Monday, November 25, 2024
Homeនយោបាយរឿងលុយ២០លានដុល្លារ!!! អតីតមន្ត្រីបក្សប្រឆាំង បន្តទទូចឱ្យលោកសម រង្ស៊ី ឆ្លើយបំភ្លឺ

រឿងលុយ២០លានដុល្លារ!!! អតីតមន្ត្រីបក្សប្រឆាំង បន្តទទូចឱ្យលោកសម រង្ស៊ី ឆ្លើយបំភ្លឺ

ភ្នំពេញ ៖ អតីតមន្ត្រីបក្សប្រឆាំង លោកលិម គិមយ៉ា នៅតែបន្តទទូចឱ្យលោកសម រង្ស៊ី ឆ្លើយបំភ្លឺរឿងលុយ២០លានដុល្លារ ដែលសង្ស័យថា បានទទួលពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០០៨។

លោកលិម គិមយ៉ា បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ថា “លោកសម រង្ស៊ី បានឆ្លើយបំភ្លីស្តីពីកាលៈទេសៈ កាលពីចូលស្រុកនៅឆ្នាំ២០១៣ និងមិនចូលស្រុកឆ្នាំ២០១៥ ព្រមទាំងគាត់ពន្យល់ពីការចូលរួមវិសោធនកម្មរដ្ឋធម្មនុញ្ញ ពី២/៣ មក ៥០%+១។ ការពន្យល់ចង់បានរបស់គាត់ម៉្យាង តែលទ្ធផលនៃវិសោធនកម្មនេះ គឺយើងឃើញហើយ  គឺផ្តល់មកវិបត្តិនយោបាយដូចសព្វថ្ងៃនេះ។ ការដែលសន្និសីទ ២៣ ខែតុលា ឆ្នាំ១៩៩១ បាន សម្រេចយ៉ាងដូច្នេះ ពីព្រោះគេយល់ថា អ្នកនយោបាយខ្មែរ មិនទាន់ចាស់ទុំ ហើយរដ្ឋបាលជាតិ  ក៏មិនទាន់ឯករាជ្យនឹងអ្នកនយោបាយ តែលោកសម រង្ស៊ី មិនយល់យ៉ាងដូច្នេះទេ។ ការឆ្លើយបំភ្លឺរបស់គាត់ដែលត្រឡប់មកស្រុក យើងមិនអាចបញ្ជាក់យ៉ាងណាទេ តែយើងដឹងកាលពីឆ្នាំ២០១៥  គាត់មកដើរតួលេងល្ខោននៅព្រលានយន្តហោះ នៅ Incheon កូរ៉េខាងត្បូង។ តែមានរឿងផ្សេងទៀត ដែលលោកសម រង្ស៊ី ត្រូវតែឆ្លើយបំភ្លឺ ក្នុងនាមជាអ្នកនយោបាយ ដូចជារឿងពាក្យចចាមអារ៉ាម ដែលថា ហ៊ុន សែន បានឱ្យលុយ២០លានដុល្លារ ដូចគិត ម៉េង ឱ្យលុយទៅបក្ស សម រង្ស៊ី កាលពីឆ្នាំ២០០៨ ដូចមិនហ៊ានប្រកាសទ្រព្យសម្បត្តិជាសាធារណៈឱ្យមានតម្លាភាព ដែលលោកប្រកាសថា គាត់នឹងធ្វើឱ្យមាន៘”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកលិម គិមយ៉ា អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសបារាំង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ថា លោកគ្មានឥទ្ធិពលអ្វីនឹងជំរុញឱ្យលោកសម រង្ស៊ី ឆ្លើយទេ គ្រាន់តែពឹងពាក់ទៅលើមតិមហាជន ដើម្បីជំរុញលោកសម រង្ស៊ី ឱ្យឆ្លើយ ហើយលោកលើករឿងនេះ ចង់ឱ្យលោកសម រង្ស៊ី ឆ្លើយបំភ្លឺគឺដើម្បីរក្សាកិត្តិយសបក្ស និងប្រឆាំងអំពើពុករលួយ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “តាំងពីខែសីហា ឆ្នាំ២០១៤ លោកហ៊ុន សែន បានលើកនិយាយពាក្យចចាមអារ៉ាមជាសាធារណៈ នៅពេលប្រជុំពេញអង្គនៅសភា ថាគណបក្សប្រជាជន  បានឱ្យលុយទៅលោកសម រង្ស៊ី ចំនួន២០លានដុល្លារ តាមរយៈលោកអេង ឆៃអ៊ាង និងគួយ ប៊ុនរឿន ។ តែពេលនោះ លោកសម រង្ស៊ី អត់បានឆ្លើយតបអ្វីទេ គង់តែអ្នកសារព័ត៌មានសួរ នៅពេលដែលលោកសម រង្ស៊ី ដើរចេញពីពេលប្រជុំនៅសភាក៏ដោយ។ ខ្ញុំក៏បានសរសេរសួរជាសាធារណៈជាច្រើនដង បណ្តាលឱ្យគាត់មានកំហឹង ក៏បញ្ជាឱ្យបក្សដេញខ្ញុំចេញពីបក្ស។ ដោយមិនបានជោគជ័យ ក៏គាត់បញ្ជាពួកគាត់នៅបរទេសផ្តិតមេដៃដេញ ព្រមទាំងកែនសមាជិកមូលដ្ឋានកុំឱ្យសហការជាមួយខ្ញុំ។ ការណ៍អស់នេះមិនបានជោគជ័យទាំងអស់។ មកដល់ថ្ងៃនេះ លោកសម រង្ស៊ី មិនបានធ្វើការកែតម្រូវអ្វីទាំងអស់ គង់តែមានស្ថានការណ៍យ៉ាងក៏ដោយ  តែគាត់បានធ្វើការបំភ្លឺរឿងផ្សេងៗជាច្រើន តែចំពោះរឿងលុយនេះ គាត់អត់និយាយអ្វីទាំងអស់។ ការដែលខ្ញុំលើករឿងនេះ គឺដើម្បីការពារកិត្តិយសបក្យ និងតម្លាភាពក្នុងឆាកនយោបាយខ្មែរ ប្រឆាំងនឹងអំពើពុករលួយ”។

