Monday, November 25, 2024
Homeនយោបាយភ្លេចមេរៀន ២+២=១០ អ្នកវិភាគថា អតីតបក្សប្រឆាំង បន្តឈ្លោះលាបពណ៌គ្នា ១០០ឆ្នាំទៀតក៏មិនឈ្នះ

ភ្លេចមេរៀន ២+២=១០ អ្នកវិភាគថា អតីតបក្សប្រឆាំង បន្តឈ្លោះលាបពណ៌គ្នា ១០០ឆ្នាំទៀតក៏មិនឈ្នះ

ភ្នំពេញ ៖ អ្នកវិភាគ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម លោកបណ្ឌិតមាស នី បានលើកឡើងថា បើអតីតគណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ភ្លេចមេរៀន ២+២=១០ ឬ នៅតែបន្តឈ្លោះលាបពណ៌គ្នា ១០០ឆ្នាំទៀត ក៏មិនអាចឈ្នះគូប្រកួតប្រជែង គឺគណបក្សកាន អំណាច (គណបក្សប្រជាជនកម្ពុជា) បានដែរ។

លោកមាស នី បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ថា “ការរួមបញ្ចូលគ្នារវាងគណបក្សប្រជាធិបតេយ្យ ដូចដែលយើងបានឃើញ រវាងគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្សដែលអាចគណនាបានថា ២+២=១០ គឺជាមេរៀនសំខាន់សម្រាប់ក្រុមអ្នកលេងល្បែងប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែគួរឱ្យសោកស្តាយដែលមេរៀននេះ មិនត្រូវបានអ្នកប្រជាធិបតេយ្យ យកមកពិចារណា ហើយផ្ទុយទៅវិញ ក្នុងដំណើរការតស៊ូពួកគាត់ បែរជាបន្តឈ្លោះគ្នាលាបពណ៌ គ្នាគ្មានឈប់។ ការធ្វើបែបនេះ នឹងនាំឱ្យគូបដិបក្ខសប្បាយចិត្តក្នុងការញោះឱ្យឈ្លោះគ្នាថែមទៀត។ ការធ្វើដូចនេះ មិនថាឡើយអាណត្តិ ២០២៣ សូម្បី១០០ឆ្នាំទៀត ក៏មិនអាចយកប្រៀបឬឈ្នះគូប្រកួតរបស់ខ្លួនបានឡើយ។ ចរិតអ្នកប្រជាធិបតេយ្យ មិនមែនឈរលើភាពអត់ធ្មត់ និងខន្តីនោះទេ តែត្រូវចេះទទួលស្គាល់នូវភាពខុសគ្នា ការយល់ឃើញខុសគ្នាតែធ្វើការរួមគ្នា ដើម្បីទិសដៅរួមមួយទាំងអស់គ្នា”។

ខាងក្រោមនេះ ជាបទសម្ភាសន៍បន្ថែម លើសំណេរខាងលើនេះ រវាង “នគរធំ” ជាមួយលោកបណ្ឌិត មាស នី នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ថា ៖

នគរធំ ៖ ជម្រាបសូរលោកបណ្ឌិត មាស នី! តើលោកមានអ្វីបញ្ជាក់បន្ថែមលើសំណេរខាងលើនេះ?

