ់ចង់ឈ្នះនោះ ការដោះលែងអាចនឹងយូរតទៅទៀត។

លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ការដោះលែងនឹងធ្វើឡើងដោយចៀសមិនផុត គឺត្រូវតែមានការដោះលែង ដោយផ្អែកលើមូលដ្ឋានដំណោះស្រាយនយោបាយ ហើយខ្ញុំយល់ថា ការលើកលែងការដោះលែងនេះ វាអាចបន្ធូរបន្ថយដល់វិបត្តិនយោបាយនៅប្រទេសយើង។ ប៉ុន្តែខ្ញុំមិនច្បាស់ថា គាត់ (លោកអ៊ុំ សំអាន) បានព័ត៌មានពីណារឿងឆាប់ៗនេះ  ស្អីៗហ្នឹង ព្រោះអាហ្នឹង ជួនកាលគ្រាន់តែជាការថាហើយចោលៗ ខ្ញុំមិនសូវជាចាប់អារម្មណ៍ទេ ព្រោះអ្នកនយោបាយយើង ច្រើនតែថាចោល អត់មានព័ត៌មានអីច្បាស់លាស់ទេ ហើយអត់បានធ្វើស្អីដែលជារឿងមែនទែនទេ ប៉ុន្តែនាំគ្នា ថាចោលៗអ៊ីចឹងទៅ ហើយខ្ញុំយល់ថា វាអត់មានសញ្ញាណាមួយនឹងដោះលែងនៅពេលឆាប់នេះ ដោយមូលហេតុអី? រឿងសម្ពាធអន្តរជាតិ យើងដឹង យើងយល់ទាំងអស់គ្នាហើយ មានជាបណ្តើរៗហើយៗមកដល់ពេលនេះវាអស់ហើយ តែគេដោះលែងនៅពេលណា យើងអត់ទាន់ ដឹងទេ។ ដូច្នេះខ្ញុំគ្រាន់តែសង្ឃឹមថា មិននាំភ្លើង ដើម្បីដុតបន្ថែមឱ្យឆេះ នាំឱ្យមានវិបត្តិតទៅទៀត ខ្ញុំគ្រាន់តែគិតថា ធ្វើម៉េចអត់ធ្មត់ឱ្យបានច្រើនទៅ ហើយនាំគ្នាតាមដានមើល និងជំរុញកុំឱ្យចេះតែថា កន្លែងខ្លះមិនមានប្រយោជន៍អី នាំគ្នាថាចោលៗនោះ”។

លោកអ៊ូ ច័ន្ទរ័ត្ន បន្តថា “សរុបទៅ ការដោះលែង យើងមិនទាន់អាចកំណត់បានទេ គ្រាន់តែថា នឹងមាន ហើយបើសិនជាមិនមានបញ្ហាបោះពាក្យសម្តីដាក់គ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំកំពូលៗទេ ការដោះលែងនឹងអាចធ្វើឡើងនៅពេលឆាប់ជាងហ្នឹង ហើយបើសិនជាយើងធ្វើឱ្យមានកម្ពៅនយោបាយឡើងវិញ ដោយសារពាក្យពេចន៍សម្តីផ្លែផ្កាទៅវិញទៅមកហ្នឹង ចង់ចាញ់ចង់ឈ្នះហ្នឹង អាហ្នឹងអាចនឹងយូរតទៅទៀតទៅ ព្រោះយើងដឹងហើយ ជាចរិតនយោបាយ ជាចរិតបុគ្គល វានាំឱ្យពាក់ព័ន្ធទៅដល់ចរិតនយោបាយ។ បើបុគ្គលហ្នឹង ក្តៅត្រជាក់ អានយោបាយហ្នឹងក៏ក្តៅត្រជាក់ដូចអ៊ីចឹងដែរ ហើយបើបុគ្គលហ្នឹងឆេវឆាវ អាចនយោបាយហ្នឹងក៏ឆេវឆាវដូចគ្នា អត់មានអីខុសគ្នាទេ”។

ទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ថា លោកមិនមានយោបល់អីទេ គឺនេះគ្រាន់តែយល់ឃើញ ការមានយោបល់របស់ពួកគាត់ប៉ុណ្ណោះ ដោយមិនដឹងថា ពួកគាត់ផ្អែកទៅលើមូលដ្ឋានអីឡើយ។ ប៉ុន្តែនេះជាដំណើរការនីតិវិធីរបស់តុលាការ ក្រសួងយុត្តិធម៌ ក៏មិនអាចទាយបាន ហើយលោកជាអ្នកនាំពាក្យ ក៏មិនអាចទាយ និងមិនអាចដឹងបានដែរ។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌

