វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រប្រកាសឲ្យប្រើហើយ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញយល់ព្រមទាំងស្រុងទៅលើខ្លឹមសារនៃច្បាប់នេះ។
យោងតាមព្រះរាជ្យក្រមចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ក្រោយពីសភាគណបក្សកាន់អំណាចអនុម័ត កាលពី១៣ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញឯកភាពទាំងស្រុងទៅលើខ្លឹមសារនៃច្បាប់នេះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។
វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលគេជឿថា អាចបើកផ្លូវឲ្យអតីតគណបក្សសង្គ្រោះជាតិ ធ្វើនយោបាយវិញនេះ បានចំណាយពេលប្រមាណ១ខែ បន្ទាប់ពីសមាជិកសភាគណបក្សប្រជាជនកម្ពុជា បានអនុម័តទាំងស្រុងលើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់នេះ ដោយថា ដើម្បីផ្តល់ឱកាសឲ្យអ្នកនយោបាយដែលត្រូវតុលាការកាត់ទោស មានសិទ្ធិស្នើសុំធ្វើនយោបាយ ឬបង្កើតគណបក្សថ្មី ដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅអាណត្តិក្រោយ។
ច្បាប់ស្តីពីគណបក្សនយោបាយនេះ ត្រូវបានរដ្ឋាភិបាលបក្សកាន់អំណាច ធ្វើវិសោធនកម្មចំនួន២ដងរួចមកហើយ ដែលលើកទី១ ធ្វើនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ និងលើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីស្ថានការណ៍នយោបាយនៅកម្ពុជាឡើងកម្តៅ៕