លោកលិម គិមយ៉ា ក៏បានរិះគន់លោកសម រង្ស៊ី ដែលចេះតែស្រែកថា ជោគជ័យលើគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ជាពិសេស សម្តេចហ៊ុន សែន តែមិនដែលឃើញបានជោគជ័យម្តងណាសោះ ឃើញតែបរាជ័យ រហូតហើយយូរទៅ ប្រជាពលរដ្ឋនឹងអស់ជំនឿលើគាត់ ឈប់គាំទ្រគណបក្សសង្គ្រោះជាតិ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “ជាច្រើនឆ្នាំ និងជាញឹកញប់មកហើយ លោកសម រង្ស៊ី តែងតែស្រែកថា យើងជោគជ័យហើយ ឯរបបលោកហ៊ុន សែន នឹងបរាជ័យនៅពេលខាងមុខនេះជាមិនខាន។ ពេលណាគាត់មានបញ្ហាម្តងៗ ដែលហ៊ុន សែន ចាត់វិធានការកម្ចាត់គាត់ៗតែងតែស្រែកថា ហ៊ុន សែន ចូលអន្ទាក់គាត់ហើយ។ មិនត្រឹមតែគាត់ស្រែកទេ ពួកគាំទ្រគាត់ខ្លះក៏ស្រែកដែរ។ ការដែលពួកគាំទ្រគាត់ស្រែកយ៉ាងនេះ ភាគច្រើនមិនយល់ពីស្ថានភាពនយោបាយ ដោយជឿតែលោកសម រង្ស៊ី ហេតុនេះហើយ ការវិនិច្ឆ័យស្ថានភាពនយោបាយមិនបានច្បាស់លាស់។ មុនដំបូង ខ្ញុំក៏យល់ពីយុទ្ធសាស្ត្ររបស់គាត់ ការស្រែករបស់គាត់នេះ គឺដើម្បីរក្សានិងរកការគាំទ្រពីប្រជាពលរដ្ឋ  ដែលគេស្អប់ការដឹកនាំរបស់គណបក្សប្រជាជន ដែលមានភាពអយុត្តិធម៌សង្គម និងផ្តាច់ការ ។ ដល់យូរៗទៅ ខ្ញុំក៏ចោទសួរខ្លួនឯងថា បើលោកសម រង្ស៊ី ធ្វើតែរបៀបនេះដដែលៗ ច្បាស់ជាខាតទៅវិញទេ ដោយមតិមហាជនឈប់ជឿ។ អ្នកនយោបាយ បើមតិមហាជនឈប់ជឿ ដូចពួកគណបក្យប្រជាជន អ្នកនយោបាយនោះ នឹងឈប់មានការគាំទ្រពីប្រជាពលរដ្ឋ ហើយយើងនឹងមិនអាចរកជ័យជម្នះបានដែរ”។

