ភ្នំពេញ ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រី បានដាក់ពាក្យបណ្តឹង ចូលទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកខ័ណ្ឌ ច័ន្ទសុផល ពីបទប្រមាថបរិហារកេរ្តិ៍ និងគំរាមកំហែងហែកកេរ្តិ៍ជាសាធារណៈ ដោយស្នើឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងខូចខាត និងសំណងជំងឺចិត្ត សរុបចំនួន៤៨០លានរៀល។
លោកពេជ្រ ស្រស់ បានបង្ហោះពាក្យបណ្តឹងក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ជាមួយសំណេរថា “ខ្ញុំ ពេជ្រ ស្រស់ សូមអរគុណលោកមេធាវី ដែលបានជួយធ្វើពាក្យបណ្តឹងឱ្យខ្ញុំ”។
ពាក្សបណ្តឹងរបស់លោកពេជ្រ ស្រស់ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នោះ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
ខ្ញុំបាទឈ្មោះពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជាប្រតិភូមកពីគណបក្សយុវជនកម្ពុជា កើតឆ្នាំ១៩៧៩ ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៨៨១ ផ្លូវសេសេ៦ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមគោរពជូន
លោកព្រះរាជអាជ្ញានៃ អយ្យការសាលា ដំបូងរាជធានីភ្នំពេញ
កម្មវត្ថុ ៖ ប្តឹងឈ្មោះខ័ណ្ឌ ច័ន្ទសុផល ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ លំនៅរាជធានីភ្នំពេញ លេខទូរស័ព្ទ០៦៦ ៤៤៤ ៤៤៤ និងបក្ខពួកពីបទជេរប្រមាថជាសាធារណៈ (មាត្រា៣០៧) បរិហារកេរ្តិ៍ជាសាធារណៈ (មាត្រា៣០៤) និងការគំរាមកំហែងហែកកេរ្តិ៍ (មាត្រា៣៧២) ដោយមានស្ថានទម្ងន់ទោស ដោយសារការអនុវត្តជាក់ស្តែងនូវការគំរាមកំហែង (មាត្រា៣៧៤) សូមឱ្យផ្តន្ទាទោសតាមច្បាប់ ទាមទារសំណងការខូចខាតចំនួន៤០០ ០០០ ០០០ (បួនរយលានរៀល) និងសំណងជំងឺចិត្តចំនួន៨០ ០០០ ០០០ (ប៉ែតសិនលានរៀល)។
យោង ៖ -ព្រះរាជក្រមលេខ នស.រកម ១១០៨.០២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
-ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធសង្គម គណនេយ្យឈ្មោះ Kan Chan Sophorl កាលពីថ្ងៃទី១៣ និង១៤ ខែធ្នូ ឆ្នាំ២០១៨។
តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមជម្រាបជូនលោកព្រះរាជអាជ្ញា មេត្តាជ្រាបថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខ្ញុំបាទបានសរសេរក្នុងហ្វេសបុករបស់ខ្ញុំ អំពីករណីឯកឧត្តមសុខសុវណ្ណ វឌ្ឍានាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្រតិភូមកពីគណបក្សខ្មែរក្រោក ក្នុងការផ្លាស់ប្តូរអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយស្នើឯកឧត្តមសុខសុវណ្ណ វឌ្ឍានាសាប៊ុង បន្ថែមពាក្យពេចន៍ដែលខ្ញុំយល់ថា គាត់សរសេរខ្វះចន្លោះអំពីអត្តសញ្ញាណរបស់គាត់ ដោយមិនបានធ្វើឱ្យមានការជាប់ពាក់ព័ន្ធទាក់ទងអ្វីបន្តិចសោះជាមួយួឈ្មោះខ័ណ្ឌ ច័ន្ទសុផល (Kan Chan Sophorl) ឡើយ។ ប៉ុន្តែបែរជានៅក្នុងប្រព័ន្ធសង្គមគណនេយ្យលេខឈ្មោះខ័ណ្ឌ ច័ន្ទសុផល កាលពីថ្ងៃទី១៣ និងទី១៤ ខែធ្នូ ឆ្នាំ ២០១៨ បានសរសេរវាយប្រហាររូបខ្ញុំ ដែលជាសមាជិកក្រុមឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជាប្រតិភូមកពីគណបក្សយុវជនកម្ពុជា ប្រមាថមើលងាយដល់រូបខ្ញុំបាទជា បានធ្វើការផ្សព្វផ្សាយថា ៖
-“ប្រកែកគ្នាស៊ីអាចម៍ដែលក្រៀម! រឿងដែលអស់លោកគួរដឹង អតីតចៅហ្វាយខេត្តរូបនេះ គាត់មានអាជីវកម្មកើនឡើងដល់១០០ឆ្នាំទៀតឯណោះ គាត់មានអាជីវកម្មសណ្ឋាគារដល់ទៅបីបួនកន្លែងឯណោះ និងតំបន់ពាណិជ្ជកម្មមួយចំនួនទៀត លុយគាត់ចាយមិនអស់ទេ! តែមេបក្សនីមួយៗ ឡានកញ្ចាស់ៗ ងាកខូចៗ ដើរដោះស្រាយដីធ្លីជូនអ្នកនេះ អ្នកនោះទៅ! ហីម…គួរតែឧត្តមក្រុមប្រឹក្សា និងនាំគ្នារៀន រកលុយ ដោយពួតដៃគ្នាវាយទៅមន្ត្រីគ្រាក់ៗ ណាលុយវាល់ពាន់លានដែលមសនចំណុចរសើបវិញ បានមានអនាគតប្រសើរជាងនេះ”។
នៅក្នុងអត្ថបទមួយទៀតបានសរសេរថា “លោកប្រធានខឹងឆេះដុំ គ្រាន់តែឯងសរសេរប៉ុន្មានម៉ាត់សោះ! ចរិតមិនសមជាអ្នកនយោបាយបន្តិចទាល់តែសោះ អ្នកនយោបាយគេត្រូវមានចរិតទន់ភ្លន់ មិនក្រេវក្រោធ មិនប្រើពាក្យអសុរោះ រកវិធីឆ្លើយតបដោយត្រជាក់ និងន័យល្អ បើខ្ញុំលេងហ្វេសបុក ខ្ញុំប្រកាន់គោលការណ៍ ងាកប្តឹងៗ មិនខ្វះទេ មនុស្សដែលត្រូវជាប់គុក ច្រវាក់! តែជាង១០ឆ្នាំហើយ សូម្បីតែកន្លះ ក៏ខ្ញុំមិនដែលនិយាយ ហាមាត់ ទៅរួចថាប្តឹងឯង ដើម្បីបាននេះបាននោះ ឬដើម្បីឱ្យគេសងលុយ ឬជាប់គុកនោះឡើយ”។
“ធ្វើនយោបាយស្អី អត់ស្គាល់ពាក្យបច្ចេកទេស អាចម៍ដែលក្រៀម គឺមានន័យថា រឿងដែលវាផុតទៅហើយ រឿងដែលគ្មានប្រយោជន៍ បើសរសេរពាក្យនឹងលោកប្តឹងខ្ញុំទៅតុលាការ សូមអញ្ជើញ! ហើយពាក្យលោកជេរប្រមាថ ខ្ញុំជាសាធារណៈ ក៏ខ្ញុំបាន SAV ទុកហើយដែរ ខ្ញុំដើរតាមក្រោយលោកចុះ! ចាំមើលតម្លៃលោកប្តឹងខ្ញុំ ទារប៉ុន្មាន ទុកឱ្យខ្ញុំដាក់ពីលើហ្នឹងម្តង។
ហើយសិទ្ធិសម្រេចចាត់ការរឿង មិនចាត់ការរឿង វាជាសិទ្ធិឯករាជ្យរបស់ស្ថាប័នតុលាការជាតិ! មិនមែនដូចការប្រមាថមើលងាយទៅអធិបតេយ្យរបស់តុលាការនោះទេ! ហើយប្រុងលាក់ឡានលោកឯង៣៥០០ដុល្លារ ឱ្យទៅតុលាការចាត់ការរឿងក្តីនេះ? សូមលោកឯងស្តាប់វីដេអូឃ្លឹបលោកឯងឡើងវិញ! ប៉ះពាល់ធ្ងន់ណាស់ ដល់ស្ថាប័នតុលាការ”។
