ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល ដែលជាអ្នកវិភាគ និងតាមដានស្ថានការណ៍នយោបាយមួយរូបផងដែរ បានជួបជាមួយលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ដើម្បីសួរពីជំហរ ពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះកម្ពុជា បន្ទាប់ពីមុននេះ សហភាពអឺរ៉ុប ព្រមានពីវិធានការដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា។
លោកព្រាប កុល បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ភ្ជាប់ជាមួយរូបភាពជួបជាមួយលោក ចច អេដហ្គារ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ថា “ជួបជជែកគ្នាលេងជាមួយឯកឧត្តមអគ្គរដ្ឋទូតសហភាពអឺរ៉ុប មិនមែនព្រោះចង់តោងកាលីបគាត់ទេ ប៉ុន្តែជួបគ្នាដើម្បីជជែកផ្លាស់ប្តូយោបល់ពីការវិវត្តនៃស្ថានការណ៍នយោបាយជាតិ និងអន្តរជាតិ រួមទាំងបញ្ហាគោលនយោបាយអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ចំពោះកម្ពុជា”។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ នេះ លោកព្រាប កុល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ថា លោកមិនអាចជម្រាបលម្អិតពីជំនួបនោះទេ ដោយសារវាជាគោលការណ៍មួយនៃទំនាក់ទំនងការទូត ដែលមិនអាចឱ្យព័ត៌មានជជែកគ្នាទ្វេភាគី ទៅសាធារណជនបានទេ ប៉ុន្តែលោកអាចជម្រាបបានថា លោកបានសួរនាំគាត់ពីដំណើរការទាក់ទង នឹងការវិវឌ្ឍនៃការចរចារវាងកម្ពុជា និងសហភាពអឺរ៉ុប ហើយពេលវេលានៅសល់ ប្រហែលជា៤សប្តាហ៍ទៀត ដើម្បីឈានទៅដល់ការពិចារណាថា តើគួរតែដំណើរការនីតិវិធីផ្លូវការ ឬក៏ផ្អាកដំណើរការនីតិវិធីផ្លូវការ?
លោកព្រាប កុល បានមានប្រសាសន៍ថា “ខ្ញុំជួបជាមួយនឹងអ្នកការទូត មិនថាតែសហភាពអឺរ៉ុបទេ ប្រទេសអាមេរិក ក៏ដោយ ឬប្រទេសផ្សេងៗទៀត ជាទម្លាប់នៃការទំនាក់ទំនងការទូតរបស់ខ្ញុំជាមួយស្ថាប័នអន្តរជាតិ ហើយពេលជួបគ្នា យើងនិយាយពីបញ្ហានយោបាយក្រៅប្រទេស និងក្នុងប្រទេស ហើយយើងពិគ្រោះយោបល់ ផ្លាស់ប្តូរយោបល់ ទាក់ទងនឹងការវិវឌ្ឍស្ថានការណ៍នយោបាយ ហើយអ្វីដែលជាគន្លឹះនៃដំណោះស្រាយ។ ដល់អ៊ីចឹងទៅ វាជារឿងធម្មតាដែលខ្ញុំជួបជាមួយពួកគាត់ សំខាន់ណាស់ ដោយសារតែស្ថានទូតទាំងអស់នៅប្រទេសកម្ពុជា ជាពិសេស ស្ថានទូតនៃប្រទេសមហាអំណាច គាត់គោរព ឱ្យតម្លៃខ្ញុំ ហើយមានការជឿទុកចិត្តអំពីភាពសុចរិតរបស់ខ្ញុំនៅក្នុងការជជែក ដែលយើងមិនមានរបៀបវារៈនយោបាយ មិនមានផលប្រយោជន៍ផ្ទាល់ខ្លួនយកទៅពាក់ព័ន្ធទេ គឺយើងនិយាយអំពីបញ្ហាដែលមានប្រយោជន៍ចំពោះជាតិ”។
