Monday, November 25, 2024
Homeនយោបាយកូនស្រីលោកកឹម សុខា ថា​ លោកសម រង្ស៊ី មិនហ៊ានចូលស្រុក បើខ្នោះនិងគុករង់ចាំ

កូនស្រីលោកកឹម សុខា ថា​ លោកសម រង្ស៊ី មិនហ៊ានចូលស្រុក បើខ្នោះនិងគុករង់ចាំ

ភ្នំពេញ ៖ កូនស្រីលោកកឹម សុខា និងជាអតីតអគ្គនាយិការងកិច្ចការទំនាក់ទំនងសាធារណៈ នៃអតីតគណបក្សសង្គ្រោះជាតិ កញ្ញាកឹម មនោវិទ្យា បានលើកឡើងថា លោកសម រង្ស៊ី ដែលតែងតាំងខ្លួនឯងថា ប្រធានស្តីទីអតីតបក្សសង្គ្រោះជាតិនោះ មិនហ៊ានចូលស្រុកនៅឆ្នាំ២០១៩ នេះ ដូចការអះអាងនោះទេ ខណៈដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសត្រៀមខ្នោះនិងគុករង់ចាំស្វាគមន៍នោះ។

កញ្ញាកឹម មនោវិទ្យា បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ថា ”លោកប្រធាន កឹម សុខា មិនត្រូវការក្រុមធ្វើបក្សប្រហារមកជួយទេ ព្រោះវាគ្រាន់តែជាល្បិចបោកប្រាស់តែប៉ុណ្ណោះ ហើយក៏មិនចាំបាច់នាំគេនាំឯងគាំទ្រការវិលត្រឡប់មកវិញរបស់លោកស.រ ទេ។ ខ្លួនឯងបានតែស្រែកពីខាងក្រៅ ធ្វើឱ្យអ្នកនៅខាងក្នុងបន្តរងទុក្ខ អ្នកជាប់គុកកាន់តែជាប់យូរ។ ចាំបាច់អំពាវនាវគេធ្វើអ្វី ចូលមកខ្លួនឯងមក!”។

កញ្ញាកឹម មនោវិទ្យា បានសរសេរបន្ថែមថា “ឈប់ភូតកុហកទៀតទៅ! នេះមិនមែនជាលើកទី១ទេ ដែលលោកស.រ នេះ ប្រកាសវិលត្រឡប់មកប្រទេសកម្ពុជា វិញនោះ ប្រកាសច្រើនដងហើយ តាំងពីចុងឆ្នាំ២០១៥ តែមិនដែលឃើញអើតមុខមកទេ។ តើហ៊ានមកឬអត់ បើរដ្ឋាភិបាលត្រៀមខ្នោះនិងគុកដាក់ដូច្នេះ? ទំនងច្បាស់ជាមិនហ៊ានមកទេ ព្រោះលោកគ្មានភាពក្លាហានគ្រប់គ្រាន់នឹងវិលមកវិញទេ ព្រោះរកតែលេសដើម្បីគេចចេញពីបញ្ហា មិនហ៊ានជាប់គុកទេ ទុកឱ្យអ្នកដទៃរងទុក្ខជំនួសខ្លួន”។

កញ្ញាកឹម មនោវិទ្យា

សំណេរតាមហ្វេសប៊ុករបស់កញ្ញាកឹម មនោវិទ្យា ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលលោកសម រង្ស៊ី បានប្រកាសជាថ្មីម្តងទៀតថា លោកនឹងវិលត្រឡប់ចូលស្រុកវិញ នៅឆ្នាំ២០១៩ ព្រមទាំងបបួលសម្តេចហ៊ុន សែន ប្រកួតគ្នាមួយទល់នឹងមួយ ដោយមិនបាច់ពឹងកងកម្លាំង ខ្នោះ និងគុក ជួយទៀតផង។

ទោះជាយ៉ាងណា អតីតតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិ លោកអ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ថា អ្វីដែលលោកសម រង្ស៊ី ប្រកាសខាងលើនេះ គ្រាន់តែជាចិត្តសាស្ត្រមួយប៉ុណ្ណោះ ដោយមិនបានប្រកាសច្បាស់ថា លោកវិលចូលស្រុកវិញទេ។ ដូច្នេះ លោកយល់ថា ការដែលកញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ថា លោកមិនហ៊ានចូលស្រុកនៅឆ្នាំ ២០១៨ នេះ អាចជាការត្រឹមត្រូវ។

លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ថា “ខ្ញុំមិនហ៊ានទស្សន៍ទាយទេ ព្រោះជាការតាំងចិត្តរបស់លោក ហើយខ្ញុំក៏គោរពនូវវីរភាពរបស់លោកដែរ បើសិនជាលោកហ៊ានត្រឡប់មកវិញ អីវិញមែន ប៉ុន្តែកន្លងមក យើងឃើញមានការ ថាហើយបាត់ទៅវិញៗ អាស្អីដែលថាហ្នឹងមិន ឃើញមានកើតឡើង។ ដូច្នេះខ្ញុំអត់ហ៊ានទស្សន៍- ទាយ ខ្ញុំអត់ហ៊ានថា លោកនឹងត្រឡប់ចូលមក ក្នុងស្រុក ឬមិនចូលទេ ប៉ុន្តែថ្មីៗនេះ ឃើញលោកស្រីមួរ សុខហួរ ស្នើសុំពន្យារមិនត្រឡប់មកនៅដើមឆ្នាំនេះទេ ចាំចូលឆ្នាំខ្មែរហើយ ព្រោះមានភារកិច្ចមើលកូន មើលចៅនៅខាងក្រៅប្រទេសឯណោះ។ អាហ្នឹងមិនយ៉ាងម៉េចទេ ប៉ុន្តែលោកសុំអ៊ីចឹង ហើយលោកប្រធាន សម រង្ស៊ី ក៏បានប្រកាសហើយថា មិនកំណត់ពេលទេ ដោយសារអាហ្នឹងជាយុទ្ធសាស្ត្រ។ ដូចកាលលើកមុនដែរ លោកថា អានោះថា ជាយុទ្ធសាស្ត្រដែរ ពេលបញ្ជាក់ថា មកៗឬអត់? នៅពេលណា? លែងថា ហើយលោកថា អាហ្នឹងជាយុទ្ធសាស្ត្ររបស់លោកទេ។ ដូច្នេះខ្ញុំមិនហ៊ានទស្សន៍ទាយទេ ព្រោះជាការប្តេជ្ញាចិត្តរបស់បុគ្គល ហើយខ្ញុំមិនហ៊ានថា ជារឿងកំសាក ឬ មិនកំសាកទេ អាចជាយុទ្ធសាស្ត្រ អាចជាអី អ៊ីចឹងទៅ”។

