Monday, November 25, 2024
Homeនយោបាយដោះលែងលោកកឹម សុខា អ្នកវិភាគថា ជាគុណធម៌ដ៏ឧត្តម

ដោះលែងលោកកឹម សុខា អ្នកវិភាគថា ជាគុណធម៌ដ៏ឧត្តម

ភ្នំពេញ ៖ លោកបណ្ឌិតឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគសង្គមល្បីឈ្មោះមួយរូប បានលើកឡើងថា បើសម្តេចហ៊ុន សែន និងលោកសម រង្ស៊ី ឈប់លេងល្បែងភ្នាល់ និងដោះលែងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ គឺជាគុណធម៌ដ៏ឧត្តម។

លោកឡៅ ម៉ុងហៃ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2018 ថា “បើថា យកសេរីភាពបុគ្គល មកធ្វើជាល្បែងភ្នាល់ វាអគុណធម៌ ម៉េចក៏មិននាំគ្នាឈប់លេងល្បែងនេះ និងដោះលែងលោកកឹម សុខា វិញទៅ?  នេះជាគុណធម៌ដ៏ឧត្តម”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកបណ្ឌិតឡៅ ម៉ុងហៃ បានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ថា ពាក្យ “គុណធម៌” ពិតជាមានសារសំខាន់ក្នុងសង្គមមួយ ឬនៅក្នុងប្រទេសដែលកាន់ប្រជាធិបតេយ្យ។ ដូច្នេះមេដឹកនាំត្រូវមានគុណធម៌ ព្រោះគុណធម៌នេះ ជាគោលការណ៍ស្នូលនៃប្រព័ន្ធគ្រប់គ្រងរដ្ឋប្រជាធិបតេយ្យ។ លើសពីនេះ នៅក្នុងប្រទេសកម្ពុជា ករណីលោកកឹម សុខា ពាក្យគុណធម៌ ក៏ផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពនយោបាយផងដែរ ដោយសារការចាប់ឃាត់ខ្លួនលោកកឹម សុខា នៅគេហដ្ឋាន ទាំងពាក់កណ្តាលអធ្រាត្រ មិនមែនជាបទល្មើសជាក់ស្តែងទេ។

លោកឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “ខ្ញុំអត់មានបញ្ជាក់អីបន្ថែមទេ គ្រាន់តែថា ចំណុចស្នូលក្នុងរឿងភ្នាល់ហ្នឹង គឺសេរីភាពរបស់កឹម សុខា ហើយភ្នាល់នេះ វាមានពីរភាគី ដូច្នេះពីរភាគីហ្នឹង គឺភ្នាល់គ្នាពីរឿងសេរីភាពហ្នឹង។ ដូច្នេះវាត្រូវដកចេញចំណុចស្នូលហ្នឹង ដើម្បីបញ្ចប់ការភ្នាល់ហ្នឹង ដែលប្រទេសគេក៏យល់ដែរ ហើយសម្តេចក៏យល់ដែរ ដែលសម្តេចអះអាងថា វាអគុណធម៌។ ដូច្នេះដើម្បីឱ្យគុណធម៌វិញ គឺត្រូវតែកឹម សុខា ហ្នឹងមានសិទ្ធិសេរីភាពទៅ។ ភ្ជាប់ចំណុចនេះ ពាក្យ “គុណធម៌” មានសារសំខាន់យ៉ាងណា ខ្ញុំចង់បញ្ជាក់ថា ក្នុងសង្គមមួយ ហើយជាពិសេសប្រទេសប្រជាធិបតេយ្យ ជាពិសេសមេដឹកនាំ ត្រូវមានគុណធម៌ គឺគុណធម៌នេះ ជាគោលការណ៍ស្នូលនៃប្រព័ន្ធគ្រប់គ្រងរដ្ឋប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងប្រជាពលរដ្ឋ ទាំងអ្នកដឹកនាំ ជាពិសេស អ្នកដឹកនាំត្រូវមានគុណធម៌។ ខ្ញុំយកឧទាហរណ៍ជាក់ស្តែងមួយ ដើម្បីពន្យល់បន្ថែមឱ្យច្បាស់លាស់ នៅពេលដែលប្រទេសឥណ្ឌា បានឯករាជ្យ គឺលោកកាវ៉ាហារ៉ាល់ នេរុហ៍ ត្រូវតែងតាំងជានាយករដ្ឋមន្ត្រី ហើយនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ អាស្រ័យសភា គាត់ក៏ជាអ្នកតំណាងរាស្ត្រផងដែរ សូម្បីតែគាត់មានអំណាច តាមរយៈការគាំទ្រពីប្រជាពលរដ្ឋ ក៏ប៉ុន្តែគាត់ដាក់ខ្លួនគាត់ថា គាត់មានជំនឿទៅលើប្រជាធិបតេយ្យ អាស្រ័យសភាហ្នឹង គឺគាត់ចាត់ទុកសភា ជាវេទិកាសម្រាប់ឱ្យសមាជិកសភាទាំងអស់ បញ្ចោញគំនិតបង្ហាញនូវដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាជាតិទាំងឡាយដោយអព្យាក្រឹត ដោយគាត់អត់ប្រកាន់បក្ខពួកណាទេ សូម្បីតែគាត់ហ្នឹងមានអាសនៈយ៉ាងច្រើនលើសលប់ក៏ដោយ សូម្បីសមាជិកសភាសំឡេងភាគតិច គឺគាត់រាប់អានស្មើៗគ្នាទាំងអស់ ដោយមិនចាត់ទុកជាគណបក្សនោះទេ ជាសមាជិកសភាតំណាងរាស្ត្ររបស់ជាតិ”។

លោកឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ពាក្យ “គុណធម៌ដ៏ឧត្តម” អាចផ្សារភ្ជាប់នឹងទិដ្ឋភាពនយោបាយនៅកម្ពុជា នាពេលនេះបាន គឺថា តើការចាប់កឹម សុខា នេះ មានមូលដ្ឋានច្បាប់ត្រឹមត្រូវទេ? ដូចជាការចោទប្រកាន់ថា ជាបទល្មើសជាក់ស្តែង។ តាមការយល់ឃើញរបស់ខ្ញុំ ហើយមានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ គឺគេបានកំណត់និយមន័យហៅថា បទល្មើសជាក់ស្តែងរួចស្រេចទៅហើយៗខ្ញុំឃើញថា ការចាប់ហ្នឹង ការចោទប្រកាន់ហ្នឹង បទល្មើសជាក់ស្តែងនេះ វាអត់ត្រឹមត្រូវ គឺបទល្មើសហ្នឹងវាកើតមានយូរណាស់មកហើយៗដែលបង្ហោះតាមហ្វេសប៊ុក មិនមែនគាត់ទេ អ្នកបង្ហោះ តាមខ្ញុំដឹងអ្នកដទៃឯទៀតទេ។ ដូច្នេះគាត់អត់មានពាក់ព័ន្ធអីសោះ នៅពេលដែលគេបង្ហោះ អាជាក់ស្តែងហ្នឹង វាអត់មានភាពជាក់ស្តែងទេ ហើយទៅចាប់ទាំងយប់ម៉ោង12ហ្នឹង អាហ្នឹងខ្ញុំថា ខុសសីលធម៌បន្ថែមពីលើផង មិនមែនត្រឹមតែខុសនីតិវិធីព្រហ្មទណ្ឌនោះទេ ហើយអាហ្នឹងខុសនីតិវិធីព្រហ្មទណ្ឌមែន ប៉ុន្តែជាអយុត្តិធម៌ យកទៅឃុំឃាំងនៅត្រពាំងផ្លុង ដែលក្រៅសមត្ថកិច្ចរបស់តុលាការ ក្នុងដែនដីភ្នំពេញហ្នឹង យើងចាប់នៅភ្នំពេញ ត្រូវដាក់ឃុំនៅភ្នំពេញ។ ដូច្នេះខ្ញុំមានតែសំណូមពរ ឆ្នាំថ្មីនេះ យើងត្រូវគិតថ្មី ហើយយើងត្រូវគិតដល់គុណធម៌ហ្នឹង គឺដោះលែងកឹម សុខា។ បើដោះលែងកឹម សុខា ចំពោះស្ថានការណ៍នយោបាយ ខ្ញុំថា ទី1 ប្រហែលជាខាង EU សហគមន៍អឺរ៉ុប គេអាចទទួលយកបាន គេស្វាគមន៍ ហើយគឺកាតព្វកិច្ចគន្លឺះដែលមានចែងនៅក្នុងរបបរួចពន្ធឱ្យខ្មែរយើងហ្នឹង ហើយដោះលែងប៉ុណ្ណឹង ខ្ញុំថា សឹងតែគ្រប់គ្រាន់ហើយ សម្រាប់ឱ្យគេបន្តរបប EBA រួចពន្ធហ្នឹង មានប្រយោជន៍ដល់ខ្មែរតទៅទៀត”។

