ភាពរំជើបរំជួល រញ៉េរញ៉ៃរបស់ពួកប្រឆាំង CNRP ដែលភ្នែកមនុស្សសាមញ្ញោមីលឃើញថា ពួកគេកំពុងបែកបាក់ ចែកខ្សែសម រង្ស៊ី ខ្សែកឹម សុខា នោះ បើគេយក “ភ្នែកបញ្ញា” មកមើល អាចនឹងយល់យ៉ាងច្បាស់ ពីល្បិចកល ឬយុទ្ធសាស្ត្រនយោបាយពួកប្រឆាំង ដែលកំពុងធ្វើសកម្មភាពស្របតាមសុភាសិតថា “នឹងលើ រង្គើក្រោម”។ ការរង់ចាំមើលអតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ១១៨រូប ដាក់ពាក្យសុំចូលធ្វើនយោបាយ បែរជាស្ងាត់លេចចេញឯការសរសើរពីលោកសម រង្ស៊ី ថាមានមន្ត្រីស្មោះត្រង់នឹងគាត់៩៩ភាគរយ មិនដាក់ពាក្យ ទន្ទឹមនោះ សកម្មជនថ្នាក់ក្រោម បង្កភាពច្របូកច្របល់ជាបន្តបន្ទាប់ ដែល “នគរធំ” ក្តាប់បាន ក៏លើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“នឹងលើ រង្គើក្រោម” បើពិចារណាមិនដឹតដល់ ច្បាស់ជាម៉ៃផ្តេសផ្តាសទៅលើការរួមសង្វាសរវាងគូស្នេហ៍ ឬគូស្វាមីភរិយា ក្នុងបន្ទប់បាំងជិតមិនខានឡើយ ប៉ុន្តែបើរិះគិតឱ្យស៊ីជម្រៅ គឺសំដៅដល់យុទ្ធសាស្ត្រនយោបាយ ដែលពួកប្រឆាំងកំពុងយកមកប្រើ ធ្វើឱ្យមានភាពច្របូកច្របល់ រញ៉េរញ៉ៃ ខ្វះសណ្តាប់ធ្នាប់។ យើងបានបរិយាយពីលេខមុនរួចមកហើយ ពី “យុទ្ធសាស្ត្រ ត្រីបក” ខណៈដែលលោកសម រង្ស៊ី ប្រើល្បិចរុញសកម្មជនថ្នាក់ក្រោមឱ្យជួបជុំគ្នាស្រែកជយឃោសប្រឆាំង CPP យ៉ាងចេញមុខ។ នៅពេលនេះទៀត យើងសូមបរិយាយឱ្យកាន់តែពិស្តារពីយុទ្ធសាស្ត្រ “នឹងលើ រង្គើក្រោម” យោងទៅតាមទស្សនៈ នៃការបញ្ចោញមតិ ស្របតាមរដ្ឋធម្មនុញ្ញ។
ពាក្យថា “នឹងលើ” គឺគេធ្វើយ៉ាងណាឱ្យមន្ត្រីថ្នាក់លើ សំងំស្ងៀមសិន បើចង់ធ្វើអ្វីពាក់ព័ន្ធដល់នយោបាយ គ្រាន់តែសរសេរបង្ហោះតាមហ្វេសប៊ុក ឬផ្តល់សម្ភាសដល់អ្នកកាសែតបែបលំៗ ច្បោលៗ មិនចំបញ្ហា។ ប៉ុន្មានថ្ងៃនេះ យើងឃើញអតីតមន្ត្រី CNRP ប្រឹងបញ្ចោញទស្សនៈរៀងខ្លួនតាមប្រព័ន្ធអេឡិចត្រូនិក ដែលភាគីម្ខាង “គាំទ្រលោកសម រង្ស៊ី ជាប្រធានស្តីទី CNRP” រីឯភាគីម្ខាងទៀតរិះគន់ថា “ធ្វើខុសលក្ខន្តិកៈគណបក្ស”។ សូម្បីព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់ស្និទ្ធលោកសម រង្ស៊ី ក៏រិះគន់ស្រាលៗដល់មេប្រឆាំងធំជាងគេនោះថា រើរុះក្បាលម៉ាស៊ីន ៣ដង ដែលមុនដំបូង បង្កើត “គណៈកម្មការចំពោះកិច្ច” បន្ទាប់មក