លោកព្រាប កុល បន្តថា “សម្រាប់ខ្ញុំជាជនជាតិខ្មែរ ខ្ញុំពិតជាចង់ចូលរួមចំណែក ដើម្បីរកដំណោះស្រាយ ដែលភាគីកម្ពុជាយើងមិនខាតប្រយោជន៍ មិនមានអ្នកណាម្នាក់បាត់បង់ផលប្រយោជន៍ពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ណាមួយ ដែលធ្វើឡើងក្នុងបរិបទនៃទំនាស់នយោបាយរវាងខ្មែរនិងខ្មែរ។ ដូច្នេះ បើអាចធ្វើទៅបាន ខ្ញុំចង់រួមចំណែករកដំណោះស្រាយដែលភាគីទាំងអស់អាចទទួលយកបាន ហើយខ្មែរយើងគ្រប់រូប មិនមានការខាតបង់ទេ។ បើសិនជាអាចទៅរួច គឺយើងចង់បានដំណោះស្រាយ ដែលមានផលចំណេញសម្រាប់ប្រទេសខ្មែរយើង ហើយភាគីទំនាស់ទាំងអស់ គឺអាចទទួលយកបាន។ អាហ្នឹងគឺជាគោលការណ៍នៃការស្វែងរកដំណោះស្រាយ ហើយខ្ញុំមានបំណងចង់ចូលរួមចំណែកតិចច្រើន ទៅតាមលទ្ធភាព សមត្ថភាពរបស់ខ្ញុំ ក៏ព្រោះតែខ្ញុំជាជនជាតិខ្មែរដែរ។ ដូច្នេះខ្ញុំមានអាទិភាពក្នុងការជួបជាមួយអ្នកការទូត វាជាបុព្វសិទ្ធិដែលមានលក្ខណៈពិសេសមួយ ខ្ញុំត្រូវតែឆ្លៀតពេលជួប ដើម្បីស្វែងយល់ពីស្ថានការណ៍អស់ហ្នឹង”។
លោកព្រាប កុល បន្តទៀតថា អ្វីដែលសហគមន៍អន្តរជាតិ និងសហភាពអឺរ៉ុប គេត្រូវការសម្រាប់ការឱ្យមានការវិវឌ្ឍវិជ្ជមាន គឺគន្លឹះ ពីរហ្នឹង គឺទី១ ការដោះលែងឯកឧត្តមកឹម សុខា ហើយទី២ គឺការទម្លាក់ចោលការហាមឃាត់សិទ្ធិនយោបាយរបស់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ១១៨រូបហ្នឹង។ នេះជាជំហានធំមួយ ហើយនៅមានលក្ខខណ្ឌផ្សេងៗ គ្រាន់តែថា ជំហានធំដែលត្រូវធ្វើ ដែលគេចង់ឃើញឱ្យមានការវិវឌ្ឍហ្នឹង គឺពីរហ្នឹង ហើយការទម្លាក់ចោលការហាមឃាត់ហ្នឹង មិនមែនធ្វើម្តងអ្នកនេះ ម្តងអ្នកនោះ ឬក៏ជាក្រុម ជាបុគ្គល តាមដំណាក់កាលទេ គេចង់ឃើញការដោះលែងឯកឧត្តមកឹម សុខា ទម្លាក់ចោលការហាមឃាត់ អ្នកនយោបាយទាំង១១៨រូបហ្នឹង ក្នុងពេលព្រមគ្នាតែម្តង។ នេះគឺជាលក្ខខណ្ឌដើមរបស់សហភាពអឺរ៉ុប ដែលយើងបានតាមដានស្ថានការណ៍ហ្នឹង។ អ៊ីចឹងនេះជាជំហានធំផងដែរ នៅក្នុងការចរចាជាដំណោះស្រាយនេះ”។
លោកព្រាប កុល បន្ថែមថា “ក្រៅពីជួបជាមួយអ្នកការទូតអន្តរជាតិ ខ្ញុំព្យាយាមស្វែងរកឱកាសដើម្បីជួបអ្នកដែលមានឥទ្ធិពលនៅក្នុងជួរនៃគណបក្សកាន់អំណាច ដើម្បីផ្លាស់ប្តូរយោបល់ ពិគ្រោះដែរ ដើម្បីស្វែងយល់អំពីជំហរ ក៏ដូចជាស្នើសុំជាគំនិតយោបល់ក្នុងគោលបំណង រួមចំណែករកដំណោះស្រាយ។ បើសិនជាមានឱកាស យើ់ងនឹងគួរតែមានការជួប ហើយខ្ញុំជួបគ្រប់ភាគីទាំងអស់ មិនមានភាគីណាមួយ ដែលខ្ញុំរំលងទេ បើសិនជាខាងភាគីនោះ គេអនុញ្ញាត ឬក៏ផ្តល់ឱកាសឱ្យជួប