Friday, January 24, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ស្នៀតរមាំងបើកបាស

បរិយាយថ្ងៃនេះ ៖ ស្នៀតរមាំងបើកបាស

ប្រជាពលរដ្ឋខ្មែរ សម័យវិទ្យាសាស្ត្រជឿនលឿននេះ អ្នកនយោបាយមិនងាយអូសទាញបានទេ បើចិត្តគាត់ “បះខាងណា ទៅខាងនោះ” ហើយជាក់ស្តែងនៅសុខៗ ស្រាប់តែមានតាៗញៀនកាហ្វេ ពីរបីនាក់ និយាយស្របគ្នាថា អតីតមន្ត្រីបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស និងឪពុកម្តាយ ប្រពន្ធកូន ចង់ចូលស្រុកវិញ ក៏បញ្ចោញស្នៀត “វាយស្រប” ធ្វើជាឈ្លោះគ្នា ដើម្បីទាញអារម្មណ៍បក្សកាន់អំណាច (CPP) ឱ្យបើកផ្លូវ។ ការសន្ទនាគ្នានោះ បង្ហាញថា ពួកគាត់មាននិន្នាការប្រឆាំង ឯពាក្យថា “វាយស្រប” វាស្រដៀងនឹង “ស្នៀតរមាំងបើកបាស” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃ…។

“រមាំងបើកបាស” ជាឈ្មោះស្នៀតគុន មួយប្រភេទ ឬល្បិចដោះកុន សម្រាប់បញ្ចោញប្រើដោះខ្លួនក្នុងពេលជាប់កុន ឬជាប់អន្ទាក់ពិបាករើខ្លួន។ ពាក្យ “បាស” ជាភាសាបាលី មានន័យថា “អន្ទាក់, ចំណង” ដូចជាយក្សឥន្ទជិត ជាកូនរបស់យក្ស ក្រុងរាពណ៍ បានថ្លែង “សរនាគបាស” ឬអន្ទាក់នាគ កើតជានាគរាប់រយពាន់ ទៅរួបរឹតកងទ័ពស្វារបស់ព្រះរាម សូម្បីតែព្រះលក្សណ្ម៍ ក៏ត្រូវសរនាគបាស នេះរើខ្លួនមិនរួច លុះត្រាតែព្រះឥសូរ ជួយធ្វើអន្តរាគមន៍ ដោយប្រើស្តេចគ្រុឌ ឱ្យនាំបរិវារគ្រុឌ ទៅដេញឆាបនាគ ទើបព្រះលក្សណ្ម៍ និងពលស្វា បានរួចពីចំណងសិល្ប៍ដ៏អស្ចារ្យនោះ។ បើជា “រមាំងបើកបាស” គឺមានន័យថា សត្វរមាំង ចុះពីភ្នំ ទៅស៊ីស្រូវអ្នកស្រុក ក៏ជាប់អន្ទាក់ ប៉ុន្តែវាជាសត្វឆ្លាត ក៏យកស្នែងច្រងេងច្រងាង ដូចមែកឈើងាប់នោះ ឆ្កឹះអន្ទាក់បន្តិចម្តងៗ រហូតដល់របូតរួចពីសេចក្តីស្លាប់ទៅ។ អ្នកប្រដាល់ក្បាច់គុនបុរាណខ្មែរ ក៏ដូចអ្នកបោកចំបាប់ ក៏យកស្នៀត “រមាំងបើកបាស” មកប្រើដែរ ដើម្បីដោះខ្លួនឱ្យផុតពី “ក្លេ” របស់គូប្រកួត ហើយស្នៀតនេះ បានក្លាយជា “មេកាព្យ” ដែលកវីសម័យនេះ មិនសូវយកមកប្រើ។

នៅក្នុងតៀមកាហ្វេមួយកន្លែង ក្បែរវត្តសន្សំកុសល រាជធានីភ្នំពេញ មានតាៗពីរបីនាក់ បានណាត់ជួបសន្ទនាគ្នាពីរឿងនយោបាយ កំដរដោយកាហ្វេខ្មៅក្តៅហុយៗ និងទឹកតែមួយប៉ាន់ដាក់កណ្តាលតុ។ តាម្នាក់និយាយថា “វិសោធនកម្មច្បាប់បើកផ្លូវឱ្យមន្ត្រីអតីតបក្សប្រឆាំង (CNRP) បានចូលធ្វើនយោបាយវិញនោះ មិនមែនបើកឱ្យចូលគ្រប់ទាំង១១៨នាក់នោះទេ គឺគេឱ្យចូលតែបុគ្គលណាគោរពសាលក្រមតុលាការកំពូល”។ តាម្នាក់ទៀតបន្តថា “មន្ត្រីរត់ចោលស្រុក ខ្លះនឹកឪពុកម្តាយ ឬប្រពន្ធកូន លុះត្រាតែចេញស្នៀតវាយស្រប ទើបគេឱ្យចូល តែបើនៅប្រឆាំងដដែល គ្មានផ្លូវចូលរួចទេ”។ តាម្នាក់ទៀតបន្ថែមថា “ចង់ មិនចង់ ក៏ត្រូវតែជេរគ្នាសិន ដើម្បីឱ្យគេមើលឃើញពីការបែកបាក់ ទើបឆាប់បានចូលស្រុក”។ ការសន្ទនារបស់តាៗ ដែលមាននិន្នាប្រឆាំងនោះ មានចំណុចរួមតែមួយ ត្រង់ “អតីតមន្ត្រី CNRP ចង់ចូលស្រុក ព្រោះនឹកម៉ែឪ ប្រពន្ធកូន” ហ្នឹងឯង ក៏ចែកមុខសញ្ញាគ្នា លៃយ៉ាងណា បង្ហាញពីការ “ចាក់បណ្តោយ ឬវាយស្រប” ដែលពួកគេបានបញ្ចោញតាមហ្វេសប៊ុក យូធូប។