រុះរើជាថ្មី បង្កើតជា “ចលនាសង្គ្រោះជាតិ” បន្ទាប់មកទៀត យកតំណែង “ប្រធានស្តីទី” មិនគោរពលក្ខន្តិកៈ។ ពេលត្រូវសហការីរិះគន់បែបនេះ លោកសម រង្ស៊ី បែរជាចេញ “ក្បាច់សរសើរ” ដោយសរសេរក្នុងគណនីហ្វេស់ប៊ុកថា “ខ្ញុំ សម រង្ស៊ី សូមកោតសរសើរមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន៩៩ភាគរយ លើ១១៨នាក់ ដែលបានប្តេជ្ញាចិត្តមិនទៅសុំសិទ្ធិធ្វើនយោបាយវិញ…” ដោយមិនឃើញសំណេរស្តីបន្ទោសកូនចៅនោះទេ។ ចំណុចនេះមានន័យថា មេប្រឆាំងធំជាងគេនោះ កំពុងធ្វើឱ្យ “នឹងលើ” នេះឯង ព្រោះបើថ្នាក់លើ ឈ្លោះគ្នាបែកផ្សែង បានត្រឹមបែកបាក់សាមគ្គី។
ផ្ទុយទៅវិញ នៅពេលលោកសម រង្ស៊ី ប្រឹងសរសើរអ្នករិះគន់គាត់នោះ ក៏ស្រាប់តែអតីតចៅសង្កាត់-មេឃុំ សកម្មជនអតីត CNRP តាមបណ្តាខេត្តនានា ដូចជា ខេត្តបាត់ដំបង ប៉ៃលិន កំពង់ចាម កណ្តាល ព្រះសីហនុ ណាត់ជួបគ្នា បញ្ចោញទស្សនៈប្រឆាំងបក្សកាន់អំណាច និងប្រកាសទទួលស្គាល់លោកសម រង្ស៊ី ជាក្បាលម៉ាស៊ីនដឹកនាំយ៉ាងចំហតែម្តង។ ប៉ុន្មានថ្ងៃនេះ ធ្លាយព័ត៌មានថា ប៉ូលិសប៉ុស្តិ៍អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានកោះហៅអតីតមេឃុំ សកម្មជន CNRP ដែលណាត់ជួបគ្នានោះ ទៅសាកសួរ ប៉ុន្តែលទ្ធផលយ៉ាងណានោះ មិនទាន់ដឹង។ បើប៉ូលិសអរិយក្សត្រ ចាប់ផ្តើមបង្ក្រាបចលនានេះ ហើយសមត្ថកិច្ចនៅតាមខេត្តឯទៀត ធ្វើតាម អាចដើរជាន់យុទ្ធសាស្ត្រត្រីបក ឬ “នឹងលើ រង្គើក្រោម” នេះឯង។ រង្គើក្រោម នៅត្រង់សព្វថ្ងៃ សមត្ថកិច្ចកំពុងតែនឿយហត់ស្ទើរគ្មានបានដេកពួន ក្នុងការបង្ក្រាបចោរកម្ម លួចឆក់ប្លន្ល់ ស្ទាវញៀនថ្នាំ ជាដើម។ លុះសកម្មជនប្រឆាំង ធ្វើសកម្មភាពទៀតនោះ បានត្រឹមនឿយហត់ដល់ប៉ូលិសថែមទៀត ហើយបើសិនជាត្រូវចាប់ដាក់គុក លុះត្រាតែធ្វើគុកបន្ថែមទៀត ទើបដាក់អស់ ព្រោះគុកសព្វថ្ងៃ ដាក់ចោរពេញណែនទៅហើយ។
ការប្រើធម៌ក្តៅ ស្របពេលដែលសហភាពអឺរ៉ុប កំពុងដាក់សម្ពាធ EBA បណ្តើរៗនោះ ធ្វើឱ្យសណ្តាប់ធ្នាប់សុវត្ថិភាពតាមមូលដ្ឋាន មិនសូវល្អ ព្រោះបក្សកាន់អំណាច (CPP) ធ្លាប់ដឹងរួចមកហើយថា លោកសម រង្ស៊ី ជា “ដង្ខៅបាតុកម្ម” តែងដឹកនៅបាតុកម្មជាបន្តបន្ទាប់ ឱ្យប៉ូលិសបង្ក្រាប។ ឥឡូវរបៀបធ្វើបាតុកម្ម ប្រហែលជាលោកសម រង្ស៊ី រៀបចំទ្រង់ទ្រាយប្លែកពីមុន