លោកអ៊ូ ច័ន្ទរ័ត្ន

ជុំវិញការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ខាងលើនេះ លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោកមិនបានគាំទ្រល្បែងភ្នាល់នោះទេ ដូច្នេះ វារឿងត្រឹមត្រូវ នូវអីដែលលោកបណ្ឌិតឡៅ ម៉ុង ហៃ បានលើកឡើង។

លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “វាជារឿងត្រឹមត្រូវមែនទែន ហើយខ្ញុំក៏មិនបានគាំទ្រល្បែងភ្នាល់ហ្នឹងដែរ ខ្ញុំថា ជាទង្វើអសីលធម៌ ខ្វះគុណធម៌មែនទែន ដោយយកសេរីភាពបុគ្គលទៅភ្នាល់គ្នាបែបហ្នឹង ហើយខ្ញុំយល់ថា ការដោះលែងឱ្យមានសេរីភាពវិញ ហើយចូលរួមអបអរសាទរក្នុងការដោះលែង វាជាគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុតហើយ។ បើសិនជាសម្តេចនាយករដ្ឋមន្ត្រី លោកទម្លាក់បទចោទទៅ ហើយដោះលែងឱ្យមានសេរីភាព ហើយឯកឧត្តមសម រង្ស៊ី ជាអ្នកអបអរសាទរ ជាអ្នកគាំទ្រ អាហ្នឹងខ្ញុំយល់ថា មេដឹកនាំទាំង2 នោះ នឹងទទួលបានការអបអរសាទរប្រសើរជាជាង ព្រោះវាជាគុណធម៌ វាជាសីលធម៌របស់បុគ្គលមេដឹកនាំហ្នឹង ហើយបើមានការដោះលែងលោកកឹម សុខា មែន ខ្ញុំប្រាកដណាស់ថា ប្រជាពលរដ្ឋខ្មែរ នឹងមានការអបអរសាទរ អន្តរជាតិក៏គេអបអរសាទរដែរ ក៏គេស្វាគមន៍ចំណាត់ការបែបហ្នឹងដែរ។ ដូច្នេះវាពិតណាស់ វាជារឿងត្រឹមត្រូវ ការវិភាគរបស់គាត់ (ឡៅ ម៉ុងហៃ) បានឱ្យតម្លៃ បានផ្តល់ដំណោះស្រាយ  ដល់សង្គមជាតិទាំងមូលនោះ”។