លោកលិម គិមយ៉ា ក៏បានលើកឡើងថា បើប្រៀបធៀបទៅនឹងតួអង្គរឿងព្រេងនិទាន  គង់ហ៊ាន លោកសម រង្ស៊ី យ៉ាប់ជាងគង់ហ៊ាន ទៅទៀត ពីព្រោះគាត់ធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ និងប្រយោជន៍ជាតិ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ បន្តទៀតថា “ខ្ញុំស្តាយលោកសម រង្ស៊ី នៅបរទេស និងធ្វើនយោបាយជាច្រើនឆ្នាំ ហើយមានសញ្ញាបត្រខ្ពង់ខ្ពស់គួរសម គួរគាត់រកវិធី និងយុទ្ធសាស្ត្រ ដើម្បីរកជ័យជម្នះបានស្រួល ដោយសារតែប្រជាពលរដ្ឋស្អប់គណបក្សប្រជាជន នេះមិនយ៉ាងដូច្នេះទេ គឺគាត់ធ្វើសកម្មភាពទៅពង្រឹងហ៊ុន សែន ហើយមិនការពារបក្យ និងសមាជិក នៅពេលមានបញ្ហាម្តងៗ ដែលកន្លងមក។ ជួនកាលគាត់សម្រេច និងធ្វើសកម្មភាពខុសពេលដែលត្រូវធ្វើ។ ចំពោះនយោបាយ បើសម្រេចខុស គឺបរាជ័យហើយ។ បើប្រៀបធៀបទៅនឹងតួរឿងព្រេងនិទាន គង់ហ៊ាន គឺគាត់យាប់ជាងគង់ហ៊ាន ទៅទៀត ពីព្រោះគាត់ធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ និងប្រយោជន៍ជាតិ។ ចំណែកគង់ហ៊ាន គឺត្រឹមតែអាប់ឱនកិត្តិយសខ្លួនឯងតែប៉ុណ្ណោះ។  ហេតុនេះហើយបានជាខ្ញុំចោទសួរថា តើលោក សម រង្ស៊ី មានចក្ខុវិស័យនយោបាយ ដើម្បីទៅយកអំណាចឬទេ? ឬមួយធ្វើនយោបាយគប់គិត ជាមួយហ៊ុន សែន និងកំដរឱ្យហ៊ុន សែន? ឬ មួយគាត់មានបញ្ហាសរសៃប្រសាទ ដោយនិយាយកុហកខ្លួនឯងគ្រប់ពេលវេលា?”។

ជាមួយគ្នានោះ លោកលិម គិមយ៉ា ក៏បាន បញ្ជាក់ថា លោកសម រង្ស៊ី មិនបានឱ្យតម្លៃ ឬនឹងឃើញដល់វីរភាពរបស់សពលោកជាម ច័ន្ទនី ដែលស្មោះត្រង់ជាមួយ និងធ្វើការតស៊ូជាមួយ គាត់ជិត២០ឆ្នាំនោះទេ គឺគាត់គ្រាន់តែបានរំលឹកពីការស្លាប់របស់លោកជាម ច័ន្ទនី ចុងមាត់ចុងកប៉ុណ្ណោះ ឯការពិត គាត់មិនបានទៅចូលរួមពិធីបុណ្យ១០០ថ្ងៃ របស់លោកជាម ច័ន្ទនី ដូចដឹកនាំបាតុកម្មនៅអាមេរិកទេ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្ថែមថា “ដូចខ្ញុំបាននិយាយថា លោកសម រង្ស៊ី មិនដែលការពារសមាជិកបក្សទេ ហេតុនេះហើយ បានជាលោកសម រង្ស៊ី មិនព្រមទៅចូលបុណ្យសព១០០ថ្ងៃលោកជាម ច័ន្ទនី នៅសហរដ្ឋ អាមេរិក ដែលគាត់នៅជិត នៅពេលនោះ។ គង់ តែគាត់នៅជិតយ៉ាងណាក៏ដោយ ក៏គាត់មិនព្រម ទៅចូលរួមដូចបាតុកម្មនៅ Washington DC និង Bruxelles ជាដើម។ កាលលោកជាម ច័ន្ទនី ចែកឋានទៅ​ លោកសម រង្ស៊ី បានរំលឹកពីលោក ជាម ច័ន្ទនី ចុងមាត់ចុងក នៅពេលដែលវិទ្យុអាស៊ីសេរី សួរទេ។ បើសិនណាជាគេមិនសួរច្បាស់ ជាគាត់មិនរំលឹកដែរ។ លោកជាម ច័ន្ទនី ជាអ្នកស្ថាបនិកបក្សជាតិខ្មែរ អតីតបក្សសម រង្ស៊ី ដ៏សំខាន់មួយ ពីព្រោះគាត់បានរកអ្នកគាំទ្រ និងហត្ថលេខាបានជាង៣០០០០នាក់ ចំណែកអ្នកដទៃ ដែលសម រង្ស៊ី លើកកម្ពស់ មិនដល់ ១០០០ (១ពាន់) នាក់ផង។ លោកជាម ច័ន្ទនី តំណាងរាស្ត្រកំពង់ធំ ជាមួយខ្ញុំ តែងតែនិយាយពីភាពល្វីងជូរជត់របស់គាត់ប្រាប់ខ្ញុំ ពីភាពអយុត្តិធម៌ ដែលលោកសម រង្ស៊ី និងក្រុមលោកសម រង្ស៊ី ធ្វើចំពោះគាត់ ដូចជារឿងជាប់គុក​ ជាដើម”។

