ភ្នំពេញៈ នៅក្នុងឱកាសញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មានផលប្រយោជន៍ចំនួន៧ ដែលទទួលបានពីនយោបាយឈ្នះ-ឈ្នះ ។
ផលប្រយោជន៍ចំនួន៧ ដែលទទួលបានពីនយោបាយ ឈ្នះ-ឈ្នះ នោះ រួមមាន
១.បានបញ្ចប់សង្គ្រាមប្រដាប់អាវុធទាំងស្រុង លែងមានតទៅទៀតហើយនៅក្នុងប្រទេសកម្ពុជា។
២. ដំណើរការនៃការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជា នៅតំបន់គ្រប់គ្រងដោយអតីតខ្មែរក្រហម ចាប់ពីដើមឆ្នាំ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ គឺមិនមានការប្រើប្រាស់អាវុធ ហើយក៏មិនមានមនុស្សស្លាប់ដោយគ្រាប់កាំភ្លើងដែរ។
៣.ជាប្រវត្តិសាស្ត្រនៃការឯកភាពទឹកដី បញ្ចប់នូវតំបន់ត្រួតត្រាច្រើនមកជាតំបន់ត្រួតត្រាតែមួយ មានព្រះមហាក្សត្រតែមួយ មានរដ្ឋធម្មនុញ្ញតែមួយ មានរាជរដ្ឋាភិបាលតែមួយ និងមានកងកម្លាំងតែមួយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ។
៤. ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់សមរភូមិប្រយុទ្ធ និងទីកន្លែងសមរភូមិក្តៅ លែងមានការព្រួយបារម្ភរឿងសង្គ្រាម និងលែងព្រួយបារម្ភរស់នៅព្រាត់ប្រាស់គ្នារវាងប្តីប្រពន្ធ និងកូនទៀតហើយ។
៥. កម្ពុជា គឺជាប្រទេសដែលទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលបានឈានពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាប និងឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងឆ្ពោះទៅកាន់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្រោយពីបញ្ចប់សង្រ្គាម គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ២សំខាន់ ក្នុងការអភិវឌ្ឍប្រទេស គឺ ១.ប្រែក្លាយតំបន់សមរភូមិតក្តៅ ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ទីផ្សារ និង២. ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឲ្យទៅជាតំបន់ដែលមានសន្តិភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ។
៦. ដោយសារការខិតខំប្រឹងប្រែងរបស់សម្តេចហ៊ុន សែន គឺប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តាមរយៈកិច្ចប្រជុំអន្តរជាតិសំខាន់ៗជាច្រើន ដូចជា EMEC, CLMV និង CLV ជាដើម។ ទន្ទឹមនឹងនេះ កម្ពុជា ក៏ធ្លាប់បានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើនទៀត។ ជាមួយនេះ កម្ពុជា ក៏បានបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពជាមួយអង្គការសហប្រជាតិផងដែរ។
៧.ក្រោយពេលបញ្ចប់សង្គ្រាមភ្លាម គឺមានពាណិជ្ជករ និងអ្នកវិនិយោគគិនជាច្រើនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ជាពិសេស ចំនួនភ្ញៀវទេសចរ គឺកើនឡើងជារៀងរាល់ឆ្នាំ។
ទាក់ទងនយោបាយការទូត សម្ដេចហ៊ុន សែន ក៏បានថ្លែងអំពាវនាវចំពោះអាមេរិក និងប្រទេសដទៃទៀត កុំព្យាយាមសាងកំហុសលើកទី៣ នៅលើទឹកដីកម្ពុជា។ ដោយក្នុងនោះ កំហុសទី១ គឺអាមេរិក គាំទ្ររដ្ឋប្រហារយោធា ក្នុងនាមជាប្រទេសអួតអាងថា ប្រកាន់លទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ១៩៧០ ។ កំហុសទី២ គឺការគាំទ្ររបបប៉ុល ពត ដែលបានសម្លាប់មនុស្ស ដោយមិនបានគិតគូរសិទ្ធិមនុស្ស។ គាំទ្រឲ្យខ្មែរក្រហម មានអាសនៈនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ។
បន្ថែមលើនេះ សម្តេចហ៊ុន សែន ក៏បានថ្លែងថា ពីការគ្មានទំហំពាណិជ្ជកម្ម មកដល់បច្ចុប្បន្ន កម្ពុជា មានទំហំពាណិជ្ជកម្ម ប្រមាណ២៥ពាន់លានដុល្លារ និងនាំចេញ១២ពាន់លានដុល្លារ។ កម្ពុជា ពីប្រទេសសូន្យទេសចរ ទៅជាប្រទេសមានអ្នកទេសចរ ជិត៦លាននាក់។ សម្ដេចថា នេះហើយ គឺជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលគ្រប់គ្នាត្រូវតែរក្សាឲ្យបាន។ ប៉ុន្តែសម្ដេចបានបញ្ជាក់ថា សម្តេចមិនមែនជាបុគ្គលនិយម មិនមែនជាអទិទេពទេ គ្រាន់តែសម្តេច និងភរិយា បានផ្សារភ្ជាប់ក្នុងព្រឹត្តិការណ៍ពេលប្រទេស មានកលយុគច្រើនប៉ុណ្ណោះ ៕