លោកមាស នី ៖ បាទ! ក្នុងន័យនេះ ខ្ញុំចង់និយាយថា ពីដើមមក បើមើលពីគណបក្ស សម រង្ស៊ី ហើយ និងគណបក្សសិទ្ធិមនុស្ស យើងឃើញថា មានការគាំទ្រតិច ក៏ប៉ុន្តែក្រោយពីគណបក្សទាំងពីររួមគ្នាមក យើងឃើញថា សំឡេងគាំទ្រហ្នឹងវាកើនឡើងលឿន ជាពិសេស ក្នុងរយៈពេល២ឆ្នាំ គឺពីឆ្នាំ២០១៣ មកដល់ឆ្នាំ២០១៧ហ្នឹង យើងឃើញថា មានការកើនឡើងលឿន ហើយនេះជាសញ្ញាមួយនៃការបង្ហាញថា ការរួបរួមគ្នារវាងអ្នកប្រជាធិបតេយ្យ កម្លាំងហ្នឹងហៅថា កម្លាំងរួម ក៏ប៉ុន្តែបើយើងពិនិត្យមើលជាទិដ្ឋភាពជាក់ស្តែងវិញ នៅពេលដែលកម្លាំងប្រជាធិបតេយ្យសព្វថ្ងៃនេះ បើមាន៥ ឈ្លោះគ្នាទាំង៥ បើ៣ អត់ត្រូវគ្នាទាំង៣ នេះដោយសាររិះគន់គ្នាទៅវិញទៅមក។ អ៊ីចឹង បើមានស្ថានភាពបែបហ្នឹង ខ្ញុំគិតថា កម្លាំងប្រជាធិបតេយ្យហ្នឹង មិនអាចរីកចម្រើនទៅរួច មិនអាចប្រកួតប្រជែងជាមួយកម្លាំងរបស់ គណបក្សកាន់អំណាចបានទេ បើយើងមើលទៅ។

នគរធំ ៖ អ៊ីចឹងនិយាយឱ្យចំទៅ ២+២=១០ហ្នឹង លោកចង់សំដៅក្នុងន័យដូចម្តេច?

លោកមាស នី ៖ បាទ! ខ្ញុំចង់សំដៅទៅលើការរួមគ្នា បើកាលណា ២+២=១០ បានន័យ ថា កាលណាមានគណបក្សប្រជាធិបតេយ្យពីរ ដែលប្រជាពលរដ្ឋជឿទុកចិត្ត កាលណាមានការរួបរួមគ្នា ពេលនោះ គឺកម្លាំងប្រជាធិបតេយ្យ ហ្នឹង វាកើនឡើងលឿន តែផ្ទុយទៅវិញ បើគណបក្សពីរហ្នឹងបែកបាក់គ្នា ឬមិនត្រូវគ្នា ឬ ក៏រិះគន់គ្នាទៅវិញទៅមក គឺមិនបានជោគជ័យទេ ២+២ ជួលកាលអាចសូន្យ ខ្ញុំចង់និយាយអ៊ីចឹង ជាឧទាហរណ៍មួយ។ ហើយយើងឃើញនៅប្រទេសម៉ាឡេស៊ី ក៏មានស្ថានភាពដូចគ្នា យើងគណបក្សប្រជាធិបតេយ្យប្រឆាំង មានការរួបរួមគ្នា ទទួលបានជោគជ័យ។

នគរធំ ៖ ចំពោះត្រង់ឃ្លាសំណេរថា បើបន្តឈ្លោះ លាបពណ៌គ្នាមិនឈប់ សូម្បី១០០ឆ្នាំទៀត ក៏មិនអាចយកប្រៀប ឬឈ្នះគូរប្រកួតរបស់ខ្លួនបានឡើយនោះ តើលោកមានការបកស្រាយបន្ថែមយ៉ាងដូចម្តេច?

លោកមាស នី ៖ បាទ! ខ្ញុំចង់និយាយថា បើសិនជាអ្នកប្រជាធិបតេយ្យ នៅដណ្តើមស្រុកគ្នាបែបនេះ ហើយនៅតែមានការរិះគន់គ្នា ហើយប៉ែងជើងគ្នាដូចសព្វថ្ងៃនេះ ខ្ញុំមានជំនឿថា អ្នកប្រជាធិបតេយ្យទាំងពីរនេះ ពិតជាមិនអាចឈានទៅរកការប្រកួតយកជ័យជម្នះពីគណបក្សកាន់អំណាចបានទេ ហើយមួយទៀត ខ្ញុំបានសរសេរថា ចរិតអ្នកប្រជាធិប្បតេយ្យ មិនមែនឈរលើភាពអត់ធ្មត់និងខន្តីអី កុំឈ្លោះគ្នា កុំរិះគន់គ្នានោះ មិនមែនទេ ប៉ុន្តែសំខាន់ប្រជាធិបតេយ្យ ត្រូវយល់ពីការរួមដំណើរទៅជាមួយគ្នាក្នុងស្ថានភាពខុសគ្នា យល់ឃើញខុសគ្នា ព្រោះអានេះវាជាគុណតម្លៃរបស់ពួកអ្នកប្រជាធិបតេយ្យ តែបើអ្នកប្រជាធិបតេយ្យរិះគន់គ្នា មិនបានរិះគន់គ្នា មានតែការតិះដៀលគ្នាទៅវិញទៅមក មានការប្តឹងផ្តល់អីនោះ ខ្ញុំគិតថា អ្នកប្រជាធិបតេយ្យបែបនេះ គឺមិនទាន់ក្លាយទៅជាអ្នកលេងប្រជាធិបតេយ្យពិតប្រាកដទេ។