គួរបញ្ជាក់ថា លោកលិម គិមយ៉ា បានលើកឡើងខាងដើម ខាងលើនេះ គឺបន្ទាប់ពីលោកសម រង្ស៊ី បនាលើកឡើងពីគម្រោងវិលចូលស្រុករបស់លោក នៅក្នុងឆ្នាំ២០១៩ នេះ។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ថា “ទាក់ទងទៅនឹងគម្រោងមាតុភូមិនិវត្តន៍របស់ខ្ញុំ ក្នុងឆ្នាំ២០១៩ នេះ ខ្ញុំសូមបញ្ជាក់ពីព័ត៌មានមួយចំនួន ទាក់ទងទៅនឹងគម្រោងមាតុភូមិនិវត្តន៍របស់ខ្ញុំ កន្លងទៅក្នុងឆ្នាំ២០១៣ និង ២០១៥។

១- គម្រោងមាតុភូមិនិវត្តន៍ ឆ្នាំ២០១៣

នៅថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០១៣ ខ្ញុំបានប្រកាសជាសាធារណៈ តាមរយៈទំព័រ Facebook របស់ខ្ញុំ ថាខ្ញុំប្តេជ្ញាវិលត្រឡប់មកប្រទេសកម្ពុជា វិញ ឱ្យបានមុនថ្ងៃបោះឆ្នោត ត្រូវជាថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៣។ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំនឹងធ្វើមាតុភូមិនិវត្តន៍នេះ ដោយមិនរង់ចាំការលើកលែងទោសណាមួយ ពីព្រះមហាក្សត្រ ឡើយ ពីព្រោះខ្ញុំត្រូវតែទៅរួមរស់ជាមួយប្រជារាស្ត្រខ្មែរ មុនថ្ងៃបោះឆ្នោតដ៏សំខាន់ ក្នុងដំណាច់ខែកក្កដា ឆ្នាំ២០១៣ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបតែបានបង្កើតថ្មី នៅពេលនោះ។ តែ២-៣ ថ្ងៃក្រោយពីការប្រកាសរបស់ខ្ញុំ ស្រាប់តែលោកហ៊ុន សែន បានទាក់ទងខ្ញុំ នៅទីក្រុងប៉ារីស ដើម្បីប្រាប់ខ្ញុំថា “សូមឯកឧត្តមរង់ចាំបន្តិច មុននឹងអញ្ជើញមក ពីព្រោះខ្ញុំ (ហ៊ុន សែន) កំពុងតែលៃលកឱ្យព្រះមហាក្សត្រ លើកលែងទោសជូនឯកឧត្តម ក្នុងស្មារតីបង្រួបបង្រួមជាតិ”។ អ្នកសង្កេតការណ៍ជាច្រើន មិនបានដឹងឮអំពីខ្លឹមសារនៃព័ត៌មាននេះទេ ហើយក៏មិនបានយល់ច្បាស់អំពីបរិបទនៃមាតុភូមិនិវត្តន៍របស់ខ្ញុំ ក្នុងឆ្នាំ២០១៣។

