ភ្នំពេញ ៖ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំអកផ្លែផ្កាទៅ អ្នកនយោបាយរត់ចោលស្រុកម្នាក់ថា បើធ្វើនយោបាយរង់ចាំសម្តេចស្លាប់ ទើបហ៊ានចូលស្រុក ដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ។
សម្តេចហ៊ុន សែន បានថ្លែងបែបនេះ ឆ្លើយតបទៅអ្នកនយោបាយរូបនោះ ដែលប្រមាថជីវិតសម្តេចថា មិនអាចរស់នៅបានយូរទៀត។
សម្តេចហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ភ្ជាប់ជាមួយរូបភាពលើទីលានវាយកូនគោលថា “ព្រឹកនេះ មានពេលគ្រប់គ្រាន់ដើម្បីវាយ ១៨ឡូ ជាមួយធាតុអាកាសដ៏ល្អនារដូវធ្លាក់ខ្យល់ពីជើង។ ថ្ងៃចន្ទដល់ថ្ងៃ សុក្រ ខ្ញុំហាត់ប្រាណនៅផ្ទះ ដោយហែលទឹក ជិះកង់ និងដើរលើម៉ាស៊ីន ដែលប្រើពេល៦០ទៅ៩០នាទី។
សូមផ្តាំទៅលោកម្នាក់ ដែលធ្លាប់យកស្រីជាអនីតិជនអាយុក្រោម១៨ឆ្នាំ នៅខេត្តបាត់ដំបង ដែលរត់ទៅនៅកាណាដា ដែលទើបបង្ហោះក្នុង Facebook ថា លោកហ៊ុន សែន នៅមិនបានយូរទៀត ដែលចង់សំដៅលើសុខភាពខ្ញុំថា មិនអាចរស់បានយូរទៀត។
សូមលោកយកចិត្តទុកដាក់លើសុខភាពខ្លួនឯង ប្រសើរជាងគិតមកដល់រូបខ្ញុំ និងប្រសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ ទើបហ៊ានចូលស្រុក ដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ ព្រោះលោកនឹងស្លាប់មុនខ្ញុំ”។
បើទោះបីនៅក្នុងសំណេរខាងលើនេះ សម្តេចហ៊ុន សែន មិនបានបង្ហាញពីឈ្មោះបុគ្គលដែលបានប្រមាថអាយុជីវិតសម្តេចយ៉ាងណាក្តី តែអ្នកតាមដានសារឆ្លើយឆ្លងតាមបណ្តាញសង្គម Facebook អាចសន្និដ្ឋានបានថា សាររបស់សម្តេចហ៊ុន សែន គឺឆ្លើយតបទៅនឹងលោកសោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី និងជាអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ មួយរូប ដែលជាប់បម្រាមនយោបាយ ក្នុងចំណោម ១១៨នាក់។
លោកសោ ចាន់ដេត បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៩ កន្លងទៅនេះថា “លោកហ៊ុន សែន អាចនៅមិនបានយូរទៀត ! តាមការសង្កេតឃើញភាពប្រញាប់ប្រញាល់ នៃការបញ្ចោញឥទ្ធិពល ហ៊ុន ម៉ាណែត យើងអាចធ្វើការសន្និដ្ឋានបានថា “សុខភាពលោកហ៊ុន សែន ឆ្លងមិនផុតទេ “ច្បាស់ជាត្រូវដួលមួយ រំពេចភ្នែក”។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានចាត់ទុកសំណេររបស់លោកសោ ចាន់ដេត ខាងលើនេះ ជាការប្រមាថមួយយ៉ាងធ្ងន់ដល់អាយុជីវិតរបស់សម្តេចនាយករដ្ឋមន្ត្រី ដូច្នេះសមតែថ្កោលទោស និងមិនសមជាអ្នកនយោបាយទេ។
លោកផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ថា “បាទ! អាហ្នឹងជាសម្រែកមួយ ដើម្បីឱ្យគេចាប់អារម្មណ៍ ហើយសម្រែកនេះជាសម្រែកបរាជ័យ ដែលយករឿងផ្ទាល់ខ្លួនរបស់គេ យកមកធ្វើការវាយប្រហារ។ អាហ្នឹងជាមនុស្សម្នាក់ ដែលគ្មានសីលធម៌ គ្មានគុណធម៌ ជាមនុស្សព្រៃសុទ្ធសាធ ហើយមិនជាអ្នកនយោបាយទេ ជាអ្នកឧទ្ទាមតែប៉ុណ្ណោះ ដែលយកបញ្ហាផ្ទាល់ខ្លួន យករឿងពាក់ព័ន្ធឯកជនរបស់សម្តេច មកប្រមាថ”។
ភ្ជាប់ជាមួយចំណុចនេះ លោកផៃ ស៊ីផាន បញ្ជាក់ថា លោកគាំទ្រសម្តេចហ៊ុន សែន ដែល បានលើកឡើងថា បើធ្វើនយោបាយរង់ចាំសម្តេចស្លាប់ ទើបហ៊ានចូលស្រុក សុំរង់ចាំជាតិក្រោយចុះ ព្រោះសុខភាពសម្តេចនៅរឹងមាំល្អ អាចបន្តដឹកនាំប្រទេសបានយូរអង្វែងទៅមុខទៀត ។
លោកផៃ ស៊ីផាន បានមានប្រសាសន៍បន្តថា “បាទ! ដូចខ្ញុំជម្រាបជូនអ៊ីចឹង អ្នកនយោបាយ គឺមានសេចក្តីក្លាហានក្នុងការប្រកួតប្រជែងតាមគោលការណ៍នយោបាយ។ អ្នកដែលចាញ់រត់ចោលស្រុក ហើយយកជម្រើស ឬទឡ្ហីករណ៍នយោបាយ យកមកប្រកួតប្រជែង បានស្វែងរកបញ្ហាផ្ទាល់ខ្លួន ដែលជាលក្ខណៈផ្ទាល់ខ្លួនរបស់គេយកមក អាហ្នឹងជាអ្នកនយោបាយថោកទាបបំផុត។ ប៉ុន្តែយើងឃើញនៅក្នុងចំណោមនោះ សម្តេចនៅតែរឹងមាំ សុខភាពលោក យើងមើលទៅតាមសកម្មភាពរបស់លោកមិនដែលសម្រាក ចុះទៅជួបកម្មករ កម្មការិនី ការងាររដ្ឋ។ ម៉្លោះហើយ លោកធ្វើស្ទើរជារៀងរាល់ថ្ងៃ ហើយដូចយើងសង្កេតឃើញ ពេលលោកត្រឡប់មកពីបំពេញ ការងារផលប្រយោជន៍ និងស្វែងរកការបណ្តាក់ទុនពីបរទេស ពីប្រទេសក្រៅហ្នឹង លោកមានពេលវេលាក្នុងការចេញទៅវ៉ៃកូនគោលនេះឯង”។
ទោះបីយ៉ាងណា ពីប្រទេសកាណាដា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកសោ ចាន់ដេត បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក ឆ្លើយតបមកសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន វិញថា “ខ្ញុំនៅតែស្រណោះលោកហ៊ុន សែន ! ទោះលោកហ៊ុន សែន ស្គាល់ខ្ញុំមិនច្បាស់ តែខ្ញុំស្គាល់គាត់ច្បាស់ណាស់ ព្រោះខ្ញុំធ្លាប់ជាសមាជិកគណបក្សប្រជាជនដែរ។ ដូច្នេះខ្ញុំនៅមានមិត្តភក្តិខ្ញុំដែលស្និទ្ធស្នាលនឹងលោកហ៊ុន សែន ច្រើន ហើយខ្ញុំតែងតែសួរនាំពួកគេ អំពីបញ្ហាសុខភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ជារឿយៗធម្មតាទៅហើយ ពិសេស សុខភាពរបស់លោក “ហ៊ុន សែន” តែម្តង ព្រោះធ្លាប់មានអនុស្សាវរីយ៍។ តែទោះជាយ៉ាងណា ក៏ “នៅលើទីផ្សារ មិនមានដាក់លក់សុខភាព និងជីវិតដែរ”។