ដោយរុញសកម្មជនថ្នាក់ក្រោម ឱ្យបំផុសការប្រឆាំងតាមហ្វេសប៊ុកយូធូប ម្តងវិញ។ ខណៈដែលផ្ទៃក្រោមរបស់ពួកប្រឆាំង ចាប់ផ្តើមរង្គើ ស្រាប់តែលោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ដែលបានទៅជួបលោកទូតសហភាពអឺរ៉ុប នោះ បានបង្ហាញ “គន្លឹះ៣ចំណុច” ឱ្យ CPP ដោះស្រាយនោះ បានត្រឹម “ទ្រោលស្ថានការណ៍ឱ្យកាន់តែរង្គើ”។ គន្លឹះ៣ចំណុចនោះ មាន “ទី១-ដោះលែង លោកកឹម សុខា ទី២-ផ្តល់សិទ្ធិឱ្យអតីតមន្ត្រីប្រឆាំង១១៨នាក់ ចូលធ្វើនយោបាយវិញ ទី៣-ឱ្យមានការចរចា រវាង CPP និង CNRP”។ គន្លឹះទាំង៣នេះ ប្រហែលជាលោកទូតសហភាពអឺរ៉ុប ប្រាប់លោកព្រាប កុល ឱ្យផ្សព្វផ្សាយក៏មិនដឹង? ដែលករណីនេះ ដូចជួយ “ឱ្យទឹកមាន់បញ្ជល់”។
បក្សកាន់អំណាច ធ្លាប់ដាក់ឈ្មោលោកសម រង្ស៊ី ជាដង្ខៅបាតុកម្ម និងចោទប្រកាន់ថា ដង្ខៅនោះរុញប្រជាពលរដ្ឋឱ្យរងគ្រោះជំនួសខ្លួន ដើម្បីមហិច្ឆតាអំណាច ប៉ុន្តែកាលៈទេសៈបច្ចុប្បន្ន របៀបធ្វើបាតុកម្ម មិនមែនលើកគ្នាទៅតវ៉ានៅទីលានប្រជាធិបតេយ្យ ឱ្យសមត្ថកិច្ចដេញវាយរត់ព្រោងព្រាត ដោយមានកន្ទុំរុយ យន្តហោះពីលើ ឬដូចការបង្ក្រាបនៅផ្លូវវេងស្រេង នោះទេ តែពួកប្រឆាំងប្តូររូបភាពទៅជា “បង្ហោះការតវ៉ាតាមហ្វេសប៊ុក” ម្តងវិញ។ បើសិនជារាជរដ្ឋាភិបាល ប្រើកណ្តាប់ដៃ ដែកចាប់ដាក់ខ្នោះ ឬចាប់ផាកពិន័យឱ្យបង់លុយ ដូចករណី គ.ជ.ប ពិន័យពួកសកម្មជនប៉ុន្មាននាក់នៅខេត្តបាត់ដំបង ម្នាក់ៗបង់ពី ៥ទៅ១០លានរៀល ពាក់ព័ន្ធ “លើកម្រាមដៃស្អាត” នោះ ស្ថានការណ៍កាន់តែ “រង្គើទ្វេឡើង”។ កន្លងមក អ្នកនាំពាក្យ CPP បានទម្លាក់កំហុសការធ្វើបាតុកម្មមកពីលោកសម រង្ស៊ី រុញពីក្រោយ ប៉ុន្តែបើយើងពិចារណាទៅ មនុស្សម្នាក់ៗមានខួរក្បាល ខុសពីសត្វ ហេតុអ្វីក៏ពួកបាតុករ ហ៊ានប្រថុយប្រថាននឹងគុកច្រវាក់ ឬដំបងឆក់របស់ប៉ូលិស? ចំណុចនេះអាចថា “ជាចេតនា បុគ្គល” ព្រោះបុគ្គលចង់ប្រឆាំងខ្លួនឯងស្រាប់ លុះមានគេបបួលក៏លោតទៅទាំងកំរោល ភ្លេចគិតពីគ្រោះថ្នាក់។