នគរធំ ៖ តើអ្នកប្រជាធិបតេយ្យហ្នឹង លោកចង់សំដៅតែទៅលើអតីតគណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ឬយ៉ាងណា?

លោកមាស នី ៖ ខ្ញុំគិតថា ក្រៅពីគណបក្សកាន់អំណាច ហើយក្នុងគណបក្សចូលរួមទាំងអស់ ក៏មិនប្រាកដថា គណបក្សទាំងអស់នោះ សុទ្ធតែជាគណបក្សដែលនិយមប្រជាធិបតេយ្យ ទេ។ អ៊ីចឹងខ្ញុំសំដៅទៅលើគណបក្សណាដែលមានប្រជាធិបតេយ្យ ដូច្នេះខ្ញុំមិនសំដៅទៅលើអ្នកណាមួយទេ ហើយក៏មិនសំដៅទៅលើសង្គ្រោះជាតិ មួយដែរ។

នគរធំ ៖ ប៉ុន្តែក្នុងនាមជាគណបក្សប្រជាធិបតេយ្យ តើអតីតគណបក្សសង្គ្រោះជាតិ គួរតែធ្វើអ្វីបន្ថែមទៀត ដើម្បីឱ្យមានភាពខ្លាំងរបស់ខ្លួន?

លោកមាស នី ៖ នៅក្នុងនាមគណបក្សប្រជាធិបតេយ្យ ខ្ញុំគិតថា សង្គ្រោះជាតិ ជាពិសេស មេដឹកនាំសង្គ្រោះជាតិ មិនគួរយកតួនាទី យុទ្ធសាស្ត្រប្រើបន្លាទេ។ បន្លាចាំតែមុត ឱ្យតែអ្នកណាប៉ះបន្តិចដឹងតែមុត គួរប្រើនយោបាយរបៀបជាតម្ពក់វិញ ដែលខ្ញុំចាំប្រសាសន៍លោកបណ្ឌិតឡៅ ម៉ុងហៃ គាត់លើកពាក្យហ្នឹង គាត់ថា យើងមើលគណបក្សកាន់អំណាច គេមានភាពឆ្លាតវៃក្នុងការប្រើវិធីសាស្ត្រជាតម្ពក់ បានន័យថា គេថ្ពក់ជាប់រហូត ទោះបីជាអ្នកហ្នឹងមានបញ្ហាអី ក៏គេលុបលាង ហើយគេរក្សាទុក ធ្វើម៉េចឱ្យមានកម្លាំង គឺឱ្យហ្វឹកហាត់ អត់មានថយទេ។ ប៉ុន្តែយើងមើលអ្នកប្រជាធិបតេយ្យវិញ គឺឱ្យតែមានអ្នកណាខុសបន្តិច គឺចោទថា ជាចារកម្ម ជាខ្សែរនុកអីជាដើម ហើយក៏បែកបាក់គ្នាទៅ នេះជារឿងសំខាន់។

នគរធំ ៖ តាមការកត់សម្គាល់របស់លោក មកដល់ពេលនេះ តើគណបក្សប្រឆាំង មានភាពប្រេះឆាមែនទេ?

