ភ្នំពេញៈ ក្នុងខួប៣៨ឆ្នាំ នៃអាពាហ៍ពិពាហ៍ជាមួយភរិយា ដែលទទួលបានកូនស្រី២នាក់ ជាចំណងដៃ គឺកញ្ញាកឹម មនោវិទ្យា និងកញ្ញាកឹម សម្មាធីតា នោះ លោកកឹម សុខា បានរំលឹកពីគុណសម្បតិ្តរបស់ឧត្តមភរិយាលោក ដោយបញ្ជាក់ថា ទោះជាបានឆ្លងកាត់នូវភាពល្វីងជូរចត់ក៏ដោយ ក៏មកទល់ថ្ងៃនេះ ឧត្តមភរិយាលោកនៅតែមានសន្តានចិត្តមិនគុំកួន មិនសងសឹក នៅតែគាំទ្រឲ្យលោកបន្តស្មារតីខ្មែរតែមួយ ដើម្បីបញ្ចប់ និងបញ្ជៀសការឈឺចាប់រវាងខ្មែរនិងខ្មែរ។ ដូច្នេះលោកចាត់ទុកថា លោកពិតជាមានសំណាងណាស់ ដែលមានស្ត្រីម្នាក់នេះជាភរិយា។
លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំក្នុងផ្ទះ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៨ថា “ ថ្ងៃនេះជាខួបទី៣៨ នៃអាពាហ៍ពិពាហ៍ខ្ញុំ និងភរិយា។ ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមក ភរិយាខ្ញុំបានឆ្លងកាត់នូវឧបសគ្គ ដោយប្រឈមនឹងការភយ័ខ្លាចជាច្រើនលើកច្រើនសា ដោយសារជីវិតនយោបាយខ្ញុំ ជាង២០ឆ្នាំហើយ ជាពិសេស គឺរយៈពេលមួយឆ្នាំជាងចុងក្រោយនេះ។ នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ គឺជាព្រឹត្តិការណ៍ដ៏រន្ធត់បំផុតសម្រាប់ភរិយាខ្ញុំ នៅពេលដែលគាត់ឃើញគេចាប់ខ្លួនខ្ញុំនៅចំពោះមុខគាត់ ទាំងកណ្តាលអធ្រាត្រ ដោយមិនដឹងថា គេនឹងបញ្ជូនទៅទីណា ឬធ្វើអ្វីលើរូបខ្ញុំ។ ក្នុងអំឡុងពេល១ឆ្នាំ និង១សប្តាហ៍ (ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨) ដែលខ្ញុំបានជាប់ក្នុងមន្ទីរឃុំឃាំងត្រពាំងផ្លុង នៅឯជាយដែន ភរិយាខ្ញុំបានធ្វើដំណើរទៅសួរសុខទុក្ខខ្ញុំ ១០២ដង ដែល១ដងៗ មានចម្ងាយប្រមាណ២០០គីឡូម៉ែត្រទៅ និងប្រមាណ២០០គីឡូម៉ែត្រ ត្រឡប់មកវិញ។ សរុប គាត់បានធ្វើដំណើរ ៤.០៨០០ គីឡូម៉ែត្រ។ ជាងមួយឆ្នាំនេះ ភរិយាខ្ញុំរស់នៅដោយព្រាត់ស្វាមីនិងកូនៗ។ គាត់ជាជនរងគ្រោះដែលរងផលវិបាកច្រើនជាងគេ ពីការឃុំខ្លួនរបស់ខ្ញុំ ក៏ប៉ុន្តែ ផលវិបាក និងឧបសគ្គទាំងអស់នេះ គឺកាន់តែធ្វើឲ្យគាត់ក្លាយជាមនុស្សដែលមានស្មារតីរឹងមាំជាងមុនទៅទៀត។ ស្មារតីតស៊ូ និងស្មារតីស្នេហាជាតិរបស់ភរិយាខ្ញុំនេះហើយ ដែលបានបន្ថែមជំរុញឲ្យខ្ញុំពុះពារទៅមុខទៀត។ ទោះជាបានឆ្លងកាត់នូវភាពល្វីងជូរចត់ទាំងអស់នេះក៏ដោយ មកទល់ថ្ងៃនេះ ភរិយាខ្ញុំនៅតែមានសន្តានចិត្តមិនគុំកួន មិនសងសឹក គាត់នៅតែគាំទ្រឲ្យខ្ញុំបន្តស្មារតីខ្មែរតែមួយ ដើម្បីបញ្ចប់និងបញ្ជៀសការឈឺចាប់រវាងខ្មែរនិងខ្មែរ។ ខ្ញុំចាត់ទុកថា ខ្ញុំពិតជាមានសំណាងណាស់ ដែលមានស្ត្រីម្នាក់នេះជាភរិយា“ ។
សំណេររំលឹកគុណសម្បត្តិឧត្តមភរិយារបស់លោកកឹម សុខា ខាងលើនេះ ត្រូវបានលោកមុត ចន្ថា ជំនួយការរបស់លោក និងកូនស្រីលោក ព្រមទាំងអ្នកគាំទ្រលោកជាច្រើនបានយកទៅបង្ហោះនិងចែកចាយតៗគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក ។
គួររំលឹកថា លោកកឹម សុខា ត្រូវអាជ្ញាធរចូលចាប់ខ្លួន នៅកណ្តាលអាធ្រាត្រ កាលពីថ្ងៃទី0២ ឈានចូលដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងគេហដ្ឋានរបស់លោក ដោយចោទប្រកាន់ពីទោសក្បត់ជាតិ ហើយសមត្ថកិច្ចបានយកទៅឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។ នៅពេលនោះ ភរិយាលោកកឹម សុខា ទប់អារម្មណ៍ក្ដុកក្ដួលមិនបាន ពេលឃើញលោកកឹម សុខា ស្លៀកពាក់ខោអាវអ្នកទោស និងត្រូវបានឆ្មាំពន្ធនាគារយកទៅដាក់ក្នុងបន្ទប់ឃុំឃាំងក្នុងពន្ធនាគារ។ បន្ទាប់មកទៀត ក្នុងខួបទី៣៧ នៃពិពាហ៍ពិពាហ៍ កាលពីឆ្នាំ២០១៧ គឺលោកកឹម សុខា និងភរិយា បាននៅក្បែរគ្នាដូចពេលនេះទេ ប៉ុន្តែឲ្យតែដល់ខួបរៀបការនេះម្ដងៗ ទោះស្ថិតក្នុងស្ថានភាពកាលៈទេសៈបែបណាក៏ដោយ ក៏លោកកឹម សុខា តែងរំលឹកពីគុណសម្បត្តិ និងចងចាំនូវអំពើល្អរបស់ឧត្តមភរិយាទុកនៅក្នុងចិត្តរបស់លោកជានិច្ច ៕