លោកឈឺម ផលវរុណ

ទោះបីយ៉ាងណា លោកបណ្ឌិតឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានបញ្ជាក់ថា ការលើកឡើងនេះ គ្រាន់តែជាបេះដូងនៃការចង់បានរបស់លោកឡៅ ម៉ុងហៃ ប៉ុណ្ណោះ ហើយភាសាហ្នឹង កូនក្មេងទើបចេះនិយាយ ក៏និយាយបានដែរ។ បានន័យថា ករណីលោកកឹម សុខា មិនអាចយកពាក្យ “គុណធម៌ដ៏ឧត្តម” ទៅភ្ជាប់នឹងទិដ្ឋភាពច្បាប់បានទេ។

លោកឈឹម ផលវរុណ បានមានប្រសាសន៍ថា “យើងអាចសួរក្មេងៗអាយុបួនប្រាំឆ្នាំ គេអាចនិយាយអ៊ីចឹងបាននិយាយដូចតែគ្នា។ សូម្បីបងប្អូនយើងដែលមិនមែនជាបញ្ញវន្តទេ គាត់នៅតៀមកាហ្វេ ក៏គាត់អាចនិយាយអ៊ីចឹងបានដូចគ្នា ព្រោះអាហ្នឹងជាការសម្តែងមតិនៃការចង់បាន ប៉ុន្តែផ្លូវច្បាប់មិនមែនធ្វើតាមការចង់បានទេ ផ្លូវច្បាប់ បើយើងប្រព្រឹត្តខុស យើងទទួលទោស។ នយោបាយ គឺប្រកួតប្រជែងផ្លូវច្បាប់ គឺកំណត់នូវព្រំដែននៃការធ្វើ បើល្មើស នឹងច្បាប់ហួសព្រំដែន អាហ្នឹងមានទោស មានតែប៉ុណ្ណឹង ឯគាត់គ្រាន់តែនិយាយហ្នឹង គាត់មិននិយាយឈរលើគតិច្បាប់ ឈរលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋផងហ្នឹង គាត់និយាយក្នុងបេះដូងគាត់ចង់បានហ្នឹង ហើយអាហ្នឹងមានទៅខុសអី ស្រេចតែគាត់។ អ៊ីចឹងការចង់បានវាអត់អីទេ ប៉ុន្តែយើងអត់យកការចង់បានរបស់យើងម្នាក់ ទៅបង្ខំឱ្យគេធ្វើតាមខ្លួនទេ”។

លោកឈឹម ផលវរុណ បន្តថា “គុណធម៌ មិនមែនចេះតែយកប្រើលើគ្រប់ករណីទេ យើងត្រូវពិនិត្យថា តើរឿងមួយស្ថិតនៅក្នុងដៃនៃអំណាចអី? ឧទាហរណ៍រឿងរបស់លោកកឹម សុខា មានពីរដាច់ដោយឡែកពីគ្នា មួយគឺរឿងបទល្មើសក្បត់ជាតិ ដែលកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ ហើយមួយទៀត គឺលោកកឹម សុខា ស្ថិតនៅក្នុងចំណោមមនុស្ស118 នាក់ ដែលជាប់បម្រាមធ្វើសេរីភាពនយោបាយ យោងតាមសាលដីកាស្ថាពររបស់តុលាការកំពូល។ អ៊ីចឹងពីរខុសគ្នា បើលោកកឹម សុខា គាត់ចង់មានសេរីភាពធ្វើនយោបាយ អាហ្នឹងគាត់អាចអនុវត្តច្បាប់ថ្មីៗនេះ ដែលគាត់ស្នើសុំជាបុគ្គល ដើម្បីទទួលបាននីតិសម្បទាពីព្រះមហាក្សត្រ ដើម្បីដកបម្រាមធ្វើនយោបាយហ្នឹងវិញទៅ អាហ្នឹងគាត់មានសេរីភាពធ្វើនយោបាយ។ ប៉ុន្តែឯរឿងបទល្មើសក្បត់ជាតិ វាអត់ទាន់ផុតពីដៃតុលាការទេ គឺវានៅក្នុងដៃតុលាការ បើតុលាការ គេកំពុងស៊ើបអង្កេត ហើយធ្វើការវិនិច្ឆ័យ អាហ្នឹងជារឿងរបស់តុលាការ គឺអំណាចផ្សេងទៀតអត់មានលូកលាន់បានទេ។ សូម្បីតែព្រះមហាក្សត្រ ព្រះអង្គក៏អត់មានព្រះរាជសិទ្ធិទៅលូកលាន់ដំណើររឿងក្តីដែលកំពុងស្ថិតនៅក្នុងដៃតុលាការដែរ  លុះត្រាតែតុលាការគ្រប់ជាន់ថ្នាក់បានសម្រេចជាស្ថាពរ ចូលជាធរមានហើយ ទើបនាយករដ្ឋមន្ត្រី ស្ថាប័ននីតិប្រតិបត្តិ ហើយនិងព្រះមហាក្សត្រ ទទួលបានសិទ្ធិ និងព្រះរាជសិទ្ធិក្នុងការលើកលែងទោស និងសម្រាលទោស។ ប៉ុន្តែដរាបណាពុំទាន់មានការកាត់ទោសនៅឡើយ ដូច្នេះស្ថាប័នរដ្ឋាភិបាល ក៏ដូចជាស្ថាប័នព្រះមហាក្សត្រ ព្រះអង្គនៅតែអត់ទាន់មានព្រះរាជសិទ្ធិធ្វើអ្វីនៅឡើយ ទេ”។