លោកជិន ម៉ាលីន បានមានប្រសាសន៍ថា “អាហ្នឹងគឺវាស្ថិតនៅលើតុលាការ បើតុលាការ យល់ឃើញថា មិនមានមូលដ្ឋានក្នុងការចោទប្រកាន់ ហើយត្រូវទម្លាក់បទចោទ ដោះលែង អាហ្នឹងជាសមត្ថកិច្ចរបស់តុលាការ ដោយមិនមាននីតិវិធីណាអាចលូកលាន់ ឬក៏ជ្រៀតជ្រែកបានទេ។ អ៊ីចឹងខ្ញុំមិនមានយោបល់អីទៅលើការទស្សន៍ទាយរបស់គាត់ហ្នឹងទេ។ អាហ្នឹងខ្ញុំមិនដឹងគាត់មានចេតនាបែបណាទេ ក៏ប៉ុន្តែជាទស្សនៈនៃការយល់ឃើញជាសិទ្ធិសេរីភាពនៃការបញ្ចោញមតិរបស់គាត់ វាជារឿងធម្មតា ទោះបីជាគាត់មានចេតនាពីក្រោយម៉េចក៏ដោយ ក៏ការយល់ឃើញរបស់មនុស្ស មិនដូចគ្នាទេ វាអាចខុសៗគ្នា ប៉ុន្តែការសម្រេចយ៉ាងណានៅលើតុលាការនោះទេ មិនមានជារឿងទាយនោះទេ”។

លោកជិន ម៉ាលីន បានមានប្រសាសន៍ បន្តថា “ក្នុងចំណុចនេះ ជាទិដ្ឋភាពច្បាប់ មានតែស្ថាប័នតុលាការ ដែលមានការសម្រេចថា ត្រូវដោះឬមិនត្រូវដោះ ហើយបើតុលាការ គេសម្រេចដោះ អាហ្នឹងគេមានមូលដ្ឋានច្បាប់។ អាហ្នឹងជាមូលដ្ឋានច្បាប់ទូទៅ បើសិនជាចៅក្រមស៊ើបសួរទៅ វាអត់មានមូលដ្ឋាននៃការចោទប្រកាន់ វាអត់មានមូលដ្ឋានរឹងមាំ ភ័ស្តុតាង ឬក៏ជាសក្ខីកម្មអីរឹងមាំក្នុងការចោទប្រកាន់ អាហ្នឹងគឺទម្លាក់ចោលបទចោទហ្នឹង ហើយអាហ្នឹងគឺដំណើរការនីតិវិធីតាមផ្លូវច្បាប់ ហើយបើសិនជារកទៅមានមូលដ្ឋានក្នុងការចោទប្រកាន់អី អាហ្នឹងគេបញ្ជូនសំណុំរឿង ដំណើរការនីតិវិធីទៅទៀតទៅ។ ចំពោះជំហរក្រសួងយុត្តិធម៌ អត់មានយោបល់អីទៅលើដំណើរការនីតិវិធីរបស់តុលាការនោះទេ ព្រោះយើងទុកសមត្ថកិច្ចនេះឱ្យតុលាការជាអ្នកដោះស្រាយ ជាអ្នកសម្រេច ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ និងដំណើរការនីតិវិធីទៅតាមផ្លូវច្បាប់”។

គួរបញ្ជាក់ថា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងឃុំខ្លួនជាបណ្តោះអាសន្នតាំងពីនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ  រហូតមកដល់ជាប់ឃុំក្នុងផ្ទះ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស”។

រហូតមកដល់ពេលនេះ តុលាការនៅតែមិនទាន់មានការជំនុំជម្រះ លើអង្គសេចក្តីនៅឡើយ។ នៅពេលនេះ លោកកឹម សុខា ទោះបីជាតុលាការ បានសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តែលោកត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលអ្នកខ្លះហៅថា ជាការឃុំខ្លួនក្នុងផ្ទះ។ ប៉ុន្តែយ៉ាងណា អ្នកវិភាគនយោបាយ និងមន្ត្រីបក្សប្រឆាំង ភាគច្រើនយល់ថា លោកកឹម សុខា នឹងត្រូវដោះលែងឱ្យមានសេរីភាពពេញលេញ ឬទម្លាក់ការចោទប្រកាន់ នៅពេលឆាប់ៗខាងមុននេះ គឺក្រោយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ឬនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ នាខែមេសា ឆ្នាំ២០១៩៕

RELATED ARTICLES