ជាមួយគ្នានោះ លោកគង់ សភា កូនប្រុសលោកគង់ គាំ និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សសង្គ្រោះជាតិ ក៏បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ដែរថា “តាមប្រភពច្បាស់ការ បានឱ្យដឹងថា ជំងឺចាស់ (ជំងឺ រលាកឆ្អឹងចង្កេះ) របស់សម្តេច បាននិងកំពុងរើឡើងវិញ។ ទោះបីសម្តេចខិតខំយករូបចាស់ វាយកូនគោល ទៅផុសពេលនេះ ក៏មិនអាចបិទបាំងភ្នែកមហាជនថា អត់មានជំងឺបានដែរ។ ទោះសម្តេចតេជោ មានលុយនិងមានអំណាចខ្លាំងប៉ុនណា ក៏មិនអាចទិញ ឬបញ្ជាមនុស្សឱ្យមកឈឺ ឬស្លាប់ជំនួសសម្តេចបានឡើយ”។
គួររំលឹកថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រាប់ប្រជាពលរដ្ឋជាចំហ នៅតាមបណ្តាញសង្គមហ្វេសប៊ុកដែរថា សម្តេចនៅមានសុខភាពល្អ និងបានហាត់ប្រាណទៀងទាត់ជាប្រចាំថ្ងៃថែមទៀតផង ព្រមជាមួយគ្នានេះ សម្តេចក៏បានបង្ហាញរូបថតនៃសកម្មភាពហាត់ប្រាណមួយចំនួន បង្ហោះនៅតាមទំព័រហ្វេសប៊ុក (Facebook) របស់សម្តេច ជម្រាបជូនដល់ប្រជាពលរដ្ឋ និងជនរួមជាតិ ដែលគោរពស្រលាញ់សម្តេចឱ្យបានដឹងជាសាធារណៈផងដែរ ដោយសម្តេចថែមទាំងសរសេរបញ្ជាក់ថា សុខភាពរបស់សម្តេចនៅរឹងមាំល្អណាស់ និងបានបន្តសកម្មភាពហាត់ប្រាណទៀងទាត់ថែមទៀតផង។ សម្តេចក៏បានបង្ហោះរូបថត នៃសកម្មភាពកំពុងហាត់ប្រាណជាច្រើនសន្លឹក នៅពេលនោះ ដើម្បីបញ្ជាក់ពីសុខភាពសម្តេច ជូនប្រជាពលរដ្ឋ និងជនរួមជាតិ ដែលគោរពស្រលាញ់សម្តេច។
សម្តេចហ៊ុន សែន បានសរសេរបញ្ជាក់នៅពេលនោះទៀតថា “ថ្ងៃនេះមានបងប្អូនមួយចំនួនបានផ្ញើសារមកជូនពរខ្ញុំ និងទូរស័ព្ទមកសួរពីសុខភាពខ្ញុំ។ តាមការសន្និដ្ឋានរបស់ខ្ញុំ ប្រហែលមកពីរូបថត១សន្លឹក ដែលខ្ញុំស្ថិតក្នុងមន្ទីរពេទ្យ កាលពីឆ្នាំ២០១៦ ដែលធ្វើឱ្យមានការភាន់ច្រឡំ។ ពេលនេះ សុខភាពខ្ញុំល្អណាស់ ថែមទាំងហាត់ប្រាណបានទៀងទាត់ផង”។
នៅពេលនោះដែរ សម្តេចហ៊ុន សែន ក៏បានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជួយខ្វល់ខ្វាយពីសុខភាព របស់សម្តេច និងបានបួងសួងគោរពជូនពរមកដល់សម្តេចផងដែរ៕