គឺខ្ញុំស្វែងរកជួបគ្រប់ភាគីសំខាន់ៗទាំងអស់ មិនថា ភាគីណាមួយទេ”។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកព្រាប កុល ខាងលើនេះ បានធ្វើឡើងក្រោយ ពេលដែលលោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបជាមួយនឹងលោកចច អេដហ្គារ (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ក្នុងជំនួបនោះ សហភាពអឺរ៉ុប បានបញ្ជាក់ថា កំពុងរៀបចំផ្តល់ហិរញ្ញប្បទានឥតសំណង សរុបចំនួន១៣០លានដុល្លារ សម្រាប់គាំទ្រកម្មវិធីចំនួន៣ នៅកម្ពុជា រួមមាន ៖
១-កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន ២២លានអឺរ៉ួ (ជិត៣០លានដុល្លារ) បន្ថែម។
២-កម្មវិធីកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន (ផ្នែកនេសាទ) ចំនួន៨៧លានអឺរ៉ូ (ជាង៩៨លានដុល្លារ) ។
៣-កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ចំនួន៦លានអឺរ៉ូ (ជាង៦,៨លានដុល្លារ) ទៀត។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបង្ហាញការគាំទ្រជាគោលការណ៍ចំពោះសំណើកម្មវិធីទាំង៣ខាងលើនេះ ព្រមទាំងបានសន្យានៅពេលនោះថា នឹងជួយសម្របសម្រួល និងសហការរៀបចំជាមួយក្រសួងជំនាញពាក់ព័ន្ធ ដើម្បីឈានទៅចុះហត្ថលេខាកិច្ចព្រមព្រៀងឱ្យទាន់ដើមឆ្នាំ២០១៩ ខាងមុខ។
ទោះបីយ៉ាងណា លោកព្រាប កុល បានបញ្ជាក់ថា ជំនួយរបស់សហភាពអឺរ៉ុប ជាជំនួយដែលមានសម្រាប់រយៈពេល៥ឆ្នាំម្តង ដូច្នេះជំនួយនេះមិនមែនជាជំនួយថ្មីទេ ជាជំនួយដែលមាននៅក្នុងកិច្ចព្រមព្រៀងស្រាប់ ដែលបានដំណើរការមកហើយ។
លោកព្រាប កុល បានមានប្រសាសន៍ថា “អ៊ីចឹងវាអត់មានអីថ្មីទេ ជំនួយហ្នឹងនៅក្នុងក្របខ័ណ្ឌនៃជំនួយប្រាំឆ្នាំ ដែលសហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា តាំងពី៣ឆ្នាំមុនម៉្លេះ។ បើតាមដែលខ្ញុំដឹង គឺមិនជំនួយថ្មីបន្ថែមពីហ្នឹងទេ គឺជាជំនួយដែលមាននៅក្នុងក្របខ័ណ្ឌដែលបានប្តេជ្ញាផ្តល់ឱ្យកម្ពុជា សម្រាប់រយៈពេលជាដំណាក់កាលៗហ្នឹង គឺមាននៅក្នុងកញ្ចប់ហើយ។ បានន័យថា ខ្ញុំមិនទាន់ដឹងថា មានអីថ្មីទៀតទេ ប៉ុន្តែព័ត៌មានហ្នឹងមាននៅក្នុងកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប ជាមួយរដ្ឋាភិបាលកម្ពុជា ដែលទទួលជំនួយ៤០០លានអឺរ៉ូ ស្មើនឹងប្រហែលជាប្រាំរយលានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ហើយបន្តរហូតដល់ឆ្នាំ២០២០។ អ៊ីចឹងជំនួយហ្នឹង គឺនៅក្នុងក្របខ័ណ្ឌនៃជំនួយចាស់ដែលបានផ្តល់ជូន ហើយមិនទាន់ដល់រយៈពេល ដែលត្រូវទទួលជំនួយនៅឡើយទេ”៕ កុលបុត្រ