អំពើទាំងនេះ គឺជាចេតនាប្រមាថមើលងាយ ធ្វើឱ្យខូចខាតដល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់រូបខ្ញុំបាទយ៉ាងធ្ងន់ ក្នុងឆន្ទៈធ្វើការកម្ទេច កិត្តិនាមខ្ញុំបាទ គណបក្សខ្ញុំបាទ ពិសេសក្នុងឋានៈសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជាប្រតិភូមកពីគណបក្សយុវជនកម្ពុជា ដែលតែងតែជួយួដោះស្រាយបញ្ហាសង្គម និងប្រជាពលរដ្ឋដែលតែងតែជួបការរំលោភបំពាន ពីសំណាក់បុគ្គលមានអំណាច លុយកាក់ ហើយដែលតួនាទី និងភារកិច្ចនេះ រហូតមកដល់ខណៈនេះ ប្រជាពលរដ្ឋមានជំនឿលើស្ថាប័ននេះ ជាបណ្តើរៗ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាព និងអំពើរបស់ឈ្មោះខ័ណ្ឌ ច័ន្ទសុផល (Kan Chan Sophorl) បានដុតបំផ្លាញកិត្យានុភាព ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើរូបខ្ញុំបាទ និង ស្ថាប័ន ដែលអាចនឹងធ្វើឱ្យកិច្ចការងារដែលខ្ញុំបានជួយសង្គមលែងមានប្រសិទ្ធភាព ជំនឿជឿ ទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ លើសពីនេះ បុគ្គលនេះថែមទាំងទ្រគោះបោះបោកជំរុញ ឱ្យខ្ញុំបាទប្តឹងថែមទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ ខ្ញុំសូមលោកព្រះរាជអាជ្ញា មេត្តាធ្វើការចោទប្រកាន់ និងផ្តន្ទាទោសបុគ្គលនេះ ដូចមានក្នុងកម្មវត្ថុខាងលើ ដោយអនុគ្រោះ…។
ទោះជាយ៉ាងណា ជុំវិញការដាក់ពាក្យប្តឹង ពីលោកពេជ្រ ស្រស់ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការឆ្លើយតបពីលោកខ័ណ្ឌ ច័ន្ទសុផល បានទេ កាលពីម្សិលមិញ។ ប៉ុន្តែ មុននេះ លោកខាន់ ច័ន្ទសុផល ធ្លាប់បានបញ្ជាក់តាមទំព័រហ្វេសប៊ុករបស់លោករួចហើយថា លោកស្វាគមន៍ការប្តឹងនោះ ហើយលោកនឹងប្តឹងបកវិញផងដែរ។
គួរបញ្ជាក់ថា មកដល់ពេលនេះ មានប្រធានគណបក្សនយោបាយ ចំនួន២រូប ដែលជាសមាជិកឧត្តមក្រុមប្រឹក្សពិគ្រោះនិងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រីដូចគ្នា បានដាក់ពាក្យបណ្តឹងចូលទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងបុគ្គល២ រូបផ្សេងគ្នា ពីបទប្រមាថ ក្នុងនោះ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានដាក់ពាក្យប្តឹងសុំឱ្យតុលាការឃាត់ខ្លួនលោកឧកញ៉ាឌួង ឆាយ និងទាមទារសំណងជំងឺចិត្តចំនួន៥ពាន់លានរៀល។ ចំណែកលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់ពាក្យប្តឹងលោកខ័ណ្ឌ ច័ន្ទសុផល ដោយស្នើឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងខូចខាត និងសំណងជំងឺចិត្ត សរុបចំនួន៤៨០លានរៀល៕ ខៀវទុំ