កញ្ញាកឹម មនោវិទ្យា និងប្អូនស្រីកញ្ញាកឹម សម្មាធីតា កូនស្រីលោកកឹម សុខា អតីតមេបក្សប្រឆាំង បានចោទប្រកាន់លោកសម រង្ស៊ី ថា “ធ្វើបក្សប្រហារ មិនគោរពលក្ខន្តិកៈ CNRP” រហូតហៅលោកសម រង្ស៊ី ថា “ប្រធានស្តីទីខ្យល់”។ លោកមុត ចន្ថា លោកយ៉ែម បុញ្ញប្ញទ្ធិ ក៏មានរបៀបនិយាយវាយប្រហារលោកសម រង្ស៊ី មួយផ្លូវទៅ ខណៈដែលលោកគង់ គាំ និយាយមួយច្រកទៅ។ ពីមុនពួកគាត់បានលើកឡើងស្របគ្នាថា “តុលាការកំពូល កាត់ក្តីរំលាយបក្សសង្គ្រោះជាតិ ដកសិទ្ធិធ្វើនយោបាយមន្ត្រី១១៨រូប ជារឿងអយុត្តិធម៌”។ ការនិយាយស្របគ្នានេះ មានន័យថា ពួកគាត់ “មិនគោរពសាលក្រមតុលាការកំពូល” លុះបានដឹងថា រដ្ឋសភា ធ្វើវិសោធនកម្មច្បាប់ស្តីពី “គណបក្សនយោបាយ” និងបានឮមន្ត្រីរាជរដ្ឋាភិបាល ថា “អតីតអ្នកនយោបាយ CNRP ដែលអាចចូល ក្នុងបញ្ជីដកបម្រាម ទាល់តែគោរពតាមសាលដីកាតុលាការ”។ អ៊ីចឹងអ្វីដែល ពួកគាត់ធ្លាប់ថ្កោលទោសតុលាការកំពូល ទាល់តែ “ងាកក្បាល ១៨០អង្សា” ទើបមានឈ្មោះក្នុងបញ្ជីដកបម្រាម។

ឥឡូវយើងឃើញមន្ត្រីខ្សែលោកកឹម សុខា ក៏ដូចកូនស្រីទាំងពីរ ព្យាយាមបត់បែនទៅតាមកាលៈទេសៈ ដោយវាយប្រហារ លោកសម រង្ស៊ី និងសហការីដែលគាំទ្រគាត់ យ៉ាងចាស់ដៃ ប៉ុន្តែបើយើងយកពាក្យសម្តីតាញៀនកាហ្វេ មកពិចារណា អាចថាជា “ស្នៀតរមាំងបើកបាស” រកផ្លូវទៅជួបម៉ែឪ ប្រពន្ធកូននោះហើយ។ ស្នៀតនេះ មានប្រសិទ្ធភាពណាស់ ឧទាហរណ៍ កាលពីសម័យ ប៉ុល ពត មានយុវជនម្នាក់ ជាអតីតទាហានលន់ នល់ ពាក់ដោយ ៣ជាន់ ត្រូវខ្មែរក្រហមជម្លៀសទៅនៅខេត្តកំពត។ អតីត ទាហាននោះ ដឹងថា ពួកឈ្លបកំពុងស្រង់ឈ្មោះទាហានទៅសម្លាប់ចោល ម្តងមួយៗ ក៏ប្រើស្នៀត “រមាំងបើកបាស” ដោយចូលទៅច្របាច់ជើងឱ្យគណៈឃុំ រាល់ថ្ងៃ ព្រោះទីតាំងកងចល័ត ជាអង្គភាពយុវជននោះ នៅជាប់មន្ទីរឃុំ។ យប់មួយ ពួកឈ្លបបានចាប់ អតីតទាហាននោះចងស្លាបសេក បណ្តើរទៅសម្លាប់ រួមជាមួយមិត្តភក្តិជាង១០នាក់ទៀត លុះទៅដល់ទួលមួយ ដែលគេជីករណ្តៅទុកជាស្រេចនោះ ស្រាប់តែឃើញគណៈឃុំ រង់ចាំទទួលសម្លាប់ចំណាប់ខ្មាំងផ្ទាល់ដៃ ប៉ុន្តែពេលឃើញឈ្មោះយ៉េត ដែលធ្លាប់ច្របាច់ជើងឱ្យរាល់ថ្ងៃនោះ គណៈឃុំ ក៏បញ្ជាពួកឈ្លបឃុំឱ្យស្រាយចំណងដោះលែងវិញ ខណៈដែលមិត្តភក្តិជាង១០នាក់នោះ ត្រូវគណៈឃុំ និងពួកឈ្លប វាយទម្លាក់រណ្តៅទាំងអស់។