ដូច្នេះយើងឃើញថា “នឹងលើ រង្គើក្រោម” ជាយុទ្ធសាស្រថ្មីមួយ ដែលលោកសម រង្ស៊ី យកមកប្រើ ដោយ “សរសើរថ្នាក់លើ៩៩%” ប៉ុន្តែរុញ “សកម្មជនថ្នាក់ក្រោម” ឱ្យបង្កភាពស្មុគស្មាញដល់បក្សកាន់អំណាច។ យុទ្ធសាស្ត្រថ្មីនេះ CPP ច្បាស់ជាដឹងច្បាស់ណាស់ ទើបមិនទាន់មានបញ្ជាឱ្យបង្ក្រាបអតីតមេឃុំ-ចៅសង្កាត់ សកម្មជនដែលណាតជួបគ្នាបញ្ចោញមតិតាមហ្វេសប៊ុក។ ប៉ុន្តែករណីប៉ូលិសប៉ុស្តិ៍អរិយក្សត្រ ទូរស័ព្ទហៅពួកណាត់ជួបគ្នានោះទៅសាកសួរ អាចថាជា “មនោសញ្ចោតនា ប៉ូលិស គាំទ្រ CPP” តែម្តង។
តាញៀនកាហ្វេម្នាក់ ដែលមាននិន្នាការគាំទ្របក្សកាន់អំណាច បាននិយាយថា “បើប៉ូលិសប្រើធម៌ក្តៅពេលហ្នឹង មិនអំណោយផលទេ ព្រោះអន្តរជាតិកំពុងចាំតាមដានករណីសិទ្ធិមនុស្ស”។ ចំណែកតាម្នាក់ទៀត គាំទ្រអតីតបក្សសង្គ្រោះជាតិ និយាយថា “បើគេហ៊ានធ្វើ ច្បាស់ជាហ៊ានជាប់គុក បើបង្ក្រាបការបញ្ចោញមតិនេះ អ្វីៗឆាប់ចប់ត្រឹមសហភាពអឺរ៉ុប លែងបន្ធូរដៃ”។
ការសន្ទនារបស់ប្រជាពលរដ្ឋដែលមាននិន្នាការខុសគ្នា ប៉ុន្តែស្របគ្នានៅត្រង់ “ការឃ្លាំមើលរបស់អន្តរជាតិ” នោះ បង្ហាញថា ពួកគាត់មានប្រាជ្ញាវាងវៃ ចេះវិភាគរឿងនយេបាយ មិនធម្មតាទេ។ សូមរំព្ញកថា “ព្រះបាទនរោត្តម” ទោះជានៅក្រោមអំណាចបារាំង ក៏ព្រះអង្គមិនចូលចិត្តបារាំង បានធ្វើនយោបាយសម្ងាត់ តាមយយុទ្ធសាស្ត្រ “នឹងលើ រង្គើក្រោម” ពោលគឺបើបារាំង គាបសង្កត់ព្រះអង្គឱ្យឡាយព្រះហស្តលេខាលើច្បាប់អ្វីមួយ មិនសព្វព្រះទ័យ ស្រាប់តែមានចលនាបះបោររបស់ពួកឧទ្ទាម រង្គើផ្ទៃក្រោម។ ឯបារាំង ក៏ឆ្លាតដែរ បានស្នើព្រះមហាក្សត្រ ទៅចរចាជាមួយមេឧទ្ទាម ដោយប្រើកម្លាំងទ័ព ធ្វើឱ្យចលនាបះបោរស្ងប់ស្ងាត់ទៅ។ មានន័យថា នាហ្មឺនសព្វមុខមន្ត្រីថ្នាក់លើ ស្ងប់ស្ងាត់ នឹងធឹង ប៉ុន្តែផ្ទៃក្រោមរំជើបរំជួល ចាំបាច់ត្រូវតែដោះស្រាយដោយសន្តិវិធី។
សរុបទៅ “នឹងលើ រង្គើក្រោម” សំដៅដល់យុទ្ធសាស្ត្រពួកប្រឆាំង ធ្វើឱ្យមានភាពច្របូកច្របល់នៅថ្នាក់ក្រោម ប៉ុន្តែលៃយ៉ាងណាឱ្យថ្នាក់លើសំងំសិន។ ពិតជាមិនធម្មតាទេ ខណៈដែលសហការីគាត់រិះគន់ជុំទិស បែរជាលោកសម រង្ស៊ី សរសើរទៅវិញ រួចបែរជាលេចចេញនូវការណាត់ជួបគ្នារបស់មេឃុំ-ចៅសង្កាត់ ជំទប់ សកម្មជនប្រឆាំងតាមបណ្តាខេត្តនានា។ បើ CPP ឆ្លាតដូចបារាំង អត់អីទេ តែបើលេងធម៌ក្តៅ បង្ក្រាបចាប់ដាក់គុក ឬពិន័យឱ្យបង់លុយ អាចធ្វើឱ្យស្ថានការណ៍កាន់តែរញ៉េរញ៉ៃទ្វេឡើង ព្រោះ “ត្រីកំភ្លាញ” ផ្អើលត្រីឆ្តោផ្លៀក តែមួយស្របក់ ក៏ងើបពីបាតត្រពាំង “ធ្វើមាត់ជីប អូចៗដដែល”…៕