លោកអ៊ូ ច័ន្ទរ័ត្ន បានបន្តថា “ចំពោះការដែលកូនស្រីលោកប្រធាន កឹម សុខា មិនត្រូវការក្រុមធ្វើបក្សប្រហារមកជួយទេ ព្រោះវា គ្រាន់តែជាល្បិចបោកប្រាស់តែប៉ុណ្ណោះ ហើយក៏មិនចាំបាច់នាំគេនាំឯងគាំទ្រការវិលត្រឡប់មកវិញរបស់លោកសម រង្ស៊ី ដែលបានតែស្រែកពីខាងក្រៅ ធ្វើឱ្យអ្នកនៅខាងក្នុងបន្តរងទុក្ខ អ្នកជាប់គុកកាន់តែជាប់យូរ ចាំបាច់អំពាវនាវគេធ្វើអ្វី ចូលមកខ្លួនឯងមកនោះ វាជួនកាលយុទ្ធសាស្ត្រមួយចំនួន វាចំណេះជិះកឯង វាអាចមកប៉ះពាល់ដល់គ្នា ដៃគូកនរបស់ខ្លួនឯងអ៊ីចឹង។ អាហ្នឹងអាចជឿថា ការគិតខុស ការគន់គូរខុសរបស់លោកដែរ ប៉ុន្តែដូចកន្លងមកអ៊ីចឹង បើសិនគេត្រូវលែងលោកប្រធាន កឹម សុខា នោះវាលែងហើយ ប៉ុន្តែដល់ពេលមានការភ្នាល់អ៊ីចឹងទៅ អាចធ្វើឱ្យមានការរាំងស្ទះរហូតដល់ហ្នឹងអ៊ីចឹងទៅ។ ដូច្នេះយើងមិនគួរយករឿងនយោបាយមកគិតរបៀបងាយៗទេ ព្រោះរឿងនយោបាយ វាប៉ះពាល់ដល់វាសនាជាតិទាំងមូល។ ម៉្លោះហើយ បានខ្ញុំចេះតែគិតឃើញ ខ្ញុំចេះតែមើលឃើញថា កន្លែងខ្លះវាជារឿងដែលយើងគិតងាយ យើងនិយាយងាយពេក ដែលវាធ្វើឱ្យប៉ះពាល់ដល់វា ធ្វើឱ្យប៉ះពាល់ដល់វាសនាជាតិ។ អាហ្នឹងយើងគួរពិចារណាដែរ តើគួរគិតរបៀបម៉េច? ហើយវាជាកំហុស ដែលអាចកែប្រែបានទេទាំងអស់នោះ ប៉ុន្តែខ្ញុំមើលឃើញថា អ្នកនយោបាយខ្មែរ ទាំងអស់ សឹងតែមិនហ៊ានទទួលស្គាល់ថា វាជាកំហុសខ្លួនឯងទេ ច្រើនតែលាក់បាំងកំហុសខ្លួនឯង កាយកប់កំហុសខ្លួនឯង ឬក៏យកលេស ដោះលេស ដោះសា ដើម្បីកុំឱ្យគេមើលឃើញថា ខ្លួនហ្នឹងមានកំហុស ហើយសម្រាប់ខ្ញុំ បើទទួលយកកំហុស ហើយកែកំហុសវាជារឿងថ្លៃថ្នូរបំផុតហើយ វាជារឿងប្រពៃបំផុតហើយៗ ជារឿងអ្នកដែលប្រសើរបំផុតហើយ ដែលអាចទទួលកំហុសឱ្យកែវាបាន។ ប៉ុន្តែអ្នកដែលយកលេសដោះសា ហើយអ្នកដែលកាយកប់កំហុសខ្លួនឯង ព្យាយាមបញ្ចៀសលាក់បាំងហ្នឹង ខ្ញុំជឿថា មិនមានការវិវឌ្ឍដោយវិជ្ជមានទៅមុខទេ បើសិនជានៅអ៊ីចឹង។ ជារួម ខ្ញុំគ្រាន់តែសុំអ៊ីចេះ បើសិនជាយើងជាមេដឹកនាំ គួរតែបើកចំហទទួលយកការរិះគន់ខ្លះទៅ ហើយកុំឱ្យយកការរិះគន់នេះក្លាយទៅជាថ្នាំ ដើម្បីបំពុល ដើម្បីកម្ចាត់គ្នាទៅវិញទៅមក ហើយកុំឱ្យមានគំនុំគុំកួនរវាងគ្នានិងគ្នា ខ្ញុំថាជារឿងល្អ ហើយការរិះគន់ យើងគួរទទួលយក គឺវាអាចកែប្រែបានសម្រាប់ខ្លួនឯង។ ដូច្នេះការរិះគន់ វាត្រូវ និងខុស អាស្រ័យទៅលើប្រជាពលរដ្ឋខ្មែរជា អ្នកតាមដាន ហើយការរិះគន់ខ្លះក៏អាចប៉ះពាល់ ធ្វើឱ្យមានវិបត្តិដែរ ធ្វើឱ្យមនុស្សប៉ះពាល់ដល់អារម្មណ៍ ប៉ះពាល់ដល់អីដែរ ដូច្នេះសំខាន់ណាស់ បើការរិះគន់ដើម្បីប្រយោជន៍ទៅមុខ ហើយក៏រិះគន់បង្អាប់គ្នាទៅវិញទៅមក អាហ្នឹងវាជារឿងមួយដែលគួរពិចារណា”។