ស្នៀតច្របាច់ជើងឱ្យមេពេជ្ឈឃាតបែបនេះ បានជួយឈ្មោះយ៉េត ឱ្យរួចរស់ជីវិត ប៉ុន្តែពុំមែនមានន័យថា ឈ្មោះយ៉េត ស្រលាញ់គណៈឃុំបាតដៃលោហិតនោះទេ តែគាត់ធ្វើយករួចខ្លួនប៉ុណ្ណោះ។

ដោយឡែក លោកមាជ សុវណ្ណរ៉ា លោកអ៊ុំ សំអាន ក៏ប្រើស្នៀតនេះដែរ គឺបានធ្វើលិខិតសុំទោសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយប្រើសំណេរគោរពស្រលាញ់ និងទន់ភ្លន់បំផុត។ លុះពួកគាត់ត្រូវបានដោះលែងចេញពីគុកព្រៃស ទៅជួបជុំប្រពន្ធកូននៅអាមេរិក ក៏ប្រែក្រឡាស់ បង្ហាញគោលជំហរប្រឆាំងខ្លាំងលើសដើមទៅទៀត។

“ធនញ្ជ័យ” ដែលត្រូវស្តេចត្រាស់បង្គាប់ពេជ្ឈឃាតឱ្យយកទៅវាយទម្លាក់ទឹក ក៏ប្រើ “ស្នៀតរមាំងបើកបាស” នេះដែរ តាមល្បិច “អាជ័យធ្លាក់ទឹក! ហៃអើ!ៗ”។ បើធនញ្ជ័យ ដោះចំណងមិនទាន់ ច្បាស់ជាក្ស័យជីវិតក្នុងទឹកទន្លេបាត់ទៅហើយ។

ដូច្នេះករណីតាៗញៀនកាហ្វេថា មន្ត្រីប្រឆាំងខ្សែលោកកឹម សុខា ប្រើល្បិចឱ្យបានចូលស្រុកនោះ អាចថា មកពីកាលមុន ពួកគាត់នាំគ្នាចោទប្រកាន់តុលាការកំពូលថា អយុត្តិធម៌ និងប្រកាសមិនទទួលស្គាល់រាជរដ្ឋាភិបាល ក៏ដូចរដ្ឋសភាឯកបក្ស។ ឥឡូវខ្យល់បង្វិលទិសហើយ បើមិនប្រើ “ស្នៀតរមាំងបើកបាស” ប្រហែលជាមិនបានជួបម៉ែឪ ប្រពន្ធកូននោះទេ។

អ្នកវិភាគខ្លះ មានទស្សនៈថា ខ្សែលោកកឹម សុខា ដែលប្រឹងតស៊ូប្រឆាំងជាង២០ឆ្នាំមកហើយនោះ មិនងាយចូលធ្លុងជាមួយ CPP ស្រួលៗនោះឡើយ ជាពិសេស លោកកឹម សុខា ធ្លាប់បានឋានៈ “អនុប្រធានទី១ រដ្ឋសភា” គាត់មិនព្រមអង្គុយកៅអីនោះផង បើមានការព្រមព្រៀងប្រគល់ឋានៈតូចជាងនេះ តើគាត់ទទួលទេ? ចុះរឿងអីបានជាខ្សែលោកកឹម សុខា វាយប្រហារខ្សែលោកសម រង្ស៊ី? ចម្លើយអាចថា ដូចរឿងធនញ្ជ័យ ឬដូចរឿងអតីតទាហានយ៉េត អ៊ីចឹង។

សរុបទៅ “ស្នៀតរមាំងបើកបាស” គេយកមកប្រើ ដើម្បីដោះកុន លុះបានរួចពីចំណង ក៏ប្រឆាំងដដែល ដូចករណីលោកមាជ សុវណ្ណារ៉ា លោកអ៊ុំ សំអាន…។ សត្វរមាំង ជាប់អន្ទាក់ ក៏ប្រឹងយកស្នែងឆ្កឹះបានរួចពីអន្ទាក់នោះទៅ ប៉ុន្តែភ្លេចៗខ្លួនរមាំងចុះពីភ្នំ មកស៊ីស្រូវដដែល។ ដូច្នេះករណីពួកប្រឆាំង ខ្សែលោកកឹម សុខា វាយប្រហារលោកសម រង្ស៊ី អាចនឹងដូចសម្តីតាៗញៀនកាហ្វេដែលមាននិន្នាការប្រឆាំង ដើម្បីបានចូលស្រុកឆាប់ៗ ប៉ុន្តែ CPP ក៏មិនល្ងង់ដែរ ដោយប្រើស្នៀត “រុញទូកបណ្តោយទឹក” ដូចអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈ កាលពីខែមុន…៕

RELATED ARTICLES