២- គម្រោងមាតុភូមិនិវត្តន៍ ឆ្នាំ២០១៥

នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ខ្ញុំមាន គម្រោងឡើងយន្តហោះពេលយប់ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ Korean Air ពីទីក្រុងសេអ៊ូល (Seoul) ត្រឡប់មកទីក្រុងភ្នំពេញ វិញ បន្ទាប់ពីខ្ញុំបញ្ចប់ដំណើរទស្សនកិច្ច ទៅសួរសុខទុក្ខពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង រយៈពេល៣ថ្ងៃ។ ២-៣ថ្ងៃ មុនថ្ងៃ១៦ វិច្ឆិកា នោះ លោកហ៊ុន សែន បានធ្វើការគំរាមកំហែងមកលើខ្ញុំពីទីក្រុងភ្នំពេញ ហាក់ដូចជាគាត់មិនចង់ឱ្យខ្ញុំ វិលត្រឡប់មកប្រទេសកម្ពុជាវិញ។ តែខ្ញុំបានប្រាប់ទៅពលករខ្មែរ នៅទីក្រុងសេអ៊ូល ថា ខ្ញុំមិនខ្លាចការគំរាមកំហែងពីលោកហ៊ុន សែន ទេ ហើយខ្ញុំក៏មិនប្រែប្រួលគម្រោងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅយប់ថ្ងៃ ១៦ វិច្ឆិកា ដដែលនោះ។ តែនៅព្រឹកថ្ងៃ១៦ វិច្ឆិកានោះ  ស្រាប់តែខ្ញុំទទួលព័ត៌មានពីទីក្រុងភ្នំពេញ មក ថា រដ្ឋសភា ទើបតែបានបញ្ចប់តួនាទីខ្ញុំជាអ្នកតំណាងរាស្ត្រ ហើយក៏បានដកអភ័យឯកសិទ្ធិសភារបស់ខ្ញុំ ហើយមួយរំពេចក្រោយមក តុលាការក៏បានចេញដីកា ឱ្យតាមចាប់រូបខ្ញុំ។ ខ្ញុំយល់ច្បាស់ថា វិធានការទាំងនេះ គឺចាត់ចែងឡើងតាមបញ្ជាលោកហ៊ុន សែន ទាំងអស់។ មួយរយៈពេលខ្លីក្រោយមក លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានទាក់ទងមកខ្ញុំ ដោយប្រាប់ខ្ញុំថា លោកមានសារសម្ងាត់មួយ ពីលោកស ខេង សម្រាប់ខ្ញុំ។ ខ្លឹមសារនៃសារនោះ គឺលោកស ខេង អំពាវនាវកុំឱ្យខ្ញុំវិលត្រឡប់មកទីក្រុងភ្នំពេញវិញ ក្នុងយប់ថ្ងៃទី១៦ វិច្ឆិកានោះ ពីព្រោះលោកមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ។ លោកស ខេង សុំឱ្យខ្ញុំពន្យារមាតុភូមិនិវត្តន៍របស់ខ្ញុំមួយរយៈពេលសិន ពីព្រោះលោកត្រូវការពេលវេលាបន្តិច ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ខ្ញុំក៏បានសន្និដ្ឋានថា លោកស ខេង មិនឯកភាពជាមួយលោកហ៊ុន សែន ទេ ក្នុងការបង្កចលាចលប្រកបដោយគ្រោះថ្នាក់ នៅពេលខ្ញុំមកដល់ព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងយប់ថ្ងៃ១៦ វិច្ឆិកានោះ។ ដោយយល់ឃើញពីសារសំខាន់ នៃសាររបស់លោកស ខេង ផ្តល់តាម រយៈលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ខ្ញុំក៏បានសម្រេចចិត្តផ្អាកការវិលត្រឡប់មកទីក្រុងភ្នំពេញ វិញ នៅយប់ថ្ងៃទី១៦ វិច្ឆិកានោះ ដោយយល់ឃើញថា គួរទុកពេលជូនលោកស ខេង និងលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លៃលក សម្រួលស្ថានការណ៍ចុះ។ ខ្ញុំមិនបានលាតត្រដាងព័ត៌មាននេះពីមុនមក ពីព្រោះវាមានលក្ខណៈ រសើបផ្នែកនយោបាយ និងផ្នែកការទូត នៅពេលនោះ។ តែឥឡូវនេះ ខ្ញុំអាចបញ្ចោញព័ត៌មាននេះបានហើយ ពីព្រោះវាមិនមានលក្ខណៈសម្ងាត់អ្វីទៀតទេ ហើយយើងម្នាក់ៗក៏ត្រូវរៀបចំដំណើរទៅមុខរៀងៗខ្លួន”៕

RELATED ARTICLES