លោកអ៊ូ ច័ន្ទរ័ត្ន

ដោយឡែក លោកឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃ ដដែលនោះថា លោកសម រង្ស៊ី ហ៊ានមកស្រុកខ្មែរវិញ ទាល់តែគាត់រួចពីគុក រួចពីខ្នោះ ទើបគាត់មក តែបើថា គាត់មកស្រុកខ្មែរ ដើម្បីលះបង់មកជាប់ខ្នោះ ឬចូលគុក គាត់មិនមកទេ។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “ល្បិចកលលោកសម រង្ស៊ី បញ្ឆោតប្រជាពលរដ្ឋតែប៉ុណ្ណឹង បើគាត់អះអាងថា ២០១៩ គាត់មកវិញហ្នឹង គាត់ដឹងខ្លួនគាត់តើ គាត់មកវិញ ដឹងតែជាប់គុកហ្នឹងឯង ហើយលោកសម រង្ស៊ី ឯណាសុខចិត្តមកជាប់គុក បើមានពេលខ្លះ គាត់មិនមកផងហ្នឹង។ សូម្បីតែគាត់ដកបង្គោលព្រំដែន គាត់ដកហើយ គាត់កក់សំបុត្រយន្តហោះទុកមុននោះ បានគាត់ទៅដកបង្គោល ដល់គាត់ដកបង្គោលរួចហើយ បានគាត់ឡើងយន្តហោះទៅផុតហ្នឹង។ សម រង្ស៊ី ទៅល្ងង់ឯណាមកជាប់គុក ហើយបើលោកសម រង្ស៊ី លះបង់មកជាប់គុក ខ្ញុំថា បរិបទនយោបាយរបស់គណបក្សប្រឆាំង អាចមានលទ្ធភាពផ្សេង ប៉ុន្តែមេដឹកនាំរបស់គណបក្សប្រឆាំង លោកសម រង្ស៊ី នេះ គឺជាមនុស្សរត់ចោលគុកហ្នឹង គាត់មិនដែលហ៊ានផង រឿងមានតែប៉ុណ្ណឹងទេ ហើយពួកគាត់ហ្នឹងគ្មានវីរភាពអ្វីក្នុងការលះបង់ទេ មានតែវីរភាពបោកបញ្ឆោតហ្នឹង។ អ៊ីចឹងហើយ សម រង្ស៊ី ក្នុងលក្ខខណ្ឌគាត់ត្រឡប់មកស្រុកខ្មែរ ក្នុងឆ្នាំ២០១៩ មកវិញហ្នឹង ទាល់តែគាត់រួចពីគុក រួចពីខ្នោះ បានគាត់មក បើថាគាត់មកស្រុកខ្មែរ ដើម្បីលះបង់មកចូលគុក មកជាប់ខ្នោះ គាត់មិនមកទេ”។

លោកឈឹម ផលវរុណ

គួរបញ្ជាក់ថា មុននេះ កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ក៏បានធ្វើការវាយប្រហារធ្ងន់ៗទៅលើលោកសម រង្ស៊ី ដែរថា បានធ្វើបក្សប្រហារបំផ្លាញកិច្ចខិតខំប្រឹងប្រែងរួម ហើយលោកសម រង្ស៊ី បានរកលេសរត់ចោលស្រុក បោះបង់អ្នកដែលលះបង់ និងតស៊ូដើម្បីជាតិ និងប្រជាជនកម្ពុជា ទុកឱ្យអ្នកស្នេហាជាតិជាប់គុក ហើយចុងក្រោយ លោកសម រង្ស៊ី បែរក្បាលមកធ្វើបក្សប្រហារ បំផ្លាញកិច្ចខិតខំប្រឹងប្រែងរួម និងចាត់ទុកសេរីភាព អាយុជីវិតមនុស្ស ជាល្បែងភ្នាល់លេងសើច។

ជាមួយគ្នានេះ កញ្ញាកឹម មនោវិទ្យា រួមជាមួយអតីតគណបក្សសង្គ្រោះជាតិ ក្រុមខាងលោកកឹម សុខា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងមិនទទួលស្គាល់លោកសម រង្ស៊ី ជាប្រធានស្តីទីនៃអតីតបក្សប្រឆាំងនេះ ឡើយ ដោយបញ្ជាក់ថា លោកកឹម សុខា នៅតែជាប្រធានស្របច្បាប់៕

កុលបុត្រ

RELATED ARTICLES