លោកមាស នី ៖ ទោះបីជាយើងមិនឃើញមានការប្រេះជាផ្លូវការក៏ដោយ ប៉ុន្តែ អ្វីដែលជាការបង្ហាញឱ្យ មកដល់ពេលនេះ គឺយើងឃើញថា ការផ្សះផ្សាគ្នារវាងដៃគូនៅក្នុងបក្សប្រឆាំងនេះ មិនទាន់ភាពរឹងមាំនៅឡើយ គឺមិនទាន់អាចចៀសផុតពីការបែកបាក់គ្នា នៅតែមានភាពផុយស្រួយនៅឡើយ។

នគរធំ ៖ ដើម្បីដោះស្រាយបញ្ហានេះ តើលោកគាំទ្រឱ្យអតីតបក្សប្រឆាំងរួមគ្នាគិត រួមគ្នាសម្រេច រួមគ្នាធ្វើឬទេ?

លោកមាស នី ៖ ខ្ញុំមិនទាន់ប្រើពាក្យថា ត្រូវតែគិតរួមគ្នាទេ ព្រោះខ្ញុំក៏មិនមែនជាអ្នកផ្តល់យោបល់អីឱ្យទៅគណបក្សសង្គ្រោះជាតិ ទេ ប៉ុន្តែគ្រាន់តែថា ក្នុងនាមជាអ្នកសង្កេតទៅលើការអភិវឌ្ឍសង្គម ខ្ញុំគ្រាន់តែមើលឃើញថា អ្នកប្រជាធិបតេយ្យ ត្រូវតែធ្វើការរួមគ្នាខ្លាំងជាងនេះទៀត ច្រើនជាងនេះទៀត បានអាចយកជ័យជម្នះពីគណបក្សកាន់អំណាចបាន។ បើសិននៅដូចរាល់ថ្ងៃនេះ គឺមក៣ យើងឈ្លោះគ្នាទាំង៣ ឬក៏៤ យើងទាស់គ្នាទាំង៤ហ្នឹង គឺបានន័យថា យើងចំណាយពេលរិះគន់គ្នាឯង ប៉ុន្តែយើងមិនដល់ការលើកកម្ពស់ខ្លួន ដើម្បីឈានទៅរកសមត្ថភាពក្នុងការកាន់អំណាច។ ដរាបណាយើងមិនទាន់មានលទ្ធភាពឈានទៅ រកកាន់អំណាចបាននោះ ខាងគណបក្សកាន់អំណាច ក៏គេមិនបណ្តោយបានដែរ។

នគរធំ ៖ ចុងក្រោយ តើលោកមានអ្វីបញ្ជាក់បន្ថែមលើមេរៀន ២+២=១០ នោះ?

លោកមាស នី ៖ ក្នុងនោះគឺខ្ញុំចង់បញ្ជាក់ថា សម្រាប់អ្នកប្រជាធិបតេយ្យ គឺបើសិនជាអ្នកប្រជាធិបតេយ្យ ចេះរួមកម្លាំងគ្នា ហើយប្រើដៃគ្នាទៅវិញទៅមក ពេលនោះ គណបក្សប្រឆាំង អាចនឹងទទួលបាននូវការគាំទ្រថែមទៀតពីពលរដ្ឋ ដើម្បីគ្រប់គ្រងអំណាច។ ប៉ុន្តែ បើមិនមានមេរៀនហ្នឹងទេ អាចមានមេរៀន ក្រៅពីហ្នឹងទៀត ជួនកាលថ្ងៃខាងមុខទៅ អាចមានអ្នកប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យ បីបួនអីទៀត គេបានចូលរួមកម្លាំងគ្នា ដើម្បីធ្វើនយោបាយ មិនមែនមានន័យថា ទម្លាក់រដ្ឋាភិបាលទេ ប៉ុន្តែប្រណាំងប្រជែងគ្នា ឈានទៅរកការបោះឆ្នោតនោះ…៕                                                                                    កុលបុត្រ

RELATED ARTICLES