ខេត្តកំពតៈ ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ ក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា គ.ស ២០១៩ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបថា សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទួលដីកាតុលាការ ឲ្យចាប់ខ្លួនលោកសម រង្ស៊ី ខណៈដែលសម្ដេចកំពុងរង់ចាំយ៉ាងអន្ទះសា ចង់ឃើញលោកសម រង្ស៊ី វិលចូលស្រុក ដូចរកអុសប្រទះឈើងាប់ ។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំរង់ចំាពេលមួយនឹងមកដល់ ជំនួបមួយនឹងមកដល់ បើសិនជាអ្នកឯងចង់ជួបពិត អត់អីទេ ប្រកាសទៅផែនការ រៀបចំយ៉ាងម៉េច អីយ៉ាងម៉េច ទៅពីខាងណា ទៅពីព្រលានយន្តហោះណា ស្អីកន្លែងណា ទៅរង់ចាំត្រង់ណា អង្គការសហប្រជាជាតិអមដំណើរមកពេលណា អីពេលណា ធ្វើទៅ អញ្ជើញ! តើហ៊ុន សែន ចាត់ការរបៀបណា? ខ្ញុំអត់ចង់តមាត់តកអីទេ ព្រោះក៏ខ្ញុំចង់ឲ្យអ្នកមកទីកន្លែងដែលអ្នកត្រូវនៅតាមសាលក្រមរបស់តុលាការ ។ ខ្ញុំចង់ណាស់! ខ្ញុំចាំ! ខ្ញុំរង់ចាំយ៉ាងអន្ទះសា ។ អ្នកត្រូវដឹង សាលក្រមតុលាការ ម្សិលមិញ សម្ដេចក្រឡាហោម បានប្រកាសហើយថា បានទទួលដីកាឲ្យចាប់ខ្លួនអាហ្នឹងហើយ ។ ដូច្នេះគ្មានស្អី ស្ដាយណាស់ ដែលឲ្យអ្នកឯងរត់រួច ឥឡូវបានអ្នកឯងមកវិញ គឺវាស្មើនឹងដើររកអុស ប្រទះឈើងាប់ ផ្ដាំទៅ! ហើយអ្នកដែលមិនពាក់ព័ន្ធ មិនចង់ចូលគុក កុំចង់ចូលប្រថុយជាមួយ ប៉ុន្តែខ្ញុំហ៊ាន អានេះនិយាយពីឈ្លូសជាគ្នា ប្រិបប្រុច!ៗ និយាយពីលឿន”។
ប្រសាសន៍របស់សម្ដេចហ៊ុន សែន បានធ្វើឡើងក្រោយពេលដែលការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ បញ្ជាក់ថា ការប្រើប្រាស់មាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី ទោះបីជាតាមរយៈក្រុម ឬអង្គការណាក៏ដោយ ដើម្បីបង្កើតជារួបភាពនយោបាយ ពាក់ព័ន្ធទៅនឹងសកម្មភាពនៃអតីតគណបក្សដែលត្រូវបានរំលាយចោលទៅហើយនោះ តាមអំណាចសាលដីការរបស់តុលាកំពូល កាលពីថ្ងៃទី១៦ វិច្ឆិកា ២០១៧ ត្រូវបានចាត់ទុកជាអំពើប្រឆាំងនឹងអំណាចតុលាការពិតប្រាកដ ដែលច្បាប់បានកំណត់ និងហាមប្រាម ។ រាជរដ្ឋាភិបាល សូមបញ្ជាក់ថា គឺនៅតែរក្សា និងគោរពនូវគោលការណ៍ប្រជាធិបតេយ្យនៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ក៏ដូចជាអំណាចនីតិប្បញ្ញត្តិផងដែរ ។ ប៉ុន្តែនៅក្នុងបរិការណ៍នេះ បើមានការស្នើសុំណាមួយពីតុលាការ រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការអនុវត្តន៍តាមអំណាចផ្លូវច្បាប់ ៕