លោកផៃ សុីផាន

ជាមួយគ្នានោះដែរ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា លោកឡៅ ម៉ុងហៃ គ្រាន់តែជាអ្នកកឹម សុខា និយម ឬមាននិន្នាការប្រឆាំងជាមួយសម្តេចហ៊ុន សែន ប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រឆាំងនឹងឆន្ទៈរបស់មហាជនតែប៉ុណ្ណោះ ដូច្នេះលោកអត់ចាប់អារម្មណ៍នឹងទស្សនៈរបស់គាត់ទេ។

លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “ឡៅ ម៉ុងហៃ មិនមែនជាអ្នកវិភាគឯករាជ្យទេ ឡៅ ម៉ុងហៃ ជាអ្នកបង្កើតព័ត៌មាន ដើម្បីគាំទ្រពួកគណបក្សប្រឆាំង គាំទ្រក្រុមប្រឆាំង នឹងរដ្ឋាភិបាល ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតតែប៉ុណ្ណោះ ដូច្នេះយើងមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់គាត់ទេ ពីព្រោះឡៅ ម៉ុងហៃ ជាអ្នកកឹម សុខា និយម មិនមែនជាមនុស្សអព្យាក្រឹត ឡៅ ម៉ុងហៃ មិនមែនជាព្រឹទ្ធាចារ្យ ឡៅ ម៉ុងហៃ គ្រាន់តែមាននិន្នាការប្រឆាំងជាមួយសម្តេចតេជោ ប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រឆាំងនឹងឆន្ទៈរបស់មហាជន នៅឆ្នាំ2013 ហើយក៏ជាអ្នកទ្ររបស់កឹម សុខា តែប៉ុណ្ណោះ ដូច្នេះខ្ញុំអត់ចាប់អារម្មណ៍។ ឯការដែលសម្តេចតេជោ ប្រកាសភ្នាល់ជាមួយលោក សម រង្ស៊ី អាហ្នឹង ភាសាសាមញ្ញ ភាសាដែលយកចិត្តទុកដាក់ចំពោះមហាជនៗគាត់ភ្នាល់។ ដូច្នេះសម្តេចហ៊ុន សែន មិនមែនចៅហ្វាយរបស់ឡៅ ម៉ុងហៃ ដែលជាជនជាតិបរទេសនោះទេ សម្តេចហ៊ុន សែន លោកកើតចេញពីត្រកូលអ្នកស្រែ លោកមានចរិតជាអ្នកស្រែចម្ការ លោករស់នៅក្នុងវប្បធម៌របស់ខ្មែរ”៕                                                            កុលបុត្រ

RELATED ARTICLES